ស្ទើរតែគ្រប់ផ្នែកនៃរថយន្តគ្រប់ប្រភេទទាំងអស់សុទ្ធសឹងតែមានអាយុកាលកំណត់របស់វា ហើយអាយុកាលនេះទៀតសោតគឺផ្អែកទៅលើ ឆ្នាំផលិតនៃម៉ូដែលរថយន្ត ឥរិយាបថនៃការបើកបរ (ក្នុងក្រុងឬក្រៅក្រុង) ព្រមទាំងផ្អែកលើអាកាសធាតុថែមទៀតផង។
ខាងក្រោមនេះជាបញ្ជីបង្ហាញពីរយៈពេលដែលអ្នកគួរប្ដូរគ្រឿងបន្លាស់នីមួយៗលើរថយន្ត ដោយគិតផ្អែកលើលក្ខខណ្ឌបើកបរបែបធម្មតា ដកស្រង់ពីវិបសាយដោះស្រាយបញ្ហារថយន្ត AA1Car៖
១. ប្រេងម៉ាស៊ីន និងតម្រងប្រេងម៉ាស៊ីន៖ រៀងរាល់ ៣ខែ-៦ខែម្ដង ឬរៀងរាល់ពី ៣០០០-៥០០០ម៉ាយ។
២. ដងផ្លិតទឹកឡាន៖ រៀងរាល់មួយឆ្នាំ ឬ ពីរឆ្នាំម្ដង។
៣. តម្រងខ្យល់ម៉ាស៊ីនឡាន៖ រៀងរាល់ ៣-៤ឆ្នាំម្ដង ឬ ៣ម៉ឺន-៥ម៉ឺនម៉ាយម្ដង អាយុកាលរបស់វាអាចកាត់បន្ថយប្រសិនរថយន្តប្រើប្រាស់លើផ្លូវសម្បូរធូលីដី។
៤. ស្បែកហ្វ្រាំង៖ រៀងរាល់ ៣-៥ឆ្នាំ ឬ ៣ម៉ឺន-៧ម៉ឺនម៉ាយ។ បញ្ជាក់ថាចំពោះរថយន្តធំៗដែលមានទម្ងន់ធ្ងន់ឆាប់សឹងស្បែកហ្វ្រាំងជាងរថយន្តធន់តូច ចំណែកឯរថយន្តបើកបរក្នុងក្រុងវិញក៏ធ្វើឲ្យស្បែកហ្វ្រាំងឆាប់សឹកដោយសារឧស្សាហ៍ជាន់ហ្វ្រាំង។
៥. អាគុយ៖ រៀងរាល់ ៤-៥ឆ្នាំ ប៉ុន្តែសម្រាប់ការបើកបរនៅតំបន់អាកាសធាតុក្ដៅអាគុយឡានប្រហែលជាប្រើបានត្រឹម៣ឆ្នាំ។
៦. អំពូលភ្លើងមុខ/ក្រោយ៖ រៀងរាល់ ៥-៧ឆ្នាំ ផ្អែកលើថាអ្នកឧស្សាហ៍បើកបរពេលយប់កម្រិតណា។ ការបើកបរលើផ្លូវរដិបរដុប ឬផ្លូវរលាក់ក៏អាចធ្វើឲ្យអាយុកាលរបស់អំពូលថយចុះផងដែរ (ចំពោះអំពូលប្រភេទ LED វិញមិនជាបញ្ហាឡើយ)។
៧. កង់ឡាន៖ រៀងរាល់ ៥-៧ឆ្នាំ អាយុកាលរបស់កង់ឡាននេះក៏អាស្រ័យទៅលើរយៈចម្ងាយដែលអ្នកបើកបរប្រចាំឆ្នាំ លក្ខខ័ណ្ឌនៃការបើកបរ និងគុណភាពនៃកង់ឡានផងដែរ។
៨. ខ្សែពាន៖ ខ្សែពានអាចមានអាយុកាលប្រមាណ ៦ឆ្នាំ ឬ៧,៥ម៉ឺនម៉ាយ។
៩. Sensor ម៉ាស៊ីន៖ Sensor ភាគច្រើនមានអាយុកាលដល់ទៅ ១៥ម៉ឺនម៉ាយ។ Sensor ដែលខូចនឹងធ្វើឲ្យលោតភ្លើងនៃសញ្ញា Check Engine លើតាប្លូ។
១០. ក្បាលបំពង់ស៊ីមំាង៖ ក្បាលបំពង់ស៊ីមំាងរថយន្តជំនាន់ក្រោយភាគច្រើនប្រើប្រាស់ដែកធន់នឹងច្រេស ដែលវាមានអាយុកាលរហូតដល់១០ឆ្នាំ ឬ១សែនម៉ាយ។
១១. អំប្រាយ៉ាហ្ស៖ ជាធម្មតាមានអាយុកាលដល់ទៅ១សែនម៉ាយ ប្រសិនបើបើកបរបែបធម្មតា។
១២. ប្រព័ន្ធប្រអប់លេខអូតូ៖ គួរតែមានអាយុកាលយូរអង្វែង ប៉ុន្តែវាអាចមានបញ្ហានៅពេលប្រើប្រាស់បានចាប់ពី ៧ម៉ឺនម៉ាយឡើងទៅ។ ការបើកបរដែលប្រើកម្លាំងខ្លាំង ដូចជាសណ្ដោង អាចបណ្ដាលប្រអប់លេខឡើងកម្ដៅ និងកាត់បន្ថយអាយុកាល ព្រមទាំងបណ្ដាលឲ្យមានបញ្ហាថែមទៀតផង៕
0 comments:
Post a Comment