ច័ន្ទ, 7 ឧសភា 2018 11:57
- ចំនួនមតិ 2
ចន្លោះមិនឃើញ
ការថែទាំរថយន្តដោយខ្លួនឯង ជាកត្តាមួយដែលចាំបាច់សម្រាប់អ្នកប្រើប្រាស់រថយន្តគ្រប់រូបព្រោះមិនត្រឹមតែអាចឲ្យដឹងពីភាពមិនប្រក្រតីរបស់រថយន្តឡើយ ថែមទាំងអាចបង្ការពីការប្រើប្រាស់ទាំងរថយន្តដំណើរការមិនស្រួល នាំឲ្យអស់ថ្លៃជួសជុលច្រើនទៀតផង។
កម្រិតប្រេងម៉ាស៊ីន និងទឹកនៅក្នុងរថយន្តជាផ្នែកដែលសំខាន់ ដែលអ្នកប្រើប្រាស់រថយន្តគ្រប់រូបគួរឆែកឲ្យបានញឹកញាប់យ៉ាងហោចណាស់មួយខែម្ដង ពិសេសមុនពេលចេញដំណើរផ្លូវឆ្ងាយតែម្ដង។ ថ្ងៃនេះ Sabay ណែនាំចំណេះដឹង ពាក់ព័ន្ធការឆែកមើលប្រេងម៉ាស៊ីននានា និងកម្រិតទឹកដែលត្រឹមត្រូវនៅក្នុងរថយន្តអ្នកគ្រប់គ្នា៖
១. ប្រេងម៉ាស៊ីន
នេះជាប្រេងដែលសំខាន់បំផុតនៅក្នុងរថយន្ត ព្រោះវាជួយសម្រួលដល់ការធ្វើការរបស់ម៉ាស៊ីន និងកាត់បន្ថយភាពសឹករេចរឹល។ ចាំបាច់ត្រូវប្ដូរប្រេងម៉ាស៊ីនរៀងរាល់ ៨ ០០០ គ.ម ម្ដង ឬតាមការណែនាំមកពីរោងចក្រផលិតរថយន្តផ្ទាល់។ ប៉ុន្តែមុននឹងឈានដល់ការប្ដូរ ប្រេងម៉ាស៊ីនក៏អាចហួត ហើយធ្លាក់កម្រិតប្រេងដែលទាមទារឲ្យមានការពិនិត្យមើល និងថែមឲ្យត្រឹមត្រូវតាមកម្រិតកំណត់។
មុនពេលឆែកមើលប្រេងម៉ាស៊ីន ជាដំបូងត្រូវពន្លត់ម៉ាស៊ីន និងទុកចោលមួយសន្ទុះឲ្យរាងចុះត្រជាក់បន្តិចសិន។ បន្ទាប់មក អ្នករកមើលឆ្នុកដែលមានក្បាលរាងមូលពណ៌លឿងនៅពីខាងមុខម៉ាស៊ីនហើយមួលទាញដកចេញមកមើលកម្រិតប្រេង។ ពេលដកចេញហើយ ត្រូវយកក្រណាត់ស្អាតទៅជូតដែកវាស់កម្រិតប្រេងឲ្យស្អាត ហើយចាំដាក់ចូលវិញមើលកម្រិតប្រេង។ នៅចុងដែកវាស់កម្រិតប្រេង មានក្រិតចំនួន ២ សម្រាប់សម្គាល់ពីកម្រិតពេញ និងមានតិច។ ដូច្នេះពេលដាក់ចូលវាស់ កម្រិតប្រេងម៉ាស៊ីនគួរតែនៅក្នុងចន្លោះនោះ។
បើសិនជាប្រេងម៉ាស៊ីនមានភាពខ្មៅខ្លាំងនិងមានកម្ទេចកំទីច្រើន អ្នកគួរតែប្ដូរប្រេងឲ្យហើយទៅ។
២. ប្រេងចង្កឹះលេខ
រថយន្តប្រភេទថ្មីភាគច្រើនមិនមានដែកវាស់កម្រិតប្រេងចង្កឹះលេខមកជាមួយទេ ជាហេតុនាំឲ្យគេត្រូវការយកទៅយានដ្ឋានដើម្បីមើលកម្រិតប្រេងចង្កឹះលេខ។ ប៉ុន្តែបើរថយន្តរបស់អ្នកមានដែកវាស់កម្រិតប្រេងចង្កឹះលេខនោះ អាចរកឃើញនៅខាងមុខចំពោះរថយន្តប៉ុងមុខ និងខាងឃ្លុបក្រោយសម្រាប់រថយន្តដែលប្រើប៉ុងក្រោយ។
ដើម្បីពិនិត្យមើលកម្រិតប្រេងចង្កឹះលេខ គេត្រូវបញ្ឆេះរថយន្តហើយដាក់ចង្កឹះលេខទៅអក្សរ P។ មានដែកវាស់កម្រិតដែលមានក្រិត ២ បង្ហាញថា ពេញ (FULL) ឬក៏កម្រិតទាប (LOW) ដែលប្រេងចង្កឹះលេខគួរស្ថិតនៅចន្លោះក្រិតទាំងពីរនេះ។
ប្រេងចង្កឹះលេខគួរប្ដូរចេញរៀងរាល់ ៤៨ ០០០ គ.ម ទៅ ៩៦ ៥០០ គ.ម ម្ដង។ ប្រេងចង្កឹះលេខភាគច្រើនមានពណ៌ក្រហម ផ្កាឈូក ឬពណ៌ត្នោតខ្ចី ប៉ុន្តែបើសង្កេតឃើញវាមានពណ៌ត្នោតចាស់ ឬមានក្លិនឆ្ងៀម នោះប្រាកដណាស់ដល់ពេលដែលអ្នកត្រូវប្ដូរវាចោលហើយ។
៣. ទឹកស្អំម៉ាស៊ីន
មុនពេលឆែកមើលកម្រិតទឹកស្អំម៉ាស៊ីន អ្នកត្រូវប្រាកដថាម៉ាស៊ីនមិនដំណើរការ និងស្ថិតក្នុងស្ថានភាពត្រជាក់។ ធុងទឹកស្អំម៉ាស៊ីនអាចមើលធ្លុះទៅខាងក្នុងបាន ហើយវាមានកម្រិតទឹកនៅលើធុងនោះពីខាងក្រៅតែម្ដង។ អ្នកចាំបាច់ត្រូវមើលទៅលើសារធាតុរាវដែលត្រូវលាយជាមួយទឹកថាវាត្រូវការលាយជាមួយទឹក ៥០ ៥០ ដូចគ្នា ឬក៏វាត្រូវបានលាយរួចជាស្រេចហើយ។ ទឹកនៅក្នុងធុងពណ៌សនេះមិនចាំបាច់មានការផ្លាស់ប្ដូរទេ តែមានត្រូវការការថែមជាប្រចាំ ដើម្បីធានាថាម៉ាស៊ីនរបស់អ្នកមិនក្ដៅខ្លាំងពេក។
៤. ទឹកលាងកញ្ចក់
ត្រូវប្រាកដថាម៉ាស៊ីនមិនដំណើរការ និងស្ថិតក្នុងស្ថានភាពត្រជាក់ មុនពេលឆែកមើលកម្រិតទឹកលាងកញ្ចក់។ ទឹកលាងកញ្ចក់ជាទឹកសម្រាប់បាញ់ឲ្យផ្លិតទឹកងាយស្រួលក្នុងការវាសកញ្ចក់មុខឲ្យថ្លាជ្រះដីនានា។ បើទឹកនៅក្នុងនោះអស់ ប្រាកដជាយ៉ាប់ហើយនៅពេលចង់ប្រើផ្លិតទឹក។ ដូចនេះ អ្នកគួរថែមទឹក ឲ្យបានត្រឹមត្រូវក្នុងធុងតូចពណ៌ស ជិតផ្លិតទឹកនោះតាមកម្រិតនៅលើធុងនោះផ្ទាល់ ដោយវាអាចមើលធ្លុះដល់ខាងក្នុងអាចឃើញកម្រិតទឹកបានយ៉ាងច្បាស់។
៥. ប្រេងហ្រ្វាំង
ប្រេងហ្រ្វាំងស្ថិតនៅក្នុងធុងផ្ទុកមួយនៅខាងក្រោយម៉ាស៊ីន ដែលអាចមើលផ្ទាល់បាន ហើយមានក្រិត ២ ដូចគ្នាគឺ ខ្ពស់បំផុត (Maximum) និងទាបបំផុត (Minimum)។ បើប្រេងហ្រ្វាំងមានកម្រិតទាប អ្នកគួរតែថែមវា។ ប៉ុន្តែបើវាលេចធ្លាយវិញ អ្នកនឹងដឹងដោយខ្លួនឯងដោយសារតែ ឈ្នាន់ហ្រ្វាំងនឹងធ្លាក់ចុះក្រោម ហើយមានអារម្មណ៍ថាចម្លែកតែម្ដង។ អ្នកគួរប្ដូរប្រេងហ្រ្វាំងជារៀងរាល់ ៧២ ៤០០ គ.ម ម្ដង។
៦. ប្រេងបូមចង្កូត
មុនពេលឆែកមើលកម្រិតប្រេងបូមចង្កូត អ្នកគួរតែបញ្ឆេះម៉ាស៊ីនហើយបង្វិលចង្កូត ទៅឆ្វេងទៅស្ដាំឲ្យដល់គន្លាក់វាសិនសឹមពន្លត់ម៉ាស៊ីនហើយត្រួតពិនិត្យកម្រិតប្រេង។
ធុងប្រេងបូមចង្កូតអាចមានដែកវាស់កម្រិតប្រេងមកជាមួយស្រាប់ ឬក៏មានត្រឹមគម្របដែលអាមើលពីចំណុះនោះថាវាគួរតែត្រូវថែមឬអត់ តាមកម្រិតរបស់វានៅលើធុងនោះ។
យ៉ាងណាមិញ ចំពោះការផ្លាស់ប្ដូរប្រេងបូមចង្កូតនេះ មានការអះអាងខុសគ្នាដោយជាងខ្លះថា គួរប្ដូរចេញក្នុងចម្ងាយ ៤៨ ២០០ គ.ម ឬ ២ឆ្នាំ ឯខ្លះទៀតថាចាប់ពី ១២០ ០០០ គ.ម ទៅ ១៦០ ០០០ គ.ម សឹមប្ដូរ។ កត្តាល្អអ្នកគួរធ្វើតាមសៀវភៅណែនាំចេញពីរោងចក្រសម្រាប់រថយន្តអ្នកផ្ទាល់តែម្ដង៕
ចុចអាន៖
0 comments:
Post a Comment