ប៉ុន្តែភ្ញៀវដែលទៅលេងកំសាន្ត មិនមែនសម្តៅទៅហូបតែមាន់ដុតប៉ុណ្ណោះទេ សំខាន់គឺទៅលេងកំសាន្តនៅទីនោះ ដើម្បីលំហែរកាយ និងទស្សនាទេសភាពធម្មជាតិនៅតាមជើងភ្នំ និងលំហផ្ទៃជលសារក្នុងរដូវវស្សាលាយឡំនិងធម្មជាតិខៀវខ្ចីនៅតាម ជើងភ្នំជាទីមនោរម្យ។
ចំណែកក្នុងរដូវទឹកសម្រក ឬរដូវប្រាំងក្នុងលំហផ្ទៃជលសារក៏ក្លាយទៅជាទេសភាពខៀវខ្ចី មើលទៅឃើញវាលស្រែដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក គួបផ្សំនិងការជួបជុំក្រុមគ្រួសារ ជីដូនជីតា មិត្តភ័ក្រ គូសង្សារ ឈប់សម្រាកនៅលើខ្យូសក្រោមម្លប់ជ្រៃ ម្លប់ពោធិ៍ តាមជើងភ្នំមានខ្យល់ធម្មជាតិបក់បោកលាយឡំនិងក្លិនលំអងផ្កាស្រែ ស្រូវជះមកប៉ះច្រមុះម្តងៗ ធ្វើឲ្យចាប់ចិត្តណាស់។
ថ្វីត្បិតតែតំបន់ទេសចរណ៍នៅភ្នំស្អាងវាមានលក្ខណៈគ្រួសារ យ៉ាងណាក៏ដោយ តែចំពោះសន្តិសុខសណ្តាប់ធ្នាប់ បរិស្ថានមានអនាម័យគឺល្អ ធ្វើឲ្យភ្ញៀវដែលទៅកំសាន្តមានផាសុខភាព។ បើបានទៅកំសាន្តម្តងហើយ ចងតែទៅកំសាន្តម្តងទៀត។ តំបន់ទេសចរណ៍ភ្នំស្អាងនេះ មិនមានលក្ខណៈធំដុំតាមស្តង់ដារឡើយ ក៏ប៉ុន្តែវាអាចធ្វើឲ្យបងប្អូនភ្ញៀវទេសចរណ៍ ដែលទៅកំសាន្តនៅទីនោះ បានសប្បាយនិងបានហូបមាន់ដុតដ៏ឈ្ងុយឆ្ងាញ់ និងមិនបាច់បារម្ភពីតម្លៃឡើយ។ ប្រជាពរដ្ឋអ្នកលក់ដូរប្រមាណជា១០គ្រួសារនៅទីនោះមានជីវភាពធូរធា ដោយសារមុខរបរដុតមាន់នេះ។
មាន់ដុតមួយក្បាលមានតម្លៃតាម តូចតាមធំ ពី២៥០០០ទៅ៣៥០០០រៀល ហើយបើចង់ហូបបាយ អ្នកលក់ហ្វ្រី(free)បាយ ឲ្យដោយមិនគិតថ្លៃទៀត។ ចំណែកភេសជ្ជៈ ស្រាបៀរ ទឹកក្រូច ទឹកផ្លែឈើ ទឹកសុទ្ធ លក់ក្នុងតម្លៃធម្មតា ។ ខ្យូសនីមួយៗមានក្រាលកន្ទេល និងមានអង្រឹងសម្រាប់គេងលំហែរកាយទៀតផង។
បើលោកអ្នកចង់ទៅ លេងភ្នំស្អាង លោកអ្នកធ្វើដំណើរពីរង្វង់មូលក្រុងតាខ្មៅទៅ មានចម្ងាយតែជាង១០គីឡូម៉ែត្រប៉ុណ្ណោះ។ លោកអ្នកធ្វើដំណើរចេញពីក្រុងក្រុងតាខ្មៅ ឆ្ពោះតាមផ្លូវជាតិលេខ២១ ប្រមាណ១១គីឡូម៉ែត្រ លោកអ្នកនិងឃើញមានការាស់សាំងមួយដែលមានយីហោ មានផល នៅខាងស្តាំដៃ ហើយមានផ្លូវក្រាលកៅស៊ូមួយបត់ស្តាំឆ្ពោះទៅលិច លោកអ្នកធ្វើដំណើរបត់ស្តាំតាមផ្លូវជាប់ និងការាស់សាំងឈ្មោះ មាន ផល ឆ្ពោះទៅលិចបន្តិច លោកអ្នកនឹងឃើញបន្ទាយទាហាន សឹករង ស្រុកស្អាងនៅខាងឆ្វេងដៃ និងឃើញសាលាឃុំស្អាងភ្នំនៅខាងស្តាំដៃ ហើយធ្វើដំណើរទៅមុខបន្តិចទៀត ប្រហែល១៥០០ម៉ែត្រ លោកអ្នកនិងឃើញ ក្លោងទ្វារវត្តភ្នំស្អាង នៅខាងស្តាំដៃហើយ ហើយធ្វើដំណើរតាមផ្លូវវត្តរហូតបានប្រមាណជា២៥០០ម៉ែត្រ លោកអ្នកនិងទៅដល់វត្ត និងកន្លែងកំសាន្ត។
ថ្វីត្បិតតែនៅភ្នំ ស្អាងនេះ ល្បីថា មាន់ដុតមាន់ស្រែមានឱជារសឆ្ងុយឆ្ងាញ់ពិតមែន ក៏ប៉ុន្តែក៏មានភ្ញៀវខ្លះនិយាយថា ជាមាន់ធម្មតា ដុតតាមរបៀបដូចតែគ្នាទេ។ តែមានគុណសម្បត្តិត្រង់ថា ទី១ជាមាន់ស្រែពិតប្រាកដ ទី២ការសម្រាកកំសាន្តហូបចុកនៅកន្លែងមួយដែលយើងមានអារម្មណ៍ថាស ប្បាយ ជាហេតុបណ្តាឲ្យយើងហូបអ្វីក៏ឆ្ងាញ់ ព្រោះកន្លែនោះវាប្លែកពីនៅផ្ទះរបស់យើង។
ស្រីដា អាយុ២៤ឆ្នាំ កម្មការិនីរោងចក្រកាត់ដេរ ជាប្រជាពលរដ្ឋមានស្រុកកំណើតនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្រុងតាខ្មៅ បាននិយាយថា មូលហេតុដែលនាងចង់ទៅលេងកំសាន្តនៅភ្នំស្អាង ដោយសារទី១ ចង់ទៅកំសាន្តទស្សនាទេសភាពតាមជើងភ្នំ និងលំហផ្ទៃជលសាព្រមទាំងទេសភាពវាលស្រែ។ ទី២នៅទីនោះម្ហូបអាហារថោកសមល្មម ដែលនាងមិនភ័យព្រួយពីតម្លៃឡើយ។ ទី៣ទិសដៅដែលនាងទៅកំសាន្តនៅទីនោះ គឺចង់តែហូបមាន់ដុតទេ ព្រោះមាន់ដែលអ្នកលក់នោះ គឺជាមាន់ស្រែពិតប្រាកដ ហើយមានរសជាតិឆ្ងុយឆ្ងាញ់គួរឲ្យចង់ហូបណាស់។ប៉ុន្តែស្រីដានាង បានបង្ហាញពីភាពព្រួយបារម្ភខ្លាចតំបន់ទេសចរណ៍ក្លាយទៅជារបស់ឈ្មួញ ពេលនោះ សេវានៅទីនោះ នឹងឡើងថ្លៃ ទាំងម្ហូបអាហារ និងភេសជ្ជៈជាមិនខាន ។
ចំណែកលោក ខាត់ សុខឿន អាយុ៥១ឆ្នាំ ជាអាជីវករលក់ខោអាវនៅផ្សារតាកែវ មានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ លោកបាននិយយាថា គាត់ឮល្បីថា មាន់ដុតនៅភ្នំស្អាងគឺមានរសជាតិឆ្ងុយឆ្ងាញ់ គាត់ក៏បាននាំគ្រួសារមកលេងកំសាន្តនៅទីនោះ ។ ពិតប្រាកដណាស់ សម្រាប់ប្រពន្ធកូនរបស់គាត់បានសសើរមិនដាច់ពីមាត់ថា ឆ្ងាញ់មែន។ ប៉ុន្តែផ្ទុយទៅវិញចំពោះរូបលោកបានកោតសសើរនៅទីនោះមានសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យល្អ និងមានធម្មជាតិស្រស់ត្រកាល់គួរឲ្យចង់គយគន់ណាស់។
ពេលដែល លោកទៅដល់តំបន់កំសាន្តនៅភ្នំស្អាងនោះ លោកនិយាយថា ដូចមានអារម្មណ៍ធូរស្រាលនឹងសប្បាយរីករាយទៀតផង។ ប៉ុន្តែលោកក៏បានបង្ហាញនូវការព្រួយបារម្ភផងដែរ អីពីការខ្លាចបាត់បង់តំបន់ទេសចរណ៍ជាលក្ខណៈគ្រួសារនេះ។ បើសិនជាតំបន់ទេសចរណ៍ធ្លាក់ទៅដល់ដៃក្រុមឈ្មួញវិញ តម្លៃនៃម្ហូបអាហារប្រាកដជាឡើងថ្លៃទ្វេរដងជាក់ជាមិនខាន។
លោកបានបញ្ជាក់ថា បើយោងតាមព័ត៌មានដែលលោកទទួលបាន តំបន់ទេសចរណ៍នេះ មានឈ្មួញម្នាក់ កំពុងចង់ច្បាមយកតំបន់ទេសចរណ៍នេះមកធ្វើអាជីវកម្មហើយ៕
0 comments:
Post a Comment