សម្រាប់ Aperture បើគិតជាលេខកាន់តែធំ រន្ធបើកពន្លឺកាន់តែតូច ដូចនេះពន្លឺចូលកាន់តែតិច ។ ឥទ្ធិពលវាលើរូបថត ហៅថា Depth of Field (ជម្រៅនៃចម្បាស់) ដែលជាភាពច្បាស់នៃរូបថត ឬភាពស្រវាំងនៃរូបភាព ។ Shallow depth of field (ចម្បាស់រាក់) មានន័យថាក្នុងរូបរបស់យើង មានតែវត្ថុមួយដែលយើងផ្តោតច្បាស់ ក្រៅពីនោះស្រវាំង ។ Greater depth of field (ចម្បាស់ជ្រៅ) មានន័យថា វត្ថុដែលយើងផ្ដោត និងរូបភាពផ្សេងទៀតច្បាស់ទាំងអស់ដូចគ្នា ។ ដូចនេះ គុណភាពរូបមានពីរ មួយគឺច្បាស់លើវត្ថុដែលយើងចង់រំលេច/ឲ្យច្បាស់ ក្រៅពីនោះស្រវាំង និងមួយទៀតគឺច្បាស់ទាំងអស់ គ្មានអ្វីស្រវាំង ។ បើរូបស្រវាំងទាំងអស់ ប្រហែលមិនមែនជារូបថតល្អឡើយ ។
សម្រាប់ Shutter Speed បើលេខកាន់តែធំ មានន័យថាល្បឿនបិទពន្លឺកាន់តែលឿន ដូចនេះពន្លឺចូលបានតិច ។ ឥទ្ធិពលវាលើរូបថតគឺ សកម្មភាពវត្ថុដែលត្រូវថត ។ បើល្បឿនបិទនៃម៉ាស៊ីនថត យឺតជាងល្បឿនវត្ថុដែលត្រូវថត រូបភាពនឹងមិនច្បាស់ មានដានពន្លឺព្រាលៗ ។ ផ្តានពន្លឺព្រាលខ្លី ឬវែង អាស្រ័យទៅលើ ថាតើល្បឿនបិទយឺតជាងល្បឿនវត្ថុប៉ុណ្ណា ។ បើសិនជាយើងថត វត្ថុដែលមានសកម្មភាព ឧទា. មនុស្សជិះម៉ូតូ យើងត្រូវកំណត់ល្បឿនបិទម៉ាស៊ីនថត យើងឲ្យលឿនជាងល្បឿនម៉ូតូ ដើម្បីកុំឲ្យរូបភាពព្រាល ។ បើយើងថតវត្ថុនៅហ្នឹងថ្កល់ យើងអាចកំណត់ Shutter Speed ឲ្យតូច ដើម្បីឲ្យម៉ាស៊ីនថតទទួលពន្លឺបានច្រើន ។
ចុងក្រោយ យើងមានអថេរមួយទៀតគឺ ISO ជាភាពភ្ញោចទៅនឹងពន្លឺ ។ បើលេខកាន់តែធំ មានន័យថាម៉ាស៊ីនយើងកាន់តែភ្ញោចទៅនឹងពន្លឺ ដូចនេះទោះមានពន្លឺចូលតិច ដែលម៉ាស៊ីនថតទទួលបានច្រើន ឬដើម្បីផ្តិតបានរូបភាព ម៉ាស៊ីនថតត្រូវការបរិមាណពន្លឺតិច ។ បើលេខតូច មានន័យថាម៉ាស៊ីនថតត្រូវការបរិមាណពន្លឺច្រើន ដើម្បីផ្តិតបានរូបភាព ។ បញ្ហាមួយគឺថា រូបដែលមាន ISO ធំ គឺមានចំណុចគ្រាប់ៗ ដេរដាសលើរូប នៅពេលពង្រីកធំ ធ្វើឲ្យរូបភាពមិនម៉ត់ស្អាត ។ ដូចនេះ រូបមួយល្អ គឺនៅពេលពង្រីកកាន់តែធំទៅគឺគ្មានគ្រាប់ៗ ឬម៉ត់ ។ ប៉ុន្តែ បើរូបភាពម៉ត់ ហើយងងឹតស្លុបមើលមិនឃើញក៏គ្មានបានការដែរ ។
ដូចនេះរូបភាពល្អគឺ ច្បាស់ ម៉ត់ និងផ្តោតបានល្អ ។ ល្អម៉្យាងទៀតគឺ ថានៅពេលឃើញរូបរបស់យើង គេអាចយល់បានថា យើងថតចង់ថតពីអ្វី ឬចង់បង្ហាញប្រាប់អ្វីគេ អំពីមនុស្ស ទេសភាព ឬសកម្មភាព ជាដើម ។ ដើម្បីបានរូបភាពល្អ យើងមានអថេរបីដើម្បីកំណត់ (១)ទំហំរន្ធពន្លឺ ឬ Aperture (2)ល្បឿនបិទពន្លឺ ឬ Shutter Speed និង (៣)ពញ្ញោចពន្លឺ ឬ ISO ។ ទាំងអស់កំណត់ពីបរិមាណពន្លឺ ដែលម៉ាស៊ីនថតទទួល ។ ម៉ាស៊ីនថតតម្រង់ចុច ធ្វើការគណនាតម្លៃទាំងនោះដោយស្វ័យប្រវត្តិ ដោយផ្អែកលើធាតុចូលមួយចំនួន ។ ពិសោធន៍ខ្លួនឯង នឹងបានសប្បាយ ហើយមិនមែនសប្បាយនឹងរូបថតទេ គឺសប្បាយនឹងការគ្រប់គ្រងម៉ាស៊ីន ឲ្យធ្វើអ្វីតាមការស្រមើរស្រមៃរបស់យើង ។
សម្គាល់
- ស្រវាំង (គុ.) (--វ៉ាំង) ដែលភ្លឺមិនច្បាស់ព្រោះបាំងពន្លឺថ្ងៃជាដើម (ចំពោះតែភ្នែក) : ភ្នែកស្រវាំង ឬ ស្រវាំងភ្នែក ។
- ព្រាលៗ (កិ. វិ.), (គុ.) ដែលមានព័ណ៌ដិតរលាបៗ; ដែលមិនច្បាស់, មិនជាក់, គ្រាន់តែព្រាងៗ : ក្រហមព្រាលៗ, ជ្រលក់ដិតព្រាលៗ; យល់ព្រាលៗ, ដឹងព្រាលៗ ។
ជួន ណាត (១៩៦៧)
0 comments:
Post a Comment