14 កញ្ញា 2017
កំពូលហ្វាប់ប្លែត Samsung Galaxy Note 8
ដែលបង្ហាញខ្លួនកាលពីថ្ងៃទី 23 ខែសីហា
ពិតជាទទួលបានការការចាប់អារម្មណ៍ខ្លាំងមិនធម្មតាជាមួយការរចនារូបរាងថ្មី
អេក្រង់លាតស្ទើរតែពេញផ្ទៃខាងមុខជាមួយគែមរាងកោង ប្រព័ន្ធកាមេរ៉ាភ្លោះ
និងកំលាំងម៉ាស៊ីនប្រើការខ្លាំង។ ពេលនេះគូប្រគួតដ៏ខ្លាំងក្លារបស់ Note 8
បានបង្ហាញវត្តមានហើយដែរកាលពីរាត្រីថ្ងៃទី 12 កញ្ញានោះ គឺ Apple iPhone X ឬ
iPhone 10 ដែលជា iPhone
មានការវិវឌ្ឍន៍ជាមួយរបកគំហើញថ្មីក្នុងប្រវត្តិសាស្ត្រទូរស័ព្ទ iPhone របស់
Apple។ វាមិនមែនជា iPhone ដែលមានប៊ូតុងហូមកងរង្វង់ដូច iPhone
មុនទៀតទេតែវាជា iPhone
ដែលក្រាលបន្ទះកញ្ចក់ពេញតែម្តងហើយសឹងតែគ្មានគែមអេក្រង់ទៀតផង ហើយនេះ
ជាប្រវត្តិសាស្ត្រថ្មីរបស់ Apple និងជាបទពិសោធន៍ថ្មីសម្រាប់ហ្វែនរបស់
iPhone ក្នុងការប្រើប្រាស់ iPhone អេក្រង់បង្ហាញពេញម៉ាទំហឹងមួយនេះ។
ក្រៅតែពីមានអេក្រង់ពេញផ្ទៃខាងមុខ
គ្មានប៊ូតុងហូមទៅវានៅមានចំនុចខ្លាំងជាច្រើនទៀតដូចជាកំលាំងម៉ាស៊ីនខ្លាំង
ប្រតិបត្តិការថ្មីចុងក្រោយ ពង្រឹងលើប្រព័ន្ធកាមេរ៉ាភ្លោះ
និងកាមេរ៉ាសែលហ្វីជាដើម។ ហើយខាងក្រោមនេះក្រុមការងារ ពិភពអេឡិចត្រូនិក
នឹងធ្វើការប្រៀបធៀបគុណសម្បត្តិ
និងលក្ខណៈសម្បត្តិមួយចំនួននៃកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនយក្សទាំងពីរនេះដូចខាងក្រោម៖
តួរខ្លួនរបស់ iPhone X និង Galaxy Note 8
ត្រូវបានផលិតឡើងបែប Premium Unibody ពីលោហៈធាតុគុណភាពខ្ពស់
និងស្រោបដោយកញ្ចក់ជាប់ស្វិតនៅផ្ទៃខាងក្រោយដូចគ្នា។ ស៊ុមព័ទ្ធជុំវិញតួររបស់
iPhone X ត្រូវបានផលិតឡើងពីដែលអ៊ីណុកគុណភាពខ្ពស់បំផុតធន់ មិនងាយឆ្កូត
ខណៈដែលស៊ុមរបស់ Note 8 ត្រូវបានផលិតឡើងពីរអាលុយមីញ៉ូមមានភាពធន់ដូចគ្នា។
iPhone X មានកម្រាស់ 7.7mm និងទងន់ 174 ក្រាមស្តើងជាង និងស្រាលជាង Note 8
ដោយ Note 8 មានកម្រាស់ 8.6mm និងទំងន់ 195 ក្រាម។ Galaxy Note8
នៅតែរក្សារន្ធដោត កាសខ្នាត 3.5mm ជាមួយប៊ិច S Pen ដ៏ឆ្លាតវៃខណៈដែល iPhone X
មិនមាន។ iPhone X នឹងចេញលក់ជាមួយជម្រើសពីពណ៌គឺទឹកប្រាក់ (Silver)
និងប្រផេះ (Space Gray) រីឯ Galaxy Note 8 មានជម្រើសពណ៌ច្រើនដូចជា ខ្មៅនឹល
(Midnight black), ទឹកមាសភ្លឺ (Maple gold), ប្រផេះភ្លឺ (Orchid gray),
ទឹកសមុទ្រស្រាល (Deep sea blue) និងផ្កាឈូក (Rose Gold)។
កំពូលស្មាតហ្វូនទាំងពីរនេះត្រូវបានបំបាត់ចោលនូវប៉ូតុងហូមខាងមុខដូចគ្នា
និងមានបំពាក់នូវបច្ចេកវិទ្យាការពារធូលី និងទឹកកម្រិត IP68 ដូចគ្នា។
iPhone X មានទំហំអេក្រង់ 5.8 អ៊ីងប្រភេទ
OLED Display
ជាប្រភេទអេក្រង់លាតពេញផ្ទៃខាងមុខជាមួយគែមអេក្រង់ទាំងបួនខ្លីបំផុតដោយ Apple
ហៅអេក្រង់ថ្មីនេះថា “Super Retina Display” វាទ្រទ្រង់ការបង្ហាញក្នុងទំហំ
2436x1125px ជាមួយកម្រិតភាពច្បាស់ផ្ទៃអេក្រង់ 458ppi។
នេះជាបទពិសោធន៍ក្នុងការទស្សនាផ្ទាំងទស្សនីយភាពថ្មីសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន
iPhone ជាមួយអេក្រង់គុណភាពខ្ពស់បំផុត
និងមានផ្ទៃបង្ហាញធំបំផុតមិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រ iPhone។ ងាកមក
Samsung Galaxy Note 8 វិញមានកញ្ចក់អេក្រង់ទំហំធំរហូតដល់ទៅ 6.3 អ៊ីងប្រភេទ
Super AMOLED Infinity Display ដែលមានគែងសងខាងរាងកោងបន្តិច
វាមានសមត្ថភាពបង្ហាញបានធំជាង iPhone X ជាមួយកម្រិតបង្ហាញ QuadHD+ ទំហំដល់ទៅ
2960x1440 px ជាមួយកម្រិតភាពច្បាស់លើផ្ទៃកញ្ចក់អេក្រង់ 521ppi។
អេក្រង់របស់កំពូលស្មាតហ្វូនទាំងពីនេះ ទ្រទ្រង់នូវមុខងារ HDR10 និង 3D Touch
ដូចគ្នាគ្រាន់តែ Note 8 មិនអាចទ្រទ្រង់បានពេញលិញដូច iPhone X
ប៉ុណ្ណោះគឺវាអាចប្រើមុខងារនេះបានតែលើប៊ូតុងហូមថាច់សែនស័រស៊ីធីវប៉ុណ្ណោះ។
iPhone X
បានបង្ហាញខ្លួនឡើងជាមួយបន្ទះឈីបជំនាន់ថ្មីរបស់ Apple គឺ A11 Bionic
កម្រិតកំលាំង 64bit ជាមួយ core ចំនួន 6 (Hexa-core) ដោយ 2-core
មានសមត្ថភាពប្រតិបត្តិការខ្លាំងនិង 4-Core
ទៀតមានល្បឿនប្រតិបត្តិការកម្រិតមធ្យមដោយឈីបនេះផលិតឡើងភ្ជាប់នូវ GPU
ដែលមានវិសាលភាពប្រតិបត្តិការលឿនជាងជំនាន់ A10 Fusion របស់ iPhone 7 ប្រមាណ
30%។ Apple នៅតែរក្សាទំហំរ៉េមទំហំ 3GB ដែលប្រើនៅលើ iPhone 7 សម្រាប់ iPhone
X ជំនាន់ថ្មីនេះដដែល។ សម្រាប់ម៉ាស៊ីនរបស់ Note 8 វិញប្រើបន្ទះឈីប Qualcomm
Snapdragon 835 កម្រិតកំលាំង 64bit ជាមួយ core ចំនួន 8 (octa-core)
ល្បឿនប្រតិបត្តិការ 2.45GHz Kryo 280 ជាមួយរ៉េមទំហំ 6GB ប្រើប្រាស់ GPU
Adreno 540 និងបច្ចេកវិទ្យា Hexagon 682 DSP។ iPhone X
មានអង្គផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនពីរជម្រើសគឺ 64GB និង 256GB ចំនែក
Note 8 មានបីជម្រើសគឺ 64GB/128GB/ 256GB
ព្រមទាំងអាចបន្ថែមទំហំម៉េមូរីក្រៅបានដល់ 256GB។
ឈីបរបស់ស្មាតហ្វូនទាំងពីរនេះសុទ្ធតែទ្រទ្រង់នូវប្រព័ន្ធកាមេរ៉ាភ្លោះ
និងបច្ចេកវិទ្យាសាកថាមពលថ្មល្បឿនលឿនដូចគ្នា។
កំពូលស្មាតហ្វូនស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុនទាំងពីរនេះ
ត្រូវបានបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅកាមេរ៉ាខាងក្រោយដូចគ្នា។
កាមេរ៉ាភ្លោះរបស់ iPhone X ប្រើប្រាស់កែវលែនបែបបញ្ឈរដោយមានអំពូល Quad LED
True tone flash នៅកណ្តាល។ កាមេរ៉ាទាំងពីរនេះប្រើ កែវលែនទំហំ 12MP
ដូចគ្នាដោយមួយគ្រាប់ជាប្រភេទថតរូបទូលាយ wide angle lens មានកម្រិត aperture
f/1.8 និងមួយទៀតជាប្រភេទ telephoto មានកម្រិត aperture f/2.4
ហើយកាមេរ៉ាទាំងពីរគ្រាប់នេះមានមុខងារទប់រំញ័រ OIS (optical image
stabilization)
និងបន្ថែមមុខងារថ្មីសម្រាប់ការថតរូបផ្ទៃព្រាលបានស្អាតច្បាស់ជាងមុន
(Portrait Lighting)។ រីកាមេរ៉ាមុខរបស់វាវិញមានទំហំ 7MP
ហើយក៏ភ្ជាប់នូវមុខងារ Portrait Lighting
ដូចកាមេរ៉ាទាំងពីរគ្រាប់ខាងក្រោយដែរព្រមទាំងអាចកែតម្រូវបានតាមការចង់បានរបស់យើងថែមទៀតផង
នេះពិតជាពិសេស និងត្រូវចិត្តបំផុតសម្រាប់អ្នកនិយមថតរូបសែលហ្វី។
និយាយពីកាមេរ៉ាភ្លោះរបស់ Note 8 វិញក៏មានទំហំ 12MP ដូចគ្នាដែរ
និងប្រើប្រាស់កែវលែនផ្តេកទទឹងតួរខ្លួនជាមួយអំពូលភ្លើង Dual LED flash
នៅខាងស្តាំ។ កាមេរ៉ាទាំងពីរគ្រាប់របស់ Note8
ក៏មានមុខងារពីរផ្សេងគ្នាដែរដោយមួយជាប្រភេទកាមេរ៉ាថតរូបទូលាយ wide angle
lens មានភ្ជាប់ដោយ aperture f/1.7 អាចហ្ស៊ូម optical zoom កម្រិត 2x
និងមួយគ្រាប់ទៀតជាប្រភេទ telephoto lens មានកម្រិត aperture f/2.4
អាចហ្ស៊ូម optical zoom បាន 10x។
កាមេរ៉ាទាំងពីរគ្រាប់នេះក៏ភ្ជាប់នូវមុខងារទប់រំញ័រកាមេរ៉ា OIS-4 axis
និងមុខងារ Live Focus សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយបានដាច់ស្អាតបំផុត
និងអាចកំនត់កម្រិតព្រាលបានទាំងកំឡុងពេលថត និងក្រោយពេលថតរួចទៀតផង។ Note 8
មានកាមេរ៉ាសែលហ្វីទំហំ 8MP ធំជាងកាមេរ៉ាមុខរបស់ iPhone X
ព្រមទាំងភ្ជាប់នូវរូប Emoji សម្រាប់លេងរូបភាពកំឡុងពេលថតផងដែរ។
កាមេរ៉ាភ្លោះដែលបំពាក់លើកំពូលស្មាតហ្វូនទាំងពីរនេះមានសមត្ថភាពថតវីដេអូបានដល់កម្រិត
4K ជាមួយមុខងារទប់រំញ័របានល្អដូចគ្នា។
កំពូលស្មាតហ្វូនទាំងពីរនេះសុទ្ធតែទ្រទ្រង់នូវបច្ចេកវិទ្យាសាកថាមពលថ្មល្បឿនលឿន
Fast Battery Charging ដូចគ្នាទាំងការសារតាមរយះឆ្នាំសាក និងដុំសាក
wireless ប៉ុន្តែខុសគ្នាត្រង់ទំហំអំពែថ្មតែប៉ុណ្ណោះ។ Apple
នៅតែកំណាញ់ថ្មសម្រាប់ស្មាតហ្វូនរបស់ខ្លួនព្រោះថា iPhone X
មានអេក្រង់ធំប៉ុណ្ណឹងហើយក្រុមហ៊ុននៅតែបំពាក់ថ្មក្រោម 3,000
មីលីអំពែម៉ោងទៀត។ ថ្មរបស់ iPhone X មានទំហំ 2,960 មីលីអំពែម៉ោងធំជាងថ្ម
iPhone 7 Plus ប្រមាណ 60 មីលីអំពែ ហើយកាន់ថាមពលប្រើប្រាស់បានយូរជាង 2
ម៉ោងនេះបើតាមការបញ្ជាក់ពី Apple។ ក្រុមហ៊ុន Apple ក៏បានប្រកាសនូវដុំសាកថ្ម
Wireless Charge ដែលអាចទ្រទ្រង់ជាមួយ iPhone X ផងដែរ
ដោយប្រើប្រាស់បច្ចេកវិទ្យា iQ Technology។ ចំនែកហ្វាប់ប្លែត Galaxy Note 8
វិញមានថ្មក៏មិនសូវធំប៉ុន្មានដែរដោយហ្វាប់ប្លែតអេក្រង់យក្សមួយនេះមានផ្ទុកថ្មកំលាំង
3,300 មីលីអំពែម៉ោងប៉ុណ្ណោះតូចជា Galaxy Note ជំនាន់មុន និង Galaxy S8
Plus ប្រមាណ 200 មីលីអំពែម៉ោង។ ទោះបីជាបែបនេះក្តី Samsung បានបញ្ជាក់ដែរថា
សមត្ថភាពថ្ម Note 8 អាចកាន់ប្រើប្រាស់បានយូរជាងថ្ម Note 7 និង S8 Plus
ប្រមាណជិត 7 ម៉ោងឯណោះ។ Note 8 ក៏ទ្រទ្រង់បច្ចេកវិទ្យាសាកថាមពលថ្មល្បឿនលឿន
Fast Battery Charge ដោយប្រើបច្ចេកវិទ្យា Qualcomm Quick Charge 3.0
ទាំងការសារតាមខ្សែឆ្នាំសាក និងដុំសារឥតខ្សែ (Wireless Charge)។
Apple បានប្រកាសនូវញាណថ្មី
ឬសែនស័រថ្មីហៅថា “Face ID” ប្រើនៅលើ iPhone X សម្រាប់ដោះសោរជំនូសការប្រើ
Touch ID នៅលើប៊ូតុងហូមដែលប្រើអស់រយះពេល 10 ឆ្នាំមកនេះ។ សែនស័រថ្មីនេះ
ប្រើប្រាស់មុនងារ biometric និង authentication
ដែលវាប្រតិបត្តិការណ៍យ៉ាងល្អបំផុតជាមួយឈីប A11 Bionic
ក្នុងការសំគាល់មុខរបស់ម្ចាស់ iPhone X
បានជាក់លាក់បំផុតដោយប្រើប្រាស់បច្ចេកវិទ្យា 3D Map។ Apple បានបញ្ជាក់ថា
Face ID នេះ វាមិនច្រឡំផ្ទៃមុខរបស់ម្ទាស់របស់វាឡើយពោល
គឺមួយលាននាក់មានតែមួយប៉ុណ្ណោះគឺម្ទាស់របស់វាផ្ទាល់តែម្តង។ សម្រាប់ Galaxy
Note 8 វិញប្រើប្រាស់មុខងារដោះសោរដោយប្រើប្រាស់ប្រសី្រភ្នែក
និងចំណាំផ្ទៃមុខ (iris scanner & facial recognition)
ជាមួយសែនស័រស្កែនក្រយ៉ៅម្រាមដៃនៅផ្ទៃខាងក្រោយ។
ហើយការប្រើប្រាស់គឺមានសុវត្ថិភាពខ្ពស់បំផុត។
iPhone X
ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 11 ចេញពីប្រអប់តែម្តង។
ប្រតិបត្តិការ iOS ជំនាន់ថ្មីនេះមានភ្ជាប់នូវរូប Animoji
ដែលបង្កើតឡើងយ៉ាងពិសេសដោយ Apple ផ្ទាល់
ហើយរូបភាពទាំងនោះវាអាចធ្វើចលនាតាមកាយវិការមុខរបស់យើងដោយប្រើប្រាស់នូវបច្ចេកវិទ្យាសំគាល់
Facial scanner technology ដែលភ្ជាប់មកពីមុខងារ Face ID។ រី Samsung
Galaxy Note 8 វិញដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 7.1 Nougat
ចេញពីប្រអប់ហើយស្រោបដោយផ្ទៃអ៊ីនធើហ្វេស TouchWiz UI 8.5
វាមានភ្ជាប់នូវមុខងារថ្មីដូចជា Live Message ដែលអាចអោយយើងគូសរូប
និងសរសេរសារជាមួយប៊ិច S Pen ដើម្បីបង្កើតរូបភាពមានចលនាប្រភេទ Gifs និង App
Pair
ដែលអាចអោយអ្នកប្រើប្រាស់ចែកផ្ទៃអេក្រង់ជាពីរដើម្បីដំណើរការកម្មវីធីពីរផ្សេងគ្នាក្នុងពេលតែមួយបានយ៉ាងលឿនបំផុត។
iPhone X និង Galaxy Note 8
នឹងមានលក់តាមរយះបណ្តាញចែកចាយធំៗ
និងបណ្តាញចែកចាយរ៉ៃរងតូចៗជាច្រើនទៀតក៏ដូចជាហាងលក់រាយក្នុងពេលឆាប់ៗនេះផងដែរ។
iPhone X នឹងបើកអោយធ្វើការកុម្ម៉ងមុននៅថ្ងៃទី 27 ខែកញ្ញានេះ
និងចេញលក់លើទីផ្សារនៅថ្ងៃទី 03 ខែតុលា ជាមួយតម្លៃចាប់ផ្តើមពី $999 ទៅ។
សម្រាប់ហ្វាប់ប្លែត Galaxy Note 8
វិញបច្ចុប្បន្នបានដាក់អោយកុម្ម៉ងមុនរួចហើយ
ហើយនឹងចាប់ផ្តើមចេញលក់ជាផ្លូវការណ៍នៅថ្ងៃទី 29 ខែកញ្ញានេះ
ក្នុងទីផ្សារកម្ពុជាមួយតម្លែប្រមាណ $919។
0 comments:
Post a Comment