ដើម្បីជួយឲ្យប្រិយមិត្តលក់ម៉ូតូមួយទឹកឲ្យអ្នកទិញ-លក់បន្ត
បានតម្លៃខ្ពស់ដែលអាចទទួលយកបាន លោក សីហា
អ្នកលក់ម៉ូតូមួយកន្លែង
បានបង្ហាញគន្លឹះសំខាន់ៗមួយចំនួនដូចខាងក្រោម៖
៖ ម៉ូតូនៅស្អាត ៨៥ ទៅ ៩០ ភាគរយ
ចំណុចនេះ សំដៅដល់ម៉ូតូដែលមានម្ចាស់ជាអ្នកស្រលាញ់ម៉ូតូ
ហើយជាអ្នកថែទាំម៉ូតូទៀងទាត់ មិនធ្លាប់ប៉ះពារអ្វីមួយធ្ងន់ធ្ងរ
សំឡេងម៉ាស៊ីនម៉ូតូនៅស្ងាត់ល្អ មិនលាន់ មិនកាន់ច្រេះ
ធ្វើឲ្យអ្នកលក់ហ៊ានឲ្យតម្លៃមួយដែលអាចទទួលយកបាន។
៖ ម៉ូតូដើម មិនកែ
ជាធម្មតា ម៉ូតូកែ តែងមានចំណុចខុសគ្នាពីម៉ូតូដើម
គ្រាន់តែមើលមួយភ្លែតក៏ដឹងដែរ ទោះជាកែតិចឬច្រើនក៏ដោយ
ដូចនេះទោះជាម៉ាស៊ីននៅថ្មីល្អ
ក៏អ្នកលក់មិនហ៊ានឲ្យថ្លៃខ្ពស់ដែរ
ព្រោះត្រូវការយកទៅដូរដាក់ខោអាវដើម(របាំងខាងមុខ-ក្រោយ)
ដើម្បីដាក់លក់វិញ។
៖ ម៉ូតូជិះអស់គីឡូតិច
សំដៅដល់រយៈចម្ងាយនៃការបើកបរដែលមាននៅលើកុងទ័រម៉ូតូ។
ចំណុចនេះ ចង់និយាយពីកុងទ័រម៉ូតូ ទោះជាអ្នកកែកុងទ័រ
ឬច្នៃថ្មីបន្ថែមឲ្យលេខគីឡូតិចជាងមុន
ឬកែឲ្យម៉ូតូដែលគេជិះជិតៗក៏អាចមើលដឹងដែរ។
របៀបមើលម៉ូតូដែលជិះអស់គីឡូច្រើន គេមើលទៅលើសំបុកអ៊ែរ
ឬច្រវាក់មីញ៉ុងជាដើម។ បើមានបំណងចង់លក់ម៉ូតូ កុំកែកុងទ័រឲ្យសោះ
ព្រោះនេះជាទង្វើមិនគួរគប្បីទេ
វាប៉ះពាល់ដល់ទំនុកចិត្តអ្នកទិញក្រោយៗ
ហើយអ្នកក៏មិនអាចយកម៉ូតូទៅលក់បានលើកទីពីរដែរ។
៖ ម៉ូតូធ្លាប់មានប្រវត្តិដួល ឬប៉ះគ្នា ឬអត់?
ជិះម៉ូតូនរណាក៏ធ្លាប់ដួលដែរ
គ្រាន់តែទំហំនៃការប៉ះពាល់ដល់ការខូចខាតលើម៉ូតូខុសគ្នា
អ្នកខ្លះដួលដល់ថ្នាក់បែកខ្ទេច
អ្នកខ្លះដួលត្រឹមបែកបាក់អាវម៉ូតូខាងក្រៅប៉ុណ្ណោះ
ទោះយ៉ាងនេះក្តី
អ្នកទិញ-លក់គេនៅតែមានរបៀបមើលប្រវត្តិម៉ូតូអ្នកដែរ
ដោយមើលលើប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធហ្រ្វាំង
សង់ត្រេម៉ូតូ(ម៉ូតូរៀចក ឬវៀចដៃចង្កូត) ជាដើម។
ដូចនេះបើអ្នកចង់លក់ម៉ូតូដែលធ្លាប់មានប្រវត្តិបាក់បែក
ឲ្យបានតម្លៃសមរម្យ
អ្នកត្រូវសម្រេចចិត្តចូលជាងប្ដូរគ្រឿងបន្លាស់ថ្មី
ប៉ូលាទឹកថ្នាំថ្មី ឬជួសជុលកុំឲ្យមានរៀចក ឬវៀចឈ្នាន់។
៖ ដាក់តម្លៃលក់តាមតម្លៃទីផ្សារ
បើអ្នកដឹងថា ម៉ូតូអ្នកនៅល្អអាចលក់បានតម្លៃរាងគ្រាន់បើដែរ
សូមកុំកាត់ថ្លៃខ្ពស់ពេក ត្រូវលក់ក្នុងតម្លៃជាក់ស្ដែង
ជាធម្មតាអ្នកទិញ-លក់
គេប្រាកដជាបង្អាប់ទម្លាក់តម្លៃម៉ូតូអ្នកខ្លះហើយ
តែក៏មិនមែនគេមិនទិញដែរ
ហើយការបង្អាប់ក៏មិនមែនគ្រប់អ្នកលក់ទាំងអស់ដែរ
គ្រាន់តែគេតថ្លៃខ្លះ ដើម្បីទុកលុយជួសជុល
ឬលាងសម្អាតដាក់លក់វិញ។
៖ មានឯកសារសម្គាល់ម្ចាស់ម៉ូតូត្រឹមត្រូវ
ចំណុចនេះ អ្នកទិញម៉ូតូរូបណា ក៏ចង់បានដែរ
ដើម្បីជៀសវាងការទិញប៉ះចំម៉ូតូខុសច្បាប់(ម៉ូតូចោរ)។
ការដែលអ្នកមានឯកសារសម្គាល់ម្ចាស់ម៉ូតូត្រឹមត្រូវ
ក៏ជាចំណែកមួយធ្វើឲ្យអ្នកលក់ហ៊ានឲ្យតម្លៃខ្ពស់
ព្រោះឯកសារទាំងនោះត្រូវការពេលវេលា និងប្រាក់កាសច្រើនគួរសម
ទំរាំបានចេញយកមកប្រើប្រាស់
ដូចនេះអ្នកគួរតែភ្ជាប់មកជាមួយឯកសារទាំងនោះ(កាតគ្រី
អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ជាដើម ) ពេលដែលចង់លក់ម៉ូតូចេញ។
៖ ប្រើពាក្យសម្ដីសមរម្យ
អ្នកដែលបំណងចង់លក់ម៉ូតូ
តែងបារម្ភខ្លាចអ្នកទិញបន្ត(អ្នកទិញ-លក់) កឹបកេងស៊ីចំណេញលើខ្លួន
ជាហេតុធ្វើឲ្យពួកគេ បោះពាក្យសម្ដីដៀមដាម ផ្លែផ្កា
និងប្រៀបធៀបពីកន្លែងមួយទៅកន្លែងមួយ
ដើម្បីឲ្យតម្លៃម៉ូតូដែលខ្លួនចង់លក់បានថ្លៃ។
បើអ្នកមានគំនិតបែបនេះ សូមបញ្ឈប់ទៅ។ អ្នកទិញ-លក់ម៉ូតូ
មិនមែនសុទ្ធអាក្រក់ កឹបកេងទាំងអស់នោះទេ
ពួកគេបើកកន្លែងរកស៊ីមិនមែនលក់តែម្ដងហើយឈប់នោះទេ
ដូចនេះអ្នកគួរនិយាយដោយការគោរពគ្នាទៅវិញទៅមក ទើបជាការល្អ
បើអ្នកគោរពគេ គេនឹងគោរពអ្នកវិញ ហើយដំណើរការទិញ
លក់ក៏រលូនទៅតាមនឹងដែរ។
៖ ត្រូវមានភាពស្មោះត្រង់
អ្នកលក់ក៏ជាមនុស្ស ហើយអ្នកទិញក៏ជាមនុស្ស
ដូចនេះភាពស្មោះត្រង់ មិនបោកប្រាស់ជារឿងល្អបំផុត។
អ្នកយកម៉ូតូមកលក់ ហាក់ដូចជាផ្សព្វផ្សាយផលិតផលដែលខ្លួនមាន
ឲ្យគេចាប់អារម្មណ៍ បើអ្នកផ្សព្វផ្សាយផលិតផលដោយពាក្យពិត
អ្នកទិញប្រាកដជាទិញដោយទំនុកចិត្ត និងមិនសូវតថ្លៃច្រើនផងដែរ៕