Friday, August 1, 2014

ជាមួយ​នឹង​ទេសភាព​ខៀវខ្ចី​បី​ដូច​ឋានសួគ៌​បៃតង​លាក់​ខ្លួន​កណ្តាល​ ព្រៃភ្នំ លាយឡំ​ជាមួយ​នឹង​ផ្សែង​អ័ព្ទនា​រដូវវស្សា​នោះ គិរីរម្យ ត្រូវ​បាន​គេ​ដឹង​ថា ជា​តារា​បៃតង​នៃ​រមណីយដ្ឋាន​ធម្មជាតិ​ដ៏ស្រស់ត្រកាល​មួយ​ដែល​ស្ថិត​នៅ​មិន​ ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំពេញ។

គម្រោង​សាងសង់​ផ្ទះលូ ដ៏ប្លែកៗ​ជាច្រើន​កំពុង​ដំណើរការ​សាងសង់​គួរ​ឲ្យ​ទាក់ទាញ ។
 

ពីមុន ប្រជាពលរដ្ឋ​កម្ពុជា ធ្លាប់តែ​ទៅ​លេង​កម្សាន្ត និង​សម្រាក​លម្ហែ​នៅក្នុង​សម្រស់​ព្រៃឈើ​ពណ៌​បៃតង​ខ្ចី ដែល​ភាគច្រើន​ជា​ដើមស្រល់​ខ្ពស់​ស្រោង​ឡើង​សន្លឹម និង​ងូត​ទឹកជ្រោះ​ត្រជាក់​ល្ហឹម​លេង​កម្សាន្ត​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​នេះ និង​ខាង​មុខ​ដ៏ខ្លី ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ នឹង​កាន់តែ​មាន​ភាព​ភ្ញាក់ផ្អើល និង​ប្លែក​ភ្នែក​ជាមួយ​នឹង​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ដ៏ធំ​មួយ​ឈ្មោះ​ ថា Kirirom Pine View Resort របស់​ក្រុមហ៊ុន A Two A Co,. Ltd ជប៉ុន ដែល​នឹង​ធ្វើឲ្យ​តំបន់​ទេសចរណ៍​ឧទ្យាន​ជាតិ​គិរីរម្យ មាន​លក្ខណៈ​សម្បូរ​បែប​ទាំង​កន្លែង​ស្នាក់នៅ និង​កន្លែង​កម្សាន្ត​ប្លែកៗ ខណៈ​នៅពេល​នេះ ការ​កសាង​គម្រោង​នោះ​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម។

លោក ហួរ ជិនហ៊ៅ អ្នក​គ្រប់គ្រង​ផ្នែក​របស់ Kirirom Pine View Resort បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​នៅ​គិរីរម្យ​សម្បូរ​ដោយ​ដើម​ស្រល់​ស្រស់​ស្អាត ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​សម្រេច​ដាក់​ឈ្មោះ​ថា Pine View Resort។

លោក​បាន​បន្ត​ថា គម្រោង​ទេសចរណ៍​ដ៏ធំ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅលើ​ផ្ទៃដី ៧០០ ហិកតា ហើយ​នៅក្នុង​គម្រោង​នោះ​ត្រូវ​បាន​បែងចែក​ជា​បី គឺ គម្រោង Pine View Resort គម្រោង Construction A 2 A និង គម្រោង Future University។

បឹងកាឡូ និង​ផ្ទះ​បែប​ខ្មែរ​ធ្វើ​សម្រាប់​ទេសចរ​ស្នាក់នៅ។
 
បឹងកាឡូ និង​ផ្ទះ​បែប​ខ្មែរ​ធ្វើ​សម្រាប់​ទេសចរ​ស្នាក់នៅ។ សេត គឹមសឿន

ជា​ជំហាន​ដំបូង​អ្វី​ដែល​ជា​ចំណាប់​អារម្មណ៍​ទាក់ទាញ​យ៉ាង​ខ្លាំង​ សម្រាប់​ភ្ញៀវទេស​ចរជាតិ និង​អន្តរជាតិ​នោះ​គឺ គម្រោង Pine View ដែល​នៅក្នុង​គម្រោង​នេះ គឺ​ផ្តោត​ទៅលើ​ការ​សាងសង់​រមណីយដ្ឋាន​ប្លែកៗ និង​ភោជនីយដ្ឋាន។

លោក ជិនហ៊ៅ បាន​និយាយ​ថា៖​«​នៅក្នុង​ជំហាន​ដំបូង​នេះ យើង​កំពុង​ធ្វើ​លើ​គម្រោង Pine View Resort គឺ​យើង​សាងសង់​កន្លែង​ស្នាក់​នៅ​ប្លែកៗ​សម្រាប់​ភ្ញៀវ ដូចជា បឹងកាឡូ ផ្ទះតង់ ផ្ទះលូ និង​ផ្ទះ​បែប​ខ្មែរ​ជាដើម»។

ផ្ទះលូ ត្រូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទៅលើ​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​ប្លែកៗ​របស់​ខ្លួន​នៅក្នុង​ការ​សាងសង់ ដែល​មើល​ទៅ​ទិដ្ឋភាព​នេះ​ស្អាត​ប្លែក​គួរ​ឲ្យ​ចង់​គេង​មិន​ចាញ់​នៅ​បរទេស​ នោះ​ទេ។ ផ្ទះលូ ត្រូវ​បាន​គេ​សាងសង់​ឡើង​ពី​លូស៊ីម៉ងត៍​ធំ​មួយ ដោយ​ធ្វើ​ជើង​ទម្រ កុំ​ឲ្យ​រមៀល ហើយ​នៅ​ខាង​ក្នុង​គេ​បាន​ច្នៃ​ធ្វើ​ជា​គ្រែ​សម្រាប់​ដាក់​ពូក​ដ៏ទន់ល្មើយ​ គួរ​ឲ្យ​ចង់​គេង ជាមួយ​នឹង​ការ​រចនា​ធ្វើ​ទ្វារ​បំពាក់​ដោយ​វាំងនន និង​កន្លែង​ដាក់​អីវ៉ាន់​យ៉ាង​សុវត្ថិភាព។

សំណង់​ផ្ទះ​តង់​ជាច្រើន​នៅ​កណ្តាល​ព្រៃ​គួរ​ឲ្យ​ចង់​ស្នាក់នៅ។
សំណង់​ផ្ទះ​តង់​ជាច្រើន​នៅ​កណ្តាល​ព្រៃ​គួរ​ឲ្យ​ចង់​ស្នាក់នៅ។ សេត គឹមសឿន

លោក ជិនហ៊ៅ បាន​បញ្ជាក់​ថា៖ «​នៅ​ខាង​ក្នុង​ផ្ទះលូ គេ​រចនា​ឡើង​យ៉ាង​ស្អាត ជាមួយ​ការ​បំពាក់​នូវ​ឧបករណ៍​ផ្សេងៗ​គួរ​ឲ្យ​ទាក់ទាញ តែ​នៅក្នុង​ផ្ទះលូ​នោះ បំពាក់​តែ​កង្ហារ​ប៉ុណ្ណោះ មិន​មាន​ម៉ាស៊ីន​ត្រជាក់ ឬ​ទូរទស្សន៍​ទេ ដោយសារ​តែ​ទី​នេះ​ជា​កន្លែង​សម្រាក​លម្ហែ​(Relax) ដូច្នេះ​ភាគច្រើន​ភ្ញៀវ​ចូលចិត្ត​ភាព​ស្ងប់ស្ងាត់​បែប​ធម្មជាតិ ពិសេស​អ្នក​សាងសង់​គេ​យល់​ពី​ស្ថានភាព​នៅ​គិរីរម្យ​នេះ គឺ​នៅពេល​យប់​វា​ត្រជាក់​គ្រប់គ្រាន់​សម្រាប់​ការ​សម្រាក​»។

ក្រៅពី​កន្លែង​ស្នាក់នៅ​ប្លែកៗ ដូចជា ផ្ទះលូ ផ្ទះតង់ និង​ផ្ទះ​បែប​ខ្មែរ​នោះ ក្រុមហ៊ុន​របស់​ជប៉ុន​មួយ​នេះ បាន​ឲ្យ​ដឹង​ថា Pine View Resort នៅ​មាន​កន្លែង​កម្សាន្ត​លេង​ជាច្រើន​ទៀត ដូចជា​កន្លែង​សម្រាប់​បោះ​តង់​ស្នាក់នៅ​ជា​ក្រុម កន្លែង​លេង​កីឡា​ជិះ​កង់ ជិះ​ស្គីកង់ លេង​បាល់ទាត់​ហ្វូតសាល បាល់ទះ វាយសី តេនីស ហើយ​ក៏​មាន​សេវា​ជួល​កង់​ជិះ​កម្សាន្ត​ផង​ដែរ​។

ដោយឡែក​អ្វី​ដែល​នឹង​កាន់តែ​ចាប់​អារម្មណ៍​នោះ គឺ ក្រុមហ៊ុន A Two A Co,. Ltd នឹង​សាងសង់​សាកលវិទ្យាល័យ​ដ៏ធំ​មួយ​ឈ្មោះ​ថា Future University នៅលើ​រមណីយដ្ឋាន​គិរីរម្យ​នេះ ដែល​ជា​ជំហាន​ដំបូង​នឹង​មាន​វគ្គ​សិក្សា​លើ​ផ្នែក បច្ចេកវិទ្យា​ព័ត៌មាន (IT) និង​ភាសា​ជប៉ុន អង់គ្លេស​។
លោក ជិនហ៊ៅ បាន​បញ្ជាក់​ថា៖ «​លោក​នាយក​ម្ចាស់​ក្រុមហ៊ុន គាត់​ស្រឡាញ់​ព្រៃឈើ​ធម្មជាតិ​ណាស់ ដូច្នេះ​គាត់​ចង់​ឲ្យ​ប្រជាជន​នៅ​ទី​នេះ​មាន​ការងារ​ធ្វើ ពិសេស​ចង់​ឲ្យ​សិស្ស​នៅ​ទី​នេះ​បាន​រៀនសូត្រ​នឹង​គេ»។
Content image - Phnom Penh Post

លោក ហួរ ជិនហ៊ៅ បាន​លើក​ឡើង​បន្ត​ទៀត​ថា បន្ទាប់ពី​បញ្ចប់​ជំហាន​ដំបូង ក្រុមហ៊ុន​នឹង​មាន​គម្រោង​ថ្មីៗ​ប្លែកៗ​ជាច្រើន​ទៀត សម្រាប់​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​នៅ​ទី​នោះ មាន​ការ​ទាក់ទាញ​កាន់តែ​ខ្លាំង ក្នុង​នោះ​លោក​ក៏​បាន​លើក​ឡើង​ពី​គម្រោង​ចង់​បង្កើត​បន្ទប់​ស្នាក់នៅ និង​ភោជនីយដ្ឋាន​លើ​ដើមឈើ និង​សេវា​ខ្សែរ៉ត​ជាដើម។

លោក​សង្ឃឹម​ថា បន្ទាប់ពី​ធ្វើការ​ផ្សព្វផ្សាយ​រួច ទី​នេះ​នឹង​ក្លាយ​ជា​កន្លែង​ដ៏ទាក់ទាញ​មួយ​សម្រាប់​មនុស្ស​គ្រប់​ជាតិសាសន៍ ដែល​ចង់​មក​លម្ហែ​លេង​ជា​លក្ខណៈ​ធម្មជាតិ​នៅ​ពេលទំនេរ។
ជាមួយ​នឹង​ក្តីសង្ឃឹម លោក ជិនហ៊ៅ ក៏​បាន​លើក​ឡើង​ពី​កង្វល់​មួយ​ចំនួន​នៃ​ដំណើរការ​អភិវឌ្ឍន៍​ផង​ដែរ​។ លោក​ឲ្យ​ដឹង​ថា៖​«​យើង​ក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែរ គឺ​នៅពេល​នេះ ចំនួន​ទេសចរ​ស្គាល់​នៅ​មាន​កម្រិត​នៅ​ឡើយ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​បញ្ហា​ផ្លូវថ្នល់​ឡើង​មក​កាន់​គិរីរម្យ ដែល​នៅពេល​បាន​ខូចខាត​អស់​ជាច្រើន​អន្លើហើយ តែ​ទោះបី​ជា​យ៉ាងណា​ខ្ញុំ​សង្ឃឹម​ថា ភ្ញៀវទេសចរ​នឹង​មាន​កំណើន​ខ្ពស់​នៅពេល​រមណីយដ្ឋាន​យើង​ធ្វើ​រួចរាល់​នោះ​»។
Content image - Phnom Penh Post

គួរ​បញ្ជាក់​ថា ឧទ្យានជាតិ​ព្រះសុរាម្រិត ឬ​ឧទ្យានជាតិ​គិរីរម្យ​នេះ ត្រូវ​បាន​បង្កើត​ឡើង នៅក្នុង​ឆ្នាំ​១៩៤០ ដោយ​នាយកដ្ឋានគង្គា និង​រុក្ខាប្រមាញ់ គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ ៨ ៤០១​ហិកតា និង​ស្ថិត​នៅលើ​ខ្ពង់រាប​មាន​រយៈ​កម្ពស់​ពី ៣០០ ទៅ​១​ពាន់ម៉ែត្រ​ពី​នីវ៉ូ​សមុទ្រ។
រមណីយដ្ឋាន​ឧទ្យាន​ជាតិ​គិរីរម្យ ត្រូវ​បាន​យាង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​ដោយ​សម្ដេច​ព្រះបាទនរោត្ដម សីហនុ ជា​លើក​ដំបូង​តាមរយៈ​សត្វ​ដំរី នៅ​ឆ្នាំ​១៩៤៤។
នៅ​គ្រា​នោះ​ព្រះអង្គ​ក៏​បាន​សព្វ​ព្រះរាជហឫទ័យ នឹង​សម្រស់​ព្រៃភ្នំ​ធម្មជាតិ​លម្អ​ដោយ​ដើមស្រល់​រេរា ទឹកជ្រោះ​ធ្លាក់​ជា​អន្លើ និង​សត្វ​ម្រឹគីម្រឹគា​ជាច្រើន​អម្បូរ​ដែល​រស់នៅ​ទី​នោះ​។
ព្រះអង្គ​មាន​ព្រះរាជតម្រិះ​ថា៖ «ព្រៃ​ស្រល់​បែប​នេះ មាន​តែ​នៅក្នុង​ប្រទេស​បារាំង​ប៉ុណ្ណោះ ប៉ុន្តែ​មិន​នឹក​ស្មាន​ថា​ព្រៃ​ស្រល់​នេះ​មាន​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ ឡើយ»។
ទ្រង់​ក៏​បាន​រាជានុញ្ញាត​ឲ្យ​អ្នក​ជំនាញ​បច្ចេកទេស​សិក្សា និង​កំណត់​ឈ្មោះ​តំបន់​នេះ​ថា «ខ្ពង់រាប​គិរីរម្យ» និង​ត្រាស់​បង្គាប់​ឲ្យ​នាយកដ្ឋាន​គង្គា និង​រុក្ខា​ប្រមាញ់​សាងសង់​ព្រះរាជដំណាក់ នៅ​ត្រង់​ចំណុច​អូរខ្សាច់​ស។ ក្រោយមក​ទៀត​ទ្រង់​ក៏​បាន​កសាង​ផ្លូវ និង​ស្ពាន​នានា​ទៅ​ទូទាំង​តំបន់​គិរីរម្យ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍៕

0 comments:

Post a Comment

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget