Tuesday, January 1, 2019

១. ប្រដាប់បញ្ជា ABS (ABS Control Unit)
តម្លៃចាប់ពី៖ ៣២ ដុល្លារ (តម្លៃលើទីផ្សារបរទេស)
ប្រដាប់បញ្ជា ABS ជាខួរក្បាលនៃប្រព័ន្ធហ្វ្រាំង ដោយវានឹងគណនាសម្ពាធហ្វ្រាំង និងល្បឿងកង់ ដើម្បីបន្ថែមឬបន្ថយសម្ពាធទៅលើកង់រថយន្ត។ ប្រសិនបើប្រដាប់បញ្ជា ABS ខូច វានឹងបណ្ដាលឲ្យមានលោតភ្លើង ABS លើកុងទ័ររថយន្តហើយ។ ស្វែងយល់ពីភ្លើង ABS ដែលលោតលើកុងទ័ររថយន្ត
២. កុំប្រែសស័រម៉ាស៊ីនត្រជាក់ (AC Compressor)
តម្លៃចាប់ពី៖ ៩០ ដុល្លារ (តម្លៃលើទីផ្សារបរទេស)
កុំប្រែសស័រម៉ាស៊ីនត្រជាក់មាននាទីបណ្ណែនសារធាតុត្រជាក់។ វាប្រៀបបានដូចជាបេះដូងនៃម៉ាស៊ីនត្រជាក់អ៊ីចឹង។ បើសិនជាម៉ាស៊ីនត្រជាក់រថយន្តមានបញ្ហា ផ្នែកដែលគួរឆែកមុនគេគឺកុំប្រែសស័រនេះហើយ។
៣. ម៉ូទ័រភ្លើង (Alternator)
តម្លៃចាប់ពី៖ ៦០ ដុល្លារ (តម្លៃលើទីផ្សារបរទេស)
ម៉ូទ័រភ្លើងអាចដំណើរការបានដោយការថ្ពក់ក្បាលរបស់វាទៅ នឹងម៉ាស៊ីនរថយន្តឲ្យវិលដោយប្រើខ្សែពាន។ នៅពេលដែលក្បាលម៉ូទ័រចាប់ផ្ដើមវិល វានឹងបង្កើតភ្លើងដើម្បីផ្គត់ផ្គង់ការប្រើប្រាស់គ្រឿងនានា ក្នុងរថយន្តដូចជាចង្កៀង និងអំពូលជាដើម ហើយវាក៏ជួយសាកភ្លើងឲ្យអាគុយវិញផងដែរ។
៤. ភ្លៅ (Axle Shafts)
តម្លៃចាប់ពី៖ ៤២ ដុល្លារ (តម្លៃលើទីផ្សារបរទេស)
ភ្លៅរថយន្តគឺជារបារវែងដែលភ្ជាប់ទៅនឹងកង់រថយន្ត ហើយខ្ទាស់ជាប់នឹងកង់រថយន្ត។ ដូចនេះ នៅពេលដែលប៉ុងរថយន្តចាប់ផ្ដើមវិល ក្បាលផ្លូវដែលមានស្ពឺទាក់ទៅនឹងប៉ុងរថយន្តនោះ ក៏វិលទៅតាមនោះដែរ ជាហេតុធ្វើឲ្យកង់រថយន្តវិលបានដូចគ្នា។
៥. អាប៊ូហ្សេ ឬរ៉ូទីល (Ball Joints)
តម្លៃចាប់ពី៖ ១៦ ដុល្លារ (តម្លៃលើទីផ្សារបរទេស)
អាប៊ូហ្សេ មានទីតាំងស្ថិតនៅជាមួយផ្នែកខាងចុងនៃបូមរថយន្ត និងតំណភ្ជាប់ទៅកាន់ប្រព័ន្ធចង្កូត។ បើសិនជា អាប៊ូហ្សេនេះខូច វានឹងធ្វើឲ្យរថយន្តឮសំឡេង ក្លឹកក្លាក់ ដូចរលុងអ្វីមួយអ៊ីចឹង ហើយវានឹងមានសំឡេងរំខានកាន់តែខ្លាំងឡើង ពេលយូរទៅ។
៦. ម៉ូទ័រកង្ហារ (Blower Motor)
តម្លៃចាប់ពី៖ ២៧ ដុល្លារ (តម្លៃលើទីផ្សារបរទេស មិនទាន់គិតកម្លាំងពលកម្មចូល)
ម៉ូទ័រកង្ហារជាម៉ូទ័រដែលបក់នាំខ្យល់ចូលមកក្នុងរថយន្ត ដោយវាមានទីតាំងនៅខាងក្រោយប្រអប់ដាក់ឥវ៉ាន់អ្នកអង្គុយនៅខាងមុខ។ នៅពេលខ្លះ ម៉ូទ័រនេះអាចនឹងផ្ដល់សំឡេងរំខាន ឬក៏លែងដំណើរការតែម្ដង ដែលសុទ្ធសឹងជារឿងត្រូវប្ដូរថ្មី។
៧. កញ្ចាប់ហ្វ្រាំង (Brake Caliper)
តម្លៃចាប់ពី៖ ២៥ ដុល្លារ (តម្លៃលើទីផ្សារបរទេស)
កញ្ចាប់ហ្វ្រាំងគឺជាសំណុំមួយដែលផ្ទុកស្បែកហ្វ្រាំង ហើយនៅពេលដែលយើងជាន់ហ្វ្រាំង កញ្ចាប់នេះនឹងផ្អឹបចូលដើម្បីឲ្យស្បែកហ្វ្រាំងកកិតនឹងថាសហ្វ្រាំងដែលនៅជាប់កង់ ធ្វើឲ្យរថយន្តអាចឈប់បាន។
៨. ដុំភ្លើងចង្កៀងខាងក្រោយពេលជាន់ហ្វ្រាំង (Brake Light Switch)
តម្លៃចាប់ពី៖ ៧ ដុល្លារ (តម្លៃលើទីផ្សារបរទេស)
នៅពេលដែលយើងជាន់ហ្វ្រាំង ដុំនេះហើយជាអ្នកជួយឲ្យចង្កៀងខាងក្រោយលោតភ្លើងពណ៌ក្រហម។ បើសិនជាពេលជាន់ហ្វ្រាំងហើយ ចង្កៀងខាងក្រោយមិនភ្លឺទេនោះ អ៊ីចឹងបានន័យថាអ្នកគួរមើលដុំភ្លើងនេះហើយ ថាតើវាជាមូលហេតុឬក៏យ៉ាងណា។
៩. ថាសហ្វ្រាំង (Brake Rotor)
តម្លៃចាប់ពី៖ ២០ ដុល្លារ (តម្លៃលើទីផ្សារបរទេស មិនទាន់គិតកម្លាំងពលកម្មចូល)
ថាសហ្វ្រាំង ជាដុំថាសមួយដែលមួលជាប់នឹងកង់ ហើយវាធ្វើការជាមួយនឹងកញ្ចាប់ហ្វ្រាំងបំពាក់ជាមួយស្បែកហ្វ្រាំង ដើម្បីបញ្ឈប់ឬបន្ថយល្បឿនរថយន្ត។ ជាធម្មតា ថាសហ្វ្រាំងអាចនឹងខូចខាតពេលប្រើយូរ ដោយសារតែកម្ដៅកើតឡើង ពេលកកិត និងភាពសឹករេចរឹលរបស់វា។
១០. ឡាបបាកាម (Camshaft)
តម្លៃចាប់ពី៖ ១០៩ ដុល្លារ (តម្លៃលើទីផ្សារបរទេស)
ឡាបបាកាម​ មាននាទី​សម្រាប់បិទបើក​វ៉ាល់​នៅ​ក្នុង​ម៉ាស៊ីន សម្រាប់​ឲ្យ​ខ្យល់​និង​ប្រេង​ចូល ហើយ​ឲ្យ​ផ្សែង​ក្រោយ​ចំហេះ​ចេញ​ពី​ក្នុង​ម៉ាស៊ីន​។ បញ្ហា​ដែល​អាច​បណ្ដាល​ឲ្យ ឡាបបាកាម​ខូច គឺ​អាច​មក​ពី​សម្ពាធប្រេ​ង​មិន​គ្រប់​គ្រាន់ ឬ​ក៏​អាច​និយាយ​បាន​ថា ខ្វះ​ប្រេងរំអិល ដែល​ធ្វើ​ឲ្យ​វា​ឆាប់​ខូច។
ភាគទីពីរ៖
១. Sensor ចាប់ទីតាំង ឡាបបាកាម (Camshaft Position Sensor)
តម្លៃចាប់ពី៖ ១៥ ដុល្លារ (តម្លៃលើទីផ្សារបរទេស)
Sensor ចាប់ទីតាំងឡាបបាកាម មាននាទីសម្រាប់ចាប់ទីតាំងរបស់ឡាបបាកាម ដែលវាតែងតែវិលជុំវិញ ៣៦០ ដឺក្រេ ហើយវាឲ្យដំណឹងទៅប្រដាប់បញ្ជាម៉ាស៊ីនឲ្យបាញ់សាំងចូលក្នុងស៊ីឡាំងនៅពេលណាមួយ។ បើសិនជា Sensor នេះមិនដំណើរការទេ វានឹងលោតសញ្ញា Check ម៉ាស៊ីននៅលើតាបឡូ ហើយរថយន្តរបស់អ្នកអាចនឹងមិនងាយបញ្ឆេះ ហើយស៊ីសាំងជាងមុនទៀតផង ។
២. អំប្រ៊ីយ៉ា (Clutch)
តម្លៃចាប់ពី៖ ៨២ ដុល្លារ (តម្លៃលើទីផ្សារបរទេស)
ចំពោះរថយន្តប្រើលេខដៃ អំប្រ៊ីយ៉ាមាននាទីសំខាន់ខ្លាំងណាស់ ដោយវាជាអ្នកភ្ជាប់ម៉ាស៊ីន និងប្រអប់លេខរថយន្តឲ្យធ្វើការជាមួយគ្នា។ ដោយសារតែអំប្រ៊ីយ៉ានេះឯង ដែលជាអ្នកបន្ថយកម្លាំងកន្ត្រាក់នៅពេលអ្នកដាក់ ដកលេខ ឬជាន់ហ្វ្រាំងនោះ ការប្រើប្រាស់ក្នុងរយៈពេលយូរវានាំឲ្យថាសអំប្រ៊ីយ៉ានេះអាចសឹករេចរឹល ដែលតម្រូវឲ្យមានការផ្លាស់ប្ដូរថ្មី។
៣. ដៃបញ្ជា (Control Arm)
តម្លៃចាប់ពី៖ ៣០ ដុល្លារ (តម្លៃលើទីផ្សារបរទេស)
Control Arm មានរូបរាងខុសៗគ្នាទៅតាមប្រភេទរថយន្តផ្សេងៗគ្នា ប៉ុន្តែវាមានមុខងារយ៉ាងសំខាន់ក្នុងរថយន្តដោយវាជាផ្នែកដែលភ្ជាប់ កង់រថយន្តទៅនឹងផ្នែកផ្សេងៗទៀតនៅតួរថយន្ត។ Control Arm ផ្គុំឡើងដោយលោហៈជារូបរាងផ្សេងៗ បូករួមជាមួយនឹងគ្រាប់ឃ្លី និងគន្លាក់ផ្សេងៗ។ នៅពេលគ្រាប់ឃ្លី និងគន្លាក់ទាំងនោះចាប់ផ្ដើមខូចសឹករេចរឹល វាអាចធ្វើឲ្យរថយន្តបញ្ចេញសំឡេង ដូចរលុងអ្វីមួយ ហើយនៅពេលដែលជិះផ្លូវដែលមានជង្ហុកច្រើន អ្នកបើកបរអាចមានអារម្មណ៍ថា កង់រថរយន្តរាងរលុង។ នៅពេលខ្លះ បើសំណាងល្អ អ្នកអាចដោះ Control Arm ចេញមកក្រៅហើយគាស់គ្រាបឃ្លី និងគន្លាក់ប្ដូរបាន ប៉ុន្តែវាអាចពិបាក ដែលតម្រូវឲ្យអ្នកត្រូវប្ដូរតួទាំងមូលតែម្ដង។
៤. វីឡឺប្រឹកាំង (Crankshaft)
តម្លៃចាប់ពី៖ ១៩០ ដុល្លារ (តម្លៃលើទីផ្សារបរទេស)
វីឡឺប្រឹកាំង ជាដងវែងមានគន្លាក់ច្រើនមួយនៅក្នុងម៉ាស៊ីន ដែលមានកន្លែងផ្ជាប់ទៅនឹងដែកពីស្ដុង។ នៅពេលដែល ស៊ីឡាំងក្នុងម៉ាស៊ីនចាប់ផ្ដើមធ្វើការ វីឡឺប្រឹកាំងក៏ចាប់ផ្ដើមវិលដូចគ្នា ហើយវានឹងភ្ជាប់ទៅកាន់កង់ដើម្បីអាចរថយន្តផ្លាស់ទីបាន។ ដូចគ្នានឹងឡាបបាកាមដែរ វីឡឺប្រឹកាំងកម្រខូចណាស់ ប៉ុន្តែបើសិនជាវាខូច គឺភាគច្រើនបំផុតបណ្ដាលមកពីខ្វះប្រេងរំអិល ហើយត្រូវតែប្ដូរថ្មីចេញតែម្ដង។
៥. កៅស៊ូវីឡឺប្រឹកាំង (Crankshaft Seal)
តម្លៃចាប់ពី៖ ៤ ដុល្លារ (តម្លៃលើទីផ្សារបរទេស)
កៅស៊ូនេះ ប្រើសម្រាប់ជាវ៉ានសម្រាប់ទប់លំហូរប្រេងរំអិល កុំឲ្យហូរចូលក្នុងម៉ាស៊ីន។ ជាធម្មតាកៅស៊ូនេះ យូរទៅនឹងសឹកហើយវាអាចឲ្យប្រេងរំអិលហូរចូលទៅក្នុងម៉ាស៊ីន ដែលតម្រូវឲ្យដូរចេញថ្មី។
៦. គន្លឹះសោទ្វារ
តម្លៃចាប់ពី៖ ២០ ដុល្លារ (តម្លៃលើទីផ្សារបរទេស)
គន្លឹះទ្វារ ភាគច្រើនសព្វថ្ងៃនេះ ភាគច្រើនខូច មិនអាចបញ្ញាបាន ដោយសារតែខ្សែភ្លើងខាងក្នុងដែលវាអាចកកិតដាច់ ឬក៏រលុងជាដើម ប៉ុន្តែអ្នកនៅតែអាចប្រើប៊ូតុងគន្លឹះ ដែលនៅជាប់ទ្វារនីមួយៗសម្រាប់ដោះ ឬចាក់សោបាន។ ប៉ុន្តែបើសិនជាប្រើប៊ូតុងគន្លឹះទាំងនោះហើយ សោទ្វានៅតែមិនអាចចាក់ និងដោះបានទៀត អ្នកត្រូវដូរគន្លឹះទ្វារនេះចេញហើយ។
៧. ភ្លៅបង្វិល/ភ្លៅអូស (Driveshaft)
តម្លៃចាប់ពី៖ ១៤៥ ដុល្លារ (តម្លៃលើទីផ្សារបរទេស)
ភ្លៅបង្វិល ខុសពីភ្លៅធម្មតា (Axle Shaft) ដោយវាត្រូវបានប្រើប្រាស់សម្រាប់រថយន្តដែលប្រើប៉ុងក្រោយ ដើម្បីភ្ជាប់ចង្កឹះលេខ ទៅនឹងកង់ផ្នែកខាងក្រោយ។ ផ្នែកសំខាន់ ២ របស់ភ្លៅបង្វិលនេះ ដែលអាចខូចមាន គន្លាក់រាងអក្សរ U និងគន្លាក់ទ្រកណ្ដាល។ គន្លាក់ទ្រកណ្ដាលអាចផ្លាស់ប្ដូរបានងាយស្រួល តែបើគន្លាក់រាងអក្សរ U ខូចហើយ វាអាចឲ្យរថយន្តអ្នកបន្លឺសំឡេងលាន់ខ្លាំង ចេញពីបាតក្រោម ដូចកង់រលុងរករបូតអ៊ីចឹង។
៨. ប្រដាប់បញ្ជាម៉ាស៊ីន (Engine Control Unit)
តម្លៃចាប់ពី៖ ៩០ ដុល្លារ (តម្លៃលើទីផ្សារបរទេស)
ប្រដាប់បញ្ជាម៉ាស៊ីនគ្រប់គ្រងមុខងារនានា ដែលទាក់ទងទៅនឹងដំណើរការរបស់ម៉ាស៊ីន។ ថ្វីត្បិតតែវាមានតម្លៃចាប់ផ្ដើមត្រឹម ៩០ ដុល្លារតែពិតមែន ប៉ុន្តែវាអាចថ្លៃដល់រាប់ពាន់ដុល្លារឯណោះ ទៅតាមប្រភេទរថយន្ត និងម៉ាកផ្សេងៗគ្នា។
៩. រ៉ងបំពង់ស៊ីម៉ាំង (Exhaust Manifold Gasket)
តម្លៃចាប់ពី៖ ៩ ដុល្លារ (តម្លៃលើទីផ្សារបរទេស)
រ៉ងនេះប្រើសម្រាប់ទប់ផ្សែង ដែលចេញពីក្នុងស៊ីឡាំងក្រោយចំហេះរួចមក កុំឲ្យត្រឡប់ចូលទៅក្នុងម៉ាស៊ីនវិញ។ ការប្រើប្រាស់រថយន្តយូរទៅ វាធ្វើឲ្យរ៉ងនេះសឹករេចរឹល ហើយប្រសិនបើរ៉ងនេះខូច វានឹងធ្វើឲ្យបំពង់ស៊ីម៉ាំងរថយន្តអ្នកលាន់ដូចកប៉ាល់អ៊ីចឹង។
១០. កង់យោង (Flywheel)
តម្លៃចាប់ពី៖ ៣៥ ដុល្លារ (តម្លៃលើទីផ្សារបរទេស)
កង់យោងគឺជាផ្នែកមួយសំខាន់ ដែលវាជាស្ពឺថ្ពក់រវាងម៉ាស៊ីន និងប្រអប់លេខ។ នៅក្នុងរថយន្តប្រើលេខដៃ វាធ្វើការផ្ទាល់ជាមួយនឹងអំប្រ៊ីយ៉ា ដើម្បីទាក់ម៉ាស៊ីនទៅនឹងប្រអប់លេខ ហើយផ្ដល់កម្លាំងដល់កង់ឲ្យធ្វើចលនា។ ប្រសិនបើអ្នកបើកបរប្រប្រាស់រថយន្តដោយតក់ក្រហល់ ដូចជា ប្ដូរលេខភ្លាមៗ ដោយមិនចាំឲ្យរថយន្តឈប់ឲ្យស្រួលបួលទេនោះ វាអាចនឹងធ្វើឲ្យកង់យោងឆាប់ខូចសឹកធ្មេញ ដែលតម្រូវឲ្យវាត្រូវឆាបធ្មេញឡើងវិញ ឬក៏ប្ដូរថ្មីតែម្ដង។ រឿងមួយទៀតដែលលំបាកខ្លាំងតែម្ដងនោះ គឺអ្នកត្រូវដោះរុះរើប្រអប់លេខ និងអំប្រ៊ីយ៉ាចេញ ដើម្បីឲ្យប្រាកដថា កង់យោងពិតជាសឹករេចរឹលមែន ដែលវាស្មុគស្មាញនិងចំណាយពេលច្រើន។
ភាគ ៣៖
១. ស្នប់បូមសាំង (Fuel Pump)
តម្លៃចាប់ពី៖ ៦០ ដុល្លារអាមេរិក (ទីផ្សារបរទេស)
ស្នប់បូមសាំងមាននាទីបូមសាំងចេញពីធុងស្ដុកដើម្បីចូលទៅក្នុងម៉ាស៊ីន។ ស្នប់នេះភាគច្រើនមានទីតាំងនៅខាងក្រោមកៅអីអ្នកដំណើរផ្នែកខាងក្រោយនៅពីលើធុងសាំងតែម្ដង។ បើសិនជារថយន្តមានអាការៈប្លែក រាងញាក់ៗពេលបញ្ឆេះ នោះអ្នកអាចឲ្យជាង ឬក៏ដោះមើលខ្លួនឯង នៅពេលដែលបញ្ឆេះនោះ ហើយយកដៃទៅប៉ះស្នប់សាំងនោះ។ បើសិនជា ពេលបញ្ឆេះ រថយន្តរាងកន្ត្រាក់ៗ នោះស្នប់បូមសាំងរបស់អ្នកដល់អាយុកាលដែលត្រូវប្ដូរហើយ។
២. គម្របមាត់ធុងសាំង (Gas Cap)
តម្លៃចាប់ពី៖ ៧ ដុល្លារអាមេរិក (ទីផ្សារបរទេស)
គម្របមាត់ធុងសាំងនេះ មានរ៉ងកៅស៊ូនៅជុំវិញ ដើម្បីទប់កុំឲ្យសាំងអាចខ្ទាតចេញពេលបើកបរ និងហួតឡើងទៅលើបាន។ ការប្រើប្រាស់យូរឆ្នាំទៅ រ៉ងកៅស៊ូនេះអាចសឹករេចរឹល ហើយពេលដែលមានបញ្ហាកើតឡើង វាអាចនឹងឲ្យសញ្ញានៅលើកុងទ័ររថយន្តថាឲ្យឆែកពីម៉ាស៊ីន។ ដូចនេះ បើអ្នកសង្ស័យថាគម្របមាត់សាំងរបស់អ្នកមានបញ្ហាហើយ អ្នកគួរប្ដូរវាចេញឲ្យហើយទៅ។
៣. រ៉ងក្បាលម៉ាស៊ីន (Head Gasket)
តម្លៃចាប់ពី៖ ៤០ ដុល្លារអាមេរិក (ទីផ្សារបរទេស)
រ៉ងទាំងនេះ ប្រើសម្រាប់ទប់កុំឲ្យប្រេងម៉ាស៊ីន និងសារធាតុបញ្ចុះកម្ដៅនានា ចូលទៅក្នុងម៉ាស៊ីន និងលាយឡំនៅក្នុងកន្លែងចំហេះក្នុងស៊ីឡាំងបាន។ នៅពេលដែលរ៉ងទាំងនេះសឹករេចរឹល សារធាតុរាវទាំងនេះ នឹងលាយឡំចូលគ្នា ជាហេតុធ្វើឲ្យរថយន្តចេញផ្សែងខ្លាំងខុសធម្មតា ចេញផ្សែងពណ៌ស និងសារធាតុរាវបញ្ចុះកម្ដៅម៉ាស៊ីនមានពណ៌ត្នោតជាដើម ដោយសារវាបានលាយជាមួយនឹងប្រេងម៉ាស៊ីន។
៤. ម៉ាស៊ីនកម្ដៅក្នុងរថយន្ត
តម្លៃចាប់ពី៖ ២៥ ដុល្លារអាមេរិក (ទីផ្សារបរទេស)
នៅក្នុងប្រទេសកម្ពុជា ច្បាស់ណាស់យើងមិនត្រូវការម៉ាស៊ីនកម្ដៅឡើយ ប៉ុន្តែម៉ាស៊ីនកម្ដៅនេះត្រូវបានប្រើប្រាស់ច្រើនសម្រាប់រថយន្តប៉ែកអឺរ៉ុប និងអាមេរិកដែលមានអាកាសធាតុត្រជាក់ខ្លាំងនារដូវរងារ។ នៅពេលដែលវាខូច វាអាចបញ្ចេញសារធាតុរាវលើតាបឡូរថយន្ត ហើយក៏មិនអាចកម្ដៅរថយន្តបានដែរ។
៥. ទុយោ
តម្លៃចាប់ពី៖ ៦ ដុល្លារអាមេរិក (ទីផ្សារបរទេស)
ទុយោសម្រាប់បញ្ជូនសារធាតុរាវនានា ដែលដំណើរការក្នុងម៉ាស៊ីនដូចជា សារធាតុបញ្ចុះកម្ដៅម៉ាស៊ីន សាំង ជាដើមនោះ គឺវាអាចធ្លុះធ្លាយនៅក្នុងរយៈកាលនៃការប្រើប្រាស់មួយ។ ដូចនេះ ការថែទាំរថយន្ត និងការពិនិត្យមើលជាប្រចាំ ជាការចាំបាច់ មុនពេលដែលការខូចខាតកាន់តែខ្លាំងកើតមានឡើង។
៦. ធ្យូងបញ្ឆេះ (Ignition Coil)
តម្លៃចាប់ពី៖ ៧ ដុល្លារអាមេរិក (ទីផ្សារបរទេស)
ធ្យូងបញ្ឆេះ គឺជាអ្នកបញ្ជូនចរន្តដែលមានតង់ស្យុងខ្ពស់ទៅកាន់ក្បាលប៊ូស៊ី ដើម្បីឲ្យវាអាចបង្កើតចំហេះនៅក្នុងម៉ាស៊ីនបាន។ នៅពេលប្រើប្រាស់យូរទៅ ធ្យូងទាំងនេះនឹងចាប់ផ្ដើមបញ្ជូនតង់ស្យុងបានខ្សោយជាងមុន ធ្វើឲ្យក្បាលប៊ូស៊ីរថយន្តពិបាកបង្កើតផ្កាភ្លើង។ ប្រការល្អ អ្នកគួរដូរធ្យូងបញ្ឆេះនេះ តំណាលគ្នាទាំងអស់តែម្ដង ទៅតាមចំនួនដែលវាមានតាមក្បាលប៊ូស៊ី។
៧. កុងតាក់បញ្ឆេះ (Ignition Switch)
តម្លៃចាប់ពី៖ ១៥ ដុល្លារអាមេរិក (ទីផ្សារបរទេស)
កុងតាក់នេះ គឺសម្រាប់ផ្ដាច់ ឬក៏ភ្ជាប់ប្រព័ន្ធភ្លើងនៅក្នុងរថយន្ត។ ការប្រើប្រាស់នៅក្នុងរយៈពេលយូរមួយ អាចធ្វើឲ្យកុងតាក់នេះ លែងមានភាពរអិល អាចធ្វើឲ្យសោជាប់គាំងនៅខាងក្នុង ឬក៏ជាប់គាំង អាចកាច់ភ្ជាប់ភ្លើង តែមិនអាចបិទវិញបានជាដើម។
៨. រ៉ងសំបុកអ៊ែរ (Intake Manifold Gasket)
តម្លៃចាប់ពី៖ ៧ ដុល្លារអាមេរិក (ទីផ្សារបរទេស)
នៅពេលដែលរ៉ងសំបុកអ៊ែរចាប់ផ្ដើមខូច វានឹងធ្វើឲ្យ ECU (Engine Control Unit) ពិបាកនឹងត្រួតពិនិត្យចំនួនខ្យល់ជាក់លាក់មួយដែលចូលក្នុងរថយន្តណាស់ ជាហេតុធ្វើឲ្យវាបាញ់សាំងមិនបានគ្រប់គ្រាន់នៅក្នុងស៊ីឡាំងម៉ាស៊ីន។ ម៉្យាងវិញទៀត បើបញ្ហានេះកើតឡើង វាតម្រូវឲ្យមានការឆែកមើលច្រើនដំណាក់កាល ដើម្បីឲ្យដឹងថាតើរ៉ងខ្យល់ណាដែលខូច ធ្វើឲ្យវាលេចធ្លាយចេញនោះ ជាហេតុនាំឲ្យចំណាយពេលយូរ និងចំណាយលុយច្រើនទៀតផង។
៩. អំពូលភ្លើងដាក់លើផ្លាកលេខ
តម្លៃចាប់ពី៖ ២ ដុល្លារអាមេរិក (ទីផ្សារបរទេស)
ភ្លើងសម្រាប់បំភ្លឺផ្លាកលេខនេះ មានភាពងាយស្រួលក្នុងការផ្លាស់ប្ដូរ ដោយវាមិនចាំបាច់មានការជួយពីជាងរថយន្តនោះឡើយ។
១០. Sesor ចាប់យកលំហូរខ្យល់ (Mass Air Flow Sensor)
តម្លៃចាប់ពី៖ ៣០ ដុល្លារអាមេរិក (ទីផ្សារបរទេស)
Sensor នេះមានតួនាទី វាស់ពីបរិមាណនៃលំហូរខ្យល់ ដែលបានចូលទៅក្នុងម៉ាស៊ីនដើម្បីឲ្យ ECU បាញ់សាំងចូលទៅក្នុងបរិមាណសមាមាត្រ ដើម្បីឲ្យរថយន្តដំណើរការបានល្អ។ ការប្រើប្រាស់យូរទៅ ធូលី និងកម្ទេចកម្ទីនានា អាចរាំងស្ទះ Sensor នេះ ធ្វើឲ្យវាដំណើរការមិនប្រក្រតី ហើយកត្តាម៉្យាងទៀត ដែលធ្វើឲ្យវាខូចនោះ គឺមកពីប្រព័ន្ធខ្សែភ្លើងរបស់វានៅខាងក្នុង ខូចលែងដំណើរការ។
ភាគ ៤៖
១. ឆ្នាប់ម៉ូទ័រ (Motor Mount)
តម្លៃចាប់ពី៖ ១២ ដុល្លារអាមេរិក (ទីផ្សារបរទេស)
ឆ្នាប់នេះមាននាទីសម្រាប់ភ្ជាប់ម៉ាស៊ីនរថយន្តទៅនឹង តួផ្គុំរបស់រថយន្ត ដែលវាមានមកចំនួនមួយគូ នៅក្នុងរថយន្តទូទៅ។ ឆ្នាប់នេះមានបំពាក់មកជាមួយនឹងជ័រកៅស៊ូ ដែលវានឹងជួយស្រូបរំញ័ររបស់ម៉ាស៊ីន ឲ្យនៅសល់តិចបំផុតដើម្បីកុំឲ្យមានការញ័ររំខានដល់អ្នកបើកបរ និងអ្នកដំណើរនៅក្នុងរថយន្ត។ ដូចនេះហើយ នៅពេលដែលកៅស៊ូនេះចាស់ដាច់ សឹករេចរឹល តួរថយន្តរបស់អ្នកនឹងទទួលកម្លាំងរំញ័រខ្លាំងជាងមុន ជាពិសេសនៅពេលបញ្ឆេះស្ងៀម និងពេលចាប់ផ្ដើមជាន់ហ្គ៊ែរទៅមុខ។
២. សំបុកស៊ីម៉ាំង (Muffler)
តម្លៃចាប់ពី៖ ២៤ ដុល្លារអាមេរិក (ទីផ្សារបរទេស)
មុខងារសំខាន់នៃសំបុកមួយនេះ គឺសម្រាប់ទប់សំឡេងលាន់ក៏ខ្លាំងដែលចេញពីក្នុងម៉ាស៊ីនរថយន្ត តាមរយៈបំពង់ស៊ីម៉ាំង ដោយវានឹងកាត់បន្ថយភាពលាន់ឮ ដូចការផ្ទុះ នៅក្នុងម៉ាស៊ីនរថយន្ត ឲ្យស្ងាត់ល្អបាន។ ការផ្សារបំពង់ស៊ីម៉ាំងមិនបានត្រឹមត្រូវ ឆ្នុកមិនល្អ បូករួមជាមួយនឹងធូលីដី អាចបណ្ដាលឲ្យសំបុកស៊ីម៉ាំងខូច មិនអាចទប់សំឡេងផ្ទុះពីខាងក្នុងមកបានល្អ។
៣. Sensor វាស់កម្រិតអ៊ុកស៊ីសែន (Oxygen Sensor)
តម្លៃចាប់ពី៖ ១១ ដុល្លារអាមេរិក (ទីផ្សារបរទេស)
Sensor វាស់កម្រិតអ៊ុកស៊ីសែន ជាផ្នែកមួយដែលឧបករណ៍បញ្ជាម៉ាស៊ីន ECU ប្រើសម្រាប់កំណត់បរិមាណខ្យល់ និងសាំងឲ្យចូលមកក្នុងស៊ីឡាំងម៉ាស៊ីន។ វាត្រូវបានភ្ជាប់ទៅនឹងបំពង់បម្លែងសារធាតុពុល (Catalytic Converter) ដែលជាផ្នែកមួយរបស់បំពង់ស៊ីម៉ាំង ដើម្បីពិនិត្យមើលបរិមាណ អ៊ុកស៊ីសែន និងឧស្ម័ននានាដែលមាននៅក្នុងផ្សែងរថយន្ត។ ល្បាយនៃសារធាតុគីមីនៅក្នុងផ្សែងរថយន្ត និងការប្រើប្រាស់ក្នុងរយៈពេលយូរអាចធ្វើឲ្យ Sensor នេះដំណើរការមិនប្រក្រតី ឬខូចតែម្ដង។
៤. តួកាត់បន្ថយកម្ដៅប្រេង (Oil Cooler)
តម្លៃចាប់ពី៖ ៣០ ដុល្លារអាមេរិក (ទីផ្សារបរទេស)
មុខងាររបស់តួកាត់បន្ថយកម្ដៅប្រេងនេះ គឺដើម្បីស្អំប្រេងម៉ាស៊ីនរថយន្ត និងប្រេងចង្កឹះលេខ នៅពេលដែលកម្ដៅរបស់វាកើនឡើងខ្ពស់ ហើយភាគច្រើនវាមានប្រើប្រាស់តែនៅលើរថយន្តល្បឿនលឿនតែប៉ុណ្ណោះ។ បញ្ហារបស់តួកាត់បន្ថយកម្ដៅប្រេង គឺវាអាចលេខធ្លាយបានធ្វើឲ្យប្រេងម៉ាស៊ីន និងប្រេងចង្កឹះលេខហូរចេញទៅក្រៅម៉ាស៊ីន។
៥. កងពីស្តុង (Piston Rings)
តម្លៃចាប់ពី៖ ២៥ ដុល្លារអាមេរិក (ទីផ្សារបរទេស)
បើសិនជារថយន្តអ្នកមានផ្សែងពណ៌រាងខៀវ លាយប្រផេះចេញមកខ្មួលខ្មាញ់ មានន័យថា ប្រេងម៉ាស៊ីនរថយន្តបានលេចចូលទៅក្នុងកន្លែងចំហេះនៅក្នុងស៊ីឡាំងម៉ាស៊ីនហើយ។ បញ្ហានេះ ភាគច្រើនគឺបណ្ដាលមកពីកងពីស្តុងដែលខូចខាត ដែលវាមាននាទីសម្រាប់ទប់កុំឲ្យប្រេងម៉ាស៊ីនចូលទៅក្នុងស៊ីឡាំងរបស់ម៉ាស៊ីនបាន។
៦. ស្នប់ប្រព័ន្ធបូមចង្កូត (Power Steering Pump)
តម្លៃចាប់ពី៖ ៦០ ដុល្លារអាមេរិក (ទីផ្សារបរទេស)
ប្រសិនបើ នៅពេលដែលកាច់ចង្កូតមានអារម្មណ៍ថាតឹងជាងមុន ឬក៏ឮសំឡេងចំឡែកនោះ វាអាចប្រហែលមកពីអស់ប្រេងនៅក្នុងស្នប់ប្រព័ន្ធបូមចង្កូត ឬក៏ស្នប់នោះខូចតែម្ដង។ សំឡេងដែលលាន់ចេញពីស្នប់បូមចង្កូតពេលកាច់ចង្កូតនោះ គឺងាយស្រួលចំណាំដោយវាខុសពីសំឡេងលាន់ធម្មតា។ ដូចនេះ អ្នកអាចពិនិត្យមើលកម្រិតប្រេងបូមចង្កូតបាន តែបើប្រេងនៅ ហើយនៅលាន់សំឡេង និងពេលកាច់ចង្កូតទៅរាងធ្ងន់នោះ បានន័យថាអ្នកត្រូវប្ដូរស្នប់នេះចេញហើយ។
៧. ប៊ូតុងចុចកញ្ចក់ចុះ (Power Window Switch)
តម្លៃចាប់ពី៖ ៨ ដុល្លារអាមេរិក (ទីផ្សារបរទេស)
ជាររឿងធម្មតាហើយ ដែលប៊ូតុងសម្រាប់បញ្ញាពេលចុចកញ្ចក់អាចខូចដោយសារការលេងច្រើន និងការប្រើប្រាស់រថយន្តយូរឆ្នាំ ដោយត្រូវកម្ដៅថ្ងៃខ្លាំង ឬមួយទៀតអាចដោយសារការប្រើប្រាស់ធ្ងន់ដៃជាដើម អាចធ្វើឲ្យប៊ូតុងនេះផុយស្រួយ ងាយបាក់បែក។ អាការៈមួយទៀត គឺនៅពេលដែលចុចប៊ូតុងទាំងនោះ វាអាចគាំងមិនគ្រលាស់មកវិញ ដោយសារតែធូលីច្រើនពេកក៏ថាបាន។
៨. Sensor ចាប់សម្ពាធ (Pressure Sensor)
តម្លៃចាប់ពី៖ ១៨ ដុល្លារអាមេរិក (ទីផ្សារបរទេស)
Sensor ចាប់សម្ពាធមានបំពាក់នៅច្រើនកន្លែងក្នុងរថយន្ត ដែលវាមានមុខងារសម្រាប់វាស់សម្ពាធនានា ដូចជា សម្ពាធសាំង និងសម្ពាធខ្យល់ជាដើម។ ការប្រើប្រាស់ក្នុងរយៈពេលយូរអាចឲ្យ Sensor នេះដំណើរការមិនប្រក្រតី ឬក៏ខូចខាត ដែលវានឹងលេចជាសញ្ញាព្រមាននៅលើកុងទ័ររថយន្ត។ ប្រសិនបើអ្នកដឹងថា Sensor ចាប់យកសម្ពាធលែងដំណើរការហើយនោះ អ្នកមិនគួរបន្តបើកបររថយន្តនោះទៀតទេ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់បាន។
៩. ធុងទឹក (Radiator)
តម្លៃចាប់ពី៖ ៤០ ដុល្លារអាមេរិក (ទីផ្សារបរទេស)
ធុងទឹកមាននាទីសំខាន់បំផុត ដែលវាជាអ្នកបញ្ចុះកម្ដៅម៉ាស៊ីន ដែលធ្វើឲ្យរថយន្តនៅដំណើរការបាន និងបើកបរបានផ្លូវឆ្ងាយ។ បញ្ហាដែលកើតឡើងជារឿយៗ សម្រាប់ធុងទឹកនេះ គឺវាអាចឡើងច្រែះ និងលេចធ្លាយត្រង់កន្លែងណាមួយ។ អ្នកអាចសាកផ្សារកកន្លែងដែលលេចធ្លាយនោះជាមុនសិន ប៉ុន្តែបើសិនជាវាច្រែះ និងលេចធ្លាយច្រើនកន្លែងនោះ ច្បាស់ណាស់អ្នកគួរតែដូរធុងទឹកថ្មីហើយ។
១០. បូម (Shock Absorber)
តម្លៃចាប់ពី៖ ២១ ដុល្លារអាមេរិក (ទីផ្សារបរទេស)
បូមគឺជាអ្នកជួយសម្រួលចលនារបស់រថយន្ត ជាពិសេសវាធ្វើឡើងដើម្បីកុំឲ្យអ្នកបើកបរ និងអ្នកដំណើរទទួលរងភាពរលាក់នៅលើស្ថានភាពផ្លូវដែលរថយន្តកំពុងឆ្លងកាត់។ ប៉ុន្តែនៅពេលប្រើប្រាស់ក្នុងរយៈពេលយូរ ឬក៏ការបើកបរក្នុងល្បឿនលឿន នៅលើផ្លូវដែលមានស្ថានភាពលំបាកខ្លាំង បូមរថយន្តអាចខូច ឬក៏លេចធ្លាយប្រេងខាងក្នុង (បែកបូម) ចេញមក ធ្វើឲ្យវាលែងដំណើរការ ហើយរថយន្តអ្នកនឹងរលាក់ខ្លាំងជាងមុន។
ភាគ ៥៖
១. ក្បាលប៊ូស៊ី (Spark Plugs)
តម្លៃចាប់ពី៖ ៣ ដុល្លារអាមេរិក (ទីផ្សារបរទេស)
ក្បាល​ប៊ូ​ស៊ី​ជា​ផ្នែក​សំខាន់មួយនៃដំណើរការម៉ាស៊ីន ព្រោះវាជាអ្នកបង្កើតផ្កាភ្លើង ដើម្បីបង្កើតចំហេះនៅក្នុងស៊ីឡាំងម៉ាស៊ីន។ ធ្យូងបញ្ឆេះនៅក្បាលប៊ូស៊ី បញ្ជូនចរន្តដ៏ខ្លាំងក្លាឆ្លងកាត់តួប៊ូស៊ី ហើយពេលប្រើប្រាស់យូរទៅ អេឡិចត្រូតរបស់វាអាចនឹងខូចខាត។ ម៉្យាងទៀត បើសិនជាម៉ាស៊ីនមានលេចប្រេងម៉ាស៊ីនចូល វាកាន់តែធ្វើឲ្យក្បាលប៊ូស៊ីឆាប់ខូចថែមទៀត ដោយសារតែផ្សែងចេញពីម៉ាស៊ីន មានប្រតិកម្មគីមីជាមួយធ្យូង។ យល់ល្អ អ្នកគួរពិនិត្យមើល និងប្ដូរក្បាលប៊ូស៊ីរថយន្តរៀងរាល់ចម្ងាយប្រមាណ ៤៨ ០០០ គ.ម ម្ដង ព្រោះចម្ងាយនេះ ក្បាលប៊ូស៊ីអាចសមល្មមនឹងទទួលរងការខូចខាតធ្ងន់ធ្ងរ ហើយវាអាចលែងដំណើរការផង ក៏ថាបាន។
២. ម៉ូទ័របញ្ឆេះ (Starter Motor)
តម្លៃចាប់ពី៖ ៤០ ដុល្លារអាមេរិក (ទីផ្សារបរទេស)
នៅពេល​កាច់សោបញ្ឆេះ ឬក៏ចុចប៊ូតុង Start/Stop ហើយរថយន្តមិនមានប្រតិកម្មអ្វីទេនោះ ភាគរយច្រើនណាស់ គឺបណ្ដាលមកពីដុំម៉ូទ័របញ្ឆេះ លែងដំណើរការ។ ចំពោះអាយុកាលប្រើប្រាស់នៃម៉ូទ័រមួយនេះ វាមិនមានកាលកំណត់ឲ្យពិតប្រាកដឡើយ ដូចនេះវាពិបាកនឹងប៉ាន់ស្មានណាស់ថាពេលណាគួរតែដូរវាចេញ។ ដូច្នេះហើយ នៅពេលដែលអ្នកបញ្ឆេះឡានលែងកើត វាប្រហែលមកពីម៉ូទ័រនេះខូចហើយ។
៣. Sensor ចាប់យកមុំទិសចង្កូត (Steering Angle Sensor)
តម្លៃចាប់ពី៖ ១២ ដុល្លារអាមេរិក (ទីផ្សារបរទេស)
Sensor ចាប់យកមុំទិសចង្កូត ជាគ្រឿងសំខាន់ក្នុងប្រព័ន្ធរក្សារលំនឹងរថយន្ត (Traction Control) ដើម្បីប្រាប់ទិសដៅនៃចង្កូតរថយន្ត ថារថយន្តត្រូវបត់ទៅខាងណាឲ្យប្រាកដ។ នៅពេលអ្នកបើកបរ បួងចង្កូតអស់ទៅម្ខាង Sensor ចាប់យកមុំទិសចង្កូតនេះ នឹងប្រាប់ទៅប្រព័ន្ធរក្សាលំនឹងរថយន្តឲ្យដំណើរការទៅលើកង់ ដោយមានទាំងចាប់ហ្វ្រាំង និងទម្លាក់កម្លាំងម៉ាស៊ីន ដើម្បីរក្សាលំនឹងរបស់តួរថយន្ត។ នៅពេលដែល Sensor ចាប់យកមុំទិសចង្កូតនេះខូច វាអាចលោតភ្លើងចេញលើកុងទ័រ ដោយមានទាំងភ្លើងព្រមានប្រព័ន្ធរក្សាលំនឹងលែងដំណើរការ នឹងភ្លើងហ្វ្រាំង ABS ជាដើម។
៤. អ័ក្សភ្ជាប់ចង្កូតនឹងកង់ (Steering Rack)
តម្លៃចាប់ពី៖ ១១៥ ដុល្លារអាមេរិក (ទីផ្សារបរទេស)
នៅពេលដែលប្រព័ន្ធជំនួយចង្កូត (Power Steering) មិនដំណើរការ វាមិនមែនសុទ្ធតែមកពី ស្នប់ជំនួយចង្កូតទាំងអស់ទេ ពេលខ្លះវាក៏មកពី អ័ក្សភ្ជាប់ចង្កូតនឹងកង់នេះ​ដែរ​។ អ័ក្សនេះមានធ្មេញដែលវាភ្ជាប់ទៅនឹងអ័ក្សចង្កូត ដើម្បីឲ្យកង់រថយន្តអាចបត់ទៅតាមទិសដៅដែលចង្កូតបញ្ជាបាន។ ការប្រើប្រាស់់ក្នុងរយៈពេលយូរ អាចធ្វើឲ្យគន្លាក់អ័ក្សភ្ជាប់ចង្កូតនឹងកង់ ខូចខាត ហើយឆ្នុកវាក៏អាចលេចធ្លាយប្រេងចេញមកផងដែរ។ ទោះបីជាពេលខ្លះវាខូចតែកង់ម្ខាងក៏ដោយ តែមិនយូរមិនឆាប់អ័ក្សភ្ជាប់ចង្កូតនឹងកង់ម្ខាងទៀតនឹងខូចដែរ ដែលប្រការល្អ អ្នកគួរតែស្វែងរកជាងឲ្យដូរវាចេញឲ្យហើយទៅ។
៥. ដងភ្ជាប់របារទប់លំនឹង (Sway Bar Link)
តម្លៃចាប់ពី៖ ១០ ដុល្លារអាមេរិក (ទីផ្សារបរទេស)
ដងភ្ជាប់របារទប់លំនឹង ជាដងតូចមួយដែលភ្ជាប់របារទប់លំនឹងរថយន្ត ដែលវាមាននាទីកំណត់កម្លាំងចលករក្នុងរថយន្ត នៅពេលដែលអ្នកបត់នៅផ្លូវកោង។ វាប្រៀបដូចជា អាប៊ូហ្សេ (Ball Joint) ដែរ គឺនៅពេលដែលរថយន្តបន្លឺសំឡេងចម្លែកចេញពីកង់ហើយនោះ វាអាចជាសញ្ញាដែលប្រាប់ថា ដងភ្ជាប់របារទប់លំនឹងខូចហើយ។
៦. Sensor ចាប់សីតុណ្ហភាព (Temperature Sensor)
តម្លៃចាប់ពី៖ ១០ ដុល្លារអាមេរិក (ទីផ្សារបរទេស)
Sensor ចាប់សីតុណ្ហភាពមានបំពាក់តាំងតែពីក្នុងម៉ាស៊ីន រហូតដល់ប្រព័ន្ធចង្កឹះលេខ ដើម្បីធានាថាប្រព័ន្ធទាំងនោះមិនឡើងក្ដៅហួសកម្រិត។ យើងអាចដឹងថា Sensor ចាប់សីតុណ្ហភាពនេះខូចបាននៅពេលដែល វាមិនបង្ហាញឡើងកម្ដៅសោះ ទោះបីជាបញ្ឆេះរថយន្តពេញមួយសន្ទុះធំហើយក៏ដោយ ហើយមួយទៀតវាប្រាប់ថាមានកម្ដៅខ្លាំងនៅពេលដែលរថយន្តត្រជាក់សោះ។ ដូចនេះ បើសិនជាមានរោគសញ្ញាបែបនោះ បានន័យថាអ្នកដល់ពេលប្ដូរវាចេញហើយ។
៧. ទែរម៉ូស្ដារ (Thermostat)
តម្លៃចាប់ពី៖ ៨ ដុល្លារអាមេរិក (ទីផ្សារបរទេស)
ទែរម៉ូស្ដារ មាននាទីសម្រាប់កំណត់លំហូរចូលនៃសារធាតុធ្វើឲ្យត្រជាក់ រវាងម៉ាស៊ីន និងធុងទឹក ដើម្បីធ្វើឲ្យម៉ាស៊ីនរបស់អ្នកឡើងក្ដៅបានលឿន តែការពារមិនឲ្យវាឡើងក្ដៅហួសកម្រិតឡើយ។ នៅពេលដែលទែរម៉ូស្ដារខូច វានឹងនៅស្អិតជាប់ លែងបើកបិទដូចមុន ធ្វើឲ្យសារធាតុត្រជាក់គាំងជាប់ត្រឹមមួយកន្លែងមិនហូរទៅណា។ វាពិតជាសំខាន់ក្នុងការស្វែងរកការផ្លាស់ប្ដូរក្បាលទែរម៉ូស្ដារនេះចេញ មុនពេលដែលវាធ្វើឲ្យម៉ាស៊ីនឡើងក្ដៅហួសកម្រិត ព្រោះគ្មានសារធាតុត្រជាក់ចូលគ្រប់គ្រាន់។
៨. ស្នប់បូមទឹក (Water Pump)
តម្លៃចាប់ពី៖ ៣៥ ដុល្លារអាមេរិក (ទីផ្សារបរទេស)
សព្វថ្ងៃនេះ ស្នប់បូមទឹកនៅក្នុងរថយន្តមានទាំងប្រភេទ មេកានិច និងប្រើអគ្គិសនី។ ស្នប់បូមទឹកដែលប្រើអគ្គិសនីអាចខូចដោយមិនប្រាប់មុន ហើយស្នប់បូមទឹកប្រភេទមេកានិចវិញ អាចខូចខាតដោយសារ ការលេចធ្លាយ ឬក៏គាំងផ្នែកណាមួយខាងក្នុងជាដើម។ ម៉្យាងទៀត ត្រូវចាំថានៅពេល​ត្រូវ​ប្ដូរស្នប់បូមទឹកដែលខូចចេញហើយនោះ អ្នកក៏ត្រូវដាក់សារធាតុធ្វើឲ្យម៉ាស៊ីនត្រជាក់ថ្មីផងដែរ ដើម្បីឲ្យវាដំណើរការបានល្អក្នុងម៉ាស៊ីន។
៩. Sensor ចាប់ល្បឿនកង់រថយន្ត (Wheel Speed Sensor)
តម្លៃចាប់ពី៖ ១០ ដុល្លារអាមេរិក (ទីផ្សារបរទេស)
Sensor ចាប់ល្បឿនកង់រថយន្តមានដាក់បំពាក់នៅគ្រប់កង់ទាំង ៤ ដើម្បីឲ្យវាដំណើរការជាមួយនឹងប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS និងប្រព័ន្ថរក្សាលំនឹងរថយន្ត (Traction Control)។ ជាអកុលស ទីតាំងរបស់ Sensor ចាប់ល្បឿនកង់រថយន្ត ស្ថិតនៅជិតកង់ ដែលអាចធ្វើឲ្យភក់ និងធូលីគ្រប់ដណ្ដប់ធ្វើឲ្យវាលែងដំណើរការ ឬក៏ខូចតែម្ដងនៅពេលប្រើយូរទៅ ហើយពេលដែលវាខូច ភ្លើងសញ្ញាផ្សេងៗនៅលើកុងទ័ររថយន្ត នឹងលោតព្រោងព្រាត ពិសេសភ្លើង ABS និង Traction Control នោះឯង។
១០. ម៉ូទ័រផ្លិតទឹក (Wiper Motor)
តម្លៃចាប់ពី៖ ៣០ ដុល្លារអាមេរិក (ទីផ្សារបរទេស)
ម៉ូទ័រផ្លិតទឹក ជាម៉ូទ័រសម្រាប់បក់បញ្ជាផ្លិតទឹក ឲ្យវាសកញ្ចក់ពេលមានភ្លៀងខ្លាំង ដើម្បីឲ្យអ្នកបើកបរអាចមើលផ្លូវឃើញ។ ការប្រើប្រាស់យូរៗទៅ ម៉ូទ័រផ្លិតទឹកអាចខូចលែងដំណើរការ ដោយសារវាជាប្រភេទម៉ូទ័រដើរដោយអគ្គិសនី ដូច្នេះហើយវាមានកត្តាច្រើនដែលធ្វើឲ្យវាខូចលែងដំណើរការតែម្ដង។
ប្រភព៖ bestproduct

0 comments:

Post a Comment

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget