Monday, February 5, 2018

បញ្ហា​ដីធ្លី នៅ​តែ​ជា​រឿង​ចម្រូងចម្រាស់​មួយ នៅ​ប្រទេស​កម្ពុជា។ របបកម្មសិទ្ធិ​ចាស់ មុន​ឆ្នាំ​១៩៧៩ ត្រូវ​បាន​លុបចោល។ អ្នក​ដែល​​កាន់កាប់​​​ដីធ្លី ក្រោយ​ឆ្នាំ​១៩៧៩ នៅ​តែ​មាន​ច្រើន ដែល​កាន់កាប់​ដោយ​គ្មាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ។

វិវាទ​បាន​កើត​ឡើង​ជា​ញឹកញាប់ ជុំវិញ​បញ្ហា​ដីធ្លីនេះ។ ហេតុ​ដូច្នេះ​ហើយបាន​ជា នៅ​ក្នុង​នាទី​យល់​ដឹង​អំពី​ច្បាប់​ វិទ្យុយើង​​​លើក​យក​បញ្ហា​ដីធ្លី មក​និយាយ​មុនគេ ដោយ​ចាប់​ផ្តើម​ដំបូង អំពី​​​ការ​កាន់កាប់​ដី ដោយ​មិនមាន​ប័ណ្ណ ដោយ​មាន​​ការ​ឆ្លើយ​បំភ្លឺ​ពី​បណ្ឌិត ហ៊ែល ចំរើន។​

១-ខ្ញុំកាន់កាប់​ដី​មួយ​កន្លែង​តាំងពី​ឆ្នាំ ​១៩៧៩​មក។ ជា​ការ​កាន់កាប់​ដោយ​ស្របច្បាប់ ក៏ប៉ុន្តែ មិនមាន​ប័ណ្ណ​កម្មសិទ្ធិ។ តើ​ខ្ញុំ​មាន​សិទ្ធិ​ជា​អ្វី​ លើ​ដីនេះ?
អ្នក ​ដែល​បាន​កាន់កាប់​ដី ឬ​អចលន​វត្ថុ​ផ្សេងទៀត ពី​ឆ្នាំ​១៩៧៩​មក បើ​សិន​ជា​មិនទាន់​មាន​ប័ណ្ណកម្មសិទ្ធិ​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ចទេ អ្នក​នោះ​មិនមែន​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​អចលនវត្ថុ​នេះ​ទេ គឺ​មាន​សិទ្ធិ​ត្រឹម​តែ​ជា​ភោគី (អ្នក​កាន់កាប់​ស្របច្បាប់) ប៉ុណ្ណោះ។
២-​ក្នុង​ឋានៈជា​ភោគី តើ​ខ្ញុំ​មាន​សិទ្ធិ​​អ្វី​ខ្លះ​លើ​ដីនេះ?
ភោគី ​​មាន​សិទ្ធិ​ប្រហាក់​ប្រហែល​នឹង​ម្ចាស់​កម្មសិទ្ធិ​ដែរ ពោល​គឺ​មាន​សិទ្ធិ​ប្រើប្រាស់ អាស្រ័យ​នៅ ដាំដុះ ប្រវាស់ ជួល បញ្ចាំ លក់ ឬ​ផ្ទេរ​ទៅ​ឲ្យ​កូនចៅ ។ល។
នៅ​ក្នុង​ករណី​មាន​ការ​ផ្ទេរ​កម្មសិទ្ធិ​ នេះ អ្នក​ទទួល​អចលនវត្ថុ​ពី​ភោគី គឺ​ទទួល​បាន​ត្រឹម​តែ​សិទ្ធិ​​ជា​ភោគី​ដដែល មិនមែន​ជា​ម្ចាស់​កម្មសិទ្ធិ​នោះទេ។
ភោគី និង​កម្មសិទ្ធិករ​ មាន​ទំហំ​សិទ្ធិ​ដូចគ្នា។ អ្វី​ដែល​ខុសគ្នា គឺ​នៅត្រង់ថា សិទ្ធិ​ជា​កម្មសិទ្ធិករ​គឺ​ជា​សិទ្ធិ​ស្ថាពរ​ ហើយ​អាច​ទទួល​បាន​ការ​គាំពារ​ពីច្បាប់ ដោយ​ពេញលេញ។ ចំណែក​សិទ្ធិ​ជា​ភោគី​វិញ គឺ​ជា​សិទ្ធិ ដែល​មាន​លក្ខណៈ​បណ្ដោះអាសន្ន ដែល​អាច​មាន​ការ​ជំទាស់​តវ៉ា​បាន ទៅ​ថ្ងៃ​ក្រោយ។
៣-តើ​ភោគី​​អាច​ក្លាយ​ជា​​កម្មសិទ្ធិករ​​បាន​ដែរ​ឬទេ?
បាន! ប្រសិន​បើ​​ការ​កាន់កាប់​នេះ ធ្វើ​ឡើង​ដោយ​ស្របច្បាប់ ដោយ​គោរព​តាម​ល័ក្ខខ័ណ្ឌ ៥៖
-កាន់កាប់​ដោយ​ពិតប្រាកដ ពោលគឺ​ មិនមែន​ជា​ការ​កាន់កាប់ ក្នុង​ឋានៈ​ជា​អ្នក​ចាំដី ចាំ​ផ្ទះ ឬ​ចាំ​ចម្ការ​ឲ្យ​គេ។
-កាន់កាប់​ដោយ​គ្មានហិង្សា ពោលគឺ មិន​ប្រើ​កម្លាំង​ចូល​ទៅ​ដណ្តើម​កាន់កាប់។
-​កាន់កាប់​ដោយ​មាន​ការ​ដឹងឮ​ជាសាធារណៈ ពោល​គឺ​ មិនមែន​​ចូល​កាន់កាប់​ដោយ​លួចលាក់ មិន​ឲ្យ​គេ​ដឹង។
-​កាន់កាប់​ដោយ​គ្មាន​ការអាក់ខាន ពោលគឺ​ មិនបាន​បោះបង់​អចលនវត្ថុ​នេះ​ចោល ក្នុង​គម្លាត​មួយ​ធំ។
-កាន់កាប់​ដោយ​សុចរិត ពោល​គឺ ​ពេលចូលកាន់កាប់ ភោគី​មិនបាន​ដឹង​​ថា អចលនវត្ថុ​នេះ​មាន​ម្ចាស់​រួចទៅហើយ​នោះទេ។
ភោគី ដែល​បំពេញ​តាម​ល័ក្ខខ័ណ្ឌ​ទាំង ៥ ខាង​លើ​នេះ អាច​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​បាន ក្រោយ​ពីបាន​កាន់កាប់​អចលនវត្ថុ រយៈពេល ៥ឆ្នាំ ជាប់ៗ​គ្នា​ឥតដាច់។
៤- ក្រោយ​ពី​បាន​កាន់កាប់​តាម​ល័ក្ខខ័ណ្ឌ និង​គ្រប់​រយៈពេល ដែល​កំណត់​ដោយ​ច្បាប់​ហើយ​ តើ​ខ្ញុំ​អាច​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ដោយ​ស្វ័យប្រវត្តិ​ឬទេ?
សិទ្ធិ ​ជា​កម្មសិទ្ធិករ មិន​អាច​ទទួល​បាន​ដោយ​ស្វ័យប្រវត្តិ​នោះទេ។ ភោគី អាច​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ស្ថាពរ លុះត្រា​តែ​​អាជ្ញាធរ​មាន​សមត្ថកិច្ច​​ចេញ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ឲ្យ ក្រោយ​មាន​ការ​ចុះ​បញ្ជីដីធ្លី​មានលក្ខណៈ​ជា​ប្រព័ន្ធ។
៥-ក្នុងពេលរង់ចាំ ​ការទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ស្ថាពរ តើ​ភោគី​អាច​ទទួល​បាន​​ប័ណ្ណ​អ្វី ដែល​សម្គាល់​ការកាន់កាប់​អចលនវត្ថុ​​នេះ​ដែរឬទេ?
បាន! អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ អចលនវត្ថុ​ ទៅ​ឲ្យ​ភោគី ដែល​កាន់កាប់​ស្រប់ច្បាប់។ ក៏ប៉ុន្តែ ប័ណ្ណនេះ​ គ្រាន់តែ​ជា​ភស្តុតាង​បញ្ជាក់​អំពី​សិទ្ធិ​កាន់កាប់​ប៉ុណ្ណោះ មិនមែន​ជា​ប័ណ្ណ​កម្មសិទ្ធិ ដែល​តវ៉ា​មិនបាន​នោះទេ។
៦-ប្រសិន​បើ​ខ្ញុំ​ឃើញ​មាន​អចលនវត្ថុ​ទំនេរ​គ្មាន​ម្ចាស់ តើ​ខ្ញុំ​អាច​ចូល​កាន់កាប់​ធ្វើ​ជា​ភោគី​បាន​គ្រប់ពេលឬ?
ការកាន់កាប់ ​អចលនវត្ថុ ក្នុង​នាម​ជា​ភោគី ដែល​ច្បាប់​ទទួល​ស្គាល់ គឺ​មាន​តែ​ការកាន់កាប់ មុន​​ពេល​ច្បាប់​ភូមិបាល​​ចូល​ជា​ធរមាន​ប៉ុណ្ណោះ ពោល​គឺ​ មុន​ឆ្នាំ​២០០១។ រាល់​ការ​​ចូល​កាន់កាប់​អចលនវត្ថុ នៅ​ក្រោយ​​ច្បាប់​ភូមិបាល​ចូលជាធរមាន គឺ​ជា​ការ​កាន់កាប់​ខុសច្បាប់ ដែល​អាច​ទទួល​ទោស​ព្រហ្មទ័ណ្ឌ។
ប្រជាជន​ក្រីក្រ ដែល​ចង់​បាន​ដី ត្រូវ​តែ​ធ្វើ​ពាក្យ​សុំ​ទៅ​អាជ្ញាធរ តាម​រយៈ​យន្តការ “​សម្បទាន​ដី​សង្គមកិច្ច”។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget