អង្គារ, 23 មករា 2018 16:39
- ចំនួនមតិ 0
ចន្លោះមិនឃើញ
Alibaba Group. ជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតលើពិភពលោក។ ក្រុមហ៊ុន Alibaba Group មានអាជីវកម្មជាច្រើនរាប់តាំងពីសេវាថែទាំសុខភាព ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត។
មានប្រតិបត្តិការនៅក្នុងបណ្តាប្រទេសជាង 200 Alibaba.com បែងចែកផ្នែកសំខាន់ៗជាបី: វិបផតថល Alibaba.com ដែលភ្ជាប់ការលក់រវាងអ្នកនាំចូលនិងអ្នកនាំចេញ។ វិបផតថលចិន 1688.com ដែលដើរតួជាវេទិកា សម្រាប់ជំនួញពាណិជ្ជកម្មនៅក្នុងប្រទេសចិន និងគេហទំព័រលក់រាយឈ្មោះ AliExpress.com សម្រាប់អ្នកត្រូវការទិញផលិតផលតូចៗក្នុងតម្លៃលក់ដុំ។ Sabay ណែនាំក្រុមហ៊ុនធំៗ ៨ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Alibaba Group របស់សេដ្ឋី Jack Ma។
១.Lazada:
Alibaba បានទិញយកក្រុមហ៊ុន Lazada ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីកាលពីខែមេសាឆ្នាំ 2016 ក្នុងកិច្ចព្រមព្រៀងតម្លៃ 1 ពាន់លានដុល្លារ។ Lazada ផ្តោតលើការធ្វើពាណិជ្ជកម្មអេឡិចត្រូនិចនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ចំនួន 6 គឺវៀតណាម, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន និងថៃ។
២.South China Morning Post:
Alibaba Group បានទិញសារព័ត៌មាន South China Morning Post ជាកាសែតផ្សាយជាភាសាអង់គ្លេស ដែលមានមូលដ្ឋាននៅហុងកុងកាលពីខែធ្នូឆ្នាំ 2015 ក្នុងតម្លៃប្រហែល 266 លានដុល្លារ ជាផ្នែកមួយនៃផែនការពង្រីកប្រព័ន្ធផ្សព្វផ្សាយ និងអាជីវកម្មកម្សាន្តរបស់ខ្លួន។ នៅពេលនោះលោក Jack MA នាយកប្រតិបត្តិនៃក្រុមហ៊ុន Alibaba បាននិយាយថា ខ្លួនចង់ធ្វើការកែប្រែឡើងវិញនូវអ្វីដែលខ្លួនគិតថាជាការបង្ហាញអវិជ្ជមានរបស់ប្រទេសចិននៅក្នុងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច។
៣.AutoNavi:
Alibaba Group បានទិញ AutoNavi ជាក្រុមហ៊ុនផែនទីរបស់ចិននៅក្នុងឆ្នាំ 2014 ដោយមិនបញ្ជាក់ទំហំការចំណាយ។ ក្រុមហ៊ុនធំមួយនេះ បានផ្គត់ផ្គង់ប្រព័ន្ធផែនទីទំនើបឲ្យ Google អស់រយៈកាលរាប់ទសវត្សមកហើយ។ បច្ចុប្បន្នមានអ្នកប្រើប្រាស់លើសពី ១០០ លាននាក់ ហើយក្លាយជាកម្មវិធីល្អផ្ដាច់គេក្នុងប្រទេសមហាអំណាច។
៤.Taobao:
Alibaba បានបង្កើត Taobao នាឆ្នាំ ២០០៣ ជាទីផ្សារលក់ Online ក្នុងស្រុក ស្រដៀងនឹង eBay និង Amazon របស់អាមេរិក។ ស្របពេលដែល eBay បានទិញយកគេហទំព័រដេញថ្លៃ Eachnet របស់ចិន ដើម្បីប្រកួតប្រជែង ក្រុមហ៊ុន Taobao បានផ្តល់ជូននូវបញ្ជីលក់ និងលក្ខណៈពិសេសដល់អ្នកលក់ដោយឥតគិតថ្លៃដូចជា ការផ្ញើសារសម្រាប់អ្នកទិញហើយវាបានក្លាយជាកន្លែងដាក់លក់ដេញថ្លៃឈានមុខគេនៅក្នុងប្រទេសក្នុងរយៈពេលពីរឆ្នាំ។
៥.Alipay:
ជាក្រុមហ៊ុនទូទាត់ទំនិញឌីជីថលធំបំផុតក្នុងពិភពលោក មានអ្នកប្រើលើស ៤០០ លាននាក់ ដែលបង្កើតឡើងដោយ Alibaba នាឆ្នាំ ២០០៤។ ក្រៅពីយកឈ្នះលើ PayPal នៅខែសីហាឆ្នាំ 201 5 Alipay បានប្រកាសភាពជាដៃគូជាមួយ Yelp ដែលជាសញ្ញានៃផែនការរបស់ពួកគេ ដើម្បីពង្រីកទៅភាគខាងលិច។
Alipay បានសហការជាមួយស្ថាប័នហិរញ្ញវត្តុជាង ៦៥ ដូចជា MasterCard និង Visa ហើយផ្តល់សេវាកម្មទូទាត់សាច់ប្រាក់លើការទំនិញតាមគេហទំព័រធំៗដូចជា Taobao ជាដើម។
៦.Alibaba Pictures Groups:
ក្រុមហ៊ុន Alibaba Pictures Group ប្តូរឈ្មោះពីក្រុមហ៊ុន ChinaVision Media បន្ទាប់ពីក្រុមហ៊ុន Alibaba Group បានទិញភាគហ៊ុន 60 ភាគរយក្នុងតម្លៃ 804 លានដុល្លារក្នុងឆ្នាំ 2014 ។ ក្រុមហ៊ុនកម្សាន្តបានក្លាយជាក្រុមហ៊ុនខ្សែភាពយន្តចិនដ៏ធំបំផុតចាប់តាំងពីឆ្នាំ 2015 ។
ទោះបីជាអ្នកផលិតខ្សែភាពយន្តចិនលេចធ្លោក៏ដោយ ក៏ក្រុមហ៊ុន Alibaba Pictures Group បាននិយាយនៅក្នុងខែវិច្ឆិកាថាពួកគេបានរាយការណ៍ពីការខាតបង់ចំនួន 83,7 លានដុល្លារ។
៧.Aliwangwang និង Laiwang:
នៅឆ្នាំ ២០០៤ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកទិញនិងអ្នកលក់លើគេហទំព័រ Taobao ក្រុមហ៊ុន Alibaba ក៏ប្រកាសបន្ថែមពីសេវាកម្មផ្ញើសារ Aliwangwang ហើយបច្ចុប្បន្នជាប់លំដាប់ទី ២ ក្នុងប្រទេស។
រហូតដល់ឆ្នាំ ២០១៣ ក្រុមហ៊ុនក៏ប្រកាសស្រដៀងនូវកម្មវិធីផ្ញើសារមួយទៀត Laiwang ដើម្បីជាផែនការផ្តួល WeChat របស់ក្រុមហ៊ុនអ៊ីនធឺណិត Tencent។
៨.Ali Health Information Technology:
ជាក្រុមហ៊ុនថែរក្សាសុខភាពរបស់ក្រុមហ៊ុន Alibaba ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ 2014 បន្ទាប់ពីក្រុមហ៊ុន Alibaba និងក្រុមហ៊ុនឯកជន Yunfeng បានទិញភាគហ៊ុនចំនួន 54% នៅក្នុងក្រុមហ៊ុនដែលមានឈ្មោះថា Citic 21CN ។
ថ្មីៗនេះក្រុមហ៊ុន Alibaba បានផ្តោតសំខាន់លើការបង្កើនក្រុមហ៊ុន ឱ្យក្លាយទៅជាប្រព័ន្ធថែរក្សាសុខភាពដ៏សំខាន់ជាមួយកិច្ចព្រមព្រៀងតម្លៃ 488,3 លានដុល្លារដែលក្នុងនោះក្រុមហ៊ុន Ali Health នឹងទទួលបានអាជីវកម្មអាហារសុខមាលភាពរបស់ក្រុមហ៊ុន Alibaba ។
0 comments:
Post a Comment