Sunday, May 21, 2017

សព្វ​ថ្ងៃ​អង្គ​គណនា​ (និយមហៅបន្ទះឈីប) នៅ​លើ​ស្មាតហ្វូន​និង​ថេបប្លែត​សុទ្ធ​សឹង​តែ​មាន​ថាមពល​ខ្លាំង​ ខុស​ពី​ពេល​ប៉ុន្មាន​ឆ្នាំ​មុន។​ ការ​វិវត្តន៍​ចាប់​តាំង​ពី​ប្រភេទ Single Core រហូត​មក​ទល់​ Hexa Core នា​ពេល​បច្ចុប្បន្ន​។ អង្គ​គណនា​ដែល​គេ​និយម​ប្រើប្រាស់​គឺ​មាន​ទំហំ 64 bit ដែល​វា​កំពុង​ប្រកួត​ប្រជែង​ខ្ពស់​ជាមួយ​ពពួក​ 32 bit ដែល​បង្ហាញ​ខ្លួន​យូរ​ណាស់​មក​ហើយ​។​ សម្រាប់​ល្បឿន​នៃ​អង្គ​គណនា​នីមួយៗ​មាន​ល្បឿន​ខ្ពស់​បំផុត​ចន្លោះ​ពី 3.0-3.5 GHz ។​

ដោយ​ឡែក​សម្រាប់​អត្ថបទ​នេះ Sabay សូម​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​ពី​បញ្ជី​រាយ​ឈ្មោះ​និង​លក្ខណៈ​ពិសេស​មួយ​ចំនួន​នៃ​អង្គ​គណនា​គ្រប់​ជំនាន់​ ដែល​គេ​បាន​បំពាក់​នៅ​លើ​ស្មាតហ្វូន​និង​ថេបប្លែត​គ្រប់​ស៊េរី​ ដោយ​មួយ​ចំនួន​គិត​ត្រឹម​ចុង​ឆ្នាំ ២០១៦​។

១.​អង្គ​គណនា Qualcomm Snapdragon

Qualcomm Technology គឺ​ជា​ក្រុមហ៊ុន​មួយ​របស់​សហរដ្ឋអាមេរិក ដែល​ផលិត​នូវ​អង្គ​គណនា​សម្រាប់​ស្មាតហ្វូន​, ថេបប្លែត និង​ការ​ផលិត​នូវ​ LTE Modem ។ ក្រុមហ៊ុន​ខាង​លើ ចាប់​ផ្តើម​ល្បី​ក្នុង​ឆាក​អន្តរជាតិ​ជា​លើក​ដំបូង ក្រោយ​ពេល​ដែល​ពួក​គេ​ប្រកាស​បង្ហាញ​នូវ​បច្ចេកវិទ្យា​ CDMA ទៅ​ក្នុង​ទីផ្សារ​។​
លើក​ទី​មួយ​នៃ​ការ​ដាក់​បង្ហាញ​អង្គ​គណនា​របស់​ពួក​​គេ​ គឺ​មាន​ល្បឿន​ 1 GHz ខណៈ​កាល​នោះ​ល្បឿន​អង្គ​គណនា​នៃ​ស្មាតហ្វូន​ជា​មធ្យម មាន​ត្រឹម​តែ 512 MHz ប៉ុណ្ណោះ​។​ ចូល​ដល់​ឆ្នាំ ២០០៥ ពួក​គេ​បាន​ប្រកាស​នូវ​ពពួក​អង្គ​គណនា​ជំនាន់ S1, S2, S3, S4, S200, S400 រហូត​ដល់​ S800 ដែល​រួម​បញ្ចូល​ទាំង S820 និង​ S821 ដែល​បញ្ចប់​ត្រឹម​ចុង​ឆ្នាំ ២០១៦ ។​ ឧបករណ៍​មួយ​ចំនួន​ដែល​បាន​បំពាក់​នូវ​អង្គ​គណនា​ Snapdragon 821 រួម​មាន Google Pixel, Pixel XL, Asus Zenfone, OnePlus 3T, Mi 5s, និង​ LeEco Le Pro3 ជា​ដើម​។

បញ្ជាក់​ថា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ជា​ច្រើន​ បាន​ទទួល​ការ​ផ្គត់ផ្គង់​អង្គ​គណនា​ពី​ក្រុមហ៊ុន Qualcomm លើក​លែង​តែ​ Apple មួយ​គត់​។ លក្ខណៈ​ពិសេស​របស់​អង្គ​គណនា​ក្រុមហ៊ុន​នេះ គឺ​វា​មាន​ល្បឿន​លឿន និង​បង្កើត​កម្ដៅ​តិច​បំផុត​ ប៉ុន្តែ​ចំពោះ​តម្លៃ​វា​រាង​ថ្លៃ​ជាង​អង្គ​គណនា​របស់​ក្រុមហ៊ុន​ដទៃ​។

២.​អង្គ​គណនា​ Apple


ក្រុមហ៊ុន​ Apple ក៏​មាន​​អង្គ​គណនា​ជាប់​ឈ្មោះ​ខ្លួន​ឯង​ផង​ដែរ ប៉ុន្តែ​សម្រាប់​ការ​ផ្គត់ផ្គង់​ផលិត​គឺ​ចុះ​កុង​ត្រា​ជាមួយ​ក្រុមហ៊ុន SAMSUNG និង​ TSMC ។​ សោត​យ៉ាង​ដូច​ជា​​អង្គ​គណនា A9 ទំហំ​ 14nm ផលិត​ឡើង​ដោយ​ SAMSUNG រី​ឯ​ ​អង្គ​គណនា A9 ទំហំ 16nm ផលិត​ឡើង​ដោយ​ TSMC។​
@ ពពួក​ Apple A ៖ វា​ប្រើ​សម្រាប់​ស៊េរី​ iPhone, iPad, iPod Touch និង​ Apple TV ហើយ​រួម​មាន​តាំង​ពី​ជំនាន់​ A4, A5, A5X, A6, A6X, A7, A8, A8X, A9, A9X, A10 និង A10 Fusion។
A10 Fusion ជា​អង្គ​គណនា​ជំនាន់​ក្រោយ​បង្អស់ ដែល​បំពាក់​នៅ​លើ​ iPhone 7/7 Plus ។​ A10 Fusion ជា​ប្រភេទ Quad Core ទំហំ 16nm FinFET ដែល​មាន​ល្បឿន​ 2.4 GHz និង​ GPU PowerVR ប្រភេទ​ Hexa Core ។​ បើ​ធៀប​ទៅ​នឹង​ជំនាន់​ A9 និង​ A10 ធម្មតា គឺ​វា​ល្បឿន​ខុស​គ្នា​មួយ​ទ្វេ​ជា ២ គួប​ផ្សំ​ទាំង​ដំណើរការ​ក្រាហ្វិក​ក៏​ល្អ​ជាង​មុន ៥០​ ភាគរយ​។ វា​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ TSMC។​
@ ពពួក​ Apple S ៖ អង្គ​គណនា​ប្រភេទ​នេះ គេ​ប្រើ​សម្រាប់​ Apple Watch រួមមាន​តាំង​ពី Apple S1, Apple S1P និង​ S2 ។ បច្ចុប្បន្ន​ Apple S2 បំពាក់​នៅ​លើ​នាឡិកា​ឆ្លាត​វៃ​ជំនាន់​ទី ២ Apple Watch Series 2 ។​ វា​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ SAMSUNG ក្រោម​ការ​ចុះ​កុងត្រា​ជាមួយ​​ Apple។
@ ពពួក​ Apple W ៖ អង្គ​គណនា​ប្រភេទ​នេះ ប្រើ​សម្រាប់​កាស​ឥត​ខ្សែ AirPod ដែល​បច្ចុប្បន្ន​មាន​ជំនាន់​ Apple W1។​
@ ពពួក​ Apple T ៖ អង្គ​គណនា​ប្រភេទ​នេះ ប្រើ​សម្រាប់​ភ្ជាប់​ប្រព័ន្ធ​ Touch ID នៅ​លើ​ MacBook Pro បច្ចុប្បន្ន​មាន​ត្រឹម​តែ​ជំនាន់​ Apple T1 មួយ​គត់​។

៣.អង្គ​គណនា​ Intel Atom និង​ Core M
Intel ជា​ក្រុមហ៊ុន​ផលិត​អង្គ​គណនា​របស់​សហរដ្ឋ​អាមេរិក ដោយ​ឡែក​ហេតុ​ដែល​គេ​បន្ថែម​ពាក្យ​ Atom ក៏​ដោយ​សារ​ចង់​សម្គាល់​សម្រាប់​ពពួក​អង្គ​គណនា​ថាមពល​តិច​និង​តម្លៃ​ថោក ដែល​បំពាក់​សម្រាប់​ស្មាតហ្វូន​និង​ថេបប្លែត​។

បច្ចុប្បន្ន​អង្គ​គណនា​ Intel Atom មាន​ជំនាន់​ Atom X5 និង​ X7 វា​ជា​ប្រភេទ​ឈីប 64 Bit Quad Core ដែល​មាន​ទំហំ 14nm ដោយ​ល្បឿន​ចន្លោះ​ពី 1.6GHz ដល់​ 2.4GHz ។​ អង្គ​គណនា​របស់​ក្រុមហ៊ុន​ Intel មួយ​នេះ បាន​ទទួល​ផ្គត់ផ្គង់​ឱ្យ​ក្រុមហ៊ុន​ជា​ច្រើន បើ​និយាយ​ពី​ថេបប្លែត​រួម​មាន​ Microsoft Surface, Asus, Dell, Lenovo, HP ជា​ដើម។​ កាល​ពី​ឆ្នាំ ២០១៦ ម៉ូដែល​ Asus Zenfone តែ​មួយ​គត់​ ដែល​ប្រើប្រាស់​នូវ​អង្គ​គណនា Atom។​ អង្គ​គណនា Core M គេ​ប្រើ​នៅ​លើ​ MacBook របស់​ Apple ទំហំ 12 អ៊ីញ​និង Chromebook របស់​ HP។​

៤.អង្គ​គណនា​ Nvidia Tegra
Nvidia Corporation ជា​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក​ដែល​ផលិត​នូវ​អង្គ​គណនា​សម្រាប់​ក្រាហ្វិក​, ការ​លេង​ហ្គេម​ និង​ឧបករណ៍​ទូរស័ព្ទ​,ថេបប្លែត។​ សម្រាប់​អង្គ​គណនា Tegra របស់​ Nvidia គឺ​មាន​តាំង​ពី​ជំនាន់​ Tegra 1, Tegra 3, Tegra 4, Tegra 4i, Tegra K1, Tegra X1. ប៉ុន្តែ​សម្រាប់​ចុង​ឆ្នាំ ២០១៦ នេះ​ អង្គ​គណនា Tegra X1 បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​។​ វា​ជា​ប្រភេទ Quad Core អាច​ថត​វីដេអូ​កម្រិត 4K ចំណែក​ឯ​ទំហំ​របស់​វា​រាង​ធំ​បន្តិច​ដល់​ទៅ 20nm ។​ សព្វថ្ងៃ​អង្គ​គណនា​មួយ​នេះ​ កំពុង​ដំណើរ​ការ​នៅ​លើ​ ទូរទស្សន៍​ឆ្លាត​វៃ Android ម៉ូដែល​ Nvidia Shield ។​
៣ ជំនាន់​រួម​មាន Tegra 4, Tegra 4i និង K1 គេ​និយម​ប្រើ​បំផុត​ ៖
#Tegra 4 ៖ បំពាក់​នៅ​លើ Asus Transformer PAD, HP Slatebook និង​ Toshiba Extie, Xiaomi Mi3 និង​ ​Xolo Play Tegra Note។​
#Tegra 4i ៖ បំពាក់​នៅ​លើ Blackphone
#Tegra K1 ៖ បំពាក់​នៅ​លើ​ថេបប្លែត​ nvidia Shield, Google Nexus 9, Acer Chromebook 13 និង​ 14, Navi Big Tab។
សរុប​មក​សម្រាប់​អង្គ​គណនា​ប្រភេទ​នេះ ច្រើន​ប្រើ​នៅ​លើ​ឧបករណ៍​ Gaming ដែល​លេង​ហ្គេម​ជា​ធំ ខណៈ​ដែល​វា​មាន​ល្បឿន​ក្រាហ្វិក​ដំណើរការ​បាន​រលូន ប៉ុន្តែ​សម្រាប់​តម្លៃ​ក៏​ថ្លៃ​ជាង​អង្គ​គណនា​ដទៃ​ៗ​ទៀត​ដែរ​។​

៥.អង្គ​គណនា MediaTek
MediaTek ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឈីប​របស់​តៃវ៉ាន់​ ហើយ​បង្កើត​ឡើង​សម្រាប់​បំពាក់​នៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​មួយ​ចំនួន​រួម​មាន​ស្មាតហ្វូន​ ថេបប្លេត​ និង​ទូរទស្សន៍​ (HDTV) ជា​ដើម​។ អង្គ​គណនា​ជំនាន់​ក្រោយ​បង្អស់​របស់​វា អាច​រត់​បាន​នៅ​ល្បឿន 3GHz ហើយ​មាន​តាំង​ពី​ប្រភេទ Dual Core ដល់​ Deca Core (10 core)។​
អង្គ​គណនា​ជំនាន់​ក្រោយ​របស់​វា​គឺ Helio X20 និង​ X25 ដែល​ប្រើ​នៅ​លើ​ស្មាតហ្វូន​​ភាគ​ច្រើន​ជា​របស់​ក្រុមហ៊ុន​ចិន ដូច​ជា​ Xiaomi, Meizu, LeEco Le, Yu ជា​ដើម​។ ចំណែក​ឯ​ថេបប្លែត​រួម​មាន Acer, Asus, Lenovo, Amazon Fire HD, Qmobile ជា​ដើម​។​
សម្រាប់​ល្បឿន​នៃ​អង្គ​គណនា​ MediaTek ដែល​ធម្មតា​មក​ជាមួយ​នូវ​ Core ជា​ច្រើន​គ្រាប់ ហើយ​បើ​កាល​ណា​គួប​ចូល​ជាមួយ​ RAM ធំ​គ្រាន់​បើ​ទៀត​នោះ ល្បឿន​ដំណើរការ​នៅ​លើ​ឧបករណ៍​នឹង​មាន​ល្បឿន​អស្ចារ្យ​មែនទែន​។​ សម្រាប់​ GPU PowerVR របស់​ MediaTek ត្រូវ​បាន​គេ​សរសើរ​ថា​ល្អ​ជាង​ក្រុមហ៊ុន​ដទៃៗ​ ដោយ​សារ​វា​បង្កើត​​ចេញ​នូវ​កម្ដៅ​តិច​ជាង​ Qualcomm ​។ សម្រាប់​តម្លៃ​វា​មាន​តម្លៃ​ថោក​ជាង​គេ​បន្តិច​ ហើយ​សាក​សម​បំផុត​សម្រាប់​ជម្រើស​នៃ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ដែល​ចង់​ទទួល​បាន​អង្គ​គណនា​ល្បឿន​លឿន​សមរម្យ។​

៦.អង្គ​គណនា HiSilicon
ក្រុមហ៊ុន​ HiSilicon គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ Huawei ហើយ​វា​ក៏​ជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​ខាង​ផ្នែក​ផលិត​បន្ទះ​សៀគ្វី​ក្នុង​ប្រទេស​ចិន​ផង​ដែរ​។​ វា​រួម​មាន​ជំនាន់​ K3V1, K3V2, K3V2E, Kirin 620, Kirin 650, Kirin 910, Kirin 920, Kirin 930, Kirin 950 ហើយ​បច្ចុប្បន្ន​គឺ​លេចចេញ​ដល់​ជំនាន់​ Kirin 960 ហើយ​។​

ឧបករណ៍​ដែល​បំពាក់​នូវ​អង្គ​គណនា​ Kirin 950 រួម​មាន Honor 8, Mate 8, និង​ MediaPad M3 សុទ្ធ​សឹង​ជា​ផលិតផល​របស់​ Huawei ។​ បច្ចុប្បន្ន​សម្រាប់​ស្មាតហ្វូន​ P10, P10 Plus, Hauwei Mate 9 គឺ​បាន​ប្រើប្រាស់​នូវ​​អង្គ​គណនា​ជំនាន់​ក្រោយ Kirin 960 របស់​ HiSilicon។​

៧.​អង្គ​គណនា Exynos
Exynos ជា​យីហោ​របស់​ក្រុមហ៊ុន​ SAMSUNG ដែល​តំណាង​ឱ្យ​​អង្គ​គណនា​។​ ក្នុង​នោះ​រួម​មាន​ជំនាន់​Exynos 7 Dual, Exynos 7420, Exynos 7 Octa 7580, Exynos 7 Octa 7870 ។​ ​​អង្គ​គណនា​ជំនាន់​ក្រោយ​បង្អស់​របស់​វា គឺ Exynos 9 (8895) ដែល​បច្ចុប្បន្ន​បំពាក់​នៅ​លើ​ Galaxy S8/S8 Plus របស់​ SAMSUNG ។
វា​មាន​ទំហំ 10nm ល្បឿន​លឿន​ជាង​មុន ២៧​ ភាគរយ​ និង​សន្សំ​សំចៃ​ថាមពល​ជាង​មុន​ ៤០ ភាគរយ​ ធៀប​ទៅ​នឹង​ជំនាន់​ទំហំ 14nm LPE FinFET៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget