ទូរសព្ទជាឧបករណ៍ទំនាក់ទំនងដ៏ចាំបាច់
ដែលមនុស្សជាច្រើនមាននៅក្នុងដៃ។
ទន្ទឹមនោះបញ្ហាថ្មក៏ជារឿងដ៏សំខាន់មួយ
ដែលអ្នកត្រូវត្រួតពិនិត្យឲ្យបានដិតដល់ជៀសវាងជួបបញ្ហាមិនល្អនៅថ្ងៃក្រោយ។
សញ្ញា ៥ នេះ អាចបង្ហាញថា ទូរសព្ទអ្នកកំពុងមានបញ្ហាខូចថ្មហើយ។
១.ទូរសព្ទសុខៗ Restart ដោយខ្លួនឯង
ជាបញ្ហាចោទដ៏ធុញទ្រាន់មួយ ខណៈដែលកំពុងលេងហ្គេម, ស្ដាប់ចម្រៀង ឬប្រើប្រាស់បណ្ដាញសង្គម ហើយសុខៗទូរសព្ទក៏រលត់ឬជួនកាលបិទបើកមកវិញ (Restart) ដោយខ្លួនឯង។ មានហេតុផលច្រើនដែលបង្កឱ្យទៅជាបញ្ហានេះ ខ្លះអាចមកពី Error System ដែរ ប៉ុន្តែភាគច្រើនដែលគេជួបគឺមកពីបញ្ហាថ្ម។
២.ថាមពលថ្មស្រកលឿន
ថ្មថ្មីមួយគ្រាប់ ដំណើរការបានល្អត្រឹមតែ ២ ឆ្នាំដំបូង ក្រោយៗមករមែងជួបបញ្ហាខ្លះហើយ។ បើគិតថាថាមពលថ្មទូរសព្ទរបស់អ្នកស្រកលឿន ឧបមាថា ពី ១០០ មក ៥០ ភាគរយ ត្រឹមតែ ២០ ទៅ ៣០ នាទី នោះជាបញ្ហាថ្មពិតប្រាកដណាស់។ ដំបូងអ្នកអាចសាកល្បងធ្វើការលុបកម្មវិធីណា ដែលស៊ីថាមពលថ្មខ្លាំងនៅលើទូរសព្ទ ដូចជា Facebook ជាដើម។ ក្រោយមកបើបន្តជួបបញ្ហានោះទៀត ដំណោះស្រាយមានតែប្ដូរថ្មថ្មីហើយ។
៣.ទូរសព្ទដោតសាក ប៉ុន្តែងងឹតអេក្រង់ឈឹង
សញ្ញាមួយផ្សេងទៀត អ្នកអាចដឹងនៅពេលដែលទូរសព្ទរលត់ឈឹង ហើយអ្នកព្យាយាមសាកថ្ម ឲ្យភ្លឺដំណើរការមកវិញ ប៉ុន្តែបើថ្មខូច ជួនកាលទូរសព្ទនោះ ទោះសាកចោលយូរប៉ុណ្ណា ក៏វាមិនចេញភ្លើង, លឺសម្លេងអ្វីមកវិញដែរ ហើយនៅងងឹតអ៊ីចឹងរហូត។
៤.ដោតសាកភ្លាមបើកចេញភ្លាម
ជាធម្មតាបើទូរសព្ទមិនទាន់ខូចថ្ម នៅពេលរលត់ឈឹងដល់ ០ ភាគរយ វាទាមទារពេលវេលាយ៉ាងតិច ៥ ទៅ ១០ នាទី ដើម្បីឲ្យថ្មឡើងភាគរយបន្តិច ហើយទូរសព្ទបើកចេញចុចបានធម្មតា ប៉ុន្តែបើទូរសព្ទខូចថ្ម ពេលអ្នកដោតភ្លាម វានឹងភ្លឺភ្លាម ហើយចុចប្រើបានទៀត។
៥.ថ្មឡើងកម្ដៅ
ពេលខ្លះអ្នកអាចសង្កេតមើលបានតាមរយៈកម្ដៅស្ទាបចេញពីខ្នងក្រោយទូរសព្ទ បើថ្មក្ដៅ ទូរសព្ទក៏ឡើងកម្ដៅប្លែកខុសពីធម្មតា។ មួយវិញទៀត ឡើងក្ដៅខ្លាំងពេលអំឡុងដោតសាកបញ្ចូលថាមពល។
សរុបមកបើប្រិយមិត្តអ្នកប្រើប្រាស់ទូរសព្ទ ក៏ដូចជាស្មាតហ្វូននិងថេបប្លែតទាំងឡាយ ដែលជួបបញ្ហាដូចបានរៀបរាប់ខាងលើ បើអាចសូមប្រញាប់ប្ដូរថ្មថ្មីភ្លាមទៅ ជៀសវាងជួបបញ្ហាថ្មឡើងប៉ោងខ្លាំងឬអ្វីផ្សេងទៀត អាចបង្កជាគ្រោះថ្នាក់នៅថ្ងៃខាងមុខ៕
0 comments:
Post a Comment