និយាយដល់ Hybrid មនុស្សភាគច្រើនតែងគិតដល់រថយន្ត
Toyota Camry ឆ្នាំ ២០០៧ ដែលគេនិយមហៅថា Camry Hybrid និង រថយន្ត
Toyota Prius ជាដើម។ អ្នកប្រហែលជាដឹងថារថយន្ត Hybrid
នេះស៊ីសាំងតិចជាងរថយន្តធម្មតា
ប៉ុន្តែប្រហែលមិនដឹងច្បាស់ទេថារថយន្តនេះមានដំណើរការខុសពីរថយន្តធម្មតាដូចម្ដេច។

ដំបូងត្រូវយល់ថា Hybrid ជាពាក្យសំដៅលើយានយន្តណាដែលដំណើរការដោយប្រភពថាមពលចំនួនពីរខុសគ្នា។ ពាក្យនេះមិនមែនប្រើបានតែជាមួយរថយន្តនោះទេ សូម្បីតែកង់ខ្លះក៏ជាកង់ Hybrid ដែរ ដូចជាកង់ប្រើអាគុយដែលមានប្រភពថាមពលពីរគឺអាគុយ និង កម្លាំងធាក់របស់មនុស្ស។ ចំពោះរថយន្តវិញបច្ចុប្បន្នរថយន្ត Hybrid ដែលគេនិយមប្រើជាងគេមានម៉ាស៊ីនប្រើថាមពលពីរគឺអាគុយ និង ប្រេងឥន្ធនៈ។
មានវិធីជាច្រើនដែលរថយន្ត Hybrid អាចជួយសន្សំសំចៃសាំងបានច្រើនជាងរថយន្តធម្មតា។ នៅពេលរថយន្តឈប់ស្ដុប ឬ ស្ទះចរាចរណ៍ អាគុយជាអ្នកផ្ដល់ថាមពលសម្រាប់ម៉ាស៊ីនត្រជាក់ និង ឧបករណ៍ដទៃទៀតកំពុងដំណើរការក្នុងរថយន្តដូចជាម៉ាស៊ីនចាក់ចម្រៀងជាដើម ហើយអាគុយនេះក៏ជួយឲ្យម៉ូទ័រអេឡិចត្រូនិកបញ្ឆេះម៉ាស៊ីនដើម្បីដំណើរការឡើងវិញបានដែរ។ ប្រសិនបើចាំបាច់ម៉ាស៊ីនប្រើសាំងនឹងចូលរួមចំណែកដើម្បីផ្ដល់ថាមពលបន្ថែមសម្រាប់ការបង្កើនល្បឿន។

ការបម្លែងថាមពលពីការជាន់ហ្វ្រាំងជាមុខងារជួយសន្សំសំចៃប្រេងឥន្ធនៈមួយកម្រិតទៀតលើរថយន្ត Hybrid។ នៅពេលជាន់ហ្រ្វាំងប្រព័ន្ធឆ្លាតវៃរបស់រថយន្ត Hybrid នឹងស្រូបយកថាមពលដែលបង្កើតបានពីការជាន់ហ្រ្វាំងដើម្បីបម្លែងទៅជាថាមពលអគ្គិសនី ហើយរក្សាទុកក្នុងអាគុយ។ ថាមពលដែលបានរក្សាទុកនេះអាចយកមកប្រើសម្រាប់ការបញ្ឆេះម៉ាស៊ីន និង ការបង្កើនល្បឿនរថយន្តបាន។

មុខងារមួយទៀតលើម៉ាស៊ីន Hybrid គឺ "electric-only-drive" ដែលអនុញ្ញាតឲ្យរថយន្តបើកទៅមុខដោយពឹងផ្អែកលើកម្លាំងអេឡិចត្រូនិកសុទ្ធ។ មុខងារនេះអាចដំណើរការបានតែនៅពេលរថយន្តរត់ក្នុងល្បឿនយឺតៗ ហើយការរត់នៅល្បឿនលឿនៗជាតួនាទីរបស់ម៉ាស៊ីនដំណើរការដោយប្រេងសាំងវិញ។

ដោយសារតែរថយន្តប្រើម៉ាស៊ីន Hybrid មានចំណុចខ្លាំងទាំងនេះហើយ ទើបអាចសន្សំសំចៃប្រេងឥន្ធនៈបានយ៉ាងល្អ ហើយបានក្លាយជាទីពេញនិយមសម្រាប់អ្នករស់នៅក្នុងទីក្រុង ជាពិសេសទីក្រុងដែលមមាញឹកខ្លាំង៕
0 comments:
Post a Comment