Thursday, July 13, 2017

មាន​ការ​យល់​ច្រឡំ​​​រវាង​បច្ចេកវិទ្យា​ VR និង AR។ ​ថ្ងៃ​នេះ Sabay នឹង​ពន្យល់​ឱ្យ​ដាច់​ស្រឡះ​រវាង​បច្ចេកវិទ្យា​ទាំង​ពីរ។

+អ្វី​ទៅ​ជា​បច្ចេកវិទ្យា VR?

VR ​(Virtual Reality) បង្កើត​ពិភព​សិប្បនិមិត្ត 3D ថ្មី​ទាំង​ស្រុង ​ធ្វើ​ឲ្យ​​អ្នក​ហាក់​​មាន​អារម្មណ៍​កំពុង​ស្ថិត​នៅ​ក្នុង​ពិភព​​​​មួយ​ផ្សេង​ទៀត។ វា​គ្រាន់​តែ​ជា​​ការ​​ក្លែង​បន្លំ​ដែល​បង្កើត​ឡើង​ ហាក់​ធ្វើ​ឲ្យ​យើង​​​គិត​​ថា​កំពុង​ជួប​ប្រទះ​នឹង​រឿងរ៉ាវ​ណា​មួយ​ពិត​នៅ​នឹង​ភ្នែក​តាម​រយៈ​ការ​មើល​និង​ការ​ស្ដាប់​។


ការ​​ប្រើប្រាស់​បច្ចេកវិទ្យា VR ជា​ធម្មតា​ត្រូវ​ពាក់​នូវ​ឧបករណ៍​មួយដែល​ដូច​ទៅ​នឹង​​វ៉ែនតា។
កាល​ពី​ឆ្នាំ ២០១៣ ក្រុមហ៊ុន Google បាន​បញ្ចេញ​វ៉ែនតា Google Glass បំពាក់ VR ដែល​អាច​បង្ហាញ​ព័ត៌មាន​ផ្សេង​លើ​រូបភាព​នៅ​ខាង​ក្រៅ តាម​រយៈ​កញ្ចក់​វ៉ែនតា​អេឡិចត្រូនិក​នោះ។ ដោយ​សារ Google Glass អាច​សម្គាល់​ផ្ទៃមុខ, ប្រើ​សំឡេង​ដើម្បី​ថត រូប​និង​វីដេអូ ទើប​មាន​ការ​ព្រួយ​បារម្ភ​និង​មិន​ពេញ​ចិត្ត​ពី​បណ្ដា​អ្នក​ប្រើប្រាស់​ជា​ច្រើន​នៅ​អាមេរិក ដោយ​ខ្លាច​ការ​សន្ទនា​ពួកគេ​នឹង​ត្រូវ​លួច​ថត​ដោយ​វ៉ែនតា​ឆ្លាតវៃ​នេះ។


វ៉ែនតា Hololens របស់ Microsoft កាល​ពី​ឆ្នាំ​កន្លង​ទៅ ក៏​បំពាក់​ដោយ​បច្ចេកវិទ្យា AR ដូចគ្នា។ Hololens អាច​បង្ហាញ​រូបភាព​បន្ថែម លើ​ពិភព​ពិត​ខាង​ក្រៅ និង​ថែម​ទាំង​អាច​ឲ្យ​អ្នក​ប្រើប្រាស់​លេង​ហ្គេម​ដែល​មាន​តួអង្គ​សត្វ​សិប្បនិមិត្ត​ផុស​ចេញ​មក​លើ​ពិភព​ពិត​ខាង​ក្រៅ។ យ៉ាងណា​មិញ វ៉ែនតា Hololens មិន​ទាន់​ដាក់​លក់​សម្រាប់​អ្នក​ប្រាស់​ទូទៅ​នៅ​ឡើយ​ទេ ដោយ​បច្ចុប្បន្ន​ដាក់​លក់​សម្រាប់​តែ​អ្នក​អភិវឌ្ឍ​កម្មវិធី​ប៉ុណ្ណោះ។ Hololens មួយ​គ្រឿង​លក់​ក្នុង​តម្លៃ ៣ ០០០ ដុល្លារ។
VR បង្កើត​ឡើង​ដោយ​ឆ្លង​កាត់​តាម​រយៈ​កូដ VRML (Virtual Reality Modeling Language) ដែល​អាច​បង្កើត​ឡើង​នូវ​សំណុំ​រូបភាព និង​ប្រភេទ​​នៃ​អន្តរកម្ម​ណា​មួយ​អាច​កើត​ឡើង​សម្រាប់​អ្នក​ប្រើប្រាស់។​

​​​​+អ្វី​ទៅ​ជា​បច្ចេកវិទ្យា AR

AR ឬ Augmented Reality ជា​បច្ចេកវិទ្យា​ទំនើប​មួយ​ដែល​ធ្វើ​ឲ្យ​រូបភាព​ឌីជីថល​និង​ពិភព​ពិត​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​ពិភព​តែ​មួយ។ បើ​និយាយ​ឲ្យ​ស្រួល​យល់ បច្ចេកវិទ្យា​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​បច្ចេកវិទ្យា​បង្ហាញ​ក្នុង​រឿង​ហូលីវូដ​បែប​វិទ្យាសាស្ត្រ​ជា​ច្រើន ដូចជា Iron Man ជា​ដើម ដែល​តួអង្គ​អាច​មើល​និង​ចុច​លើ​ព័ត៌មាន​ផុស​ចេញ​លើ​លំហ។


AR ខុស​ពី​ VR ត្រង់​ថា វា​ប្រើ​ប្រាស់​ពិភព​ពិត​មាន​ស្រាប់​ខាង​ក្រៅ ដោយ​បន្ថែម​ព័ត៌មាន​ឌីជីថល​ពី​លើ (ព័ត៌មាន​លើ​លំហ)។

គ្រប់ App លើ​គ្រឿង​អេឡិចត្រូនិក​បំពាក់ AR ត្រូវ​បង្កើត​ឡើង​ក្នុង​កម្មវិធី 3D ពិសេស​មួយ​ដែល​អាច​ឲ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​កំណត់​និង​ចង Animation ឬ​ព័ត៌មាន​ឌីជីថល​ផ្សេងៗ​​ជាមួយ​នឹង AR Marker ដើម្បី​ថែម​ព័ត៌មាន​ផ្សេង​ពី​លើ​ពិភព​ពិត​​ខាង​ក្រៅ។ ឧទាហរណ៍​ថា នៅ​ពេល​អ្នក​ប្រើប្រាស់​យក​ទូរសព្ទ​បំពាក់​កម្មវិធី AR ទៅ​ថត​អគារ​ផ្សេង​នៅ​ពិភព​ខាង​ក្រៅ នោះ​ផ្ទាំង​ព័ត៌មាន​ឌីជីថល​ដែល​បាន​កំណត់​ នឹង​បង្ហាញ​យ៉ាង​ត្រឹមត្រូវ​ពី​លើ​អាគារ​នីមួយៗ​តាម​រយៈ​ទូរសព្ទ។


បច្ចេកវិទ្យា AR លើ​ស្មាតហ្វូន ជាទូទៅ​បញ្ចូល កាមេរ៉ា​ឌីជីថល, សិនស័រ​អុបទិក (Optical Sensor), សិនស័រ​ឥត​ខ្សែ, Global Positioning System (GPS) និង​ត្រី​វិស័យ​ទូរសព្ទ សម្រាប់​កំណត់​ទីតាំង​​អ្នក​ប្រើប្រាស់ ដើម្បី​អាច​ចាប់​ទិសដៅ​បាន​ច្បាស់លាស់ ពេល​មុខងារ AR ដំណើរការ។
ជាក់ស្ដែង ហ្គេម Pokemon Go ដែល​ធ្វើ​ឲ្យ​ពិភពលោក​កក្រើក​មួយ​រយៈ​នេះ​ ជា​ប្រភេទ​ហ្គេម​បំពាក់​បច្ចេកវិទ្យា AR។ អ្នក​លេង​ហ្គេម អាច​ដើរ​ចាប់​សត្វ Pokemon ដោយ​ការ​បើក GPS និង​កាមេរ៉ា ដូច្នេះ​អ្នក​ប្រើប្រាស់​នឹង​ឃើញ​សត្វ​ទាំង​នោះ​ផុស​ចេញ​នៅ​ពិភព​ខាង​ក្រៅ តាមរយៈ​កាមេរ៉ា​ទូរសព្ទ។
បច្ចេកវិទ្យា AR នេះ​ក៏​ធ្លាប់​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​វិស័យ​យោធា ដើម្បី​បង្វឹក​អ្នក​បើក​យន្តហោះ​ចម្បាំង។ Pilot ត្រូវ​ពាក់​មួក ដែល​កញ្ចក់​របស់​វា​អាច​បង្ហាញ​ផ្ទាំង​រូបភាព ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ដូច​កំពុង​​ប្រតិបត្តិការ​សឹក​ពិតៗ។

+ភាព​ខុស​គ្នា​រវាង AR និង VR?

-​​ Augmented Reality (AR): ជា​ការ​បង្ហាញ​ចេញ​នូវ​លទ្ធផល​ទៅ​កាន់​អ្នក​ប្រើប្រាស់​ផ្ទាល់​នឹង​ភ្នែក (ពុំ​មាន​ប្រើ​ឧបករណ៍​បិទ​បាំង​អ្វី​ទេ) ឫ​កម្មវិធី (App) ដែល​បញ្ចូល​នូវ​វត្ថុ​សិប្បនិម្មិត​អ្វី​មួយ ទៅ​កាន់​កម្មវត្ថុ​នោះ តាម​រយៈ​កាមេរ៉ា​របស់​ស្មាតហ្វូន។ -Virtaul Reality (VR): ជា​ការ​បង្ហាញ​ចេញ​ដោយ​បិទ​បាំង​នូវ​ភ្នែក​របស់​អ្នក​ប្រើប្រាស់​ទាំង​ស្រុង (ប្រើ​ឧបករណ៍​ជំនួយ) ហើយ​បង្ហាញ​ពី​សភាព​ថ្មី នៃ​ទិដ្ឋភាព​និង​បរិយាកាស​ក្នុង​ពិភព​មួយ​ផ្សេង​ទៀត។​

​​បញ្ជាក់​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​ជោគជ័យ​លើ​វិស័យ VR ធំ​បំផុត គឺ​ក្រុមហ៊ុន SAMSUNG ដែល​ផ្អែក​តាម​របាយការណ៍​ចេញ​ពី SuperData និង Unity កាល​ពី​ឆ្នាំ ២០១៦ ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​មួយ​នេះ បាន​លក់​ដាច់​ឧបករណ៍ Gear VR ដល់​ទៅ ៤,៥ លាន​គ្រឿង​ឯណោះ។ ជា​ការ​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​តាម​ដោយ​ឧបករណ៍ HTC Vive, Playstation VR និង Daydream View។
ចំណែក​ឯ​ចំណូល​នៃ​ការ​លក់​ឧបករណ៍​ VR សរុប​នៃ​ក្រុមហ៊ុន​ទូទាំង​​ពិភពលោក ទទួល​បាន​ជាង ១,៨ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​លក់​ដាច់​បាន​ជាង ៦,៣ លាន​គ្រឿង ក្នុង​ឆ្នាំ ២០១៦។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget