Thursday, February 11, 2016

សុក្រ, 21 ធ្នូ 2012 16:19

មូលហេតុ៥យ៉ាង បណ្តាលឲ្យរថយន្តញ័រ

តើរថយន្តរបស់លោកអ្នកញ័រ ឬ ញាក់ (Vibrate) បណ្តាលមកពីមូលហេតុអ្វី?
ប្រសិនបើរថយន្តលោកអ្នកញ័រនៅពេលបើកបរ គឺអាចមានមូលហេតុចម្បង ៥យ៉ាងដែលលោកអ្នកគួរតែពិនិត្យៈ
១. បញ្ហាម៉ាស៊ីនៈ
ជួនកាលម៉ាស៊ីនរថយន្តស្រូបយកខ្យល់ពុំបានគ្រប់គ្រាន់ ដោយសារតម្រងខ្យល់មាន ធុលីច្រើន, ប្រើសំាងដែលមានតម្លៃថោក, បូស៊ីមានកំណកធ្យូង ច្រើនពេក ឬ គំរបជ័របូស៊ីបែកដែល ធ្វើឲ្យឆ្លងភ្លើង សូមពិនិត្យចំនុចទាំងនេះ។
២. បញ្ហាភ្លៅដែលតភ្ជាប់ពីម៉ាស៊ីនទៅកង់រថយន្ត (Axle Problem):
ភ្លៅកោង ឬ វៀច ដោយសារការប៉ះទង្គិចជាមួយថ្ម ឬ អ្វីម្យ៉ាងដែលលោកអ្នកពុំបានដឹង បញ្ហានេះនិងធ្វើឲ្យរថយន្តញាក់នៅពេលបើក ក្នុងល្បឿនលឿន។ បើវាពុំមានបញ្ហាទេ សូមបន្តពិនិត្យកៅស៊ូកាឡេទៀត កាលណាកៅស៊ូនេះរហែក នោះដីនិងចូលទៅដល់គ្រាប់ នៅក្នុងបាដាងកាឡេ ដែលធ្វើឲ្យមានការកកិត និងបំផ្លាញកាឡេរថយន្ត លោកអ្នកនិងឬសូរគ្រឹកៗ នៅពេលបត់ម្តងៗ។
៣. បញ្ហាហ្វ្រាំងៈ
ឈ្នាន់ហ្វ្រាំងញ័រនៅពេលលោកអ្នកអ្នកជាន់ហ្វ្រាំង នេះមកពីផ្ទៃតាំបួហ្វ្រាំង (brake rotor) សឹក មិនស្មើរគ្នា ផ្ទៃកន្លែងខ្លះអាចសឹកជ្រៅ (ផត) ជាងកន្លែងផ្សេងទៀត ការសឹកនេះមកពីអ្នកបើកបរជាន់ហ្វ្រាំងញឹកញាប់ពេក ដែលបណ្តាលឲ្យតាំបួហ្វ្រាំងក្តៅខ្លាំង។


៤. បញ្ហាកង់ៈ
ការមិនបានតម្រង់កង់ឲ្យបានត្រឹមត្រូវ អាចបណ្តាលឲ្យចង្កូតរថយន្តទាញទៅឆ្វេង ឬ ស្តាំ ជួនកាលធ្វើ ឲ្យរចង្កូតថយន្តញ័រក៏មាន បញ្ហាមួយទៀតគឺអាចមកពីរលុងបាដាងកង់ (wheel bearings)។

៥. បញ្ហាសំបកកង់ៈ
សំបកកង់ជាបញ្ហាចម្បងក្នុងការធ្វើឲ្យរថយន្តញ័រ ដូចជាៈ
- សំពាធខ្យល់កង់មិនស្មើរគ្នា ឬ ខុសគ្នាខ្លាំងពេក
- ក្រឡាកង់ (tire tread) សឹកមិនស្មើគ្នា
- កង់ទាំងបួនសឹកមិនស្មើរ តម្រូវឲ្យធ្វើការឆ្លាស់កង់


បើសិនរថយន្តលោកអ្នកញ័រដែលបណ្តាលមកពីបញ្ហាផ្សេង ខុសពីការរៀបរាប់ខាងលើ សូមចែករំលែក បទពិសោធន៍របស់អ្នក ដោយជួយបញ្ចេញមតិខាងក្រោម។
អង្គារ, 01 មករា 2013 21:58


ជៀសវាងចាក់សាំង នៅពេលឡានស៊ីទែនសាំងកំពុង...

ហេតុអ្វីត្រូវជៀសវាងការចាក់សាំង នៅពេលលោកអ្នក ឃើញឡានស៊ីទែនសាំង កំពុងតែបំពេញសាំង នៅស្ថានីយ៍ប្រេងឥន្ធនៈ?

តាមរយៈអ្នកជំនាញជាច្រើន ដែលមានបទពិសោធន៍នៅក្នុងឧស្សាហកម្មប្រេងឥន្ធនៈ បានផ្តល់ដំបូន្មានថា នៅពេលឡានស៊ីទែនសាំង កំពុងចាក់បំពេញសាំងទៅក្នុង ស៊ីទែនក្រោមដី នោះសាំងនៅក្នុងស៊ីទែននិងក្រឡក ដែលធ្វើឲ្យកករនៅបាតស៊ីទែន អណ្តែតមកលើ ហើយនៅពេលលោកអ្នកចាក់សាំងនោះ និងធ្វើឲ្យស្ទះ ឬ ខូចខាត តម្រង (fuel filter) និង បិចសាំង (fuel injector)។ ដូច្នេះលោកគួរទៅស្ថានីយ៍ផ្សេងទៀត ឬ ចាំថ្ងៃស្អែកសុំមកម្តងទៀត ជៀសវាងការចំណាយប្រាក់ជួសជុលរថយន្ត។

ច័ន្ទ, 07 មករា 2013 22:17

ជៀសវាងឆេះរថយន្ត នៅពេលបើកបរ

ជាទូរទៅអ្វីដែលបណ្តាលឲ្យរថយន្តឆេះភាគច្រើន កើតឡើងនៅពេលរថយន្ត​បានប៉ះទង្គិចគ្នាយ៉ាង​ធ្ងន់ធ្ងរ ដែលបណ្តាលឲ្យ ខ្ទេចម៉ាស៊ីន និងលេចសាំង ហើយប៉ះជាមួយផ្ការភ្លើងដែលចេញពីបូស៊ី ក្រៅ​ពីករណីទាំងនេះនៅមានកត្តាមួយចំនួន ទៀតដូចជា ប្រព័ន្ធខ្សែរភ្លើងរុំមិនបានជិតល្អ នៅពេល​លោកអ្នក ឲ្យគេតម្លើងឧបករណ៌ខាងក្រៅ ដូចជាតេឡេរថយន្ត ធុងបាស ទូរទស្សន៌ ជាដើម កាលណា​ខ្សែរទាំងនេះរុំមិនបានជិតល្អ អាចបណ្តាលឲ្យឆ្លងភ្លើង និងធ្វើឲ្យមានផ្កាភ្លើងប៉ះ ជាមួយសំភារៈដែលងាយឆេះនៅក្នុងរថយន្តដូចជា ព្រំ ស្បែកពូក ក្រដាស់ ឬ Spray បាញ់សក់ ជាដើម។

កត្តាមួយទៀតអាចមកពីខ្សែរសាកអាគុយរឹកមិនបានតឹងល្អ នៅពេលរថយន្តកំពុងបើកបរ នោះអាគុយត្រូវបានសាក តាមរយៈខ្សែរដែលបានបញ្ចូនភ្លើងមកពីរថយន្ត ប្រសិនបើខ្សែរវិជ្ចមាន (+) រលុងហើយរបូតចេញពីក្បាលអាគុយ ទៅប៉ះកន្លែងផ្សែងទៀតដូចជាដែក(គ្រោងរថយន្ត) ដែលរបកថ្នាំធ្វើឲ្យឆ្លងភ្លើងបាន។

មូលហេតុផ្សេងទៀតអាចកើតឡើងដោយសារសំបុកស៊ីមាំង (Catalyst Converter) ជាកន្លែង​ដែលមានកំដៅរហូតដល់ 287 អង្សារ កំដៅនេះអាចដុត ឬ ធ្វើឲ្យឆេះនូវកំទេចកំទី ផ្សេងៗដែល​ជាប់នៅទីនោះ ដូចជា ក្រដាស់, ស្លឹកឈើគ្រៀម, ក្រណាត់ ឬ តំណក់សាំងដែលលេច ជាដើម។

ខាងក្រោមជាចំនុចដែលលោកគួរយកចិត្តទុកដាក់ ត្រួតពិនិត្យឲ្យបានទៀងទាត់៖

- ពិនិត្យខែ្សរអាគុយ រឹតវាបើរលុង
- ពិនិត្យស្នាមលេចប្រេង ឬ សាំង ខាងក្រោមបាតរថយន្តទាំងមូល
- សំអាតខាងក្នុងរថយន្តឲ្យបានស្អាត កុំឲ្យមានក្រដាស់ ឬ របស់ផ្សេងៗដែលមានជាតិ gas ដូចជា Spray, ដែកកេះ
- បោសសំអាតក្រោមកៅអីឲ្យស្អាត កុំឲ្យមានសំរាម
- ទិញឧបករណ៌ពន្លត់ភ្លើងដាក់ក្នុងរថយន្ត (fire extinguisher) ចងវាឲ្យជាប់កុំឲ្យរអិល
- ហាមដាក់កំប៉ុង gas ចោល ក្នុងរថយន្ត
- ជៀសវាងជក់បារីក្នុងរថយន្ត
- ជៀសវាងចតរថយន្តនៅលើស្មៅស្ងួតគ្រៀម ព្រោះកំដៅសំបុកស៊ីមាំង អាចបង្កជាអគ្គិភ័យបាន
សៅរ៍, 12 មករា 2013 21:53

ស្វែងយល់ពី ថ្ម រថយន្ត Hybrid

ថ្មរថយន្ត Hybrid ក៏ដូចថ្មដែលយើងប្រើទូរទៅនៅក្នុង ទូរស័ព្ទ ឬ Laptop ដែរជាប្រភេទថ្ម lithium-ion គ្រាន់តែថ្មនៅក្នុងទូរស័ព្ទ មានតែមួយ cell និង ថ្ម Laptop អាចមាន ៦ cell ចំណែកថ្មរថយន្ត Hybrid ត្រូវបានគេផ្គួបចួលគ្នាជាច្រើន cell ដើម្បីបង្កើតបាន កំលាំងថាមពល មួយយ៉ាងខ្លាំង ដែលអាចអូសទាញរថយន្តបាន ប៉ុន្តែថ្មនេះ មានលក្ខណៈពិសេស គឺអាចប្រើប្រាស់ថាមពលរបស់វា ជាមួយសាំងបាន និងមានសុវត្ថិភាពខ្ពស់។



ម៉ាស៊ីនរបស់រថយន្ត Hybrid មាន២ផ្នែក: ផ្នែកទី១ គឺម៉ាស៊ីន សាំង និង ផ្នែកទី២ គឺម៉ូទ័រភ្លើង (electric motor)។ នៅពេលចាប់ផ្តើមបញ្ឆេះ និងចេញដំណើរ រថយន្តនេះប្រើប្រាស់ថាមពលថ្មជាដំបូង ហើយថាមពលនេះ អាចបន្តរត់បានដល់ ល្បឿន ២៤ គ.ម ក្នុងមួយម៉ោងទើបម៉ាស៊ីនសាំង ចាប់ផ្តើមដំណើរការវិញម្តង ព្រោះចាប់ពីល្បឿននេះឡើងទៅ រថយន្តត្រូវការ កំលាំងខ្លាំង។ នៅពេលជិតអស់ថ្ម ម៉ាស៊ីនសាំងនិងចាប់ផ្តើម ដំណើរការដោយស្វ័យប្រវត្តិ ការចាប់ផ្តើម ដំណើរការនេះ គឺដើម្បីបញ្ជូនភ្លើងទៅអូស ឌីណាម៉ូឲ្យដំណើរការ ដើម្បីបង្កើត ជាចរន្តភ្លើង រួចបញ្ចូលទៅក្នុង ថ្មរថយន្ត។

នៅពេលលោកអ្នកជាន់ហ្វ្រាំង កំលាំងកកិតរបស់ស្បែកហ្វ្រាំងជាមួយនិងតាំបួបានបង្កើតជា​ថាមពល​ដែលត្រូវបាន បម្លែងទៅជា ចរន្តភ្លើងដើម្បីសាក ថ្មរថយន្ត ចំពោះរថយន្តធម្មតាវិញ ថាមពល​ទាំងនេះ ត្រូវបានបោះបង់ចោល ដោយឥតប្រយោជន៌។

