ជាធម្មតា ម៉ូតូដែលអូសចេញពីហាង យកមកប្រើហើយ
តម្លៃមិនដូចរបស់ថ្មីនោះទេ តែងធ្លាក់ចុះតាមហ្នឹងដែរ
ហើយបើចង់លក់ចេញវិញ ភាគច្រើនក៏ទទួលបានតម្លៃទាប។
មានចំណុចជាច្រើនដែលអ្នកទាំងអស់គ្នាគួរដឹង
មុនប្រុងលក់ម៉ូតូចេញ។
ដើម្បីជួយឲ្យប្រិយមិត្តលក់ម៉ូតូចេញបានតម្លៃមួយដែលអាចទទួលយកបាន មិនទាបពេក និងមិនសូវខាតច្រើន លោក ហែម សីហា អ្នកលក់ម៉ូតូមួយកន្លែង បានបង្ហាញគន្លឹះសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១៖ លក់ចេញឲ្យចំពេលវេលា
ចំណុចនេះ សំដៅទៅលើរយៈពេលដែលស៊េរីម៉ូតូមួយៗ ចេញលក់លើទីផ្សារ ដូចនេះបើចង់លក់ត្រូវគិតដល់ស៊េរីថ្មីដែលជិតនឹងចេញលក់។ ឧទាហរណ៍៖ Zoomer X ស៊េរី ២០១៧ នឹងចេញលក់លើទីផ្សារចុងឆ្នាំ ២០១៦ ខែតុលា ឬវិច្ឆិការជាដើម អឹចឹង! បើអ្នកជិះ Zoomer X ស៊េរី ០១៥ ឬ ០១៦ មានបំណងចង់លក់ ត្រូវលក់មុននឹងបន្តិច អាចថាមួយខែមុន ឬពីរទៅបីខែមុន ឬនិយាយឲ្យខ្លីថា លក់ឲ្យបានមុនស៊េរីថ្មីចេញ បើចាំដល់អាថ្មីចេញ ចឹងម៉ូតូយើងត្រូវអ្នកលក់ឲ្យថ្លៃទាប។
២៖ លក់ឲ្យអ្នកជិះផ្ទាល់វិញ
ចំណុចនេះ សំដៅដល់ម៉ូតូដែលកំពុងជិះ តែអ្នកមានបំណងចង់លក់ចេញ ដូចនេះអ្នកត្រូវចេះស៊ើបសួរមិត្តភក្តិ បងប្អូន ឬអ្នកស្គាល់ណាក៏បាន ដែលគេមានចង់ទិញម៉ូតូជិះ រួចផ្សព្វផ្សាយ ឬនិយាយពីគុណភាពម៉ូតូរបស់អ្នកដោយភាពស្មោះត្រង់ មិនភូតភរ មិនបោកប្រាស់ ហើយលក់តាមតម្លៃទីផ្សារ ជាក់ស្ដែង មិនខ្ពស់ខ្លាំងពេក។
៣៖ លក់ឲ្យត្រូវនឹងតម្រូវការទីផ្សារ
សំដៅទៅលើភាពពេញនិយមរបស់ម៉ូតូ ឬម៉ាកម៉ូតូ។ ឧទាហរណ៍៖ ម៉ូតូដែលអ្នកជិះដូចជា Zoomer X, PCX, Click, MSX, Lets, Nex ឬហុងដាឌ្រីមជាដើម សុទ្ធតែជាម៉ូតូពេញនិយមដែលអាចលក់ចេញបានតម្លៃល្អ បើអ្នកជិះម៉ូតូម៉ាកផ្សេងដែលទីផ្សារមិនសូវនិយម ទោះជានៅថ្មី ៨០ ឬ ៩០ ភាគរយក៏មិនសូវបានថ្លៃណាស់ណាដែរ ព្រោះមិនសូវមានតម្រូវការខ្លាំង។
៤៖ លក់ម៉ូតូបែប Classic
ម៉ូតូបែប Classic នេះ ចង់សំដៅទៅលើម៉ូតូដែលល្បីពីជំនាន់មុនៗដូចជា Honda Cup, ម៉ូតូ BMW ជាដើម។ ប្រសិនបើអ្នកចង់លក់ម៉ូតូប្រភេទនេះ តម្លៃរបស់វានឹងឡើងខ្ពស់ ព្រោះជាម៉ូតូកម្រ ដែលអ្នកទិញភាគច្រើនជាអ្នកមានទ្រព្យ ដែលគេទិញវាយកទៅដាក់តាំងជាដើម។
៥៖ ឆែកមើលប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធហ្រ្វាំងម៉ូតូមុនលក់
សំដៅលើការថែទាំ ការប្រើប្រាស់ម៉ូតូប្រចាំថ្ងៃដូចជា ឧស្សាហ៍ដូរប្រងម៉ាស៊ីន ឆែកមើលប្រព័ន្ធហ្រ្វាំង ស្បែកហ្វ្រាំង សំបកកង់ ច្រវាក់មីញ៉ុង ប្រព័ន្ធភ្លើង ស៊ីផ្លេ ស៊ីញ៉ូ ឬប្រេងម៉ាស៊ីនជាដើម ត្រូវដូរចេញប្រសិនបើមានករណីខូចខាតខ្លាំង (បើម៉ូតូលេខ ត្រូវចូលជាងឆែកមើលឲ្យបានល្អិតល្អន់) បើម៉ូតូអូតូ ត្រូវឲ្យគេប្តូរប្រេងកាឡេ ដើម្បីឲ្យការមូលដុំដំណើរការល្អ មិនស្ទក់ជាដើម។
៦៖ ការប្រើប្រាស់តិច
ចំណុចនេះ សំដៅលើការថែទាំម៉ូតូប្រចាំថ្ងៃ ដែលមានដូចជា គួរតែជិះឲ្យបានតិចគីឡូបំផុតតាមដែលអាចធ្វើបាន គុណភាពម៉ូតូនៅល្អ មិនបាក់បែកស្ដុប កន្ទុយក្រោយ ឬចង្កៀងមុខ-ក្រោយជាដើម៕
ទាំងនេះគ្រាន់តែចំណេះដឹងទូទៅខ្លះៗ ប្រសិនបើប្រិយមិត្តចង់បន្ថែមលើចំណុចណាផ្សេងទៀត អាចបញ្ចេញមតិនៅខាងក្រោមនេះបាន៕
ចុចលីងទីនេះ ដើម្បីមើលព័ត៌មានផ្សេងៗពីការប្រើប្រាស់ម៉ូតូ
0 comments:
Post a Comment