Friday, August 8, 2014



Leeds ជា​សាកលវិទ្យាល័យ​ឥដ្ឋ​ក្រហម​របស់​ចក្រភព​អង់គ្លេស​ដែល​មាន​ទីតាំង​នៅក្នុង​ ទីក្រុង​លីដស៍​នៃ​តំបន់ West Yorkshir ប្រទេស​អង់គ្លេស​។ Leeds មាន​សិស្ស​ប្រមាណ​៣៣៦០០​នាក់​ដែល​ជា​តួលេខ​ខ្ពស់​បំផុត​មួយ​ក្នុង​ចំណោម​ សាកលវិទ្យាល័យ​នានា​ក្នុង​ចក្រភព​អង់គ្លេស​។ ពី​ឆ្នាំ​២០០៦ ដល់​បច្ចុប្បន្ន​នេះ សាកលវិទ្យាល័យ​នេះ​បាន​បង្កើន​លំដាប់​ថ្នាក់​របស់​ខ្លួន​ដល់​លេខ​២​នៅ​ អង់គ្លេស​ដែល​មាន​ចំនួន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​ច្រើន​ជាង​គេ​បន្ទាប់ពី​ សាកលវិទ្យាល័យ​មេនឆេស្ទ័រ (University of Manchester)។
Content image - Phnom Penh Post

ភាព​ល្បីល្បាញ​របស់ Leeds បាន​ទាក់ទាញ​សិស្សនិស្សិត និង​សាស្ដ្រាចារ្យ​ទូទាំង​ពិភពលោក​ឲ្យ​ចង់​មក​សិក្សា និង​បង្ហាត់​បង្រៀន​នៅ​ទី​នេះ​។
ពិតណាស់ សាលា​ល្បី សាស្ដ្រាចារ្យ​ក៏​មិន​អន់​នោះ​ទេ​។ ក្នុង​ចំណោម​សាស្ដ្រាចារ្យ​មកពី​គ្រប់​ទិសទី​នោះ យុវជន​កម្ពុជា​ដែល​មាន​សមត្ថភាព​ខ្ពស់​ក៏​ជា​ធនធាន​ដ៏សំខាន់​ម្នាក់​នៅ​ សាកលវិទ្យា​ល័យ Leeds ផង​ដែរ​។

ស្ថិត​ក្នុង​វ័យ​៣៥​ឆ្នាំ លោក ឈាង វណ្ណារិទ្ធ បាន​ចាប់ផ្ដើម​បង្រៀន​ជា​សាស្ត្រាចារ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​សិក្សា​អាស៊ីប៉ាស៊ីហ្វិក​នៅឯ​សាកលវិទ្យាល័យ​ លីដស៍ (University of Leeds) ស្ថិត​ក្នុង​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​២០១៣។

មុន​នឹង​មាន​ឱកាស​ចូល​បង្រៀន​នៅឯ​សាកលវិទ្យាល័យ​ធំ​មួយ​នេះ​លោក វណ្ណារិទ្ធិ បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ធ្វើ​ជា​អ្នកដឹកនាំ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ សហប្រតិបត្តិការ និង​សន្តិភាព​(CICP) ជា​ស្ថាប័ន​ស្រាវជ្រាវ​នយោបាយ និង​សង្គម​មួយ​នៅ​ប្រទេស​កម្ពុជា។

សាស្ដ្រាចារ្យ​រូប​នេះ​បាន​រំឭក​ដល់​ជីវិត​កុមារភាព និង​ប្រវត្ដិ​នៃ​ការ​សិក្សា​របស់​លោក​ថា ស្ថានភាព​ជីវភាព​គ្រួសារ​មិន​អំណោយផល លោក​ហាក់​មាន​ក្ដីសង្ឃឹម​តិចតួច​ណាស់​ក្នុង​ការ​បញ្ចប់​ការ​សិក្សា​ថ្នាក់​ ឧត្ដម​។

លោក​បាន​និយាយ​ថា៖ «បើ​មើល​ទៅ​ស្ថានភាព​ជាក់ស្ដែង​របស់​ខ្ញុំ​[ពី​ដំបូង]​គ្មាន​នរណា​ម្នាក់​ជឿ ​ថា ខ្ញុំ​អាច​រៀន​បាន​ដល់​ថ្នាក់​បណ្ឌិត​ទេ»។

មាន​កំណើត​ក្នុង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ក្នុង​ពេល​១​ខែ​ក្រោយ​ការ​វាយលុក​កាន់កាប់​ចូល​ពី​សំណាក់​កងទ័ព​វៀតណាម​ ក្នុង​ឆ្នាំ​១៩៧៩ ដោយ​កំព្រា​ឪពុក​ផង​នោះ កុមារា ឈាង វណ្ណារិទ្ធ រស់នៅ​តែ​ជាមួយ​ម្ដាយ ដែល​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​គ្រួសារ​ទាំងមូល ហើយ​ខ្លួន​លោក​ផ្ទាល់​តែងតែ​ជួយ​រកត្រី រក​បន្លែបន្លុក​មក​ផ្គត់ផ្គង់​ចំណី​អាហារ​គ្រួសារ​ដែល​ប្រកបរបរ​ដាំដុះ​ បន្លែ និង​ធ្វើ​ចម្ការ។

ថ្វីដ្បិត​តែ​ជីវភាព​មិន​សម្បូរ​សប្បាយ​យ៉ាង​ណា​ក៏ដោយ ក៏​ម្ដាយ​ដែល​តែងតែ​ផ្ដល់​តម្លៃ​អាទិភាព​ដល់​ការ​សិក្សា​អប់រំ​ជានិច្ចកាល​ បាន​បញ្ជូន​លោក​ទៅ​សាលា​តាំងតែ​ពី​តូច និង​ឆ្លៀត​ពេល​ជួយ​បង្រៀន​កូនៗ​ផង​ដែរ​។

លោក​បាន​រំឭក​ថា៖ «ម្ដាយ​ខ្ញុំ​គាត់​ឲ្យ​តម្លៃ​លើ​ការ​អប់រំ​ណាស់។ ដោយសារ​តែ​កាលសម័យ​គាត់ ស្ត្រី​រៀន​អត់​បាន​ដល់​ថ្នាក់​ឌីប្លូម​ទេ​»។

ជាមួយ​នឹង​ការ​តស៊ូ​ព្យាយាម​រៀនសូត្រ និង​ការ​ជំរុញ​ពី​សំណាក់​គ្រួសារ​លោក ឈាង វណ្ណារិទ្ធ ដែល​ជា​សិស្ស​ឆ្នើម​ពេល​រៀន​នៅ​វិទ្យាល័យ​ក្នុង​ក្រុង​ស្ទឹងសែន លោក​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​១៩៩៦ គ្រា​ដែល​ការ​ប្រឡង​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​ហ្មត់ចត់ និង​តឹងតែង​ជា​ទីបំផុត។

លោក វណ្ណារិទ្ធ បាន​ដំណាល​ពី​ការ​ប្រឡង​នោះ​ថា៖ «​ពេល​នោះ​ការ​ប្រឡង​មាន​សភាព​តឹងតែង​ណាស់​។ ប៉ុន្ដែ​វា​ក៏​ជា​មោទនភាព​មួយ​ដែរ​ពីព្រោះ​សិស្ស​តែ​១០​ភាគរយ​ប៉ុណ្ណោះ​ ទូទាំង​ខេត្ត​ដែល​បាន​ប្រឡង​ជាប់​ហើយ​ខ្ញុំ​ទទួល​បាន​និទ្ទេស​ល្អ​បង្គួរ​ ថែម​ទៀត​ផង»។

សាស្ដ្រាចារ្យ​នៅ Leeds រូប​នេះ បាន​បន្ដ​ថា យ៉ាង​ណា​មិញ នៅពេល​ផ្លាស់​មក​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​គីមីវិទ្យា​នៅឯ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(ITC) លោក​បាន​ជួប​ការ​លំបាក​ជា​ខ្លាំង​ដោយសារ​តែ​ខ្វះ​ធនធាន និង​ប្រាក់កាស​ទើប​លោក​សម្រេចចិត្ត​ប្រឡង​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ វៀតណាម ហើយ​ជាប់​បាន​រៀន​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​នៅ​ទី​នោះ​តែ​ម្ដង​។

មូលហេតុ​ដែល​ចាប់​យក​ជំនាញ​ការទូត​នេះ​លោក​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ជំនាន់​នោះ​គេ​នាំ​គ្នា​សម្រុក​ទៅ​រៀន​ពេទ្យ ឬ​គ្រប់គ្រង​ជាដើម ខ្ញុំ​ក៏​នឹក​ឃើញ​រៀន​ជំនាញ​ការទូត​ដែល​វា​ខុស​ពី​គេ និង​មិន​សូវ​មាន​អ្នក​រៀន​ទៀត»។

រហូត​ដល់​បច្ចុប្បន្ន​នេះ​លោក វណ្ណារិទ្ធ​នៅ​តែ​ជឿ​ថា ជំនាញ​ការទូត​បាន​នាំឲ្យ​អ្នក​រៀន​ចេះ​ពិតប្រាកដ និង​មាន​ចំណេះដឹង​ទូលំទូលាយ​ពី​សកលលោក​មក​ជួបជុំ​គ្នា​។ ជំនាញ​ការទូត​មិនមែន​ធ្វើការ​នៅ​តែ​ជា​មុខនាទី​ការទូត​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​សូម្បីតែ​វិស័យ​ឯកជន​ក៏​គេ​ត្រូវការ​អ្នក​ចេះ​វិស័យ​នេះ​ដែរ។
ក្រោយពី​ទទួល​បាន​បរិញ្ញាបត្រ​នៅ​ឆ្នាំ​២០០២ លោក វណ្ណារិទ្ធ បាន​ត្រឡប់​មក​ប្រទេស​វិញ និង​បម្រើ​ការងារ​ផ្នែក​ត្រួតពិនិត្យ​ការ​ដកហូត​អាវុធ​ជាតិ​ផ្ទុះ​នៅ​ អង្គការ​ជប៉ុន​មួយ​មុន​នឹង​លោក​ទទួល​បាន​អាហារូបករណ៍​ទៅ​រៀន​ថ្នាក់​ អនុបណ្ឌិត និង​បណ្ឌិត​នៅ​ជប៉ុន​ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៩ ក្នុង​ជំនាញ​ការទូត​ដែល​លោក​ផ្ដោត​សំខាន់​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

ក្រោយពី​បញ្ចប់​ការ​សិក្សា​ទាំង​២​កម្រិត​នេះ លោក​ត្រឡប់​មក​ប្រឡូក​នឹង​ការងារ​ស្រាវជ្រាវ​នៅ CICP និង​បាន​ធ្វើការ​បោះពុម្ព​ផ្សាយ​ការងារ​ស្រាវជ្រាវ​ជា​ប្រចាំ​រហូត​កិច្ចការ ​ទាំងនេះ​ក្លាយ​ជា​សមិទ្ធផល​ជា​ដុំកំភួន។ ចំណេះដឹង និង​បទពិសោធ​ការងារ​ទាំងនេះ​លោក​ត្រូវ​បាន​ជ្រើសរើស​ជា​សាស្ត្រាចារ្យ​នៅ​ សាកលវិទ្យាល័យ​លីដស៍​ក្នុង​ឆ្នាំ ២០១៣ ដែល​នៅ​មុន​នេះ​លោក​ក៏​ជា​សាស្ត្រាចារ្យ​នៅ​តាម​បណ្ដា​សាកលវិទ្យាល័យ​នានា​ នៅ​ក្រុង​ភ្នំពេញ​ផង​ដែរ។

លោក ឈាង វណ្ណារិទ្ធ បាន​បន្ថែម​ថា៖ «​[ក្នុង​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ]​អ្នក​សិក្សា​ត្រូវ​ឧស្សាហ៍​តាមដាន​ ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​នានា​ដូចជា​កិច្ចប្រជុំ​កិច្ចចរចា​ផ្សេងៗ ហើយ​ចេះ​ចោទ​សួរ​ថា ហេតុអ្វី​បានជា​គេ​សម្រេច​ចិត្ត​បែប​នេះ? ហេតុអ្វី​គេ​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​នេះ ឬ​ប្រទេស​នោះ?​»។

យុវជន​កម្ពុជា​រូប​នេះ ក៏​បាន​ផ្ដល់​បទសម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្រិត​ពិភពលោក​មួយ​ ចំនួន ដូចជា Al Jazeera និង Channel News Asia លើ​ព្រឹត្តិការណ៍​ពិភពលោក​ជាច្រើន​។ លោក​បញ្ជាក់​ថា បើ​មាន​ចំណេះដឹង​ផ្នែក​ទ្រឹស្ដី និង​ប្រមូល​ព្រឹត្តិការណ៍​ព័ត៌មាន​ហើយ​គេ​ក៏​ត្រូវ​ឧស្សាហ៍​ជួប​ពិភាក្សា​ ជាមួយ​នឹង​អ្នក​ជំនាញ​ដទៃ​ទៀត​ដើម្បី​បង្កើន និង​ផ្លាស់ប្ដូរ​យោបល់​គំនិត​ពី​គ្នា​ទៅវិញ​ទៅមក​ដែរ​។

វណ្ណារិទ្ធ ក្នុង​នាម​ជា​អ្នក​យុទ្ធសាស្ត្រ​ផ្នែក​ការទូត និង​កិច្ចការ​អភិវឌ្ឍន៍​ម្នាក់ លោក​ជឿជាក់​ថា ចំណែក​ធំ​នៃ​ថវិកា​ជាតិ​គួរ​ចាក់​ចូល​ទៅក្នុង​ការ​កែទម្រង់ និង​អភិវឌ្ឍ​បំពាក់​បំប៉ន​វិស័យ​អប់រំ និង​វិស័យ​សុខភាព​ហើយ​ត្រូវ​លុប​បំបាត់​ជំងឺ​បក្ខពួក​និយម។

ជា​ចុងក្រោយ លោក​បាន​ថ្លែង​ថា៖ «បើ​គ្មាន​សុខភាព គ្មាន​ចំណេះដឹង សង្គម​ណា​ក៏​មិន​អាច​អភិវឌ្ឍ​បាន​ដែរ។ សង្គម​យើង​ត្រូវ​ឲ្យ​តម្លៃ​អ្នក​ចេះ​ដឹង និង​គតិបណ្ឌិត​នានា​ហើយ​ប្រជាជន និង​និស្សិត​ខ្លួនឯង​ក៏​ត្រូវ​ស្រឡាញ់​ការ​អាន​ដើម្បី​បង្កើន​ចំណេះដឹង​ផង​ ដែរ​»៕

អូន ឆេងប៉រ

0 comments:

Post a Comment

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget