ការកាន់កាប់ដីធ្លី ដោយមិនមានប័ណ្ណកាន់កាប់ត្រឹមត្រូវ អាចនឹងបង្កឲ្យមានវិវាទ បើទោះជាការកាន់កាប់នោះ ជាការកាន់កាប់ដោយស្របច្បាប់ក៏ដោយ។ ប័ណ្ណកាន់កាប់ដីធ្លី គឺជាឯកសារច្បាប់ដ៏សំខាន់ ដែលភស្តុតាង បញ្ជាក់អំពីកម្មសិទ្ធិ ឬការកាន់កាប់ ដោយស្របច្បាប់។ ក៏ប៉ុន្តែ សំណួរសួរថា ដើម្បីឲ្យមានតម្លៃត្រឹមត្រូវតាមផ្លូវច្បាប់ តើប័ណ្ណនេះត្រូវចេញដោយអាជ្ញាធរថ្នាក់ណា? ដើម្បីបានប័ណ្ណនេះ អ្នកសុំត្រូវគោរពតាមនីតិវិធីអ្វីខ្លះ?
ដូចដែលលោក-អ្នកស្តាប់ បានជ្រាបរួចមកហើយ នៅក្នុងកម្មវិធីយល់ដឹងអំពីច្បាប់ លើកមុន ថា ការកាន់កាប់ដីធ្លី ឬការកាន់កាប់អចលនវត្ថុជាទូទៅ អាចមានទ្រង់ទ្រាយពីរ៖ ជាការកាន់កាប់ក្នុងឋានៈជាភោគី ឬការកាន់កាប់ក្នុងឋានៈជាម្ចាស់ដី (ឬកម្មសិទ្ធិករ)។
អ្នកកាន់កាប់ដីធ្លី ទោះជាក្នុងរូបភាពណាមួយក៏ដោយ ជាម្ចាស់កម្មសិទ្ធិក៏ដោយ គ្រាន់តែជាភោគីក៏ដោយ សុទ្ធតែមានសិទ្ធិសុំប័ណ្ណកាន់កាប់ ដើម្បីទុកជាភស្តុតាងផ្លូវច្បាប់ បញ្ជាក់អំពីសិទ្ធិរបស់ខ្លួន លើដីនេះ។
ដោយការកាន់កាប់ដីធ្លី អាចធ្វើឡើង ក្នុងរូបភាពពីរ ប័ណ្ណកាន់កាប់ក៏មានពីរប្រភេទដែរ៖ គឺប័ណ្ណភោគៈ និងប័ណ្ណកម្មសិទ្ធិ។
ដើម្បី ទទួលបានប័ណ្ណនេះ ម្ចាស់ដីត្រូវដាក់ពាក្យសុំទៅការិយាល័យភូមិបាលស្រុក/ខ័ណ្ឌ តាមរយៈមេឃុំ/ចៅសង្កាត់ ដែលដីនោះតាំងនៅ។
នៅក្នុងជំហានដំបូង មេឃុំ/ចៅសង្កាត់ ត្រូវធ្វើការបញ្ជាក់លើចំណុចពីរ៖ ទី១ បញ្ជាក់អំពីអត្តសញ្ញាណ ស្ថានភាព និងប្រវត្តិដី (កាលបរិច្ឆេទនៃការចូលកាន់កាប់) និងទី២ គឺបញ្ជាក់អំពីអត្តសញ្ញាណរបស់ម្ចាស់ដី (ឈ្មោះ អត្រានុកូលដ្ឋាន ទីលំនៅ ជាដើម)។
នៅក្នុងករណី ដែលម្ចាស់ដី មានទីលំនៅ នៅឃុំ/សង្កាត់ផ្សេង ពីឃុំ/សង្កាត់ ដែលដីតាំងនៅ ការបញ្ជាក់ត្រូវធ្វើឡើងដោយឃុំ/សង្កាត់ពីរ៖ គឺឃុំ/សង្កាត់ ដែលដីតាំងនៅ ជាអ្នកបញ្ជាក់អំពីអត្តសញ្ញាណ និងស្ថានភាពដី ចំណែកឃុំ/សង្កាត់ ដែលជាលំនៅរបស់ម្ចាស់ដី គឺជាអ្នកបញ្ជាក់អំពីអត្តសញ្ញាណរបស់ម្ចាស់ដី។
បន្ទាប់ពីបាន ទទួលការបញ្ជាក់ពីពីមេឃុំ ឬចៅសង្កាត់រួចរាល់ហើយ ដំណាក់កាលបន្ទាប់មកទៀត គឺសុំទៅសាលាស្រុក/ខ័ណ្ឌ ដែលដីតាំងនៅ ដើម្បីចាត់ចែងឲ្យមន្រ្តីសុរិយោដីស្រុកចុះវាស់វែងកំណត់ព្រំដី។ នៅក្នុងការវាស់វែងនេះ ម្ចាស់ដី គឺជាចង្អុលបង្ហាញអំពីព្រំដី ចំណែកមន្រ្តីសុរិយោដី គ្រាន់តែជាអ្នកវាស់ប៉ុណ្ណោះ។ បន្ទាប់ពីបានវាស់វែងហើយ មន្រ្តីសុរិយោដីស្រុកនឹងរៀបចំគូសប្លង់ក្បាលដី។
គួរបញ្ជាក់ថា នៅក្នុងការកសាងប្លង់សុរិយោដីនេះ សាលាស្រុកត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ ដើម្បីទុកឱកាសឲ្យបុគ្គលពាក់ព័ន្ធធ្វើការតវ៉ា។ នៅមុនពេលចុះវាស់វែង ក៏មានការជូនដំណឹងជាសាធារណៈ (១៤ថ្ងៃមុនពេលចុះវាស់)។ នៅក្រោយពេលគូសប្លង់សុរិយោដីរួចហើយ ក៏មានការផ្សព្វផ្សាយជាសាធារណៈជាថ្មីម្តង់ទៀត អំពីប្លង់ដី និងអត្តសញ្ញាណម្ចាស់ដី។
៣០ថ្ងៃក្រោយការប្រកាសផ្សាយនេះ ប្រសិនបើគ្មានការតវ៉ាណាមួយទេនោះ អាជ្ញាធរស្រុក/ខ័ណ្ឌ នឹងបញ្ជូនសំណុំរឿងទៅឲ្យអាជ្ញាធរសុរិយោដីថ្នាក់ខេត្ត/ក្រុង ជាអ្នកពិនិត្យសម្រេចជាចុងក្រោយ ក្នុងការចេញប័ណ្ណជូនដល់ម្ចាស់សាម៉ី ដែលជាអ្នកសុំ៕
0 comments:
Post a Comment