ការសម្រេចចិត្តថាតើគួរទិញរថយន្តប្រើម៉ាស៊ូត
ឬ
រថយន្តប្រើសាំងគឺជាផ្នែកមួយនៃការសម្រេចចិត្តដ៏ធំក្នុងការទិញរថយន្តសំរាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់យើង។
វាដូចទៅនឹងការជ្រើរើសរវាងប្រភេទរថយន្ត និង
ម៉ាករថយន្តដែលយើងគិតថាចង់ទិញផងដែល
យើងគួរតែពិចារណាឲ្យបានច្បាស់លាស់ថាប្រភេទប្រេងឥន្ធនៈបែបណាដែលសាកសម្យទៅនឹងរបៀប
និង គោលបំណងនៃការប្រើប្រាស់រថយន្តរបស់យើង។
យើងទាំងអស់គ្នាតែងតែចាត់ទុក្ខថារថយន្តម៉ាស៊ូតគឺជាប្រភេទរថយន្តដែលបង្ករនូវសំលេងរំខានកខ្វក់ និង មានតំលៃថ្លៃនៅពេលដែលយើងទិញវា ប៉ុន្តែវាក៏បានជួយសន្សំសំចៃការចំណាយរបស់យើងទៅលើប្រេងឥន្ធនៈផងដែរ។ នៅមួយរយះពេលកន្លងមកនេះ ទាំងរោងចក្រផលិតរថយន្ត និង អ្នកវិទ្យាសាស្ត្របានធ្វើកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវជាច្រើនដើម្បីលុបបំបាត់ចោលទស្សនៈនៃជម្រើសប្រេងឥន្ធនៈទាំងនេះ ដោយពួកគេបានខិតខំកែឆ្នៃឲ្យម៉ាស៊ីនរថយន្តម៉ាស៊ូតកាន់តែល្អប្រសើរ និង កាត់បន្ថយសំលេងរំខាន រីឯម៉ាស៊ីនរថយន្តសាំងវិញកាន់តែស៊ីសាំងតិច។
ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនសំរាប់ជាចំនួយដល់អ្នកទាំងអស់គ្នា ក្នុងការជ្រើរើសរវាងរថយន្តម៉ាស៊ូត និង រថយន្តសាំង។
កំណត់នូវគោលបំណងនៃការប្រើប្រាស់រថយន្ត:
ជាទូទៅប្រសិនបើយើងនិយាយអំពីការប្រើប្រាស់រថយន្តជាលក្ខណៈញឹកញាប់ និង ការបើកបរផ្លូវឆ្ងាយ នោះមាននៃថាការប្រើប្រាស់រថយន្តម៉ាស៊ូតគឺជាជម្រើសសាកសម្យបំផុតសំរាប់អ្នក។
ប៉ុន្តែប្រសិនបើភាគច្រើននៃការធ្វើដំណើររបស់អ្នកមាននៅតែក្នុងទីក្រុង និង ទៅទីកន្លែងដែលជិតៗនោះ ជម្រើសប្រភេទរថយន្តដ៏ល្អបំផុតសំរាប់អ្នកគឺជារថយន្តម៉ាស៊ីនប្រើសាំងដែលមានកំលាំងតូច។
ជាធម្មតាតំលៃរបស់រថយន្តម៉ាស៊ូតតែងតែថ្លៃជាងរថយន្តប្រើសាំង ប៉ុន្តែវាក៏បានកាត់បន្ថយការចំណាយរបស់យើងក្នុងការប្រើប្រាស់ប្រេងឥន្ធនៈផងដែរ ដូចច្នេះយើងគួរតែធ្វើការថ្លឹងថ្លែងឲ្យបានច្បាស់លាស់ ថាតើការសន្សំសំចៃការចំណាយទៅលើប្រេងឥន្ធនៈអាចកាត់កង ឬ ចំណេញ់ជាងការចំណាយទៅលើរថយន្តម៉ាស៊ូតដែលមានតំលៃថ្លៃជាងរថយន្តប្រើសាំងដែលឬទេ?
ការប្រៀបធៀបរវាងរថយន្តប្រើសាំង និង រថយន្តប្រើម៉ាស៊ូត:
កន្លងមកធ្លាប់មានការយល់ឃើញអវិជ្ជមានថារថយន្តប្រើម៉ាស៊ូតគឺមានល្បឿនយឺតជាង ធំក្លឹនអាក្រក់ មានសំលេងរំខាន និង មានតម្លៃថ្លៃជាងរថយន្តប្រើប្រេងសាំង។ ប៉ុន្តែសំរាប់ពេលបច្ចុប្បន្ននេះការប្រើប្រាស់រថយន្តម៉ាស៊ូតគឺមានលក្ខណៈកាន់តែប្រសើរឡើងហើយ ជាហេតុនាំឲ្យរថយន្តទាំងពីរប្រភេទនេះមានគុណសម្បត្តិ និង គុណវិបត្តិប្រហ័កប្រហែលគ្នា។
ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលទាក់ទងទៅនឹងគុណសម្បត្តិ និង គុណវិបត្តិរបស់រថយន្តទាំងពីរប្រភេទនេះ ៖
•គុណសម្បត្តិនៃរថយន្តប្រើប្រាស់ម៉ាស៊ូត ៖
1.អត្ថប្រយោជន៍ផ្នែកហិរញ្ញាវត្ថុ ៖ ម៉ាស៊ីនម៉ាស៊ូតធន់ជាង និង អាចជួយសន្សំសំចៃការចំណាយទៅលើការប្រើប្រាស់ប្រេងឥន្ធនៈបាន 15-20% ច្រើនជាងរថយន្តប្រើប្រាស់សាំង។ ម៉្យាងវិញទៀតយើងក៏អាចលក់វិញក្នុងតំលៃថ្លៃជាងរថយន្តប្រើសាំងផងដែរ។
2.អត្ថប្រយោជន៍ដល់បរិស្ថាន ៖ សំរាប់ចំណុចនេះម៉ាស៊ីនម៉ាស៊ូតគឺមានលក្ខណៈល្អជាងរថយន្តប្រើសាំងព្រោះជាធម្មតារថយន្តប្រភេទនេះផលិតឧស្ម័នកាបូនិច (CO2) តិចជាង បើប្រៀបធៀបទៅនឹងម៉ាស៊ីនសាំងដែលមានកំលាំងប៉ុនគ្នា។
3.អត្ថប្រយោជន៍ដល់ការបើកបរ ៖ រថយន្តម៉ាស៊ូតមានកំលាំងបង្វល់ជុំខ្លាំងជាងរថយន្តប្រើសាំង ពោលគឺរថយន្តប្រើប្រាស់ម៉ាស៊ូតគឺមានសម្ថភាពខ្ពស់ក្នុងការបើកបរសណ្តោង និង ទ្រទំងន់បានធ្ងន់។
•គុណវិប្បត្តិនៃរថយន្តប្រើប្រាស់ម៉ាស៊ូត ៖
1.ផ្នែកហិរញ្ញាវត្ថុ ៖ ជាធម្មតារបស់រថយន្តម៉ាស៊ូតគឺមានតំលៃថ្លៃជាងរថយន្តប្រើសាំង ហើយការចំណាយក្នុងការថែទាំ និង ជួសជុលក៏ថ្លៃជាងផងដែរ។
2.ការប៉ះពាល់ដល់បរិស្ថាន ៖ ទោះបីជាមានរថយន្តប្រើម៉ាស៊ូតមានការបំភាយឧស្ម័ន CO2 របស់ខ្លួនទាបជាងរថយន្តប្រើប្រេងសាំងក៏ដោយ ប៉ុន្តែវាក៏បានផលិតនូវសារធាតុតូចល្អិតម៉្យាងដែលជាមូលហេតុផ្សារភ្ជាប់ទៅនឹងការបង្ករបញ្ហាដល់ការដកដង្ហើមដូចជាជំងឺហឺតជាដើម។
3.បញ្ហាដល់ការបើកបរ ៖ ជាធម្មតារថយន្តម៉ាស៊ូតគឺមានសំលេងលាន់ខ្លាំង ហើយសំលេងលាន់នេះគឺកាន់តែខ្លាំងនៅេពេលដែលរថយន្តរបស់អ្នកមានអាយុកាលកាន់តែចាស់ ។
•គុណសម្បត្តិនៃរថយន្តប្រើប្រាស់សាំង ៖
1.អត្ថប្រយោជន៍ផ្នែកហិរញ្ញាវត្ថុ ៖ រថយន្តប្រើប្រាស់សាំងមានតំលៃថោកជាងរថយន្តដែលប្រើប្រាស់ម៉ាស៊ូត ហើយការចំណាយទៅលើការថែទាំក៏អស់តិចជាងផងដែរ។
2.អត្ថប្រយោជន៍ដល់ការបើកបរ ៖ រថយន្តប្រើប្រាស់សាំងមានសំលេងស្ងាត់ជាង និង មានសន្ទុះលឿនជាងរថយន្តប្រើប្រាស់ម៉ាស៊ូត។
•គុណវិប្បត្តិនៃរថយន្តប្រើប្រាស់សាំង ៖
1.ផ្នែកហិរញ្ញាវត្ថុ ៖ រថយន្តប្រើប្រាស់សាំងមិនសូវមានភាពធន់ បើប្រៀបធៀបជាមួយនឹងរថយន្តប្រើម៉ាស៊ូត។ ម៉្យាងវិញទៀតតំលៃរថយន្តប្រើប្រាស់សាំងក៏ធ្លាក់លឿន និង លក់បានថោកបើប្រៀបធៀបជាមួយរថយន្តប្រើម៉ាស៊ូត។
2.ការប៉ះពាល់ដល់បរិស្ថាន ៖ រថយន្តប្រើប្រាស់សាំងមានការបំភាយឧស្ម័ន CO2 ជ្រើនជាងរថយន្តប្រើម៉ាស៊ូត ពោលគឺប៉ះពាល់ដល់បរិស្ថានជាងប្រើម៉ាស៊ូត។
ទាំងអស់នេះគឺជាការប្រៀបធៀបរវាងរថយន្តដែលប្រើប្រាស់ម៉ាស៊ូត និង រថយន្តប្រើប្រាស់សាំង។ សរុបសេចក្តីមកការសំរេចចិត្តជ្រើរើសរថយន្តប្រភេទណានោះគឺអាស្រ័យទៅលើថាតើអ្នកនឹងប្រើរថយន្តអ្នកដល់កំរឹតណា? ប្រសិនបើអ្នកគ្រោងនឹងប្រើវាសម្រាប់ចម្ងាយឆ្ងាយ និង ជារៀងរាល់ថ្ងៃនោះ អ្នកគួរតែជ្រើរើសរថយន្តម៉ាស៊ូតប្រសើជាងរថយន្តប្រើសាំង។
0 comments:
Post a Comment