រថយន្ត Hybrid បច្ចុប្បន្នបំពាក់ដោយថ្មដែលមានអាយុកាល ប្រើបានរហូតដល់ 100,000 ទៅ 150,000 miles ឬ ស្មើរនិង ៨ ទៅ ១០ឆ្នាំ។

https://youtu.be/-atyVcjcM7I


ពុធ, 16 មករា 2013 09:06


ស្វែងយល់ និង ការប្រើប្រាស់ Radar Cruise Control
នៅក្នុងអត្ថបទនេះយើងខ្ញុំសូមលើកយក ២ចំនុច ១. Cruise Control និង ២. Radar Cruise Control

១. Cruise Control:
Cruise Control អាចត្រូវបានគេហៅថា Speed Control ក៏បាន។ ប្រព័ន្ធនេះគ្រប់គ្រងល្បឿនរថយន្តដោយស្វ័យប្រវត្តិ តាមរយៈកុំព្យូទ័រ ប្រព័ន្ធនេះជួយសំរួលដល់អ្នកបើកបរនៅលើផ្លូវ Highway ដែលត្រូវការល្បឿនលឿន និងថេរ។ ឧទារហណ៌លោកអ្នកធ្វើដំណើរចម្ងាយផ្លូវ ៧០០គ.ម ហើយច្បាប់តម្រូវឲ្យ អ្នកបើកបរក្នុង ល្បឿន 120គ.ម ក្នុងមួយម៉ោង ដូច្នេះដើម្បីឲ្យល្បឿនរថយន្តរបស់អ្នកថេរបាន 120 គ.ម ដោយពុំមានការ ឡើងចុះដោយសារតែ ជើងរបស់លោកអ្នក ជាន់ពុំស្មើរគ្នា ឬ លោកអ្នករ៉ូយជើង លោកអ្នកអាចបើកប្រព័ន្ធ Cruise Control ដើម្បីឲ្យរថយន្តគ្រប់គ្រងល្បឿននោះ ជំនួសអ្នកវិញ។
ប្រព័ន្ធនេះអាចដំណើរការបាន លុះត្រារថយន្តកំពុងបើកបរក្នុងល្បឿន ៤០គ.ម ឡើងទៅ ដើម្បីដំណើរការ ដំបូងត្រូវចុច ON Button (សូមមើលវីដេអូលំអិត) បន្ទាប់មកទាញ កុងតាក់ចុះក្រោម (SET/COAST) នោះរថយន្តនិងគ្រប់គ្រងល្បឿន និង ឈ្នាន់ល្បឿនដោយស្វ័យប្រវត្តិ ដូច្នេះលោកអ្នកអាចដកជើងចេញពីឈ្នាន់ល្បឿនបាន អ្វីដែលលោកអ្នកត្រូវយក ចិត្តទុកដាក់គឺ ដៃចង្កូត និង ហ្វ្រាំង នៅពេលលោកអ្នក ជាន់ហ្វ្រាំងប្រព័ន្ធនេះនិងឈប់ដំណើរការភ្លាម។
នៅពេលប្រព័ន្ធនេះដំណើរការ លោកអាចបង្កើន ឬ បន្ថយល្បឿនបានដោយគ្រាន់តែ រុញវាឡើងលើ ឬ ចុះក្រោមប៉ុណ្ណោះ។

https://youtu.be/K7p4Y2_ZH-Y

https://youtu.be/F8YFLzskDkU

២. Radar Cruise Control
ប្រព័ន្ធនេះដូចគ្នានិងប្រព័ន្ធខាងលើដែរ គ្រាន់តែវាត្រូវបានបំពាក់ដោយ Radar បន្ថែមដើម្បីចាប់យក វត្ថុមានចលនា នៅខាងមុខរថយន្ត។ Radar នេះមានតួនាទីជួយកំណត់ ចន្លោះសុវត្ថិភាពនៅខាងមុខរថយន្ត ដើម្បីកុំឲ្យមានការប៉ះទង្គិចគ្នានៅពេលជាន់ហ្វ្រាំងមិនទាន់ ប្រព័ន្ធនេះនិងបន្ថយល្បឿនរថយន្តលោកអ្នក នៅពេលវាបានរកឃើញ ថា មានរថយន្តនៅខាងមុខ ទោះបីជាលោកអ្នកជាន់បន្ថែមល្បឿន ក៏ល្បឿនរថយន្តនៅដដែលដែរ។
ប្រការគួរជៀវាងៈ
- បិទ Radar Cruise Control បើលោកអ្នកពុំប្រើវា
- ហាមប្រើ Cruise Control ឬ Radar Cruise Control នៅលើផ្លូវកោង
- ហាមប្រើនៅពេលភ្លៀង, អាកាសធាតុមិនល្អ, ពេលយប់ ឬ នៅលើផ្លូវរអិល
- ហាមប្រើនៅពេលចុះចំណោត

ទោះបីជាមានប្រព័ន្ធទំនើបនេះក៏ដោយ លោកអ្នកគួរប្រុងប្រយ័ត្ន ព្រោះប្រព័ន្ធមិនអាចដំណើរការក្នុងករណីមួយចំនួនដូចជាៈ
- រថយន្តខាងមុខចាប់ហ្វ្រាំងភ្លាមៗ
- មានរថយន្តផ្សេងទៀតវ៉ា បន្ទាប់មកចូលចន្លោះខាងមុខរថយន្ត របស់លោកអ្នក
- រថយន្តខាងមុខដែលចតនៅស្ងៀម
- ម៉ូតូដែលបើកបរនៅខាងមុខរថយន្តរបស់លោកអ្នក។

https://youtu.be/QF52vB-P12w

https://www.youtube.com/watch?v=lZWH4S011UI

 ចុចទីនេះ ដើម្បីរកមូលហេតុធ្វើឲ្យ Cruise Control មិនដំណើរ

សុក្រ, 18 មករា 2013 16:10


សូរសំលេង ដែលបន្លឺចេញពីរថយន្តនៅពេលបើកបរ បានបញ្ជាក់ពីភាពមិនប្រក្រតី​នៃរថយន្តរបស់​លោកអ្នក ដូច្នេះលោកអ្នក គួរធ្វើការសង្កេត និងស្តាប់ឲ្យបានច្បាស់ ថាតើសូរនោះចេញមកពី​កន្លែង​ណា បន្ទាប់មកត្រួតពិនិត្យកន្លែងនោះរួចយកទៅ យានដ្ឋានដើម្បីជួសជុល។

សូរសំលេងទាំងនោះអាចចេញមកពីៈ

១. ធ្លាយទុយយ៉ូ ឬ ធុងទឹក

នៅពេលធ្លាយទុយយ៉ូ ឬ ធុងទឹកទឹក ខណៈកំពុងបើកបរ លោកអ្នកនិងលឺសូរសំលេង សឺៗ ដូចជាសំលេងកង់ឡានធូរ។ សូមពិនិត្យទ្រនិចកំដៅនៅលើតាប្លូ និង អែបរថយន្ត ជាបន្ទាន់ ដើម្បីជៀសវាងការខូចខាតម៉ាស៊ីន រួចបើកគំរបមុខ ហើយទុកឲ្យម៉ាស៊ីនចុះត្រជាក់មួយសន្ទុះ សឹមចាក់ទឹកបំពេញ បន្ទាប់មកជិះទៅយានដ្ឋានដែលនៅជិតអ្នកបំផុត នៅពេលបើកបរសូមព្យាយាមមើលទ្រនិចកំដៅឲ្យជាប់ ប្រសិនបើទ្រនិចឡើងខ្ពស់ សូមអែបរថយន្ត និងបន្តចាក់ទឹកបន្ថែម ទៀតទំរាំដល់យានដ្ឋាន (ហាមបើកម៉ាស៊ីនត្រជាក់ ព្រោះវាធ្វើឲ្យឆាប់ឡើងកំដៅ)។
២. ស្បែកហ្វ្រាំង

ស្បែកហ្វ្រាំងសឹក ក៏បណ្តាលឲ្យលឺសូរដែរ នៅពេលដែលលោកអ្នកជាន់ហ្វ្រាំង។ បើសិនជាលោកអ្នកពិនិត្យឃើញថាវាសឹក សូមផ្លាស់ប្តូរវាចេញជាបន្ទាន់ ជៀសវាងគ្រោះថ្នាក់ ដោយសារហ្វ្រាំងពុំសូវស៊ី និងធ្វើឲ្យវាកកិតខ្លាំងជាមួយផ្ទៃតាំបួ ដែលបន្ថែមការខូចខាតកាន់ធ្ងន់ធ្ងរ និងចំណាយប្រាក់កាន់តែច្រើន។
៣. លេចស៊ីមាំង

ប្រសិនបើរថយន្តរបស់លោកអ្នកបន្លឺសំលេងខុសប្លែកពីធម្មតា នៅផ្នែកខាងក្រោយ នៅពេលបន្ថែមល្បឿន នោះមានន័យថា ស៊ីមាំងថយន្តប្រាកដជាធ្លុះកន្លែងណាមួយជាមិនខាន។ ស៊ីមាំងមានតួនាទីជួយច្រោះ ការសាយភាយឧស្ម័នពលទៅក្នុង បរិយាកាស ដូច្នេះបើលោកអ្នកទុកវាចោលដោយពុំជួសជុល វានិងអាចជ្រាបចូលក្នុងរថយន្ត ឧស្ម័ននេះមាន គ្រោះថ្នាក់ បំផុត ហើយអាចបំពុលមនុស្សឲ្យស្លាប់បានដោយមិនដឹងខ្លួន នៅពេលលោកអ្នក គេងមួយភ្លែតជាមួយ ម៉ាស៊ីនត្រជាក់នៅក្នុងរថយន្ត។
៤. ខ្សែរពាន ឬ ឧបករណ៌បណ្តឹងខ្សែរពាន (Drive belt or Belt tensioner)

នៅពេលលោកអ្នកបញ្ឆេះរថយន្ត លោកអ្នកនិងលឺសំលេង "ងឺតៗ" ចេញពីផ្នែកខាងមុខ ដែលភាសាអង់គ្លេសហៅថា "Squeak" នេះជាសំលេងខ្សែរពានរលុង ឬ យារ។ ខ្សែរពានរលុងមានផលអាក្រក់ដល់ដំណើរការម៉ាស៊ីនរថយន្ត ព្រោះវាពុំមានកំលាំងគ្រប់គ្រាន់ទៅអូសទាញផ្នែកផ្សេងទៀតដូចជា ប្រព័ន្ធបង្ហូរទឹកសំរាប់ស្អំម៉ាស៊ីន, ប្រព័ន្ធភ្លើងឌីណាម៉ូ និង ប្រព័ន្ធសាកអាគុយ ជាដើម។

សំលេងម្យ៉ាងទៀតអាចមកពី ឧបករណ៌រឹតបណ្តឹងខ្សែរពាន (Belt tensioner) ដែលមានតួនាទីបណ្តឹង ឬ បន្ធូរខែ្សរពាន ដោយស្វ័យប្រវត្តិនៅពេលល្បឿនរថយន្តយឺត ឬ លឿន។ សំលេងនេះលាន់លឺនៅពេលលោកអ្នកបន្ថែមល្បឿនក្នុងកំរិតគីឡូម៉ែត្រមួយជាក់លាក់ មានន័យថារថយនខ្លះលាន់នៅពេល រថយន្តបើកបរក្នុងល្បឿន ៤០គ.ម ក្នុងមួយម៉ោង។
៥. រលុងបាដាងកង់ (Wheel bearing) ឬ រ៉ូទីលក្នុង (Inner Tie Rod)

លោកអ្នកអាចលឺសំលេងបាដាងរលុង ដោយសាកល្បងបើកបរ នៅទីកន្លែងដែលមានទីធ្លាធំទូរលាយ និងមានសុវត្ថិភាព រួចបើកបរវិលជុំទីធ្លានោះ ពីឆ្វេងទៅស្តាំ ឬ ពីស្តាំទៅឆ្វេង ប្រសិនបើផ្នែកខាងមុខលាន់លឺសូរសំលេងចេញពីកង់ នោះប្រាកដជាបាដាងហើយ។ បើវិធីនេះពុំមានប្រសិទ្ធិភាព សូមសាកល្បងបើកផ្លូវត្រង់ ក្នុងល្បឿ ៤០-៥០ គ.ម ក្នុងម៉ោងរួចជាន់ហ្វ្រាំងភ្លាមៗ ហើយព្យាយាមស្តាប់សំលេង ថាតើវាលាន់ដែរឬទេ? ព្រោះនៅពេលជាន់ហ្វ្រាំង ទម្ងន់ទាំងអស់និងបញ្ជូនទៅផ្នែកខាងមុខរថយន្ត ធ្វើឲ្យបាដាងទទួលសំពាធទម្ងន់យ៉ាងខ្លាំង បើបាដាងនៅល្អវាអាចទ្រទំងន់បានដោយពុំលឺសូរអ្វីទាំងអស់។


រ៉ូទីលក៏ជាផ្នែកមួយធ្វើឲ្យលឺសូរដែរ បើរ៉ទីលរលុងដល់ពេលដែលត្រូវប្តូរ លោកអ្នកអាចលឺសំលេងវា នៅពេលបើកបរនៅលើផ្លូវរលាក់ សំលេងហាក់ដូចជាចេញពីផ្នែកខាងក្រោម ជិតកាឡេ។ រ៉ូទីលនេះតភ្ជាប់ទៅម៉ែ្តចង្កូត ហើយមានតួនាទីទាញកង់ទៅឆ្វេង ឬ ស្តាំ តាមការបង្វិលចង្កូត។
សុក្រ, 25 មករា 2013 09:09


តើគួរផ្លាស់ប្តូរស្បែកហ្វ្រាំងនៅពេលណា? ហើយគួរជ្រើសរើសស្បែកហ្វ្រាំងប្រភេទណា?
នៅពេលលោកអ្នកលឺសំលេងខ្លាំងនៅពេលជាន់ហ្វ្រាំង នោះមានន័យថាស្បែកហ្វ្រាំងរថយន្តរបស់លោកអ្នក ដល់ពេលដែលត្រូវប្តូរហើយ។ ស្បែកហ្វ្រាំងមួយចំនួន មានសមត្ថភាពស្រូបកំដៅ និង បញ្ឈប់រថយន្តបានល្អ ប៉ុន្តែវាមានសំលេងរំខានរៀងរាល់ពេលជាន់ហ្វ្រាំង។
ស្បែកហ្វ្រាំងមាន ៤ ប្រភទេដូចខាងក្រោមៈ
១. ស្បែកហ្វ្រាំងពាក់កណ្តាលលោហៈ Semi-metallic
Semi-Metallic ពុំមែនជាលោហៈ ១០០% នោះទេ វាជាការផ្សំពីសារធាតុគីមី ដូចជាស្ពាន់, សរសៃដែក, កំទេចដែក លាយជាមួយលោហៈ 30-60%។ ស្បែកហ្វ្រាំងប្រភេទនេះប្រើប្រាស់ បានយូរ និង មានចម្លងកំដៅបានល្អ ប៉ុន្តែវាឲ្យឆាប់សឹកផ្ទៃតាំបួហ្វ្រាំងលឿនពេក ហើយសំលេងរំខាន និង ចាប់មិនសូវស៊ីននៅពេលអាកាសធាតុត្រជាក់។
២. Nonasbestos organic or Organic Brake Pads
ស្បែកហ្វ្រាំងប្រភេទនេះធ្វើអំពី Fiber ដូចជា ជ័រ, កាបូន, វត្ថុដែលគេយកធ្វើជាកញ្ចក់ និង សារធាតុផ្សេងទៀត លាយជាមួយជ័រសំរាបើឈើ។ ស្បែកហ្វ្រាំងនេះមានលក្ខណ់ទន់ និង មានសំលេងតិច ប៉ុន្តែឆាប់សឹក និងមានកំទេចធុលីច្រើន។
៣. Low-metallic NAO
ផ្សំឡើងពីគីមីសរីរាង្គ លាយជាមួយ ទង់ដែង, ស្ពាន់ និង លោហៈចំនួន 10-30% ដើម្បីជួយផ្ទេរកំដៅ ហ្វ្រាំងប្រភេទនេះមានសំលេងរំខាន និង បង្កើតកំទេចធុលីច្រើន។
៤. Ceramic
Ceramic ជាស្បែកហ្វ្រាំល្អជាងគេបំផុត ក្នុងចំណោមស្បែកហ្វ្រាំងខាងលើ វាត្រូវបានផ្សំឡើងដោយសារធាតុជាច្រើនមានដូចជា Ceramic fiber, ទង់ដែង, ស្ពាន់, ជ័រឈើ ជាដើម។ ស្បែកហ្វ្រាំងប្រភេទនេះមានតម្លៃថ្លៃ ព្រោះវាធន់និងការប្រើប្រាស់បានយូរ, បង្កើតកំទេចធុលីហ្វ្រាំងតិច, ចម្លងកំដៅបានល្អ និង ពុំបង្កើតសំលេងរំខាននៅពេលជាន់ ម៉្យាងទៀតគឺវាពុំធ្វើឲ្យសឹកតាំបួហ្វ្រាំង។

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget