ព្រោះតែភាពជឿនលឿននៃបច្ចេកវិទ្យា
ឪពុកម្ដាយមួយចំនួនបានអនុញ្ញាតឲ្យកូនៗតូចៗ ប្រើប្រាស់
iPhone ឬ iPad ដើម្បីសម្រួលដល់ការមើលថែ
និងជួយឲ្យក្មេងទាំងនោះមានភាពងាយស្រួលក្នុងការរៀនសូត្រពីបច្ចេកវិទ្យា។
ប៉ុន្តែការឲ្យ iPhone ឬ iPad របស់មនុស្សចាស់ ដែលបានបើកមើលព័ត៌មាន ក៏ដូចជាមាតិកា និងវីដេអូមួយចំនួន គឺមិនគួរឲ្យក្មេងឃើញនោះទេ។ ដូចនេះ មុនឲ្យ iPhone ឬ iPad ដែលអ្នកប្រើទៅកូនៗ គួរណាស់តែអនុវត្តតាមចំណុចខាងក្រោមនេះ ៖
១) លុបទិន្នន័យចាស់ៗ
បើអ្នកទិញទូរសព្ទថ្មីឲ្យពួកគាត់តែម្ដងចំណុចនេះអ្នកគួររំលង តែប្រសិនបើអ្នកប្រគល់ទូរសព្ទអ្នកទៅឲ្យពួកគេ អ្នកគួរលុបនូវទិន្នន័យចាស់ៗចោល ព្រោះទិន្នន័យមួយចំនួន គឺមិនសក្ដិសមសម្រាប់ក្មេង ហើយប្រសិនស្ដាយទិន្នន័យ មុននឹងធ្វើការលុបអ្នកគួរ Back Up ទិន្នន័យដាក់ iCloud ដោយធ្វើតាមវិធីខាងក្រោម៖
- - ដើម្បី Back Up ចូលទៅកាន់ Settings > iCloud Profile > iCloud > Backup > Backup Now។ អ្នកក៏អាច Back Up ដោយភ្ជាប់ iPhone ទៅកាន់កុំព្យូទ័ររួច Sync ជាមួយ iTune បានដែរ។
- - ដើម្បី លុបទិន្នន័យ ចូលទៅកាន់ Settings > General > Reset > Erase All Content and Settings។
២) បង្កើតគណនេយ្យ iCloud សម្រាប់ក្មេង
ពួកគាត់ក្មេងពិតមែន តែក៏គួរមាន Apple ID ដើម្បីងាយប្រើប្រាស់ ប៉ុន្តែត្រូវស្ថិតក្រោមការតាមដាន និងគ្រប់គ្រងដោយអាណាព្យាបាល ហើយការប្រើគណនី Apple ID ផ្ទាល់នេះ នឹងធ្វើឲ្យពួកគេទទួលបានតែកម្មវិធី ឬហ្គេមនានាដែលផលិតសម្រាប់វ័យពួកគេតែម្តង។
- - ដើម្បីបង្កើតគណនីសម្រាប់ក្មេង គឺចូលទៅកាន់ Settings > iCloud Profile > Family Sharing > Add Family Member បន្ទាប់មកទៀតចុចលើ Create an Apple ID for a child។
- - ក្រោយមកអ្នកត្រូវបញ្ចូលថ្ងៃខែឆ្នាំកំណើតរបស់គាត់, ជ្រើសរើសវិធីទូទាត់ប្រាក់សម្រាប់ App Store និងជ្រើសរើស Username និង Password ហើយជាធម្មតាពួកគាត់មិនអាចទាញយកកម្មវិធីពី App Store ដោយគ្មានការអនុញ្ញាតពីអ្នកនោះទេ។
៣) គ្រប់គ្រងលើសកម្មភាពផ្សេងៗលើ iDevice
អ្នកអាចកំណត់ការប្រើប្រាស់មុខងារផ្សេងៗលើ iPhone និង iPad ដូចជាមិនឲ្យប្រើប្រាស់ Safari, មិនឲ្យទាញយកកម្មវិធីពី App Store, មិនឲ្យប្រើប្រាស់កាមេរ៉ា និង Microphone ហើយក៏នៅមានជម្រើសជាច្រើនទៀតដែលអាចបិទបាន។
- - ដើម្បីគ្រប់គ្រងសកម្មភាពទាំងនេះ ចូលទៅកាន់ Settings > General > Restrictions > Enable Restrictions បន្ទាប់មកបង្កើត Restriction Passcode។
៤) លាក់កម្មវិធីមួយចំនួន
អ្នកអាចបង្កើត Folder ឈ្មោះ Hidden រួចទាញយកកម្មវិធីមួយចំនួនដែលអ្នកគិតថាមិនចាំបាច់បង្ហាញលើ Homescreen ផ្ទាល់នោះទេ ដូចជា Settings ជាដើម ដើម្បីធ្វើអោយដំណើរការចូលប្រើប្រាស់កម្មវិធីទាំងនោះស្មុគស្មាញបន្តិច។
៥) ប្រើប្រាស់ Airplane mode
អ្នកអាចប្រើប្រាស់ Airplane mode ដើម្បីឲ្យពួកគេនៅឆ្ងាយបន្តិចពីអ៊ីនធឺណិត ដោយចូលទៅកាន់ Settings រួចបើក Airplane Mode។
ដោយឡែក មិនមែនតែអ្នកដែលឲ្យកូនៗ ប្រើប្រាស់ iPhone និង iPad នោះទេដែលគួរអនុវត្តតាមវិធីសាស្ត្រខាងលើ គឺសូម្បីអ្នកឲ្យស្មាតហ្វូន និងថេប្លេត Android ដល់កូនៗ ក៏ត្រូវប្រុងប្រយ័ត្ន ចំពោះចំណុចទាំងនោះដូចគ្នា ព្រោះព័ត៌មានមនុស្សពេញវ័យមួយចំនួន គឺមិនគួរឲ្យក្មេងមើលនោះទេ ខណៈព័ត៌មាន និងមាតិកាមួយចំនួនអាចប៉ះពាល់ផ្លូវចិត្តរបស់ក្មេង៕
0 comments:
Post a Comment