នៅពេលដែលអ្នកសម្លឹងមើលទៅក្នុង Settings > General
> About ត្រង់លេខ Model កូដអក្សរពីរតួចុងក្រោយ
អ្នករមែងឃើញពាក្យ LL ឫ ZA ជាដើម។ ខណៈដែលតម្លៃរបស់ iPhone
ម៉ូដែលទាំងនោះ ក៏មានភាពខ្ពស់ទាបជាងគ្នាបន្តិចបន្តួច
ជាហេតុធ្វើឱ្យមានការលើកឡើងពីសំណាក់អ្នកប្រើប្រាស់មួយចំនួនថា
កូដ TH (ថៃ) គុណភាពចាញ់ ZA (សិង្ហបុរី) ឫ ZP (ហុងកុង) គុណភាពចាញ់ LL
(អាមេរិក) ។ តើការលើកឡើងបែបនេះ ពិតជាត្រឹមត្រូវដែរឫ ទេ?
ចម្លើយគឺមិនពិតនោះឡើយ ខណៈរាល់ទូរសព្ទ iPhone ទាំងអស់សុទ្ធសឹងតែដំឡើងចេញពីប្រភពតែមួយក្នុងប្រទេសចិន ដែលរួមមានរោងចក្រ Foxconn និង Pegatron ហើយរោងចក្រ Wistron នៅឥណ្ឌា (ម៉ូដែល iPhone SE)។ ដោយឡែកកូដពីរតួចុងក្រោយនោះ គ្រាន់តែជាកូដសម្គាល់ក្នុងតំបន់នៃទីផ្សារចែកចាយដាក់លក់ iPhone ប៉ុណ្ណោះ ចំពោះគុណភាពសុទ្ធតែល្អដូចគ្នា។
ភាពខុសគ្នាមិនទាក់ទងទៅនឹងគុណភាពទេ ផ្ទុយទៅវិញគ្រាន់ខុសត្រង់ភាសាក្នុងសៀវភៅណែនាំ ដែលកំណត់តាមបណ្ដាប្រទេសនីមួយៗ។ ទៀតសោតទីផ្សារក្នុងតំបន់ខ្លះ ទាក់ទងនឹងដុំសាកក្នុងប្រអប់បានទទួលដុំសាកក្បាល ២ ខ្លះទៀតក្បាល ៣ តម្រូវទៅតាមភាពពេញនិយមនៃការប្រើប្រាស់ព្រីភ្លើងក្នុងប្រទេសនោះ។ អ្វីដែលសំខាន់ ជាធម្មតាបើអ្នកទិញពីតាមហាងចែកចាយផ្ទាល់របស់ Apple គ្រប់ប្រទេសទាំងអស់ សុទ្ធសឹងតែមានប័ណ្ណធានាចេញពីក្រុមហ៊ុន ផ្អែកតាមលក្ខខណ្ឌដែលបានកំណត់។
កន្លងទៅសង្កេតឃើញថា តម្លៃទូរសព្ទ iPhone កូដ TH ជួនកាលមានតម្លៃថោកជាងដល់ទៅ ៥០ ដុល្លារធៀបនឹងកូដប្រទេសផ្សេង ជាហេតុនាំឱ្យអតិថិជនមានភាពស្ទាក់ស្ទើរក្នុងការទិញ។ សរុបជារួម សូមផ្លាស់ប្ដូរការគិតបែបនេះ ព្រោះវាមិនជាបញ្ហាចោទទាក់ទងនឹងគុណភាពឡើយ អ្វីដែលសំខាន់គឺការប្រើប្រាស់ផ្ទាល់របស់អ្នកទៅវិញទេ។
0 comments:
Post a Comment