អាទិត្យ, 2 កក្កដា 2017 13:04
- ចំនួនមតិ 0
ចន្លោះមិនឃើញ
តើប្រិយមិត្តធ្លាប់ស្គាល់ស្លាកយីហោក្រុមហ៊ុនទូរសព្ទចិនច្រើនដែរឫទេ? ថ្ងៃនេះ Sabay បង្ហាញត្រួសៗអំពីម៉ាកនៃស្មាតហ្វូនទាំង ១២ ក្នុងប្រទេសចិន ដែលមានដូចខាងក្រោម ៖
Huawei Technologies Co. Ltd គឺជាក្រុមហ៊ុនបណ្ដាញទូរគមនាគមន៍ដែលមានទីស្នាក់ការកណ្ដាលក្នុងទីក្រុង Shenzhen ខេត្តក្វាងទុង។ ស្ថាបនិកក្រុមហ៊ុននេះគឺលោក Ren Zhengfei បង្កើតឡើងនាឆ្នាំ ១៩៨៧ ហើយបច្ចុប្បន្នមាន CEO លោក Ren Zhengfei។
ស្មាតហ្វូនល្បីបំផុតរបស់ Huawei សព្វថ្ងៃរួមមានម៉ូដែល P10, P10 Plus និង Mate 9 ជាដើម។ គិតត្រឹមចុងឆ្នាំ ២០១៦ Huawei ជាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី ៣ ក្នុងលោក។
OPPO Electronics Corp. គឺជាក្រុមហ៊ុនផលិតទូរសព្ទចល័តដែលមានទីស្នាក់ការកណ្ដាលក្នុងទីក្រុងដុងហ្គុន ខេត្តក្វាងទុង។ ស្ថាបនិកក្រុមហ៊ុននេះរួមមានលោក Tony Chen និង Piyush Chandra ហើយបង្កើតឡើងនាឆ្នាំ ២០០៤។ ស្មាតហ្វូនពេញនិយមបំផុតបច្ចុប្បន្នរួមមានម៉ូដែល R11/R11 Plus, F3 និង F3 Plus។ គិតត្រឹមចុងឆ្នាំ ២០១៦ OPPO ជាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី ៤ ក្នុងលោក។
VIVO ជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិន ដែលផ្ដោតលើការអភិវឌ្ឍ, ការរចនា, ការផលិតស្មាតហ្វូន និងសេវាកម្មអនឡាញ។ មានទីស្នាក់ការកណ្ដាលក្នុងទីក្រុងដុងហ្គុន ខេត្តក្វាងទុង។ ស្ថាបនិកបង្កើតក្រុមហ៊ុននេះឡើង ជា CEO តែមួយ នាពេលបច្ចុប្បន្ន គឺលោក Shen Wei បង្កើតនាឆ្នាំ ២០០៩។
ស្មាតហ្វូនពេញនិយមបំផុតរួមមានម៉ូដែល V5s, V5 Plus និង V3Max ជាដើម។ គិតត្រឹមចុងឆ្នាំ ២០១៦ VIVO ជាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី ៥ ក្នុងលោក។
OnePlus ជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយ ដែលបង្កើតឡើងនាឆ្នាំ ២០១៣ ដោយស្ថាបនិកលោក Pete Lau និង Carl Pei ហើយមានស្នាក់ការកណ្ដាលក្នុងទីក្រុង Shenzhen ។ ជាក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រងរបស់ OPPO Electronics ព្រោះស្ថិតនៅក្រោមទ្រនំតែមួយនៃក្រុមហ៊ុន BBK Electronics។
ម៉ូដែលពេញនិយមបំផុតរបស់ OnePlus រួមមាន OnePlus 5 និង OnePlus 3T កាលពីឆ្នាំកន្លងទៅ។
Xiaomi Inc. គឺជាក្រុមហ៊ុនអេឡិចត្រូនិកមានស្នាក់ការកណ្ដាលនៅទីក្រុងប៉េកាំង។ បង្កើតឡើងនាឆ្នាំ ២០១០ មាន CEO លោក Lei Jun ។ ចំណូលគិតត្រឹមឆ្នាំ ២០១៥ មានដល់ ១២,៥ ពាន់លានដុល្លារ។
ម៉ូដែលពេញនិយមបំផុតរួមមាន Mi Mix, Mi 6 និង Redmi Note 4។ គិតត្រឹមចុងឆ្នាំ ២០១៦ Xiaomi ជាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី ៦ ក្នុងលោក។
Lenovo Group Ltd ជាក្រុមហ៊ុនបច្ចេកវិទ្យា មានទីស្នាក់ការកណ្ដាលក្នុងទីក្រុងប៉េកាំង។ ស្ថាបនិកលោក Liu Chuanzhi បង្កើតឡើងនាឆ្នាំ ១៩៨៤ ហើយមាន CEO លោក Yang Yuanqing។
ម៉ូដែលពេញនិយមបំផុតរួមមាន Z2 Plus, ត្រកូល P និង K។ គិតត្រឹមចុងឆ្នាំ ២០១៦ Lenovo ជាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី ៨ ក្នុងលោក។
Alcatel ជាក្រុមហ៊ុនស្មាតហ្វូនស្ថិតក្រោមការគ្រប់គ្រងរបស់ TCL Corporation បង្កើតឡើងនាឆ្នាំ ២០០៤។ ស្មាតហ្វូនពេញនិយមបំផុតរបស់ក្រុមហ៊ុននេះគឺ Alcatel OneTouch។ គិតត្រឹមចុងឆ្នាំ ២០១៦ Alcatel ជាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី ១០ ក្នុងលោក។
Coolpad Group Limited ដែលត្រូវបានគេស្គាល់ជាក្រុមហ៊ុនបច្ចេកវិទ្យាស្ថិតក្រោមការគ្រប់គ្រងរបស់ Caymans បានបង្កើតឡើងនាឆ្នាំ ១៩៩៣ ដោយស្ថាបនិក Deying Guo។ គិតត្រឹមចុងឆ្នាំ ២០១៥ មានបុគ្គលិកសរុប ៥,៦៣៤ នាក់។ ម៉ូដែលពេញនិយមបំផុតរួមមានម៉ូដែល Cool Play 6, Note 5 Lite និង Defiant ជាដើម។
Gionee ជាក្រុមហ៊ុនផលិតស្មាតហ្វូន បង្កើតឡើងនាឆ្នាំ ២០០២ ដោយស្ថាបនិកលោក Liu Lirong មានទីស្នាក់ការកណ្ដាលនៅទីក្រុង Shenzhen ខេត្តក្វាងទុង។ បច្ចុប្បន្នមានបុគ្គលិកសរុបប្រមាណ ៨ ពាន់នាក់។ ម៉ូដែលពេញនិយមបំផុតរួមមាន Elife S7, S5.5 និង S5.1 ជាពពួកស្មាតហ្វូនមានកម្រាស់ស្ដើងបំផុត។
ZTE Corporation ជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍បង្កើតឡើងនាឆ្នាំ ១៩៨៥ ដោយស្ថាបនិកលោក Hou Weigui មានទីស្នាក់ការកណ្ដាលក្នុងទីក្រុង Shenzhen ខេត្តក្វាងទុង។
ចំណូលសរុបគិតក្នុងឆ្នាំ ២០១៤ មាន ៨១,៤៧ លានយន់ ហើយស្មាតហ្វូនពេញនិយមបំផុតរួមមាន Nubia Z17, Axon 7s និង Nubia Z17 Mini។គិតត្រឹមចុងឆ្នាំ ២០១៦ ZTE ជាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី ៧ ក្នុងលោក។
Meizu Technology Co., Ltd ជាក្រុមហ៊ុនបច្ចេកវិទ្យា មានទីស្នាក់ការកណ្ដាលក្នុងទីក្រុង Zhuhai ខេត្តក្វាងទុង បង្កើតឡើងនាឆ្នាំ ២០០៣ ដោយស្ថាបនិកលោក Jack Wong។ ស្មាតហ្វូនពេញនិយមរួមមានម៉ូដែល M5s, M5 Note និង M3x។
Le.com ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានទីស្នាក់ការកណ្ដាលក្នុងស្រុក Chaoyang ក្រុងប៉េកាំង។ បង្កើតឡើងនាឆ្នាំ ២០០៤ ដោយស្ថាបនិកលោក Jia Yuetingស្មាតហ្វូនពេញនិយមរួមមានម៉ូដែល Le Pro 3, Le 1s Eco និង Le Max 2 ជាដើម។ ប្រាក់ចំណូលសរុបនៅឆ្នាំ ២០១៥ ទទួលបានជាង ១៣ ពាន់លានយន់៕
0 comments:
Post a Comment