អ្នកធ្លាប់សង្កេតមើលលេខលើប៊ីដុងប្រេងរំអិលម៉ាស៊ីនរថយន្តទេ?
អ្នកដឹងទេថា ប្រេងរំអិលណាមួយត្រូវនឹងម៉ាស៊ីនរថយន្តរបស់អ្នក?
ឆ្លើយតបនឹងសំណួរនេះ លោក ថាត់ រតនៈ ម្ចាស់មជ្ឈមណ្ឌលថែទាំរតនៈ
មានទីតាំងខាងកើតផ្សារឈូក ក្នុងស្រុកឈូក ខេត្តកំពត ប្រាប់ Sabay ថា
ប្រេងរំអិលម៉ាស៊ីនមាន ៥ ប្រភេទ ប៉ុន្តែនៅកម្ពុជាភាគច្រើនប្រើតែ ៣
ប្រភេទប៉ុណ្ណោះ។

ប្រេងរំអិលម៉ាស៊ីន ៣ ប្រភេទខាងលើ ចែកចេញជា ២ ប្រភេទផ្សេងទៀតរួមមាន ប្រេងសម្រាប់ម៉ាស៊ីនសាំង មានលេខ 5W30 , 10W40, 20W50 និងប្រេងលេខ 10W30, 15W40, 20W50 សម្រាប់ម៉ាស៊ីនម៉ាស៊ូត។
ការប្រើប្រេងរំអិលម៉ាស៊ីនឲ្យបានត្រឹមត្រូវ គឺត្រូវមើលលើចម្ងាយគីឡូរថយន្ត និងលក្ខណៈម៉ាស៊ីន ចាស់ ឬថ្មី ដូចខាងក្រោម៖
- -ប្រេងរំអិលលេខ 5W30 ប្រើលើរថយន្តថ្មី ឬរថយន្តបើកបានចម្ងាយ ១០០.០០០ ម៉ាយ ឬជាង ១៦ ម៉ឺនគីឡូម៉ែត្រ
- -ប្រេងលេខ 10W40 ប្រើលើរថយន្ត បើកបានចម្ងាយចន្លោះពី ១០ ម៉ឺនម៉ាយ ទៅ ១៥ ម៉ឺនម៉ាយ (ឬជាង ១៦ ម៉ឺនទៅ ២៤ ម៉ឺនគីឡូ)
- -ប្រេងលេខ 20W50 ប្រើលើរថយន្ត បើកបានចម្ងាយចន្លោះពី ១៥ ម៉ឺនម៉ាយ ទៅ ២០ ម៉ឺនម៉ាយ (ឬជាង ២៤ ម៉ឺនគីឡូទៅជាង ៣២ ម៉ឺនគីឡូម៉ែត្រ)

ម្ចាស់មជ្ឈមណ្ឌលថែទាំរតនៈបានបន្តថា៖ "ជួនកាលឡានថ្មីខ្លះគីឡូតិចពិតមែន តែម៉ាស៊ីនវាលាន់វាឡោកអ៊ីចឹងទៅ ត្រូវប្រើប្រេងរាងខាប់តិច 10W40, 20W50 តែឡានខ្លះស៊េរីទាប តែម៉ាស៊ីននៅថ្មី គីឡូតិចក៏អាចប្រើប្រេងលេខ 5W30 បានដែរ”។
លោក រតនៈ បន្តថា ប្ដូរប្រេងរំអិលម៉ាស៊ីនបានត្រឹមត្រូវ ជួយឲ្យម៉ាស៊ីនរថយន្តស្ងាត់ល្អ មិនឆាប់ឡើងកម្ដៅ និងប្រើប្រាស់បានយូរ៕

0 comments:
Post a Comment