សព្វថ្ងៃអង្គគណនា (និយមហៅបន្ទះឈីប)
នៅលើស្មាតហ្វូននិងថេបប្លែតសុទ្ធសឹងតែមានថាមពលខ្លាំង
ខុសពីពេលប៉ុន្មានឆ្នាំមុន។ ការវិវត្តន៍ចាប់តាំងពីប្រភេទ Single
Core រហូតមកទល់ Hexa Core នាពេលបច្ចុប្បន្ន។
អង្គគណនាដែលគេនិយមប្រើប្រាស់គឺមានទំហំ 64 bit
ដែលវាកំពុងប្រកួតប្រជែងខ្ពស់ជាមួយពពួក 32 bit
ដែលបង្ហាញខ្លួនយូរណាស់មកហើយ។
សម្រាប់ល្បឿននៃអង្គគណនានីមួយៗមានល្បឿនខ្ពស់បំផុតចន្លោះពី
3.0-3.5 GHz ។
១.អង្គគណនា Qualcomm Snapdragon ៖
លើកទីមួយនៃការដាក់បង្ហាញអង្គគណនារបស់ពួកគេ គឺមានល្បឿន 1 GHz ខណៈកាលនោះល្បឿនអង្គគណនានៃស្មាតហ្វូនជាមធ្យម មានត្រឹមតែ 512 MHz ប៉ុណ្ណោះ។ ចូលដល់ឆ្នាំ ២០០៥ ពួកគេបានប្រកាសនូវពពួកអង្គគណនាជំនាន់ S1, S2, S3, S4, S200, S400 រហូតដល់ S800 ដែលរួមបញ្ចូលទាំង S820 និង S821 ដែលបញ្ចប់ត្រឹមចុងឆ្នាំ ២០១៦ ។ ឧបករណ៍មួយចំនួនដែលបានបំពាក់នូវអង្គគណនា Snapdragon 821 រួមមាន Google Pixel, Pixel XL, Asus Zenfone, OnePlus 3T, Mi 5s, និង LeEco Le Pro3 ជាដើម។
បញ្ជាក់ថាក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានទទួលការផ្គត់ផ្គង់អង្គគណនាពីក្រុមហ៊ុន Qualcomm លើកលែងតែ Apple មួយគត់។ លក្ខណៈពិសេសរបស់អង្គគណនាក្រុមហ៊ុននេះ គឺវាមានល្បឿនលឿន និងបង្កើតកម្ដៅតិចបំផុត ប៉ុន្តែចំពោះតម្លៃវារាងថ្លៃជាងអង្គគណនារបស់ក្រុមហ៊ុនដទៃ។
២.អង្គគណនា Apple ៖
@ ពពួក Apple A ៖ វាប្រើសម្រាប់ស៊េរី iPhone, iPad, iPod Touch និង Apple TV ហើយរួមមានតាំងពីជំនាន់ A4, A5, A5X, A6, A6X, A7, A8, A8X, A9, A9X, A10 និង A10 Fusion។
A10 Fusion ជាអង្គគណនាជំនាន់ក្រោយបង្អស់ ដែលបំពាក់នៅលើ iPhone 7/7 Plus ។ A10 Fusion ជាប្រភេទ Quad Core ទំហំ 16nm FinFET ដែលមានល្បឿន 2.4 GHz និង GPU PowerVR ប្រភេទ Hexa Core ។ បើធៀបទៅនឹងជំនាន់ A9 និង A10 ធម្មតា គឺវាល្បឿនខុសគ្នាមួយទ្វេជា ២ គួបផ្សំទាំងដំណើរការក្រាហ្វិកក៏ល្អជាងមុន ៥០ ភាគរយ។ វាផលិតឡើងដោយក្រុមហ៊ុន TSMC។
@ ពពួក Apple S ៖ អង្គគណនាប្រភេទនេះ គេប្រើសម្រាប់ Apple Watch រួមមានតាំងពី Apple S1, Apple S1P និង S2 ។ បច្ចុប្បន្ន Apple S2 បំពាក់នៅលើនាឡិកាឆ្លាតវៃជំនាន់ទី ២ Apple Watch Series 2 ។ វាផលិតឡើងដោយក្រុមហ៊ុន SAMSUNG ក្រោមការចុះកុងត្រាជាមួយ Apple។
@ ពពួក Apple W ៖ អង្គគណនាប្រភេទនេះ ប្រើសម្រាប់កាសឥតខ្សែ AirPod ដែលបច្ចុប្បន្នមានជំនាន់ Apple W1។
@ ពពួក Apple T ៖ អង្គគណនាប្រភេទនេះ ប្រើសម្រាប់ភ្ជាប់ប្រព័ន្ធ Touch ID នៅលើ MacBook Pro បច្ចុប្បន្នមានត្រឹមតែជំនាន់ Apple T1 មួយគត់។
៣.អង្គគណនា Intel Atom និង Core M ៖
បច្ចុប្បន្នអង្គគណនា Intel Atom មានជំនាន់ Atom X5 និង X7 វាជាប្រភេទឈីប 64 Bit Quad Core ដែលមានទំហំ 14nm ដោយល្បឿនចន្លោះពី 1.6GHz ដល់ 2.4GHz ។ អង្គគណនារបស់ក្រុមហ៊ុន Intel មួយនេះ បានទទួលផ្គត់ផ្គង់ឱ្យក្រុមហ៊ុនជាច្រើន បើនិយាយពីថេបប្លែតរួមមាន Microsoft Surface, Asus, Dell, Lenovo, HP ជាដើម។ កាលពីឆ្នាំ ២០១៦ ម៉ូដែល Asus Zenfone តែមួយគត់ ដែលប្រើប្រាស់នូវអង្គគណនា Atom។ អង្គគណនា Core M គេប្រើនៅលើ MacBook របស់ Apple ទំហំ 12 អ៊ីញនិង Chromebook របស់ HP។
៤.អង្គគណនា Nvidia Tegra ៖
៣ ជំនាន់រួមមាន Tegra 4, Tegra 4i និង K1 គេនិយមប្រើបំផុត ៖
#Tegra 4 ៖ បំពាក់នៅលើ Asus Transformer PAD, HP Slatebook និង Toshiba Extie, Xiaomi Mi3 និង Xolo Play Tegra Note។
#Tegra 4i ៖ បំពាក់នៅលើ Blackphone
#Tegra K1 ៖ បំពាក់នៅលើថេបប្លែត nvidia Shield, Google Nexus 9, Acer Chromebook 13 និង 14, Navi Big Tab។
សរុបមកសម្រាប់អង្គគណនាប្រភេទនេះ ច្រើនប្រើនៅលើឧបករណ៍ Gaming ដែលលេងហ្គេមជាធំ ខណៈដែលវាមានល្បឿនក្រាហ្វិកដំណើរការបានរលូន ប៉ុន្តែសម្រាប់តម្លៃក៏ថ្លៃជាងអង្គគណនាដទៃៗទៀតដែរ។
៥.អង្គគណនា MediaTek ៖
អង្គគណនាជំនាន់ក្រោយរបស់វាគឺ Helio X20 និង X25 ដែលប្រើនៅលើស្មាតហ្វូនភាគច្រើនជារបស់ក្រុមហ៊ុនចិន ដូចជា Xiaomi, Meizu, LeEco Le, Yu ជាដើម។ ចំណែកឯថេបប្លែតរួមមាន Acer, Asus, Lenovo, Amazon Fire HD, Qmobile ជាដើម។
សម្រាប់ល្បឿននៃអង្គគណនា MediaTek ដែលធម្មតាមកជាមួយនូវ Core ជាច្រើនគ្រាប់ ហើយបើកាលណាគួបចូលជាមួយ RAM ធំគ្រាន់បើទៀតនោះ ល្បឿនដំណើរការនៅលើឧបករណ៍នឹងមានល្បឿនអស្ចារ្យមែនទែន។ សម្រាប់ GPU PowerVR របស់ MediaTek ត្រូវបានគេសរសើរថាល្អជាងក្រុមហ៊ុនដទៃៗ ដោយសារវាបង្កើតចេញនូវកម្ដៅតិចជាង Qualcomm ។ សម្រាប់តម្លៃវាមានតម្លៃថោកជាងគេបន្តិច ហើយសាកសមបំផុតសម្រាប់ជម្រើសនៃក្រុមហ៊ុនផលិតស្មាតហ្វូនដែលចង់ទទួលបានអង្គគណនាល្បឿនលឿនសមរម្យ។
៦.អង្គគណនា HiSilicon ៖
ឧបករណ៍ដែលបំពាក់នូវអង្គគណនា Kirin 950 រួមមាន Honor 8, Mate 8, និង MediaPad M3 សុទ្ធសឹងជាផលិតផលរបស់ Huawei ។ បច្ចុប្បន្នសម្រាប់ស្មាតហ្វូន P10, P10 Plus, Hauwei Mate 9 គឺបានប្រើប្រាស់នូវអង្គគណនាជំនាន់ក្រោយ Kirin 960 របស់ HiSilicon។
៧.អង្គគណនា Exynos ៖
វាមានទំហំ 10nm ល្បឿនលឿនជាងមុន ២៧ ភាគរយ និងសន្សំសំចៃថាមពលជាងមុន ៤០ ភាគរយ ធៀបទៅនឹងជំនាន់ទំហំ 14nm LPE FinFET៕
0 comments:
Post a Comment