ដោយ ៖ អុីវ វិចិត្រា
ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០១៥ ម៉ោង ១៤:៤៤ (20-04-2015 14:44)
១- អង្គុយក្នុងរថយន្តហើយសារេកៅអីអង្គុយតាមកម្ពស់ឬមាឌរបស់អ្នក ។ ក្នុងនោះជើងរបស់អ្នកគួរតែអាចប៉ះលើឈ្នាន់ហ្គារ៍ឬហ្វ្រាំងយ៉ាង ងាយ ហើយអ្នកក៏គួរតែអាចកាន់ចង្កូតបានដោយពុំចាំបាច់សន្ធូកដៃចេញអ្វី ដែរ ។ ត្រូវច្បាស់ថា អ្នកបានពាក់ខ្សែក្រវាត់សុវត្ថិភាពរួចរាល់ហើយ មុននឹងបំលាស់ទីរថយន្ត ។
២-សង្កេតមើលឈ្នាន់ទាំងពីរនៅលើ កម្រាលជាន់ជើងរបស់អ្នក ហើយកត់សម្គាល់ពីទីតាំងរបស់វា ។ រថយន្តលេខអូតូមានឈ្នាន់ជាន់ត្រឹមតែពីរប៉ុណ្ណោះ គឺឈ្នាន់ហ្វ្រាំង និងហ្គារ៍ ដែលផ្ទុយពីរថយន្តលេខដៃមានឈ្នាន់រហូតដល់ទៅ៣ឯណោះ ។ ក្នុងនោះឈ្នាន់ហ្វ្រាំងស្ថិតនៅផ្នែកខាងឆ្វេង រីឯឈ្នាន់ហ្គារ៍នៅខាងស្តាំ ។
៣-រៀនឈ្វេងយល់ពីតំណែងលេខឬ អក្សរ ដែលមានក្រិតត្រង់តំបន់ចង្កឹះលេខ ហើយត្រូវដឹងពីមុខងារផ្សេងៗរបស់វា ។ រថយន្តអូតូមានអក្សរ P,R,N,D លេខ១ និងលេខ២ ។ ពួកវានីមួយសុទ្ធសឹងតែមានមុខងាររៀងខ្លួន។ អក្សរ P តំណាងឱ្យការចត ហើយវានឹងការពាររថយន្តពីការបំលាស់ទី ខណៈពេលម៉ាស៊ីនរថយន្តនៅដើរឬពុំទាន់ពន្លត់ ។ អក្សរ R សម្រាប់ការបើកថយក្រោយ ចំណែក N គឺសម្រាប់ឱ្យរថយន្តផ្លាស់ទីដោយពុំចាំបាច់ប្រើម៉ាស៊ីនវាមាន អត្ថប្រយោជន៍ក្នុងស្ថានភាព ដែលរថយន្តត្រូវការបំលាស់ទីពេលរថយន្តពន្លត់ម៉ាស៊ីន ។ D សម្រាប់លោកអ្នកប្រើវាបើកបរ ចំណែកលេខ២និង១ ប្រើក្នុងលក្ខខណ្ឌផ្លូវលំបាកដូចជា ការបើកទ្បើងភ្នំ ឬក៏ផ្លូវពិបាកៗមួយចំនួនទៀត ។
៤-បញ្ឆេះម៉ាស៊ីនរថយន្តតាម រយៈការមួលកាច់សោដេរបញ្ឆេះ ។ ត្រូវប្រាកដថា រថយន្តអ្នកគឺស្ថិតក្នុងតំណែងអក្សរ P មុននឹងកាច់បើកសោដេរបញ្ឆេះ ចំណែករថយន្តខ្លះនឹងមិនដំណើរការឬឆេះទ្បើយ ប្រសិនប្រអប់លេខមិនស្ថិតក្នុងតំណែងអក្សរ P នោះ ។
៥-ជាន់ ឈ្នាន់ហ្វ្រាំង ហើយរំកិលចង្កឹះលេខទៅ R ឬ D ស្របតាមលក្ខខណ្ឌផ្លូវថា តើបើកថយក្រោយសិន ឬចេញទៅតែម្តង ។ ពន្លែងឈ្នាន់ហ្វ្រាំងយឺតៗ នោះរថយន្តនឹងចាប់ផ្តើមបំលាស់ទីទៅមុខដោយស្វ័យប្រវត្តិជាមិនខាន ។ ប្រសិនបើនេះគឺជាលើកទី១ ក្នុងការបើករថយន្តលេខអូតូចូរអ្នកកុំធ្វើដូចជាភ្ញាក់ៗឱ្យសោះ ។ ប្រើប្រាស់ឈ្នាន់ហ្វ្រាំង ដើម្បីគ្រប់គ្រងការបំលាស់ទីរបស់អ្នកជាបឋម ហើយប្រើឈ្នាន់ហ្គារ៍ដើម្បីបង្កើនល្បឿននៅពេលអ្នកមានជំនឿចិត្តថា មានសុវត្ថិភាពហើយនោះ ។ ស្របពេលអ្នកបង្កើនល្បឿនរថយន្តនឹងត្រូវចូលលេខដោយស្វ័យប្រវត្តិជា មិនខាន ៕
0 comments:
Post a Comment