ចង្កៀងជាផ្នែកដ៏សំខាន់មួយនៅលើរថយន្ត ពីព្រោះវាមិនត្រឹមតែជាភ្លើងបំភ្លឺសម្រាប់ធ្វើដំណើរនៅទីងងឹត ឬពេលយប់ឡើយ ប៉ុន្តែវាថែមទាំងជាភ្លើងសញ្ញា សម្រាប់ឲ្យដំណឹងទៅកាន់យានយន្តដែលនៅបើកបរក្បែរយើងទៀតផង ដូចជាភ្លើងស៊ីញ៉ូឆ្វេងស្ដាំជាដើម។
ចង់ដឹងថាភ្លើងសញ្ញាសម្រាប់ប្រើប្រាស់លើរថយន្តមានអ្វីខ្លះ អាចអានបាននៅខាងក្រោមទាំងអស់គ្នា៖
១. ភ្លើងបំភ្លឺផ្លូវ (Headlights)
ភ្លើងបំភ្លឺផ្លូវអាចកំណត់បាន ២ ប្រភេទគឺ ហ្វា (High Beam) និង កូត (Low Beam)។ ភ្លើងបំភ្លឺផ្លូវមានមុខងារសំខាន់សម្រាប់ បំភ្លឺផ្លូវនៅពេលយប់ ប៉ុន្តែវាក៏មានតួនាទីសម្រាប់ឲ្យដំណឹងដល់អ្នកបើកបរ បញ្ច្រាស់ទិសគ្នា ដោយប្រើប្រាស់ឆ្លាស់គ្នារវាង ហ្វា និង កូត (ញាក់ហ្វា)។ ភាពខុសគ្នារវាងភ្លើង ២ នេះ គឺភ្លើងហ្វាអាចចាំងភ្លឺបានឆ្ងាយ ប៉ុន្តែអាចប៉ះពាល់ដល់គំហើញអ្នកបើកបរមកពីទិសផ្ទុយគ្នា រីឯភ្លើងកូតមិនប៉ះពាល់ដល់ភ្នែកអ្នកបើកបរមកពីទិសផ្ទុយគ្នាឡើយ ប៉ុន្តែវាចាំងបំភ្លឺបានជិត។
២. ភ្លើងក្រោយ (Tail Lights)
ភ្លើងខាងក្រោយ ជាភ្លើងពណ៌ក្រហមស្រាលជាប់ស្វ័យប្រវត្តិតែម្ដង នៅពេលដែលបើកភ្លើងបំភ្លឺផ្លូវ។ ការឲ្យភ្លើងក្រហមស្រាលភ្លឺជាប់នេះ ដើម្បីឲ្យអ្នកបើកបរខាងក្រោយអាចមើលឃើញរថយន្តបានច្បាស់ជាងមុន។
៣. ភ្លើងបើកចោលពេលថ្ងៃ (Daytime Running Lights)
ភ្លើងនេះភាគច្រើនជាវែងជាខ្សែ ដែលបើកឡើងដោយស្វ័យប្រវត្តិតែម្ដង ហើយភាគច្រើនស្ថិតនៅផ្នែកខាងមុខជាមួយនឹងចង្កៀងបំភ្លឺផ្លូវ និងខាងក្រោយជាមួយចង្កៀងក្រោយដែរ។ ប៉ុន្តែ ចំពោះរថយន្តមួយចំនួន ក៏មានមុខងារសម្រាប់បិទបើកភ្លើងនេះដែរ។ ភ្លើងបើកចោលពេលថ្ងៃនេះ សម្រាប់ឲ្យយានយន្តដទៃដែលមកពីទិសផ្ទុយគ្នា ងាយមើលឃើញរថយន្តអ្នក ហើយវាក៏ប្រៀបដូចជាភ្លើងលម្អបានផងដែរ។
ភ្លើងកាត់អ័ព្ទមានទីតាំងនៅផ្នែកខាងមុខ ដែលភាគច្រើនវាមានរាងតូចជាងចង្កៀងបំភ្លឺផ្លូវ ហើយស្ថិតនៅផ្នែកខាងក្រោម (នៅកាងរថយន្ត)។ ហេតុផលដែល គេដាក់ភ្លើងនេះនៅខាងក្រោមគឹដោយសារតែ ពេលមានអ័ព្ទពន្លឺភ្លើងរបស់អំពូលអាចនឹងចាំងផ្លាតត្រឡប់ទៅអ្នកបើកបរវិញ ដោយសារតែសំណើមទឹក។ ភ្លើងនេះមាននាទីដូចឈ្មោះវាអ៊ីចឹង គឺដើម្បីប្រើប្រាស់ក្នុងពេលមានអ័ព្ទ ដោយសារតែភ្លើងចង្កៀងអាចនឹងគ្មានប្រសិទ្ធភាពក្នុងការប្រប្រាស់ឡើយ។
៥. ភ្លើងស៊ីញ៉ូ (Signal Lights)
ភ្លើងស៊ីញ៉ូ ជាភ្លើងសម្រាប់ឲ្យដំណឹងដល់អ្នកបើកបរ លើដងផ្លូវទាំងខាងមុខ និងខាងក្រោយរថយន្ត ថាខ្លួនប្រុងនឹងបត់ទៅឆ្វេងឬស្ដាំ ក្នុងពេលបន្ដិចទៀត។ ភ្លើងនេះមានចំនួន ៤ កន្លែង គឺខាងមុខ ២ នៅជាប់នឹងចង្កៀងបំភ្លឺផ្លូវ និងខាងក្រោយ ២ នៅជាប់នឹងចង្កៀងក្រោយ។
៦. ភ្លើងស្ដុប (Brake Lights)
ភ្លើងជាន់ហ្វ្រាំង ដែលប្រជាជនខ្មែរចំណាំហៅថាភ្លើងស្ដុបនោះ គឺជាចង្កៀងពណ៌ក្រហម ដែលវានឹងលោតឡើងនៅពេលណា ដែលអ្នកបើកបរចាប់ផ្ដើមជាន់ហ្វ្រាំង ដើម្បីឲ្យសញ្ញាទៅអ្នកបើកបរនៅពីក្រោយ ឲ្យបន្ថយល្បឿនដូចគ្នា។
៧. ភ្លើងសុំផ្លូវ (Hazard Lights)
ភ្លើងសុំផ្លូវ ប្រើប្រាស់ភ្លើងស៊ីញ៉ូទាំងអស់ ឲ្យលោតភ្លឹបភ្លែតក្នុងពេលតែមួយ ដើម្បីបញ្ជាក់ថា រថយន្តខ្លួនកំពុងមានបញ្ហា ឬក៏មានឧបសគ្គ ឬ គ្រោះថ្នាក់នានា ដែលអាចកើតមានជាយថាហេតុ (មានដុំថ្មធ្លាក់ ដើមឈើខាងមុខបាក់ ឬនៅពីក្រោយក្បួនដង្ហែរបុណ្យសពជាដើម)។ ភ្លើងសុំផ្លូវនេះ អាចប្រើបានតែពេលរថយន្តមានបញ្ហា និងពេលដែលមានគ្រោះថ្នាក់អាចកើតឡើងតែប៉ុណ្ណោះ មិនមែនសម្រាប់សុំឈប់លើផ្លូវ ឬក៏ចតតែផ្ដេសតែផ្ដាសនោះឡើយ។
៨. ភ្លើងក្នុងរថយន្ត
ភ្លើងនេះភាគច្រើនមានពណ៌លឿងស្រទន់ សម្រាប់បើកបំភ្លឺក្នុងរថយន្តនៅពេលដែលអ្នកបើកបរ ឬអ្នកដំណើរត្រូវការរកមើលអ្វីមួយ។ ភ្លើងនេះមិនគួរបើកចោលទេ គួរប្រើប្រាស់តែពេលដែលត្រូវការបានហើយ។
ការយល់ដឹងឲ្យបានច្បាស់លាស់ពីការប្រើប្រាស់ភ្លើងសញ្ញារថយន្ត ចាំបាត់ត្រូវយកចិត្តទុកដាក់សម្រាប់អ្នកបើកបររថយន្តដើម្បីធ្វើឲ្យការបើកបរដំណើរការដោយរលូន និងប្រកបដោយសុវត្ថិភាព។ ការយល់ដឹងពីការប្រើភ្លើងសញ្ញារថយន្ត មិនត្រឹមតែមានប្រយោជន៍សម្រាប់អ្នកបើកបរផ្ទាល់នោះទេ ដោយឡែកសម្រាប់អ្នកប្រើប្រាស់ដងផ្លូវទាំងឡាយក៏គួរយល់ដឹងដើម្បីបង្កាគ្រោះថ្នាក់ដែលអាចកើតឡើងដោយចៃដន្យនោះ។
ភ្លើងហ្វា ភ្លើងកូដក្នុងស្ថានភាពនិងពេលវេលាបែបណាត្រូវប្រើប្រាស់?
បន្តទៀតនេះ Sabay នឹងបង្ហាញពីភ្លើងសញ្ញាទាំង ៤ ដែលអ្នកបើកបររថយន្តគួរសិក្សាស្វែងយល់។
ភ្លើងហ្វា គេប្រើនៅពេលយប់និងនៅតាមដងផ្លូវដែលគ្មានភ្លើងអគ្គិសនីបំភ្លឺ។ ភ្លើងហ្វាអាចឲ្យអ្នកបើកបរមើលឃើញបានឆ្ងាយ។ ភ្លើងហ្វាគេហាមមិនឲ្យប្រើប្រាស់នៅក្នុងទីក្រុងឬទីប្រជុំជន ដែលមានភ្លើងអគ្គិសនីបំភ្លឺគ្រប់គ្រាន់ លើកលែងតែក្នុងករណីធ្វើសញ្ញាសុំផ្លូវ និងត្រូវប្រើឆ្លាស់ជាមួយភ្លើងកូត។
ភ្លើងកូតប្រើនៅពេលយប់ក្នុងទីប្រជុំជន និងក្រៅទីប្រជុំជន ដែលមានភ្លើងអគ្គិសនីបំភ្លឺគ្រប់គ្រាន់។ គេក៏អាចប្រើភ្លើងកូត នៅពេលថ្ងៃនៅពេលដែលមានអាកាសធាតុមិនល្អ ដូចជាមានភ្លៀងធ្លាក់ខ្លាំង, ចុះអ័ព្ទដែលនាំឲ្យមើលផ្លូវមិនសូវច្បាស់។
ភ្លើងដឺមឺប្រើនៅពេលឈប់ ឬចតយានជំនិះ ដើម្បីប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ដងផ្លូវដទៃទៀតដឹងពីវត្តមានរបស់យានជំនិះ។
@ភ្លើងសញ្ញាអាសន្ន (Hazard light)
ភ្លើងសញ្ញាអាសន្ន ប្រើសម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នដូចជានៅពេលរថយន្តមានបញ្ហា, ការអូសសណ្តោង ឬនៅពេលមានការដង្ហែក្បួនជាដើម។
0 comments:
Post a Comment