ដំណោះស្រាយដែលអាចរំដោះ iPhone ចេញពីបញ្ហាមិនចងចាំលេខកូដសម្ងាត់បែបនេះបានមាន ៣ វិធីផ្សេងៗពីគ្នា.
ដូចនេះសូមប្រិយមិត្តប្រើប្រាស់នូវជម្រើសណាមួយឲ្យបានត្រឹមត្រូវតាមការណែនាំខាងក្រោម។
បញ្ជាក់៖ បើសិនជាប្រិយមិត្ត មិនបានទាញទិន្នន័យពី iPhone ទៅរក្សាទុក (Backup) ក្នុងកុំព្យូទ័រ ឬនៅលើ iCloud មុនពេលភ្លេចលេខសម្ងាត់នោះទេ គឺថាមិនមានវិធីណាផ្សេងអាចជួយស្រោចស្រង់ទិន្នន័យនៅក្នុងទូរស័ព្ទដៃអ្នកបានឡើយ។
វិធីសាស្រ្តទី ១ – ដំឡើងប្រព័ន្ធដំណើរការសារជាថ្មី តាមកម្មវិធី iTunes
វិធីនេះ ទាមទារឱ្យទូរសព្ទរបស់លោកអ្នកធ្លាប់ Sync ឬ “ផ្ទេរឯកសារចេញ/ចូល” ជាមួយកុំព្យូទ័រ ទើបអាចប្រើបាន។ បើមិនដូច្នោះទេ សូមប្រើវិធីសាស្រ្តទី ២ ឬទី ៣។
១ – ភ្ជាប់ iPhone ជាមួយកុំព្យូទ័រតាមខ្សែ USB
២ – បើកកម្មវិធី iTunes (ប្រសិនបើមិនទាន់មានសូម ចុចដោនឡូដ iTunes)
៣ – ត្រូវរង់ចាំ iTunes ធ្វើការ Sync ជាមួយ iPhone រហូតដំណើរការចប់
៤ – បន្ទាប់មក សូមចុចលើពាក្យ Restore លើកម្មវិធី iTunes (បើសិនជា iPhone ជាប់ iCloud សូមប្តូរទៅវិធីសាស្រ្តទី ២ វិញ)
៥ – ក្រោយការ Restore ឬ “ដំឡើងប្រព័ន្ធសារជាថ្មី” iPhone នឹងលោតចេញផ្ទាំងចាប់ផ្តើម ដូចកាលពីពេលទើបទិញថ្មីអីចឹងដែរ។
វិធីសាស្រ្តទី ២ – លុបទិន្នន័យទាំងស្រុងចេញពី iPhone តាមរយ:សេវា iCloud
ប្រសិនបើប្រិយមិត្តបានបង្កើត និងប្រើគណនី iCloud នៅលើ iPhone នោះលោកអ្នកដាច់ខាតត្រូវប្រើវិធីនេះ។
១ – ចូលទៅកាន់គេហទំព័រ www.icloud.com/#find នៅលើកុំព្យូទ័រ ឬទូរស័ព្ទណាផ្សេង
២ – Sign in គណនី Apple ឬ iCloud ដែលបានបង្កើតប្រើក្នុង iPhone
៣ – ចុចបើកប្រអប់ All Devices រួចជ្រើសរើសឈ្មោះ iPhone ដែលបានភ្លេចលេខសម្ងាត់។ ភ្លាមនោះ ផ្ទាំងតូចមួយនឹងលោតចេញមក
៤ – ចុចលើពាក្យថា Erase iPhone ដែលមាននិម្មិតសញ្ញាធុងសម្រាម បន្ទាប់មក ចុចលើពាក្យថា Erase ម្តងទៀតដើម្បីបញ្ជាក់
៥ – រង់ចាំដំណើរការចប់ iPhone នឹងលោតចេញផ្ទាំងចាប់ផ្តើម ដូចកាលពីពេលទើបទិញថ្មីអីចឹងដែរ។
វិធីសាស្រ្តទី ៣ – ដំឡើងប្រព័ន្ធដំណើរការសារជាថ្មី តាមរយ: Recovery mode
ប្រសិនបើប្រិយមិត្តមិនដែល Sync iPhone ជាមួយនឹងកុំព្យូទ័រទេ ឬមិនបានប្រើគណនី iCloud ទេ ច្បាស់ណាស់ថានឹងត្រូវប្រើវិធីនេះ។
១ – ភ្ជាប់ iPhone ជាមួយនឹងកុំព្យូទ័រ រួចចាប់ផ្តើមបើកកម្មវិធី iTunes
២ – បន្ទាប់មក សូមធ្វើការបិទបើក (Restart) ទូរស័ព្ទដៃ iPhone ដោយធ្វើតាមលំនាំខាងក្រោម៖
- សម្រាប់អ្នកប្រើ iPhone 6s ឬស៊េរីទាបជាងនេះ សូមចុចប៊ូតុង Power/Lock និងប៊ូតុង Home ទាំង ២ ដំណាលគ្នាឲ្យជាប់រហូតដល់អេក្រង់រលត់ រួចលោតចេញរូបផ្លែប៉ោមមក សឹមដកដៃចេញពីប៊ូតុង Power/Lock ប៉ុន្តែត្រូវបន្តចុចប៊ូតុង Home រហូតទាល់តែឃើញរូបដូចខាងក្រោម
- សម្រាប់អ្នកប្រើ iPhone 7 ឬ 7 Plus សូមចុចប៊ូតុង Power/Lock និងប៊ូតុងបន្ថយសំឡេង ទាំង ២ ដំណាលគ្នាឲ្យជាប់រហូតដល់អេក្រង់រលត់ រួចលោតចេញរូបផ្លែប៉ោមមក សឹមដកដៃចេញពីប៊ូតុង Power/Lock ប៉ុន្តែត្រូវបន្តចុចប៊ូតុងបន្ថយសំឡេង រហូតទាល់តែឃើញរូបដូចខាងក្រោម
៣ – ក្រោយមក ផ្ទាំងថ្មីមួយនឹងបង្ហាញចេញនៅលើកម្មវិធី iTunes ជាមួយជម្រើស ២ គឺ Restore និង Update។ នៅពេលនោះ សូមចុចលើប៊ូតុង Restore រួចកម្មវិធី iTunes នឹងធ្វើការទាញយកប្រព័ន្ធដំណើរការថ្មីសម្រាប់ iPhone ហើយប្រសិនបើដំណើរការនេះប្រើពេលហួសពី ១៥ នាទី iPhone នឹងចាកចេញពី Recovery mode វិញជាមិនខាន។ ប៉ុន្តែមិនជាថ្វីនោះទេ លោកអ្នកគ្រាន់តែ អនុវត្តចំណុចទី ២ និង ទី ៣ ម្តងទៀត ជាការស្រេច។
៤ – រង់ចាំដំណើរការចប់ iPhone នឹងលោតចេញផ្ទាំងចាប់ផ្តើម ដូចកាលពីពេលទើបទិញថ្មីអីចឹងដែរ។
របៀបដំឡើងប្រើ iPhone ទើបទិញថ្មី ឲ្យត្រឹមត្រូវតាមស្តង់ដាអ្នកជំនាញ
0 comments:
Post a Comment