១. ទិញស៊ីមទូរសព្ទប្រើក្នុងប្រទេសថៃ
ពេលទៅដល់ប្រលានយន្តហោះប្រទេសថៃភ្លាម អ្វីដែលអ្នកត្រូវធ្វើមុនគេ គឺត្រូវទិញស៊ីមទូរសព្ទសម្រាប់ទុកតេ ឬលេងអ៊ីនធឺណិតនៅស្រុកថៃ។ បើអ្នកទៅលេង១ សប្តាហ៍ គួរជ្រើសរើសស៊ីម ដែលមានទឹកប្រាក់ និងកញ្ចប់សេវាកម្មអ៊ីនធឺណិតសម្រាប់៧ថ្ងៃទៅបានហើយ តែបើច្រើនជាងនេះ អាចលៃលកទៅតាមហ្នឹងបាន។
២. បញ្ចូលលុយទូរសព្ទនៅឯណា?
ក្រោយទិញស៊ីមហើយ បើគណនីអ្នកអស់លុយ អ្នកអាចទៅរកទិញកាតទូរសព្ទដើម្បីបញ្ចូលទឹកប្រាក់ក្នុងកណនី នៅម៉ាតមានឈ្មោះថា 7eleven ដែលមាននៅគ្រប់ទីកន្លែងនិងបម្រើសេវាកម្មរាល់ពេល (ពីយប់ដល់ភ្លឺ)។
៣. សម្បូរភេទទីបី
ភេទទី៣មិនមែនជារឿងចម្លែកទេសម្រាប់ប្រទេសមានព្រុំប្រទល់ជាប់ ខ្មែរមួយនេះ តែនៅមានអ្នកទេសចរខ្លះអាចនឹងជាប់ស្នេហ៍នឹងពួកគេ (ភេទទីបី) ដោយមិនដឹងថាជាភេទទីបីផងក៏មិនដឹង។ បើមិនឮសំឡេងនិយាយទេ មិនដឹងថានារីដ៏ស្រស់ស្អាតនោះជាប្រុសសោះ។ បើស្រីតែងខ្លួនធ្វើប្រុសវិញ ដូចពុំមានច្រើនទេ តែបើប្រុសក្លាយខ្លួនមកជាស្រីនេះ គឺគរទឹកគដីតែម្តងនៅថៃ។ កុំឃើញសាច់សខ្ចី តាមញ៉ែណា!
៤. ត្រូវដូរយកលុយបាត
ថៃជាប្រទេសមួយលើកតំកើងរូបិយប័ណ្ណរបស់ខ្លួន (លុយបាត) ខុសពីប្រទេសមួយចំនួននៅអាស៊ី ដូច្នេះអ្នកត្រូវយកដុល្លារដែលដាក់ក្នុងហោប៉ៅទៅដូរយកលុយបាត សម្រាប់ការប្រើប្រាស់តាមចំនួនដែលចង់បាន។ ធម្មតា ១ដុល្លារ = ៣៤បាត។
៥. ប្រជាជនថៃមិនសូវប្រើភាសាអង់គ្លេស
បើអ្នកគិតថាចង់យកភាសាអង់គ្លេសទៅអនុវត្តឬទំនាក់ទំនងជាមួយ ប្រជាជនថៃ មិនថាអ្នកលក់ឬពលរដ្ឋធម្មតាទេ អ្នកប្រហែលជាគិតខុសបន្តិច។ ថៃនិយមលើកដំកើងភាសារបស់ខ្លួន ហើយក៏អាចនិយាយបានថាប្រជាជនភាគច្រើនមិនសូវចេះនិយាយភាសាអង់គ្លេស ដូចខ្មែរយើងទេ។ បើអ្នកអាចចេះនិយាយភាសាថៃខ្លះសម្រាប់ការទំនាក់ទំនង [ឧទាហរណ៍៖ សាវ៉ាត់ឌី (សួស្តី), អារ៉យ (ឆ្ងាញ់)] និងច្រើនជាងនេះបន្តិច ក៏ជារឿងល្អដែរ។ មិនខ្វះទេសៀវភៅរៀនភាសាថៃសម្រាប់ការដើរកម្សន្តនោះ។
៦. បើកបរឆ្វេងដៃ
និយាយពីការប្រកាន់ផ្លូវ ថៃខុសពីខ្មែរត្រង់ គេប្រកាន់ផ្លូវខាងឆ្វេង។ អ៊ីចឹងអ្នកអាចចម្លែកចិត្ត ហើយក៏ត្រូវប្រយ័ត្នដែរពេលដើរតាមផ្លូវក្នុងទីក្រុងស្រុកនេះ។
៧. ម៉ូតូឌុបនិងអ្នករត់កង់បី បើកបរដូចអ្នកប្រណាំងម៉ូតូ
ត្បិតតែសេវាម៉ូតូឌុបនិងកង់បីថៃមានគ្រប់ពេលពីយប់ទាល់ភ្លឺ មែន តែអ្នកបើកបរទាំងនោះបើកបរមិនសូវយឺតប៉ុន្មានទេ ហើយសូម្បីពេលខ្លះក៏មិនឈប់ស្តុបដែរ។ អ្នកអាចបះសក់ម្តងម្កាលក៏មាន ជាមួយអ្នកជំនាញរត់ម៉ូតូឌុបនិងកង់បីនៅថៃ។ តែពិសេសត្រង់ថាម៉ូតូគេសុទ្ធតែទំនើប (មាន Zoomer X និង Scoopyជាដើម)។
៨. ជិះរត់ភ្លើងលើអាកាស (Sky Train) ប្រសើរជាងម៉ូតូ កង់បីនិងឡានតាក់ស៊ីរត់លើដី
អ្នកនឹងចំណាយកាន់តែតិចនិងរហ័ស បើសិនអ្នកជ្រើសរើសការធ្វើដំណើរនៅក្នុងក្រុងប្រទេសថៃ ដោយការជិះរត់ភ្លើង ព្រោះវាចំណេញច្រើនជាងម៉ូតូឌុប កង់បី និងឡានតាក់ស៊ី។
៩. អ៊ីវ៉ាន់ថោកជាងនៅខ្មែរ ចុះត្រូវទិញនៅឯណា?
ស្ទើរតែ១០០ភាគរយទៅហើយដែលឥវ៉ាន់ស្រុកថៃធូរថ្លៃជាងនៅស្រុក ខ្មែរ ដោយសាររាល់ឥវ៉ាន់ (ខោអាវ នាឡិកា វ៉ែនតា -ល-) សុទ្ធតែអាជីវករនៅភ្នំពេញទៅយកដល់ថៃ។ បើអ្នកទៅបាំងកកហើយចង់ទិញឥវ៉ាន់ល្អៗនិងមានតម្លៃធូរថ្លៃ អាចទៅផ្សារប៉ាទូណាម (Pratunam) និង Big Cជាដើម។
១០. ការសំពះ
រឿងដែលពលរដ្ឋខ្មែរអាចនឹងខ្មាស់ថៃគឺការសំពះ។ ថៃប្រកាន់ខ្ជាប់ការសំពះរាល់ពេលជួបគ្នាម្តងៗ មិនថាចាស់ឬក្មេងឡើយ។ ដូច្នេះអ្នកត្រូវចាំរឿងនេះ ពេលទៅដល់ថៃ។
Angkor Post មានតែប៉ុន្មានចំណុចនេះទេ ដែលចង់ចែករំលែក។ សង្ឃឹមថាអ្នកនឹងធ្វើដំណើរកម្សាន្តទៅថៃដោយរីករាយនៅថ្ងៃឈប់ សម្រាក។
អត្ថបទ៖ ជី ដេត
0 comments:
Post a Comment