Showing posts with label សន្ទានុក្រម. Show all posts
Showing posts with label សន្ទានុក្រម. Show all posts

Wednesday, July 12, 2017

មុន​ណែនាំ​ឱ្យ​ប្រិយមិត្ត​ស្គាល់​នូវ​ពាក្យ VoIP Sabay​ សូម​បង្ហាញ​ពី​និយម​ន័យ​របស់​ពាក្យ Internet Protocol ជា​មុន​សិន។​ IP ឫ Internet Protocol មាន​ន័យ​ថា​ជា​មធ្យោបាយ​នៃ​ការ​ផ្ញើ​ទិន្នន័យ​ពី​កុំព្យូទ័រ​មួយ​ទៅ​កុំព្យូទ័រ​មួយ​ទៀត លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

កុំព្យូទ័រ​មួយ យ៉ាង​ហោច​ណាស់​ត្រូវ​មាន IP Adress មួយ ដើម្បី​សម្គាល់​ពី​អត្តសញ្ញាណ​របស់​វា​នៅ​លើ​អ៊ីនធឺណិត។​

ចំណែក​ឯ​ពាក្យ​ VoIP ដែល​មាន​ពាក្យ​ពេញ​ Voice over Internet Protocol ជា​ប្រភេទ​នៃ​ផ្នែក Hardware ឬ Software ដែល​អនុញ្ញាត​ឱ្យ​យើង​អាច​ប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​ការ​បញ្ជូន​សំឡេង​ទំនាក់ទំនង​គ្នា​ ដោយ​ឆ្លង​កាត់​តាម IP (Internet Protocol) ហើយ​ទិន្នន័យ​ធ្លាក់​ចូល​ទៅ​ក្នុង​បណ្ដាញ​ព័ត៌មាន​អេឡិចត្រូនិក​ Packet។

អត្ថប្រយោជន៍​របស់​វា គឺ​ល្អ​សម្រាប់​អ្នក​ដែល​មិន​ចង់​ចំណាយ​លុយ​ច្រើន​លើ​ការ​ទាក់ទង​គ្នា​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​សេវា​ទូរសព្ទ ផ្ទុយ​ទៅ​វិញ​ប្រើប្រាស់​កម្មវិធី​មួយ​ចំនួន​ដូច​ជា​ CoolTalk និង NetMeeting ហើយ​វា​មិន​កាត់​លុយ​ចេញ​ពី​ស៊ីម​ទូរសព្ទ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ផ្អែក​លើ​ទំហំ​ចំណាយ​ប្រើប្រាស់​​អ៊ីនធឺណិត​របស់​អ្នក។

(បញ្ជាក់: កម្មវិធី​ខ្លះ មាន​តម្រូវ​ឱ្យ​បង់លុយ​ប្រចាំ​ខែ​ឫ​ឆ្នាំ ក្នុង​ការ​ប្រើប្រាស់)

Tuesday, May 30, 2017

បើ​អ្នក​កំពុង​ប្រើប្រាស់​ស្មាតហ្វូន​ Android ប្រាកដ​ជា​ធ្លាប់​បាន​ឮ​ពាក្យ​ថា​ APK ប៉ុន្តែ​អ្នក​អាច​មិន​យល់​ច្បាស់​អំពី​វា​នោះ​ឡើយ​។​ Sabay បង្ហាញ​អ្នក​ទាំង​អស់​គ្នា តើ​អ្វី​ទៅ​ជា​ឯកសារ​ APK ចុះ​របៀប​ទាញ​យក​និង​ដំឡើង​វា ត្រូវ​ធ្វើ​បែប​ណា​ខ្លះ?

+អ្វី​ទៅ​ជា​ឯកសារ​ APK?
មិន​ខុស​ពី​ប្រព័ន្ធ​ Windows របស់​កុំព្យូទ័រ​នោះ​ទេ ដែល​នៅ​ពេល​អ្នក​ដំឡើង​កម្មវិធី​ហ្គេម​​ វា​ជា​ប្រភេទ​ឯកសារ​ .exe ដោយ​ឡែក​ Android ក៏​ដូច​គ្នា ប៉ុន្តែ​វា​ប្រើប្រាស់​នៅ​ឯកសារ​ .apk ដែល​ពាក្យ​ពេញ​របស់​វា​គឺ​ Android Package Kit។​
ជា​ទូទៅ​បើ​ស្មាតហ្វូន​ Android របស់​អ្នក​មាន​កម្មវិធី​ Google Play Store នោះ​រាល់​បណ្ដា​ឯកសារ​ APK ទាំង​អស់​នឹង​មាន​ដាក់​ឱ្យ​ទាញ​យក​បាន​នៅ​ក្នុង​នោះ ប៉ុន្តែ​ក៏​មាន​ប្រភេទ​ឯកសារ​មួយ​ចំនួន​ដែល​លួច​ចម្លង​ពី​ម្ចាស់​ដើម​ដោយ​គ្មាន​សេចក្ដី​អនុញ្ញាត ដោយ​រមែង​បង្ហោះ​ចែកចាយ​នៅ​លើ​គេហទំព័រ​ ដែល​នេះ​ហើយ​គ្រប់​គ្នា​​ត្រូវ​ប្រយ័ត្ន​ ព្រោះ​វា​ជា​ឯកសារ​មិន​ស្រប​ច្បាប់​និង​គ្មាន​ប្រព័ន្ធ​សុវត្ថិភាព​ច្បាស់​ជាក់លាក់​នោះ​ទេ​។




+វិធី​ទាញ​យក​ឯកសារ​ APK តាម​រយៈ​កុំព្យូទ័រ​ទៅ​ដាក់​លើ​ស្មាតហ្វូន​

មិន​ខុស​ពី​ការ​លើក​ឡើង​ខាង​លើ ឯកសារ​ APK រាប់​សិប​លាន​ ត្រូវ​បាន​បង្ហោះ​ចែកចាយ​ជុំ​វិញ​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​ឯកសារ​ខ្លះ​ក៏​បាន​បង្កប់​នូវ​មេរោគ​ដែល​អាច​ជ្រៀត​ចូល​ទៅ​បំផ្លាញ​ទិន្នន័យ​លើ​ស្មាតហ្វូន​របស់​អ្នក បាន​ដោយ​មិន​ដឹង​ខ្លួន​។​ ម្ល៉ោះ​ហើយ​យើង​សូម​ណែនាំ​គេហទំព័រ​ដែល​មាន​សុវត្ថិភាព​ អាច​អនុញ្ញាត​ឱ្យ​អ្នក​ទាញ​យក​ឯកសារ​ APK ដោយ​មាន​ទំនុក​ចិត្ត​ខ្ពស់​គឺ APK Mirror **(http://www.apkmirror.com/)**។
  • ​-ចូល​ទៅ​កាន់​គេហទំព័រ​ខាង​លើ​ ហើយ​ចុច​ស្វែងរក​នូវ​ឯកសារ​ APK ណា​មួយ​ដែល​ចង់​បាន
  • -លើ​​ស្មាតហ្វូន​ចុច​ចូល​ Settings > Security > ធិក​លើ​ពាក្យ​ Unkown Sources ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​អាច​ដំឡើង​កម្មវិធី​ដែល​ទាញ​យក​ប្រភព​ផ្សេង​ខុស​ពី​ Google Play Store
  • -ក្រោយ​​មក​សូម​ធ្វើ​ការ​ទាញ​យក​កម្មវិធី​ ES File Explorer ពី​ Play Store សិន​ក៏​បាន​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​រក​ឯកសារ​ APK ក្នុង​ម៉ាស៊ីន​ទូរសព្ទ (ករណី​មាន​កម្មវិធី My File លើ​ស្មាតហ្វូន​ស្រាប់ មិន​បាច់​ដំឡើង​ក៏​បាន​)​​
  • -ធ្វើ​ការ​ Copy ផ្ទេរ​រាល់​ឯកសារ APK ដែល​ទាញ​យក​បាន​នៅ​លើ​កុំព្យូទ័រ​​ មក​ដាក់​ស្មាតហ្វូន​តាម​រយៈ​ Drive របស់​ស្មាតហ្វូន​ Android អ្នក​ ដែល​លេចចេញ​ក្នុង​ My Computer
  • -Copy ដាក់​ទីតាំង​ណា​មួយ​ក៏​បាន ក្រោយ​មក​បើក​កម្មវិធី​ ES File Explorer នៅ​លើ​ស្មាតហ្វូន​ ហើយ​រាល់​ឯកសារ​ APK ដែល​យើង​បាន​ផ្ទេរ​ចូល រួច​ចុច​ Install ធម្មតា ជា​ការ​ស្រេច​។​​​​​


+វិធី​ទាញ​យក​ឯកសារ​ APK តាម​រយៈ​ស្មាតហ្វូន​ផ្ទាល់​:
  • -ចុច​បើក​កម្មវិធី​អ៊ីនធឺណិត​ឫ​ Browser ណា​មួយ
  • -ចុច​ចូល​គេហទំព័រ​ APK Mirror ឫ​គេហទំព័រ​ផ្សេង​ក៏​បាន​ (ឱ្យ​តែ​មាន​ប្រភព​ជាក់​លាក់)
  • -ស្វែង​រក​កម្មវិធី​ដែល​ចង់​បាន > Download
  • -ចូល​មើល​កម្មវិធី My File > ត្រង់​ Folder (Downloads) > បើក​រក​មើល​កម្មវិធី​ដែល​អ្នក​បាន​ទាញ​យក​>ធ្វើ​ការ​ Install ជា​ធម្មតា​។​

ជា​ទូទៅ​បើ​យើង​និយាយ​ពី​ពាក្យ​ CPU, GPU និង​ Chipset ប្រិយមិត្ត​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​មួយ​ចំនួន ប្រាកដ​ជា​ធ្លាប់​បាន​ឮ? ប៉ុន្តែ​ ​Sabay​ ​ជឿ​ថា​ប្រិយមិត្ត​មិន​ច្រើន​ទេ​ដែល​ដឹង​ ​តើ​ពួក​​វា​ជា​អ្វី​​ ហើយ​ផ្ដល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ ​ក្នុង​ការ​ផ្គុំ​ភ្ជាប់​ដើម្បី​បង្កើត​បាន​ស្មាតហ្វូន​មួយ​គ្រឿង​ៗ​?
  • អ្វី​ទៅ​ជា​ CPU?
CPU ឫ​ហៅ​ថា​ Central Processing Unit ជា​អង្គ​ដំណើរការ​ផ្នែក​គ្រឿង​សៀគ្វី​អេឡិចត្រូនិក​មួយ ដែល​អាច​ធ្វើ​ឲ្យ​ប្រតិបត្តិ​ការ​បាន​នៅ​រាល់​កម្មវិធី​នៃ​ស្មាតហ្វូន​។ ទន្ទឹម​នឹង​បច្ចេកវិទ្យា​កាន់​តែ​បន្ទាន់​សម័យ CPU ត្រូវ​បាន​គេ​ដឹង​​ មាន​បំពាក់​តាំង​ពី​នៅ​លើ​រថយន្ត​ឆ្លាត​វៃ​ថែម​ទៀត​ផង។

ល្បឿន​នាឡិកា​ ​ឫ​ ​Clock Rate​ ​ជា​លក្ខណៈ​សំខាន់​មួយ​នៃ​ ​CPU ។​ វា​ជា​ល្បឿន​មូលដ្ឋាន​ ​ដែល​រត់​បាន​មួយ​ខួប​ក្នុង​មួយ​វិនាទី​ ​ហើយ​មាន​ខ្នាត​គិត​ជា​ hertz (ហឺត), kilohertz (គីឡូ​ហឺត), megahertz (មេហ្គា​ហឺត) និង​ gigahertz (ជីហ្គា​ហឺត)​ ដែល​ជា​ប្រេកង់​ល្បឿន​នាឡិកា​នោះ។





  • អត្ថប្រយោជន៍​ ​CPU​ ​សម្រាប់​ស្មាតហ្វូន​:


មិន​ត្រឹម​តែ​ធ្វើ​ប្រតិបត្តិការ​កម្មវិធី​នៅ​លើ​ស្មាតហ្វូន​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ ល្បឿន​នាឡិកា​ (Clock Rate) របស់​វា​ ក៏​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​វាស់​ប្រៀបធៀប​គ្នា យក​ចាញ់​ឈ្នះ​ជាមួយ​ប្រភេទ​ស្មាតហ្វូន​ដទៃ​ ដែល​យើង​រមែង​ឃើញ​គេ​ប្រើ​កម្មវិធី Benchmark ដោយ​កាល​ណា​អត្រា​ល្បឿន​នាឡិកា​រត់​កាន់​តែ​ខ្ពស់ (Ex: ល្បឿន​ 2.2GHz) គួប​ផ្សំ​នឹង​ចំណុច​​ស្នូល​នៃ​បន្ទះ​ឈីប​មាន​កាន់​តែ​ច្រើន (Ex: Dual Core ឫ​ Octa Core) នោះ​កម្រិត​ពិន្ទុ​នៃ​ការ​បង្ហាញ​ នឹង​មាន​កាន់​តែ​ធំ​ ដោយ​គេ​​សន្និដ្ឋាន​ បើ​ពិន្ទុ​ស្មាតហ្វូន​ណា​ខ្ពស់​ជាង​ នោះ​វា​ដំណើរការ​លឿន​ជាង​។


  • អ្វី​ទៅ​ជា​ GPU?

បើ​និយាយ​ពី​ GPU (Graphics Processing Unit)​ ​ឫ​ ​យើង​ហៅ​បាន​ថា​អង្គ​ដំណើរការ​ក្រាហ្វិក​ ​ដែល​វា​ជា​បន្ទះ​សៀគ្វី​សំខាន់​មួយ​ក្នុង​ការ​បង្កើន​ល្បឿន​រូបភាព (Image Output) សម្រាប់​បង្កើត​ជា​លទ្ធផល​បង្ហាញ​មួយ។


បច្ចុប្បន្ន​ប្រភេទ​ ​GPU​ ​ដែល​គេ​និយម​ប្រើ​នៅ​លើ​ស្មាតហ្វូន​រួម​មាន​ ​:​ ​PowerVR GT7XT Seiries, Nvidia Tegra X1, Qualcomm Adreno 540 និង​ Mali-G71 MP20 ជា​ដើម។


  • -អត្ថប្រយោជន៍​ ​GPU​ ​សម្រាប់​ស្មាតហ្វូន​ ​:
បើ​និយាយ​ពី​អត្ថប្រយោជន៍​ចំពោះ​ស្មាតហ្វូន ក្រុមហ៊ុន​ផលិត​ជា​ច្រើន បាន​កំពុង​សម្លឹង​ទៅ​រក​ពពួក​ GPU ដែល​មាន​គុណភាព​ខ្ពស់​ ​អាច​រត់​បាន​ក្នុង​ល្បឿន​លឿន ព្រោះ​វា​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​ដំណើរការ​ទៅ​បាន​នៃ​កម្រិត​បង្ហាញ​រូបភាព​របស់​ហ្គេម​មាន​ក្រាហ្វិក​ធំៗ​ឲ្យ​មាន​សភាព​រលូន​មិន​ទាក់​និង​មួយ​វិញ​ទៀត​សោត​ ​ទាំង​ពពួក​កម្មវិធី​ ដែល​មាន​ពណ៌​បង្ហាញ​លក្ខណៈ​ 3D ក៏​តម្រូវ​ពពួក​ GPU សេរី​ខ្ពស់​ផង​ដែរ។ មូលហេតុ​នេះ​ហើយ​ ទើប​យើង​និយម​ឃើញ​ស្មាតហ្វូន​មួយ​ចំនួន​ នៅ​ពេល​ប្រៀបធៀប​គ្នា​ល្បឿន​ដំណើរការ​ហ្គេម តែង​មាន​សភាព​ល្បឿន​និង​រលូន​ជាង នោះ​ក៏​មក​ពី​ពួក​គេ​ប្រើប្រាស់​ GPU ធន់​ខ្ពស់។

-អ្វី​ទៅ​ជា Chipset :

​​Chipset ឫ​យើង​និយម​ហៅ​វា​ថា​ជា System on chip (SoC)​ ​ដែល​ជា​បន្ទះ​ឈីប​​សៀគ្វី​មួយ​ ​ប្រមូល​ផ្ដុំ​ចូល​គ្នា​នៅ​ផ្នែក​ CPU, GPU, Modem និង​ Memory Controller ជា​ដើម​។ និយាយ​រួម​អាច​ថា​ បើ​គ្មាន​វា​គេ​ក៏​មិន​អាច​ផ្គុំ​ផ្នែក​តូច​ផ្សេងៗ​ឲ្យ​ដំណើរការ​ទៅ​បាន​ដែរ។
បច្ចុប្បន្ន​មាន​ពពួក​បន្ទះ​ឈីប (SoC) ​មួយ​ចំនួន ដែល​កំពុង​ទទួល​បាន​ភាព​ល្បីល្បាញ​រួម​មាន Snapdragon របស់​ Qualcomm, Exynoos របស់​ SAMSUNG, MT និង​ Helio របស់​ MediaTek, Atom របស់​ Intel, HiSilicon Kirin របស់​​ Huawei និង​ពពួក​ A របស់​​ Apple ។
បន្ថែម​ពី​នោះ​ទៀត សព្វថ្ងៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពុង​តែ​ខិតខំ​វិវត្ត​ប្រភេទ​ឈីប SoC ទាំង​នោះ​ឲ្យ​មាន​ទំហំ​កាន់​តែ​តូច​ (ខ្នាត​គិត​ជា​ណាណូម៉ែត្រ)​ ដើម្បី​ប្រច្រៀត​ចូល​ទៅ​ក្នុង​ស្មាតហ្វូន​ដែល​មាន​វិមាត្រ​ខ្លួន​តូច​ ព្រោះ​ដូច​យើង​ដឹង​ស្រាប់​ហើយ សព្វ​ថ្ងៃ​ស្មាតហ្វូន​កាន់​តែ​ស្ដើង​ទៅ​ៗ ប៉ុន្តែ​សម្រប​បាន​នឹង​ទំហំ​ឈីប​តូច​ ពួក​គេ​ក៏​ប្រឹង​រក​នូវ​បច្ចេកវិទ្យា​ធ្វើ​ឲ្យ​វា​មាន​ថាមពល​ខ្លាំង​ជាង​មុន​ ​និង​ការ​សន្សំសំចៃ​ថ្ម​ខ្លាំង​ជាង​មុន​ផង​ដែរ​។​​​​




- អត្ថប្រយោជន៍​ ​Chipset​ ​សម្រាប់​ស្មាតហ្វូន​:

ដំណើរការ​ទៅ​បាន​នៃ​ប្រព័ន្ធ​កាមេរ៉ា​, ក្បាល​ចាក់​សម្លេង​, កម្មវិធី​បម្លែង​ Video, អង្គ​ Modem (រួម​មាន​ WiFi, Bluetooth, GPS, 3G/4G) សុទ្ធ​សឹង​តែ​តម្រូវ​ឱ្យ​មាន​បន្ទះ​ឈីប​ (SoC) ទើប​ផ្នែក​ទាំង​នោះ​ អាច​ដំណើរការ​ទៅ​មុខ​បាន ដោយ​ទោះ​បី​ជា​វា​មាន​ផ្នែក​គ្រឿង​ដាច់​ដោយ​ឡែក​ពី​គ្នា​ក៏​ដោយ​។
ក្រោយ​ការ​រ៉ាយរ៉ាប់​ខាង​លើ​នេះ​រួច​មក​ Sabay ជឿ​ថា​វា​អាច​ជា​មេរៀន​ថ្មី​មួយ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ ហើយ​បើ​មាន​ការ​ខ្វះ​ខាត​ត្រង់​ចំណុច​ណា​មួយ​ឫ​ ​អ្នក​ទាំង​អស់​គ្នា​មាន​ចម្ងល់​មិន​ទាន់​ច្បាស់ សូម​ធ្វើ​ការ​ផ្ដល់​មតិ​នៅ​ខាង​ក្រោម ហើយ​ពួក​យើង​រីករាយ​ជា​និច្ច​ក្នុង​ការ​ផ្ដល់​ចម្លើយ​ដ៏​សម​ស្រប​ទៅ​វិញ​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

Sunday, May 21, 2017

សព្វ​ថ្ងៃ​អង្គ​គណនា​ (និយមហៅបន្ទះឈីប) នៅ​លើ​ស្មាតហ្វូន​និង​ថេបប្លែត​សុទ្ធ​សឹង​តែ​មាន​ថាមពល​ខ្លាំង​ ខុស​ពី​ពេល​ប៉ុន្មាន​ឆ្នាំ​មុន។​ ការ​វិវត្តន៍​ចាប់​តាំង​ពី​ប្រភេទ Single Core រហូត​មក​ទល់​ Hexa Core នា​ពេល​បច្ចុប្បន្ន​។ អង្គ​គណនា​ដែល​គេ​និយម​ប្រើប្រាស់​គឺ​មាន​ទំហំ 64 bit ដែល​វា​កំពុង​ប្រកួត​ប្រជែង​ខ្ពស់​ជាមួយ​ពពួក​ 32 bit ដែល​បង្ហាញ​ខ្លួន​យូរ​ណាស់​មក​ហើយ​។​ សម្រាប់​ល្បឿន​នៃ​អង្គ​គណនា​នីមួយៗ​មាន​ល្បឿន​ខ្ពស់​បំផុត​ចន្លោះ​ពី 3.0-3.5 GHz ។​

ដោយ​ឡែក​សម្រាប់​អត្ថបទ​នេះ Sabay សូម​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​ពី​បញ្ជី​រាយ​ឈ្មោះ​និង​លក្ខណៈ​ពិសេស​មួយ​ចំនួន​នៃ​អង្គ​គណនា​គ្រប់​ជំនាន់​ ដែល​គេ​បាន​បំពាក់​នៅ​លើ​ស្មាតហ្វូន​និង​ថេបប្លែត​គ្រប់​ស៊េរី​ ដោយ​មួយ​ចំនួន​គិត​ត្រឹម​ចុង​ឆ្នាំ ២០១៦​។

១.​អង្គ​គណនា Qualcomm Snapdragon

Qualcomm Technology គឺ​ជា​ក្រុមហ៊ុន​មួយ​របស់​សហរដ្ឋអាមេរិក ដែល​ផលិត​នូវ​អង្គ​គណនា​សម្រាប់​ស្មាតហ្វូន​, ថេបប្លែត និង​ការ​ផលិត​នូវ​ LTE Modem ។ ក្រុមហ៊ុន​ខាង​លើ ចាប់​ផ្តើម​ល្បី​ក្នុង​ឆាក​អន្តរជាតិ​ជា​លើក​ដំបូង ក្រោយ​ពេល​ដែល​ពួក​គេ​ប្រកាស​បង្ហាញ​នូវ​បច្ចេកវិទ្យា​ CDMA ទៅ​ក្នុង​ទីផ្សារ​។​
លើក​ទី​មួយ​នៃ​ការ​ដាក់​បង្ហាញ​អង្គ​គណនា​របស់​ពួក​​គេ​ គឺ​មាន​ល្បឿន​ 1 GHz ខណៈ​កាល​នោះ​ល្បឿន​អង្គ​គណនា​នៃ​ស្មាតហ្វូន​ជា​មធ្យម មាន​ត្រឹម​តែ 512 MHz ប៉ុណ្ណោះ​។​ ចូល​ដល់​ឆ្នាំ ២០០៥ ពួក​គេ​បាន​ប្រកាស​នូវ​ពពួក​អង្គ​គណនា​ជំនាន់ S1, S2, S3, S4, S200, S400 រហូត​ដល់​ S800 ដែល​រួម​បញ្ចូល​ទាំង S820 និង​ S821 ដែល​បញ្ចប់​ត្រឹម​ចុង​ឆ្នាំ ២០១៦ ។​ ឧបករណ៍​មួយ​ចំនួន​ដែល​បាន​បំពាក់​នូវ​អង្គ​គណនា​ Snapdragon 821 រួម​មាន Google Pixel, Pixel XL, Asus Zenfone, OnePlus 3T, Mi 5s, និង​ LeEco Le Pro3 ជា​ដើម​។

បញ្ជាក់​ថា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ជា​ច្រើន​ បាន​ទទួល​ការ​ផ្គត់ផ្គង់​អង្គ​គណនា​ពី​ក្រុមហ៊ុន Qualcomm លើក​លែង​តែ​ Apple មួយ​គត់​។ លក្ខណៈ​ពិសេស​របស់​អង្គ​គណនា​ក្រុមហ៊ុន​នេះ គឺ​វា​មាន​ល្បឿន​លឿន និង​បង្កើត​កម្ដៅ​តិច​បំផុត​ ប៉ុន្តែ​ចំពោះ​តម្លៃ​វា​រាង​ថ្លៃ​ជាង​អង្គ​គណនា​របស់​ក្រុមហ៊ុន​ដទៃ​។

២.​អង្គ​គណនា​ Apple


ក្រុមហ៊ុន​ Apple ក៏​មាន​​អង្គ​គណនា​ជាប់​ឈ្មោះ​ខ្លួន​ឯង​ផង​ដែរ ប៉ុន្តែ​សម្រាប់​ការ​ផ្គត់ផ្គង់​ផលិត​គឺ​ចុះ​កុង​ត្រា​ជាមួយ​ក្រុមហ៊ុន SAMSUNG និង​ TSMC ។​ សោត​យ៉ាង​ដូច​ជា​​អង្គ​គណនា A9 ទំហំ​ 14nm ផលិត​ឡើង​ដោយ​ SAMSUNG រី​ឯ​ ​អង្គ​គណនា A9 ទំហំ 16nm ផលិត​ឡើង​ដោយ​ TSMC។​
@ ពពួក​ Apple A ៖ វា​ប្រើ​សម្រាប់​ស៊េរី​ iPhone, iPad, iPod Touch និង​ Apple TV ហើយ​រួម​មាន​តាំង​ពី​ជំនាន់​ A4, A5, A5X, A6, A6X, A7, A8, A8X, A9, A9X, A10 និង A10 Fusion។
A10 Fusion ជា​អង្គ​គណនា​ជំនាន់​ក្រោយ​បង្អស់ ដែល​បំពាក់​នៅ​លើ​ iPhone 7/7 Plus ។​ A10 Fusion ជា​ប្រភេទ Quad Core ទំហំ 16nm FinFET ដែល​មាន​ល្បឿន​ 2.4 GHz និង​ GPU PowerVR ប្រភេទ​ Hexa Core ។​ បើ​ធៀប​ទៅ​នឹង​ជំនាន់​ A9 និង​ A10 ធម្មតា គឺ​វា​ល្បឿន​ខុស​គ្នា​មួយ​ទ្វេ​ជា ២ គួប​ផ្សំ​ទាំង​ដំណើរការ​ក្រាហ្វិក​ក៏​ល្អ​ជាង​មុន ៥០​ ភាគរយ​។ វា​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ TSMC។​
@ ពពួក​ Apple S ៖ អង្គ​គណនា​ប្រភេទ​នេះ គេ​ប្រើ​សម្រាប់​ Apple Watch រួមមាន​តាំង​ពី Apple S1, Apple S1P និង​ S2 ។ បច្ចុប្បន្ន​ Apple S2 បំពាក់​នៅ​លើ​នាឡិកា​ឆ្លាត​វៃ​ជំនាន់​ទី ២ Apple Watch Series 2 ។​ វា​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ SAMSUNG ក្រោម​ការ​ចុះ​កុងត្រា​ជាមួយ​​ Apple។
@ ពពួក​ Apple W ៖ អង្គ​គណនា​ប្រភេទ​នេះ ប្រើ​សម្រាប់​កាស​ឥត​ខ្សែ AirPod ដែល​បច្ចុប្បន្ន​មាន​ជំនាន់​ Apple W1។​
@ ពពួក​ Apple T ៖ អង្គ​គណនា​ប្រភេទ​នេះ ប្រើ​សម្រាប់​ភ្ជាប់​ប្រព័ន្ធ​ Touch ID នៅ​លើ​ MacBook Pro បច្ចុប្បន្ន​មាន​ត្រឹម​តែ​ជំនាន់​ Apple T1 មួយ​គត់​។

៣.អង្គ​គណនា​ Intel Atom និង​ Core M
Intel ជា​ក្រុមហ៊ុន​ផលិត​អង្គ​គណនា​របស់​សហរដ្ឋ​អាមេរិក ដោយ​ឡែក​ហេតុ​ដែល​គេ​បន្ថែម​ពាក្យ​ Atom ក៏​ដោយ​សារ​ចង់​សម្គាល់​សម្រាប់​ពពួក​អង្គ​គណនា​ថាមពល​តិច​និង​តម្លៃ​ថោក ដែល​បំពាក់​សម្រាប់​ស្មាតហ្វូន​និង​ថេបប្លែត​។

បច្ចុប្បន្ន​អង្គ​គណនា​ Intel Atom មាន​ជំនាន់​ Atom X5 និង​ X7 វា​ជា​ប្រភេទ​ឈីប 64 Bit Quad Core ដែល​មាន​ទំហំ 14nm ដោយ​ល្បឿន​ចន្លោះ​ពី 1.6GHz ដល់​ 2.4GHz ។​ អង្គ​គណនា​របស់​ក្រុមហ៊ុន​ Intel មួយ​នេះ បាន​ទទួល​ផ្គត់ផ្គង់​ឱ្យ​ក្រុមហ៊ុន​ជា​ច្រើន បើ​និយាយ​ពី​ថេបប្លែត​រួម​មាន​ Microsoft Surface, Asus, Dell, Lenovo, HP ជា​ដើម។​ កាល​ពី​ឆ្នាំ ២០១៦ ម៉ូដែល​ Asus Zenfone តែ​មួយ​គត់​ ដែល​ប្រើប្រាស់​នូវ​អង្គ​គណនា Atom។​ អង្គ​គណនា Core M គេ​ប្រើ​នៅ​លើ​ MacBook របស់​ Apple ទំហំ 12 អ៊ីញ​និង Chromebook របស់​ HP។​

៤.អង្គ​គណនា​ Nvidia Tegra
Nvidia Corporation ជា​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក​ដែល​ផលិត​នូវ​អង្គ​គណនា​សម្រាប់​ក្រាហ្វិក​, ការ​លេង​ហ្គេម​ និង​ឧបករណ៍​ទូរស័ព្ទ​,ថេបប្លែត។​ សម្រាប់​អង្គ​គណនា Tegra របស់​ Nvidia គឺ​មាន​តាំង​ពី​ជំនាន់​ Tegra 1, Tegra 3, Tegra 4, Tegra 4i, Tegra K1, Tegra X1. ប៉ុន្តែ​សម្រាប់​ចុង​ឆ្នាំ ២០១៦ នេះ​ អង្គ​គណនា Tegra X1 បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​។​ វា​ជា​ប្រភេទ Quad Core អាច​ថត​វីដេអូ​កម្រិត 4K ចំណែក​ឯ​ទំហំ​របស់​វា​រាង​ធំ​បន្តិច​ដល់​ទៅ 20nm ។​ សព្វថ្ងៃ​អង្គ​គណនា​មួយ​នេះ​ កំពុង​ដំណើរ​ការ​នៅ​លើ​ ទូរទស្សន៍​ឆ្លាត​វៃ Android ម៉ូដែល​ Nvidia Shield ។​
៣ ជំនាន់​រួម​មាន Tegra 4, Tegra 4i និង K1 គេ​និយម​ប្រើ​បំផុត​ ៖
#Tegra 4 ៖ បំពាក់​នៅ​លើ Asus Transformer PAD, HP Slatebook និង​ Toshiba Extie, Xiaomi Mi3 និង​ ​Xolo Play Tegra Note។​
#Tegra 4i ៖ បំពាក់​នៅ​លើ Blackphone
#Tegra K1 ៖ បំពាក់​នៅ​លើ​ថេបប្លែត​ nvidia Shield, Google Nexus 9, Acer Chromebook 13 និង​ 14, Navi Big Tab។
សរុប​មក​សម្រាប់​អង្គ​គណនា​ប្រភេទ​នេះ ច្រើន​ប្រើ​នៅ​លើ​ឧបករណ៍​ Gaming ដែល​លេង​ហ្គេម​ជា​ធំ ខណៈ​ដែល​វា​មាន​ល្បឿន​ក្រាហ្វិក​ដំណើរការ​បាន​រលូន ប៉ុន្តែ​សម្រាប់​តម្លៃ​ក៏​ថ្លៃ​ជាង​អង្គ​គណនា​ដទៃ​ៗ​ទៀត​ដែរ​។​

៥.អង្គ​គណនា MediaTek
MediaTek ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឈីប​របស់​តៃវ៉ាន់​ ហើយ​បង្កើត​ឡើង​សម្រាប់​បំពាក់​នៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​មួយ​ចំនួន​រួម​មាន​ស្មាតហ្វូន​ ថេបប្លេត​ និង​ទូរទស្សន៍​ (HDTV) ជា​ដើម​។ អង្គ​គណនា​ជំនាន់​ក្រោយ​បង្អស់​របស់​វា អាច​រត់​បាន​នៅ​ល្បឿន 3GHz ហើយ​មាន​តាំង​ពី​ប្រភេទ Dual Core ដល់​ Deca Core (10 core)។​
អង្គ​គណនា​ជំនាន់​ក្រោយ​របស់​វា​គឺ Helio X20 និង​ X25 ដែល​ប្រើ​នៅ​លើ​ស្មាតហ្វូន​​ភាគ​ច្រើន​ជា​របស់​ក្រុមហ៊ុន​ចិន ដូច​ជា​ Xiaomi, Meizu, LeEco Le, Yu ជា​ដើម​។ ចំណែក​ឯ​ថេបប្លែត​រួម​មាន Acer, Asus, Lenovo, Amazon Fire HD, Qmobile ជា​ដើម​។​
សម្រាប់​ល្បឿន​នៃ​អង្គ​គណនា​ MediaTek ដែល​ធម្មតា​មក​ជាមួយ​នូវ​ Core ជា​ច្រើន​គ្រាប់ ហើយ​បើ​កាល​ណា​គួប​ចូល​ជាមួយ​ RAM ធំ​គ្រាន់​បើ​ទៀត​នោះ ល្បឿន​ដំណើរការ​នៅ​លើ​ឧបករណ៍​នឹង​មាន​ល្បឿន​អស្ចារ្យ​មែនទែន​។​ សម្រាប់​ GPU PowerVR របស់​ MediaTek ត្រូវ​បាន​គេ​សរសើរ​ថា​ល្អ​ជាង​ក្រុមហ៊ុន​ដទៃៗ​ ដោយ​សារ​វា​បង្កើត​​ចេញ​នូវ​កម្ដៅ​តិច​ជាង​ Qualcomm ​។ សម្រាប់​តម្លៃ​វា​មាន​តម្លៃ​ថោក​ជាង​គេ​បន្តិច​ ហើយ​សាក​សម​បំផុត​សម្រាប់​ជម្រើស​នៃ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ដែល​ចង់​ទទួល​បាន​អង្គ​គណនា​ល្បឿន​លឿន​សមរម្យ។​

៦.អង្គ​គណនា HiSilicon
ក្រុមហ៊ុន​ HiSilicon គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ Huawei ហើយ​វា​ក៏​ជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​ខាង​ផ្នែក​ផលិត​បន្ទះ​សៀគ្វី​ក្នុង​ប្រទេស​ចិន​ផង​ដែរ​។​ វា​រួម​មាន​ជំនាន់​ K3V1, K3V2, K3V2E, Kirin 620, Kirin 650, Kirin 910, Kirin 920, Kirin 930, Kirin 950 ហើយ​បច្ចុប្បន្ន​គឺ​លេចចេញ​ដល់​ជំនាន់​ Kirin 960 ហើយ​។​

ឧបករណ៍​ដែល​បំពាក់​នូវ​អង្គ​គណនា​ Kirin 950 រួម​មាន Honor 8, Mate 8, និង​ MediaPad M3 សុទ្ធ​សឹង​ជា​ផលិតផល​របស់​ Huawei ។​ បច្ចុប្បន្ន​សម្រាប់​ស្មាតហ្វូន​ P10, P10 Plus, Hauwei Mate 9 គឺ​បាន​ប្រើប្រាស់​នូវ​​អង្គ​គណនា​ជំនាន់​ក្រោយ Kirin 960 របស់​ HiSilicon។​

៧.​អង្គ​គណនា Exynos
Exynos ជា​យីហោ​របស់​ក្រុមហ៊ុន​ SAMSUNG ដែល​តំណាង​ឱ្យ​​អង្គ​គណនា​។​ ក្នុង​នោះ​រួម​មាន​ជំនាន់​Exynos 7 Dual, Exynos 7420, Exynos 7 Octa 7580, Exynos 7 Octa 7870 ។​ ​​អង្គ​គណនា​ជំនាន់​ក្រោយ​បង្អស់​របស់​វា គឺ Exynos 9 (8895) ដែល​បច្ចុប្បន្ន​បំពាក់​នៅ​លើ​ Galaxy S8/S8 Plus របស់​ SAMSUNG ។
វា​មាន​ទំហំ 10nm ល្បឿន​លឿន​ជាង​មុន ២៧​ ភាគរយ​ និង​សន្សំ​សំចៃ​ថាមពល​ជាង​មុន​ ៤០ ភាគរយ​ ធៀប​ទៅ​នឹង​ជំនាន់​ទំហំ 14nm LPE FinFET៕
ការ​សិក្សា​ជំនាញ​ព័ត៌មាន​វិទ្យា​ឫ​យើង​និយម​ហៅ​ថា IT បាន​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្ពស់​ ពី​សំណាក់​សិស្ស​និស្សិត​នៅ​តាម​បណ្ដា​សកលវិទ្យាល័យ​នា​នា​ក្នុង​ប្រទេស​កម្ពុជា​។ យ៉ាងណាមិញ​ជា​រឿយៗ​មាន​ពាក្យ​បច្ចេកទេស​ជា​ច្រើន ដែល​យើង​និយម​ប្រើ ឧទាហរណ៍​ដូច​ជា LTE, LAN អ្វី​ជា​​ដើម ប៉ុន្តែ​ជឿ​ថា និស្សិត​ IT តិច​ណាស់ ដែល​បាន​សិក្សា​ស្វែង​យល់​និយម​ន័យ​ពាក្យ​ពេញ​របស់​វា ហើយ​ខ្លះ​ទៀត​ស្គាល់​ត្រឹម​តែ​ពាក្យ​កាត់​ប៉ុណ្ណឹង​ឯង​។


  • ១./ LTE ពាក្យ​ពេញ​ Long Term Evolution (ជា​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ស្តង់ដារ​ 4G)
  • ២./ LAN ពាក្យ​ពេញ​ Local Area Network (ជា​បណ្ដាញ​ដែល​ត​ភ្ជាប់​ពី​កុំព្យូទ័រ​ទៅ​កាន់​ឧបករណ៍​ដទៃ​ទៀត​ក្នុង​តំបន់​តែ​មួយ​)
  • ៣./ JPEG ពាក្យ​ពេញ​ Joint Photographic Experts Group (ជា​ឯកសារ​រូបភាព)
  • ៤./ IP ពាក្យ​ពេញ​ Internet Protocol (ជា​ការ​កំណត់​អត្តសញ្ញាណ​នៃ​កុំព្យូទ័រ​ឫ​ឧបករណ៍​អេឡិចត្រូនិក​ណាមួយ​)
  • ៥./ HTML ពាក្យ​ពេញ​ Hyper Text Markup Language (ជា​ប្រព័ន្ធ​ស្តង់ដារ​សម្រាប់​ការ​បញ្ចូល​អត្ថបទ​ពុម្ព​អក្សរ​, ក្រាហ្វិក​, ពណ៌ ទៅ​កាន់​គេហទំព័រ​)
  • ៦./ CPU ពាក្យ​ពេញ​ Central Processing Unit (ជា​ផ្នែក​គ្រឿង​មួយ​ដែល​មាន​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ)​
  • ៧./ SSL ពាក្យ​ពេញ​ Secure Sockets Layer (ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​សុវត្ថិភាព​ដែល​បម្លែង​តំណ​ភ្ជាប់​រវាង​ Web Sever និង​ Browser)
  • ៨./ SMS ពាក្យ​ពេញ​ Short Message Service (ជា​ប្រព័ន្ធ​ផ្ញើ​សារ​ដែល​អាច​វាយ​ដល់ ១៦០ តួ​)
  • ៩./ GPU ពាក្យ​ពេញ​ Graphics Processing Unit (ជា​អង្គ​ដំណើរការ​ក្រាហ្វិក​របស់​កុំព្យូទ័រ)​
  • ១០./ GIF ពាក្យ​ពេញ​ Graphics Interchange Format (ជា​ឯកសារ​រូបភាព​មាន​ចលនា)
  • ១១./ GPS ពាក្យ​ពេញ​ Global Positioning System (ជា​ប្រព័ន្ធ​កំណត់​ទីតាំង​លើ​ពិភពលោក)
  • ១២./ LCD ពាក្យ​ពេញ​ Liquid Crystal Display (ជា​ប្រភេទ​បន្ទះ​អេក្រង់​)
  • ១៣./ PDF ពាក្យ​ពេញ​ Portable Document Format (ជា​ឯកសារ​អេឡិចត្រូនិក​)​
  • ១៤./ URL ពាក្យ​ពេញ​ Uniform Resource Locator (ជា​អាសយដ្ឋាន​នៃ​គេហទំព័រ​)​
  • ១៥./ Cc/Bcc ពាក្យ​ពេញ​ Carbon Copy/Blind Carbon Copy (ជា​មុខងារ​ប្រើប្រាស់​លើ​ការ​ផ្ញើ​ Email)
  • ១៦./ HTTP ពាក្យ​ពេញ​ Hypertest Transfer Protocol (ជា​មូលដ្ឋាន​ស្តង់ដារ​ប្រើ​ភ្ជាប់​ជាមួយ​អាសយដ្ឋាន​គេហទំព័រ)​
  • ១៧./ MAC(adress) ពាក្យ​ពេញ​ Media Access Control (ជា​ប្រព័ន្ធ​កំណត់​ពិសេស​មួយ ដែល​ត​ភ្ជាប់​ជាមួយ​បណ្ដាញ​ទិន្នន័យ)​
  • ១៨./ HDMI ពាក្យ​ពេញ​ High-Definition Multimedia Interface (ជា​ស្តង់​ដារ​ត​ភ្ជាប់​កម្រិត​វីដេអូ​ខ្នាត​ខ្ពស់)​
  • ១៩./ PNG ពាក្យ​ពេញ​ Portable Network Graphic (ជា​ឯកសារ​រូបភាព)
  • ២០./ WWW ពាក្យ​ពេញ​ World Wide Web (ជា​ប្រព័ន្ធ​បណ្ដាញ​ Online)
  • ២១./ SD Card ពាក្យ​ពេញ​ Secured Digital Card (ជា​ប្រភេទ Memory Card ដែល​គេ​ប្រើ​ជាមួយ​ឧបករណ៍​អេឡិចត្រូនិក​មួយ​ចំនួន)​
  • ២២./ DSL ពាក្យ​ពេញ​ Digital Subscriber LINE (ជា​មធ្យោបាយ​ដែល​កុំព្យូទ័រ​អាច​ត​ភ្ជាប់​ទៅ​កាន់​ប្រព័ន្ធ​អ៊ីនធឺណិត​តាម​រយៈ​ខ្សែ​ដោត​ទូរស័ព្ទ​)
  • ២៣./ CCTV ពាក្យ​ពេញ​ Cloes Circuit Television (ជា​ប្រព័ន្ធ​បណ្ដាញ​ទូរទស្សន៍​ដែល​ពុំ​មាន​ការ​ចែកចាយ​ជា​សាធារណៈ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​មួយ​) ​​
  • ២៤./ SQL ពាក្យ​ពេញ​ Structured Query Language (ជា​ភាសា​ដែល​គេ​ប្រើ​ក្នុង​ការ​សរសេរ​កម្មវិធី​និង​ការ​រចនា​ដើម្បី​គ្រប់គ្រង​ទិន្នន័យ)​
  • ២៥./ I/O ពាក្យ​ពេញ​ Input/Output (ជា​ទំនាក់ទំនង​​រវាង​ប្រព័ន្ធ​ដំណើរការ​ដូច​ជា​កុំព្យូទ័រ​និង​ធាតុ​ខាង​ក្រៅ​ក្នុង​លោក ដូច​ជា​មនុស្ស​និង​អ្វី​ផ្សេង​ទៀត​ជា​ដើម)​​
  • ២៦./ MPEG ពាក្យ​ពេញ​ Moving Picture Experts Group (ជា​ឯកសារ​វីដេអូ)
  • ២៧./ ISP ពាក្យ​ពេញ​ Internet Service Provider (​ជា​ការ​ផ្ដល់​សេវា​អ៊ីនធឺណិត)​
  • ២៨./ CAPTCHA ពាក្យ​ពេញ​ Completely Automated Public Turning Test To Tell Computers And Humans Apart (ជា​ប្រព័ន្ធ​ឫ​កម្មវិធី​កុំព្យូទ័រ)​
  • ២៩./ DVD ពាក្យ​ពេញ​ Digital Video Disk (ជា​ប្រភេទ​ Disc ដែល​អាច​ផ្ទុក​នូវ​ទិន្នន័យ​បាន​ច្រើន)​
  • ៣០./ VPN ពាក្យ​ពេញ​ Virtual Private Network (ជា​បណ្ដាញ​ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​ក្នុង​ការ​ប្រើប្រាស់​ខ្សែ​សាធារណៈ)៕

Wednesday, April 26, 2017

បច្ចុប្បន្ន​បណ្ដា​យុវវ័យ​ជា​ច្រើន អាច​កំពុង​ស្ទាក់​ស្ទើរ​ចិត្ត​ថា​គួរ​ប្រើប្រាស់​ប្រព័ន្ធ iCloud នៅ​លើ​ទូរសព្ទ​របស់​ខ្លួន​ឫ​ក៏​អត់។ ថ្ងៃ​នេះ Sabay ក៏​សូម​លើក​យក​ពី​ចំណុច​នៃ​អត្ថប្រយោជន៍​និង​គុណ​វិបត្តិ​ចំនួន ៥ ធំៗ​ដែល​អ្នក​ប្រើប្រាស់​គួរ​ស្វែងយល់​ឱ្យ​បាន​ច្បាស់​ ជុំវិញ​ការ​ប្រើប្រាស់​ iCloud។


គុណសម្បត្តិ៖
- សាមញ្ញ​ងាយ​ស្រួល​ប្រើ៖ ដំណើរ​ការ​នៃ​ប្រព័ន្ធ iCloud គឺ​ងាយ​បំផុត តួយ៉ាង​ដូច​ជា​ការ​រក្សា​ទុក (Back up) ឯកសារ​ ដោយ​អ្នក​គ្រាន់​តែ​ចុច​តាម​វា​ ប៉ុន្មាន​ជំហាន​គឺ​ហើយ​ជា​ការ​ស្រេច​។
- មិន​តម្រូវ​ឲ្យ​មាន​កុំព្យូទ័រ​និង​ខ្សែ​ត​ភ្ជាប់៖ សម្រាប់​ចំណុច​នេះ ការ​ប្រើប្រាស់ iCloud យើង​ក៏​អាច​បញ្ជា​តាម​រយៈ​ iPhone ផ្ទាល់​ ដោយ​ពុំ​បាច់​មាន​ឧបករណ៍​ជំនួយ​ដទៃ​ឡើយ​។
- Free អង្គ​ផ្ទុក​ទិន្នន័យ 5GB ឥត​គិត​ថ្លៃ៖ បើ​អ្នក​សម្រេច​ចិត្ត​ធ្វើ​ការ Back up ឯកសារ​ទៅ​ក្នុង​ប្រព័ន្ធ iCloud នោះ​អ្នក​នឹង​ទទួល​បាន​អង្គ​ផ្ទុក​ទិន្នន័យ 5GB ដោយ​ឥត​គិត​ថ្លៃ​។
- ងាយ​ស្រួល​ផ្ទេរ​ទិន្នន័យ​ត្រលប់​មក​វិញ៖ មិន​ខុស​ពី​ចំណុច​ទី ១ ដោយ​ទោះ​បី​ជា​អ្នក​ចង់​ផ្ទុក​ឯកសារ​
- ត្រលប់​មក​ទូរស័ព្ទ​វិញ (Restore) អ្នក​ប្រើ​ល្មមៗ អាច​ចុច​បាន ព្រោះ​វា​ងាយ​បំផុត​។
ប្រើ​ iCloud ដោយ​ពុំ​បាច់​ចំណាយ​លុយ៖ គ្រប់​មុខងារ​ទាំង​អស់ គឺ​បើក​ឲ្យ​ប្រើប្រាស់​ដោយ​សេរី ពុំ​មាន​តម្រូវ​ចំណាយ​លុយ​អ្វី​បន្ថែម​ឡើយ​ ដែល​កត្តា​នេះ​ហើយ ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ប្រើប្រាស់​វា។
គុណ​វិបត្តិ៖


- តម្រូវ​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត៖ រាល់​ពេល​ដែល​អ្នក​ចង់​ធ្វើ​ការ​ Back Up រាល់​ឯកសារ​ពី iPhone ចូល​ iCloud គឺ​តម្រូវ​ឱ្យ​អ្នក​ត​ភ្ជាប់​ទៅ​ប្រព័ន្ធ Wi-Fi ជា​មុន​សិន។
- បញ្ហា​សុវត្ថិភាព៖ នេះ​ជា​បញ្ហា​ធំ​បំផុត ករណី​បើ​អ្នក​ចែក​រំលែក​គណនី​ទៅ​កាន់​អ្នក​ប្រើប្រាស់​ដទៃ​ នោះ​ពួក​គេ នឹង​អាច​ឆែក​មើល​រាល់​ឯកសារ​សម្ងាត់​ទាំង​អស់​បាន។
- ល្បឿន​ផ្ទេរ​ទិន្នន័យ​យឺត: អ្នក​ប្រើប្រាស់​ជា​ច្រើន​ បាន​កត់​សម្គាល់​ឃើញ​ថា ករណី​បើ​យើង​ផ្ទេរ​ឯកសារ​កាន់​តែ​ធំ នោះ​ល្បឿន​ផ្ទេរ​ទិន្នន័យ​ទៅ​ក្នុង​ iCloud ពិត​ជា​យឺត​មែន​ទែន​។
- អង្គ​ផ្ទុក​ទិន្នន័យ​ 5GB: សម្រាប់​អង្គ​ផ្ទុក​ទិន្នន័យ​ប៉ុន​នេះ អ្នក​ប្រើប្រាស់​មួយ​ចំនួន​អាច​សម្រប​បាន​តែ​ដំបូង​ប៉ុណ្ណោះ ក្រោយ​ៗ​មក​ទៀត បើ​អ្នក​ចង់​បន្ថែម​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ប្រព័ន្ធ iCloud ឲ្យ​បាន​ច្រើន វា​តម្រូវ​ឱ្យ​អ្នក​ ធ្វើ​ការ​ចំណាយ​លុយ។
- មិន​គាំទ្រ​ការ​ Back Up គ្រប់​ឯកសារ​ទាំង​អស់៖ ទាក់​ទង​ដូច​ជា​ឯកសារ​វីដេអូ ចម្រៀង​ជា​ដើម បើ​មិន​បាន​ទិញ​ពី iTunes Store ទេ គឺ​វា​មិន​អនុញ្ញាត​ឱ្យ Back Up បាន​នោះ​ឡើយ៕

Thursday, April 20, 2017

មុខងារ AirPlay អាចអោយអ្នកប្រើប្រាស់ បញ្ជូនទិន្នន័យ (ចំរៀង ឬវីដេអូ) តាមរយៈបណ្តាញឥតខ្សែ ពីឧបករណ៍មួយ (iPhone/iPad/Mac) ទៅមួយទៀត (Apple TV) ហើយ គឺជាអ្វី ដែលប្រិយមិត្ត Apple និយមចូលចិត្ត ប៉ុន្តែ ដើម្បីតភ្ជាប់បាន អ្នកប្រើប្រាស់ ត្រូវការ បណ្តាញ WiFi។ បើតាមប្រភពពី The Telegraph របស់ អង់គ្លេស ថ្មីៗនេះ បានអោយដឹងថា Apple កំពុងអភិវឌ្ឍ បច្ចេកវិទ្យា AirPlay បច្ចុប្បន្ន អោយវា កាន់តែមានភាពងាយស្រួលជាងមុន ហើយមានឈ្មោះថា AirPlay 2.0 ឬ AirPlay Direct។



មុខងារថ្មីរបស់ AirPlay Direct នឹង អនុញ្ញាតិ អោយអ្នកប្រើប្រាស់ បញ្ជូនចំរៀង ពីឧបករណ៍មួយ ទៅមួយទៀត ដោយផ្ទាល់ តាមរយៈ បច្ចេកវិទ្យា ប្លូធូស ហើយមិនចាំបាច់ ភ្ជាប់ចូល បណ្តាញ WiFi តែមួយទៀតទេ។ មុខងារថ្មីនេះ ត្រូវបាន គេរំពឹងថា នឹងប្រកាស ដំណាលគ្នា នាថ្ងៃទី 12 ខែកញ្ញា ខាងមុខ អំឡុងព្រឹត្តិការណ៍ iPhone 5៕
Sabay នឹង​ធ្វើ​ការ​បកស្រាយ​ត្រួសៗ​ជុំ​វិញ​អត្ថប្រយោជន៍​នៃ​កម្មវិធី​ទាំង​នោះ។

១. កម្ម​វិធី​ Pages

កម្មវិធី​ដំបូង​នេះ បើ​យើង​ធៀប​ទៅ​នឹង​កម្មវិធី Word របស់​ Microsoft ហាក់​បី​ជា​មិន​ខុស​គ្នា​ច្រើន​ទេ ដោយ​គ្រាន់​ថា Word មាន​មុខងារ​ពិសេស​ច្រើន​ជាង។ Pages ជា​កម្មវិធី​មួយ​ដែល​ Apple បង្កើត​ឡើង សម្រាប់​ធ្វើ​ការ​បង្កើត​សំណុំ​ឯកសារ​ អាច​ធ្វើ​ការ​កែ​ប្រែ​ក្បាល​ទំព័រ ជើង​ទំព័រ ទំហំ​ក្រដាស ផ្ដេក​បញ្ឈរ បន្ថែម​ពី​នោះ​រាល់​ឯកសារ​ទាំង​អស់ ក៏​អាច​បង្កើត​ជា​លក្ខណៈ​ឯកសារ ePub សម្រាប់​ទុក​អាន​ក្នុង iBooks ដែល​មាន​នៅ​លើ​ឧបករណ៍​ iOS និង​ Mac បាន​។

រាល់​ឯកសារ​ទាំង​អស់ អាច​ធ្វើ​ការ​រក្សា​ទុក​ក្នុង​ iCloud Drive និង​អាច​ធ្វើ​ការ​ចម្លង​ចេញ​មក​ក្រៅ​តាម​រយៈ​មុខងារ AirPrint របស់​ Apple ដែល​ជា​បច្ចេកវិទ្យា​ Print ឯកសារ​ដោយ​មិន​តម្រូវ​ឱ្យ​ Download នូវ​ Drivers អ្វី​នោះ​ឡើយ​។

២. កម្មវិធី​ Keynote



បើ​និយាយ​ពី​ Keynote យើង​គួរ​ស្រមៃ​នឹក​ដល់​ PowerPoint កម្មវិធី​បង្ហាញ Slide របស់ Microsoft ជា​មុន​សិន ព្រោះ​ថា​វា​មិន​ជា​ខុស​គ្នា​ច្រើន​ឡើយ​។ អត្ថប្រយោជន៍​របស់ Keynote គឺ​យើង​អាច​ធ្វើ​ការ​ប្រើប្រាស់​ សម្រាប់​បង្កើត​ឯកសារ​ធ្វើ​បទ​បង្ហាញ​ផ្សេង​ៗ បន្ទាប់​មក​អាច​បញ្ជា​ពី​ឧបករណ៍​ iOS ដែល​គាំទ្រ​បាន ដោយ​មិន​បាច់​ Remote ( បញ្ជា) ពី​ឧបករណ៍​ដទៃ​ឡើយ​។

យើង​ក៏​អាច​រក្សា​ឯកសារ​ដែល​បង្កើត​រួច ទុក​ក្នុង iCloud Drive ក៏​បាន​ ឫ​ចម្លង​ចេញ​តាម​រយៈ​មុខងារ AirPrint របស់​ Apple។

៣. កម្មវិធី Numbers



បើ​មាន​កម្មវិធី​ស្រដៀង​នឹង​ Word, PowerPoint បែប​នេះ កម្មវិធី Numbers របស់ Apple ក៏​មាន​លក្ខណៈ​ស្រដៀង​នឹង Excel របស់​ Microsoft ដូច​គ្នា​។ ចំពោះ​អត្ថប្រយោជន៍​របស់​កម្មវិធី​នេះ យើង​អាច​ធ្វើ​ការ​បង្កើត​ជា​ឯកសារ​ការងារ​គណនេយ្យ ប្រភេទ​ការងារ​រដ្ឋបាល ដែល​តម្រូវ​នូវ​បញ្ជី​ទំនិញ​ផ្សេងៗ ការ​គូស​ក្រាប​ជា​ដើម​។

យើង​ក៏​អាច​ធ្វើ​ការ​រក្សា​ទុក​ឯកសារ​ទាំង​នោះ ទៅ​ក្នុង iCloud Drive ដូច​កម្មវិធី​ទាំង​ ២ ខាង​លើ​អីចឹង​ដែរ​ គួប​ផ្សំ​នឹង​មុខងារ AirPrint ដ៏​អស្ចារ្យ​ពី Apple ។​

៤. កម្មវីធី GarageBand



សម្រាប់​កម្មវិធី​ GarageBand គឺ​មាន​លក្ខណៈ​ខុស​ប្លែក​ពី ៣ កម្មវិធី​ខាង​លើ ដោយ​វា​ទាក់​ទង​ទៅ​នឹង​ចំណង់​នៃ​តន្ត្រី​វិញ​ម្ដង ដោយ​យើង​អាច​ធ្វើ​ការ​បង្កើត​ជា​សម្លេង​រោទ៍ (Ringtone), រៀន​ប្រើប្រាស់​ឧបករណ៍​ភ្លេង​, ថត​សម្លេង​ចម្រៀង​ ប៉ុន្តែ​សូម​បញ្ជាក់​សម្រាប់​ការ​បង្កើត Ringtone កម្មវិធី​នេះ គឺ​តម្រូវ​ឱ្យ​ទាមទារ​ប្រើប្រាស់​ iCloud ។

៥. កម្មវិធី iMovies



បញ្ចប់​ពី​កម្មវិធី​តន្ត្រី ងាក​មក​មើល iMovies ជា​កម្មវិធី ទាក់​ទង​នឹង​ខ្សែ​ភាពយន្ត​វិញ​ម្តង អត្ថប្រយោជន៍​របស់​វា គឺ​យើង​អាច​ធ្វើ​ការ​ កែ​ច្នៃ​វីដេអូ​ក្នុង​កម្រិត 4K ដែល​ច្បាស់​ជាង​កម្រិត 1080p ដល់​ទៅ ៤ ដង​។ បន្ថែម​ពី​នោះ គឺ​មុខងារ​កែ​ច្នៃ​និង​ចែក​រំលែក​វីដេអូ​យឺត​កម្រិត 60fps (Frames Per Second) ដោយ​មាន​លក្ខណៈ​រលូន ងាយ​ស្រួល​ប្រើប្រាស់​ជាង​កម្មវិធី​ដទៃ ដែល​មាន​នៅ​ក្នុង App Store ។​
ក្រោយ​ទទួល​ជ្រាប​ពី​ការ​រ៉ាយរ៉ាប់​នៃ​អត្ថប្រយោជន៍​ទាំង​អស់ រាល់​កម្មវិធី​ខាង​លើ​រួច​មក​ Sabay ក៏​ជឿ​ជាក់​ថា ប្រិយមិត្ត​មួយ​ចំនួន​អាច​នឹង​ចង់​សាកល្បង​ប្រើប្រាស់​វា​ ម្ល៉ោះ​ហើយ​នេះ​ជា​តំណ​ភ្ជាប់​ទៅ​កាន់​ព័ត៌មាន​ផ្សេង​ ពី​ការ​ទាញ​យក​កម្មវិធី​ទាំង​នោះ ដោយ​ឥត​គិត​ថ្លៃ​ទៅ​តាម​ការ​គួរ​។

Tuesday, April 4, 2017

Touch ID ជាមុខងារ​ពិសេសមួយ ដែលមាន​នៅក្នុង iPhone និង​​ iPad ជំនាន់ថ្មីៗ ដែលផ្តល់​ភាព​ងាយស្រួលដល់​លោកអ្នក​ក្នុងការ​ប្រើប្រាស់ ដោយ​ជំនួស​ការ​វាយ​សម្ងាត់​ ជាមួយការប្រើប្រយៅដៃ​ស្គេន វិញ ។

Thursday, March 23, 2017

សម្រាប់​ប្រិយមិត្ដ​​​ប្រើ​កាស​ iPhone ស៊េរី​ក្រោយ​ប្រហែល​ជា​មិន​ដឹង​ទេ​​ថា ​វា​មាន​សារប្រយោជន៍​​ជា​ច្រើន​ ដែល​អ្នក​មិន​ធ្លាប់​ដឹង​។ ធម្មតា​អ្នក​អាច​​​ដឹង​ត្រឹមថា​​​កាស iPhone ​ប្រើ​សម្រាប់​​បើក​ចម្រៀង​​ស្ដាប់​ ​ឬ​បិទ​​ចម្រៀង និង​​​​សម្រាប់ Call ប៉ុណ្ណោះ តែ​នៅ​មាន​ចំណុច​ប្លែក​ៗ​ជា​ច្រើន​ទៀត ដែល​នឹង​បង្ហាញ​តាម​រយៈ​វីដេអូ​ខាង​ក្រោម៖


 
@ បើក​ចម្រៀង ​ឬ​ធ្វើ​ឱ្យ​បទ​ចម្រៀង ​​ឬ​វីដេអូ​ស្ដុប (Play or Pause) ដើម្បី​បើក​ចម្រៀង​ ចុច​ប៊ូតុង​កណ្តាល (C) ម្តង​ ហើយ​បើ​ចុច ​ម្តង​ទៀត​នោះ​ ចម្រៀង​នឹង​ស្ដុប​។ 


@ រំលង​ទៅ​ចម្រៀង​មួយ​ទៀត៖ ចុច​ប៊ូតុង​កណ្តាល ពីរ​ដង​​ឱ្យ​លឿន


@ខា​ចម្រៀង​ទៅ​មុខ​ (Fast-forward)៖ ចុច​ប៊ូតុង​កណ្តាលពីរ​ដង​​ឱ្យ​លឿន បន្ទាប់​មក​ចុច​ប៊ូតុង​កណ្តាល ​ឱ្យ​ជាប់


@ខា​ចម្រៀង​ទៅ​ក្រោយ (Rewind)៖ ចុច​ប៊ូតុង​កណ្តាល​បី​ដង​ឱ្យ​លឿន​ បន្ទាប់​មក​ចុច​ប៊ូតុង​កណ្តាល​ឱ្យ​ជាប់


@ត្រឡប់​ទៅ​ចម្រៀង​មុន​ៗ (Previous Song)៖ ចុច​ប៊ូតុង​កណ្តាលបី​ដង​ឱ្យ​លឿន


@ទទួល ​ឬ​បិទ​​ការ​ហៅ (Answer or end a call) ចុច​ប៊ូតុង​កណ្តាល​ម្តង​ដើម្បី​​ទទួល។ ចុច​ម្តង​ទៀត​ដើម្បី​បិទ។ ចុច​ប៊ូតុង​កណ្តាល​ឱ្យ​ជាប់ ខណៈ​​កំពុង​មាន​ការ​ហៅ​ចូល​ ដើម្បីប្តូរ​​ការ​ហៅ​នោះ​ទៅ​ជា Voice Mail 


@ បដិសេធ​ការ​ហៅ​ទីពីរ (Decline an incoming call) ក្នុង​ករណី​ដែល​​អ្នក​កំពុង​និយាយ​ទូរសព្ទ​ជាមួយ​ភាគី A ហើយ​ភាគី​ B Call ចូល នោះ​អ្នក​អាច​ទទួល​ការ​ហៅ​ពី​ភាគី B ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង​កណ្តាល ​តែ​ម្តង​ប៉ុណ្ណោះ (ពេល​នោះ​ភាគី A នឹង​​ស្ថិត​ក្នុង​​រង់​ចាំ​​ Hold)


ប៉ុន្តែ​បើ​អ្នក​ចង់​បដិសេធ​ការ​ហៅ​ពី​ភាគី B នោះ​គ្រាន់​តែ​ចុច​ប៊ូតុង​កណ្តាល​ឱ្យ​ជាប់​ប្រហែល​ពីរ​វិនាទី ហើយ​លែង​វិញ​ នោះ​នឹង​ចេញ​ពាក្យ​ Call Declined លើ​ការ​ហៅ (Call) ​របស់​ភាគី B


@បើក Siri (Activate Siri)៖ នៅ​ពេល​កំពុង​ភ្ជាប់​អ៊ីនធឺណិត ចុច​ប៊ូតុង​​កណ្តាល ឱ្យ​ជាប់​ ដើម្បី​បើក​ Siri 

@ថត​រូប៖ ចុច​ប៊ូតុង​សំឡេង​ (+) ឬ (-) មួយ​ណា​ក៏​បាន​ ខណៈ​ពេល​អ្នក​កំពុង​បើក​មុខងារ​​កាមេរ៉ា


អ្នក​ទិញ ឬ​ប្រើប្រាស់ iPhone/iPad មួយ​ភាគ​មិន​សូវ​ខ្វល់​និង​យល់​ពី​ jailbreak គឺ​ទិញ​ភ្លាម​ឲ្យ​គេ​ jailbreak ដាក់​កម្មវិធី​ឲ្យ​ភ្លាម។ មួយ​ភាគ​ក៏​យល់​ច្បាស់ រហូត​ដល់​អនុវត្ត (jailbreak) ខ្លួន​ឯង ដោយ​មិន​ចាំបាច់​ពឹង​ជាង​ទូរសព្ទ។ ប៉ុន្តែ ពួកគេ​ប្រហែល​ជា​ពុំ​ដឹង​ថា iPhone/iPad របស់​ពួកគេ អាច​កំពុង​ប្រឈម​បញ្ហា​នោះ​ឡើយ។



ទំព័រ​នេះ Sabay សូម​បង្ហាញ​ចំណេះ​ដឹង​​ខ្លីៗ​ខ្លះ​ទាក់ទង​នឹង jailbreak សម្រាប់​ប្រិយមិត្ត​ប្រើប្រាស់ iOS device

* អ្វី​ជា jailbreak?

Jailbreak ជា​ដំណើរការ​នៃ​ការ​កែប្រែ software លើ iPhone/iPad ដោយ​ប្រើ software ជំនួយ​របស់​ក្រុម​hacker ដើម្បី​លុប​ចោល​រាល់​ការ​បិទ​មុខងារ (limitation/restriction) ដែល​ដាក់​ដោយ AppleApple កំណត់​ថា មាន​តែ software ក្នុង App Store តែ​មួយ​ប៉ុណ្ណោះ អាច​ដំឡើង​លើ iPhone/iPad បាន។

* ហេតុផល ៤ យ៉ាង​ គួរ jailbreak
  • អាច​ដំឡើង​កម្មវិធី​ (app) ដែល​ដោនឡូត​ពី​វិបសាយ​ផ្សេងៗ​ មិន​ចាំ​បាច់​តែ​កម្មវិធី​ពី​ក្នុង App Store មួយ​មុខ​នោះ​ឡើយ
  • អាច​បន្ថែម​មុខងារ​ពិសេសៗ​ជា​ច្រើន​ ងាយ​ស្រួល​ជាង​កម្មវិធី​កំណត់​ជា​ស្រេច (default) ក្នុង iOS
  • អាច​កំណត់ កែប្រែ​រូបរាង user interface និង icon របស់​កម្មវិធី​ផ្សេងៗ​បាន
  • ដំឡើង​ពុម្ពអក្សរ និង​ក្ដារ​ចុច​ខ្មែរ (សម្រាប់​ iOS 7 ចុះ​ក្រោម)។

* ហេតុផល ៤ យ៉ាង​ មិន​គួរ jailbreak
  • អ្នក​រំលោភ​លើ software license agreement។ មាន​ន័យ​ថា សេវាកម្ម​ធានា​លើ software សម្រាប់ iOS device របស់​អ្នក គ្មាន​សុពលភាព។ បើ​សិន​ពេល​កំពុង jailbreak សម្រាប់​តែ iPhone/iPad មាន​បញ្ហា​មិន​អាច​ប្រើ​បាន Apple មិន​ទទួល​ខុស​ត្រូវ​ឡើយ។
  • iPhone/iPad គ្មាន​ប្រឈម​នឹង​បញ្ហា​សុវត្ថិភាព ឬ​ទិន្នន័យ​ឯកជន​ភាព ព្រោះ​អ្នក​បាន​ដំឡើង​កូដ​របស់ hacker។ ម្យ៉ាង​ទៀត កម្មវិធី​ក្រៅ App Store អាច​មាន​មេរោគ កុង​គ្នា (ជា​ពិសេស tweak លើ Cydia) និង​ឧស្សាហ៍​គាំង ជា​ហេតុ​ធ្វើ​ឲ្យ iPhone/iPad អ្នក​ដំណើរ​ការ​មិន​ស្រួល។
  • iPhone/iPad អាច​មាន​បញ្ហា​សំឡេង ឧស្សាហ៍​គាំង ប្រើៗ restart ខ្លួន​ឯង កម្មវិធី​លែង​ដំណើរ​ការ​ស្រួល ប្រើ​ឆាប់​ក្ដៅ​ថ្ម ហើយ​ថ្ម​ទៀត​សោត​ឆាប់​អស់។
  • ពុម្ព​អក្សរ​ខ្មែរ​មាន​ស្រាប់​ចាប់​ពី iOS 8 ឡើង​ទៅ ខណៈ​ដែល​ក្ដារ​ចុច​ខ្មែរ​ក៏​អាច​ដំឡើង​បាន​តាម App Store
* ប្រតិកម្ម​របស់ Apple ចំពោះ jailbreak

Apple ប្រកាន់​ជំហរ​ដាច់​ខាត​ប្រឆាំង​នឹង jailbreak ដោយ​តែងតែ​បញ្ចេញ​កំណែ​ប្រែ iOS ថ្មីៗ​ដើម្បី​បិទ jailbreak software ខាង​ក្រោម​នេះ ជា​បញ្ហា​ប្រឈម​ដែល Apple លើក​ឡើង​ទាក់ទិន​នឹង jailbreak
  • iPhone/iPad ដើរ​មិន​ស្រួល គាំង រលត់​
  • ថ្ម​ក្ដៅ​ឆាប់​អស់៖ កម្មវិធី​ដែល​ដំឡើង​ក្រៅ App Store អាច​ដើរ​មិន​ត្រឹមត្រូវ​ដែល​បណ្ដាល​ឲ្យ​ទាញ​ថាមពល​ថ្ម​ឲ្យ​ឆាប់​អស់
  • សំឡេង​ខល​មិន​ច្បាស់
  • រអាក់រអួល​សេវាកម្ម៖ Visual Voicemail, Weather, និង​ Stock។ ឯ iCloud, Exchange និង Apple Push notification ក៏​ជួប​បញ្ហា​ដែរ
  • ចង់​ update តែ​មិន​អាច៖ ដោយ​ហេតុ​ថា Apple តែង​ចេញ​កំណែប្រែ​ iOS ថ្មី​ដើម្បី​បិទ​កូដ jailbreak software អ៊ីចឹង​អ្នក​ដែល jailbreak រួច មិន​ update នោះ​ឡើយ។ ប្រការ​នេះ​ធ្វើ​ឲ្យ​ពួកគេ​បន្ត​ប្រើ iOS ចាស់ មិន​ទាន់​កំណែប្រែ​ចុង​ក្រោយ​ដែល​ប្រសើរ​ជាង​។

* តើ​មាន​សុវត្ថិភាព​អត់​ពេល jailbreak iPhone/iPad?
Sabay មិន​ណែនាំ​ឲ្យ​ធ្វើ​ការ jailbreak នោះ​ឡើយ ព្រោះ​អ្នក​​នឹង​ប្រើ​កូដ​របស់ hacker មិន​ Apple។ អ៊ីចឹង អាច​ប្រឈម​នឹង​មាន​បញ្ហា​ពេល​កំពុង ឬ​ក្រោយ jailbreak ក៏​ថា​បាន។ ជាក់ស្ដែង software សម្រាប់ jailbreak ក៏​មាន​លោត​ផ្ទាំង​សារ​ថា រាល់​បញ្ហា​កើត​មាន​កំពុង jailbreak ពួកគេ​មិន​ទទួល​ខុស​ត្រូវ​ឡើយ។

បើ​អ្នក jailbreak គ្រាន់​តែ​ចង់​លេង​កម្មវិធី ប្ដូរ​ user interface និង app icon ឬ​បន្ថែម​មុខងារ​ផ្សេងៗ​ដែល Apple គ្មាន អ្នក​អាច​ប្រឈម​នឹង​ការ​ខូចខាត​ iPhone/iPad ជា​យថាហេតុ ហើយ Apple ក៏​មិន​ទទួល​ខុស​ត្រូវ​លើ​សេវាកម្ម​ធានា​ដែរ៕


Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget