កាមេរ៉ានីមួយៗត្រូវបានផលិតសំដៅទៅអ្នកប្រើប្រាស់ខុសៗគ្នា កត្តានេះរួមជាមួយចំនួនម៉ូដែលយ៉ាងច្រើននៅក្នុងហាងកាមេរ៉ាទៀតនោះវាអាចធ្វើឲ្យអ្នករកទិញកាមេរ៉ាវិលមុខ យ៉ាងខ្លាំងទៅលើជម្រើសរបស់ពួកគាត់ដែលគាត់ត្រៀមនឹងយកថវិកាដែលគាត់បានសន្សំទៅចំណាយលើឧបករណ៍ថតរូបទាំងនោះ។ ហើយក៏មានអ្នកខ្លះដោយមិនបានវិភាគច្បាស់លាស់នៅពេលទិញ បានស្តាយក្រោយនឹងជម្រើសរបស់ពួកគាត់ព្រោះកាមេរ៉ាដែលគាត់ទិញមិនត្រូវនឹងមុខងារដែលពួកគាត់ត្រូវការដើម្បីប្រើប្រាស់។ ដើម្បីជួយក្នុងការជ្រើសរើសរបស់អ្នក ខ្ញុំបានរៀបចំជម្រើសកាមេរ៉ាល្អៗខ្លះនៅក្នុងទីផ្សាយើងមកវិភាគនិងឲ្យជាយបល់ដល់អ្នក ដោយសង្ឃឹមថាវាអាចជួយក្នុងការសម្រេចចិត្ត របស់អ្នក។
កាមេរ៉ាដែលខ្ញុំជ្រើសរើសនេះមានមុខងារខុសៗគ្នា និងសំដៅទៅលើទីផ្សាអ្នកប្រើប្រាស់ខុសៗគ្នា។ ប៉ុន្តែវាសុទ្ធតែមានតម្លៃថោកនិងផ្តល់មុខងារល្អៗច្រើនដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់ចំនួនថវិកាដែលអ្នកត្រៀមនឹងចំណាយ។
Canon EOS 1200D
តម្លៃនៅទីផ្សាប្រទេសកម្ពុជា $299 ភ្ជាប់ជាមួយ Kit lens Canon EF-S 18-55mm ƒ/3.5-5.6 IS STM (យោងតាមហាងលក់កាមេរ៉ា Camera Hub)អ្នកអាចនឹងចង់បានកាមេរ៉ាដែលអាចផ្លាស់ប្តូរកញ្ចក់បាន (dSLR) ដោយអ្នកធ្លាប់ឃើញមិត្តភក្តិរបស់អ្នកប្រើកាមេរ៉ាប្រភេទនេះ ហើយមើលទៅវាមានលក្ខណៈជំនាញនិងឡូយ រួមជាមួយគុណភាពរូបភាពច្បាស់ល្អនិងអាចថតរូបបានដោយលឿននិងរហ័ស។ ទាំងនេះគឺសុទតែជាលក្ខណៈពិសេសរបស់កាមេរ៉ាប្រភេទនេះ ប៉ុន្តែអ្នកប្រហែលជាមិនមានបំណងទិញកាមេរ៉ានេះវិញដោយគិតថាកាមេរ៉ាប្រភេទនេះមានតម្លៃរាប់រយឬរាប់ពាន់ដុល្លា។ ជាការពិតណាស់កាមេរ៉ាប្រភេទនេះគឺសំដៅទៅលើទីផ្សាអ្នកឯកទេសជំនាញ វាមានតម្លៃថ្លៃមែនព្រោះវាមានភ្លាប់មុខងារជាច្រើនដែលពួកគាត់ត្រូវការក្នុងការប្រើប្រាស់ជាលក្ខណៈជំនាញរបស់ពួកគាត់ ប៉ុន្តែក្រុមហ៊ុនផលិតកាមេរ៉ាក៏បានផលិតកាមេរ៉ាប្រភេទដូចគ្នាសម្រាប់ទីផ្សាអតិថិជនធម្មតាដែលមានតម្លៃសមរម្យផងដែរ។ Canon EOS 1200D គឺជាកាមេរ៉ាមួយក្នុចំណោមកាមេរ៉ានៅក្នុងទីផ្សានោះ។
ដោយមានតម្លៃត្រឹមតែ $299 កាមេរ៉ានេះបានទទួលការគាំទ្រជាច្រើនពីអ្នកទើបតែចាប់ផ្ដើមក្នុងការថតរូប និងអ្នកដែលមិនចង់ចំណាយប្រាក់ច្រើនទៅលើកាមេរ៉ាប៉ុន្តែចង់មានលទ្ធភាពបត់បែនបានខ្លាំជាមួយកាមេរ៉ាដែលអាចផ្លាស់ផ្ដូរកញ្ចក់មុខកើត។
អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖
- ផ្លាស់ប្តូរកញ្ចក់មុខកើត។ នៅពេលចង់ផ្លាស់ប្តូរស្តាយថតយើងអាចទិញកញ្ចក់មុខថ្មីដោយមិនចាំបាច់ផ្លាស់ប្តូរកាមេរ៉ាទាំងមូល។
- អាចផ្លាស់ប្តូរការកំណត់ (setting) ក្នុងការថតរូបបានគ្រប់យ៉ាង។ ដោយយើងមានលទ្ធភាពគ្រប់គ្រងលើមុខងារទាំងនេះ (manual control) យើងអាចគ្រប់គ្រងលើលទ្ធផលរូបភាពយើងបានទាំងស្រុង តាមគំនិតច្នៃប្រឌិតរបស់យើង។
- ទំហំសិនស័រធំ (សូមកុំច្រឡំជាមួយចំនួនមេហ្កាភិចសែល) ដូចនេះរូបភាពដែលកាមេរ៉ានេះចាប់បានមានមានលក្ខណៈច្បាស់ល្អ សូម្បីតែថតក្នុងកន្លែងងងឹត។ បន្ថែមពីលើនេះទៀត ដោយសិនស័រមានទំហំធំ វាបើកឲ្យយើងមានលទ្ធភាពអាចធ្វើឲ្យផ្ទៃខាងក្រោយ (background) របស់រូបភាពយើងព្រិលខ្លាំងបាន (bokeh)។
- ចំនួនមេហ្កាភិចសេលគ្រប់គ្រាន់ ចំពោះការបង្ហោះរូបភាពនៅលើបណ្ដាញអ៊ិនធឺណេត និងផ្តិតរូបទំហំធំ។
- អាចភ្ជាប់ flash ខាងក្រៅបាន។ លទ្ធភាពអាចភ្ជាប់ flash បាន អាចបង្កើនលទ្ធភាពរបស់អ្នកប្រើប្រាស់បើកឲ្យពួកគាត់បង្កើនស្តាយថតរូបបានកាន់តែច្រើន។
- អាចឆ្លុះមើលរូបភាពពីក្នុងក្នុងកញ្ចក់បានបើរអេក្រង់ខាងក្រៅចាំងខ្លាំងពេក ជាពិសេសពេលថតរូបនៅខាងក្រៅដែលមានពន្លឺភ្លឺខ្លាំង។
- អាចថតរូបបានជាឯកសារប្រភេទ RAW ដោយមិនមានការបាត់បង់គុណភាពរូបភាពដូច ប្រភេទឯកសារ JPEG ទេ។ ឯកសារប្រភេទ RAW អាចបើកលទ្ធភាពឲ្យអ្នកថតរូប edit រូបបានទាំងស្រុងដោយមិនមានការបាត់បង់គុណភាពរូបភាពដោយ ការបង្ហាប់ឯកសារ (file compression) ដូចមានក្នុងរូបភាពប្រភេទ JPEG ទេ។
- មាន flash នៅលើតួកាមេរ៉ាស្រាប់។ សម្រាប់ពេលអ្នកនៅកន្លែងងងឹតខ្លាំងប៉ុន្តែមិនមាន ឬមិនបានយក flash ខាងក្រៅមកតាមខ្លួន។
- អាចមានមុខងារកាត់របន្ថយភាពរង្គើដោយការញ័រដៃ (បើកញ្ចក់កាមេរ៉ាអ្នកមានមុខងារនេះ) ។
- រាងតូចងាយនឹងដាក់ចូលកាបូប ហើយមានទំហំស្រាល។ ល្អសម្រាប់មនុស្សដែលមានដៃតូច និងមិនចង់ស្ពាយរបស់ធ្ងន់និងធំជាប់ខ្លួន។
- អាចថតវីដេអូបាន FullHD (1920 x 1080) @30fps ទំហំស្តង់ដាក្នុងទីផ្សាបច្ចុប្បន្ន។
- តម្លៃថោក (មិនចាំបាច់បកស្រាយច្រើន)។
Nikon Coolpix P530
តម្លៃនៅទីផ្សាប្រទេសកម្ពុជា $269 (យោងតាមហាងលក់កាមេរ៉ា Camera Hub)អ្នកអាចចង់បានកាមេរ៉ាដែលមានរូបរាងដូចកាមេរ៉ាប្រភេទ dSLR ដែរប៉ុន្តែមិនចង់រញ៉េរញ៉ៃនិងចំណាយពេលនិងថវិការច្រើនទៅលើកញ្ចក់កាមេរ៉ា។ អ្នកចង់បានកាមេរ៉ាសម្រាប់ថតរូបមានគ្រប់ស្ថានភាពដោយមានគុណភាពរូបភាពល្មម (មិនអន់ដូចកាមេរ៉ាទូរស័ព្ទ ប៉ុន្តែមិនល្អដូច dSLR បំពាក់ដោយកញ្ចក់ថ្លៃនិងមានគុណភាពល្អ)។ រួមទាំងលទ្ធភាព zoom ចូលជិតបានដល់ទៅ 42 ដង ធ្វើឲ្យកាមេរ៉ានេះបានទទួលការគាំទ្រជាច្រើនពីសំណាក់ទីផ្សា
អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖
- optical zoom បានដល់ទៅ 42 ដង អ្នកអាចថតរូបជិតបានដោយមិនចាំបាច់ដើរ (ឬក៏ហោះបើអ្នកថតរូបឡើងលើដូចជាសត្វចាបឬយន្តហោះ) ទៅជិតអ្វីដែលអ្នកថត។
- អាចផ្លាស់ប្តូរការកំណត់ (setting) ក្នុងការថតរូបបានគ្រប់យ៉ាង។ ដោយយើងមានលទ្ធភាពគ្រប់គ្រងលើមុខងារទាំងនេះ យើងអាចគ្រប់គ្រងលើលទ្ធផលរូបភាពយើងបានទាំងស្រុងជាមួយ manual control (បើយើងយល់ពីទ្រឹស្តីទាំងនេះ) ។
- អាចថតរូបបានជាឯកសារប្រភេទ RAW ដោយមិនមានការបាត់បង់គុណភាពរូបភាពដូច ប្រភេទឯកសារ JPEG ទេ។ ឯកសារប្រភេទ RAW អាចបើកលទ្ធភាពឲ្យអ្នកថតរូប edit រូបបានទាំងស្រុងដោយមិនមានការបាត់បង់គុណភាពរូបភាពដោយ ការបង្ហាប់ឯកសារ (file compression) ដូចមានក្នុងរូបភាពប្រភេទ JPEG ទេ។
- អាចឆ្លុះមើលក្នុងអេក្រង់ខាងក្នុងបានបើរអេក្រង់ខាងក្រៅចាំងខ្លាំងពេកជាពិសេសពេលថតរូបនៅខាងក្រៅដែលមានពន្លឺចាំងភ្លឺខ្លាំង។
- មានមុខងារកាត់បន្ថយភាពរង្គើដែលបណ្ដាលមកពីការញ័រដៃ។
- មិនចាំបាច់ចំណាយថវិកាសម្រាប់កញ្ចក់ក្រោយពីទិញកាមេរ៉ានេះ។
- ចំនួនមេហ្កាភិចសេលគ្រប់គ្រាន់ ចំពោះការបង្ហោះរូបភាពនៅលើបណ្ដាញអ៊ិនធឺណេត និងផ្តិតរូបទំហំធំ។
ថតបានរូបភាព 7 ប៉ុស្តិ៍ក្នុងមួយវិនាទី ល្អសម្រាប់អ្នកថតរូបដែលមានចលនាលឿន - មាន flash នៅលើតួកាមេរ៉ាស្រាប់។ សម្រាប់ពេលអ្នកនៅកន្លែងងងឹតខ្លាំង។
- ថតវីដេអូ FullHD បានក្នុង 30fps។ គ្រប់គ្រាន់សម្រាប់ស្ថានភាពធម្មតាគ្រប់យ៉ាង។
- ទំហំតូចល្មមនិងមានទម្ងន់ល្មម។
- តម្លៃថោក។
Casio ZR3500
តម្លៃនៅទីផ្សាប្រទេសកម្ពុជា $299 (យោងតាមហាងលក់កាមេរ៉ា Camera Hub)ក្រោយពី CASIO ប៉ុន្មានឆ្នាំមុនបានបន្ថែមមុខងារ ដំណើរការកែរប្រែរស្បែកឲ្យមើលទៅរលូនក្នុងរូបភាពមក (Make-up mode) កាមេរ៉ាម៉ាក CASIO បានទទួលការគាំទ្រពីសំណាក់អ្នកថត selfie យ៉ាងខ្លាំង ជាពិសេសនារីៗដែលចង់ថត selfie បានស្អាតនិងផ្លែកជាងការថត selfie ដោយប្រើប្រាស់ទូរស័ព្ទធម្មតា។ កាមេរ៉ាម៉ូដែលនេះមានរាងតូចងាយនឹងដាក់ចូលកាបូបយួរដៃនិងអាចបង្វិលអេក្រង់ឡើងឲ្យមើលរូបភាពបានពីខាមុខកាមេរ៉ា ហើយមានទំហំស្រាលងាយនឹងយកតាមខ្លួន។ រួមជាមួយប៊ូតុងថតទីពីរដែលមានទីតាំងនៅផ្នែកខាងមុខកាមេរ៉ា វាធ្វើឲ្យការថត selfie ជាមួយកាមេរ៉ានេះកាន់តែមានភាពងាយស្រួលទៀត។ កាមេរ៉ានេះមិនពេញនិយមសម្រាប់បុរសៗទេ ប៉ុន្តែបើអ្នកមិនដឹងថាទិញអ្វីជាកាដូខួបកំណើត ឬកាដូថ្ងៃបុណ្យណូអែលជូនមិត្តស្រីរបស់អ្នកទេនោះ អ្នកពុំចាំបាច់មើលទៅអ្វីក្រៅពីកាមេរ៉ានេះទេ។
អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖
- selfie កាន់តែល្អដោយមានមុខងារ Make-up Plus mode ។
- មាន Wi-Fi។ អ្នកអាចបញ្ជូនរូបភាពដែលអ្នកថតដោយកាមេរ៉ានេះចូលក្នុងទូរស័ព្ទបានដោយងាយស្រួលនិងឆាប់រហ័ស និងមិនចាំបាច់ត្រូវការកុំព្យូទ័រ។ ថែមទាំងអាចកំណត់ឲ្យបញ្ចូនរូបភាពទៅទូរស័ព្ទបានដោយស្វ័យប្រវត្តិទៀតផង។
- មានមុខងារ edit រូបភាពក្នុងកាមេរ៉ាជាច្រើន និងមាន filter ស្រាប់។
- អាច zoom បាន។
- តូច និង ស្រាល។ ងាយនឹងដាក់ក្នុងហោប៉ៅ ឬ កាបូប។
- ថតរូបបានភ្លឺ និងមានគុណភាពល្អ បើប្រៀបធៀបទៅនឹងកាមេរ៉ាលើទូរស័ព្ទ។
- អាចបង្វិលអេក្រង់ឲ្យមើលបានពីមុខ។
- មាន flash ភ្ជាប់ជាមួយកាមេរ៉ាស្រាប់។
- ព័ណ៌ផ្កាឈូក !!!
Canon PowerShot SX710 HS
តម្លៃនៅទីផ្សាប្រទេសកម្ពុជា $288 (យោងតាមហាងលក់កាមេរ៉ា Camera Hub)PowerShot SX710 HS គឺជាកាមេរ៉ាប្រភេទ Compact ប៉ុន្តែអាចផ្តល់គុណភាពរូបភាពបានល្អនិងមានមុខងារថតរូបជាច្រើន។ ថ្វីត្បិតតែកាមេរ៉ានេះតូចមែនប៉ុន្តែអ្នកអាច zoom ចូលបាន 30 ដងឯណោះ។
អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖
- អាចផ្លាស់ប្តូរការកំណត់ (setting) ក្នុងការថតរូបបានគ្រប់យ៉ាង។ ដោយយើងមានលទ្ធភាពគ្រប់គ្រងលើមុខងារទាំងនេះ យើងអាចគ្រប់គ្រងលើលទ្ធផលរូបភាពយើងបាន (manual control) ។
- អាចថតរូបបានជាឯកសារប្រភេទ RAW ដោយមិនមានការបាត់បង់គុណភាពរូបភាពដូច ប្រភេទឯកសារ JPEG ទេ។
- មានមុខអាចកាត់បន្ថយភាពរង្គើក្នុងរូបភាពដោយការញ័រដៃ។
- optical zoom បានដល់ទៅ 30 ដង។
- មាន Wi-Fi។ អ្នកអាចបញ្ជូនរូបភាពដែលអ្នកថតដោយកាមេរ៉ានេះចូលក្នុងទូរស័ព្ទបានដោយងាយស្រួលនិងឆាប់រហ័ស និងមិនចាំបាច់ត្រូវការកុំព្យូទ័រ។
- មានមុខងារដំណើរការច្រើន។
- មាន flash ភ្ជាប់ជាមួយកាមេរ៉ាស្រាប់។
- តូច និង ស្រាល។
Canon PowerShot S110
តម្លៃនៅទីផ្សាប្រទេសកម្ពុជា $249 (យោងតាមហាងលក់កាមេរ៉ា Camera Hub)សម្រាប់អ្នកដែលចង់មានកាមេរ៉ាតូចងាយយកតាមខ្លួនឬដាក់ក្នុងហោប៉ៅបាន និងអាចថតរូបបានក្នុងស្ថានភាពជាច្រើន ដោយមានគុណភាពល្អជាងកាមេរ៉ាក្នុងទូរស័ព្ទ ហើយមានតម្លៃសមរម្យនោះកាមេរ៉ាមួយនេះគឺសម្រាប់អ្នក។
អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖
- អេក្រង់ Touchscreen
- អាចថតរូបបានជាឯកសារប្រភេទ RAW ដោយមិនមានការបាត់បង់គុណភាពរូបភាពដូច ប្រភេទឯកសារ JPEG ទេ។
- មាន Wi-Fi។ អ្នកអាចបញ្ជូនរូបភាពដែលអ្នកថតដោយកាមេរ៉ានេះចូលក្នុងទូរស័ព្ទបានដោយងាយស្រួលនិងឆាប់រហ័ស និងមិនចាំបាច់ត្រូវការកុំព្យូទ័រ។
- មាន flash ភ្ជាប់ជាមួយកាមេរ៉ាស្រាប់។
- មានមុខអាចកាត់បន្ថយភាពរង្គើក្នុងរូបភាពបណ្ដាលមកពីការញ័រដៃ។
- តូច និង ស្រាល។ ងាយស្រួលយកតាមខ្លួន។
GoPro
តម្លៃនៅទីផ្សាប្រទេសកម្ពុជា $299 (យោងតាមហាងលក់កាមេរ៉ា Camera Hub)សព្វថ្ងៃនេះយើងសង្កេតឃើញថាមានការពេញនិយមទៅលើកាមេរ៉ាសម្រាប់ថតសកម្មភាពដូចជាកីឡានិងការផ្សងព្រេង ផ្សេងៗ ដែលកាមេរ៉ាប្រភេទនោះអាចផ្តល់មុខងារដែលកាមេរ៉ាប្រភេទផ្សេងៗមិនអាចផ្តល់ឲ្យ។ មុខងារទាំងនោះមានដូចជា សម្បកការពារកុំឲ្យធ្លាក់បែកបាក់កាមេរ៉ា និងការពារកុំឲ្យទឹកចូល។ ហើយមានរាងតូច និងអាចបំពាក់លើខ្លួនឬយានជំនិះដោយប្រើគ្រឿងបំពាក់ជាដើម។ កាមេរ៉ា GoPro គឺជាកាមេរ៉ាដែលមានភាពជោគជ័យខ្លាំងជាងគេក្នុងចំណោមម៉ាកកាមេរ៉ាប្រភេទនេះ។ ហើយថ្មីៗនេះ GoPro បាន ទម្លាក់តម្លៃកាមេរ៉ា ពី $399 មកត្រឹម $299 ដូចនេះខ្ញុំក៏សម្រេចចិត្តរាប់កាមេរ៉ានេះចូលក្នុងអត្ថបទមួយនេះដែរ។ សូមបញ្ជាក់ថា កាមេរ៉ាប្រភេទនេះគឺសម្រាប់អ្នកត្រូវការថតវីដេអូច្រើនជាងថតរូបភាព។
អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖
- មានសម្បករឹងមាំការពារធ្លាក់និងការពារទឹក។
- តូច និង ស្រាល។ ហើយអាចបំពាក់លើខ្លួន យានជំនិះ និងអ្វីផ្សេងៗជាច្រើនទៀត។
- ថតក្នុងទឹកបាន។ ដូចនេះរូបភាពដែលថតបានវាមានលក្ខណៈពិសេសប្លែកពីរូបភាពដទៃទៀត។
- ក្រុមហ៊ុនផលិតកាមេរ៉ានេះបាន ផ្តល់ជូនគ្រឿងបន្ថែមយ៉ាងច្រើននៅក្នុងទីផ្សាសម្រាប់បំពាក់បន្ថែមពីលើកាមេរ៉ានេះ។
- អាចបញ្ជាកាមេរ៉ានេះបានតាមទូរស័ព្ទ។
- ថតវីដេអូ slow-motion បានដល់ទៅ 120fps (ប្រមាណ 5 ដងយឺតជាងល្បឿនពិត)។
0 comments:
Post a Comment