បើទោះជាក្រុមហ៊ុនបណ្តាញទូរសព្ទចល័តដូចជា Smart ផ្តល់ជម្រើសប្តូរលុយ ១ ដុល្លារ បាន ៣០ ដុល្លារ ក៏ដោយ ក៏ជួនកាល បើលោកអ្នកប្រើភ្លេចខ្លួនតែបន្តិច នោះលុយដែលនៅសល់ក្នុងគណនីទូរសព្ទ ប្រាកដជាដាច់អស់មួយរំពេចជាមិនខាន។

ដើម្បីបញ្ជៀសបញ្ហានេះ Post Tech សូមលើកយកមកបង្ហាញជូនលោកអ្នកនូវវិធីកាត់បន្ថយការខ្ជះខ្ជាយទំហំទិន្នន័យអិុនធើណែតតាមប្រព័ន្ធ 3G/4G ឱ្យដល់កម្រិតអតិបរមា លើទូរសព្ទ iPhone ឬ iPad ដែលដំណើរការលើប្រព័ន្ធ iOS ជំនាន់ 10.3.1 ដូចតទៅ៖
១– បិទដំណើរការចាក់វីដេអូស្វ័យប្រវិត្តនៅលើកម្មវិធីបណ្តាញសង្គម
- Facebook: សូមចុចលើមឺនុយ More (សញ្ញា…) -> Settings -> Account Settings -> Videos and Photos -> Video Settings -> Auto-play រួចជ្រើសរើសយក ‘On Wi-Fi Connections Only’ ឬ ‘Never Auto-plays Videos’។
- Twitter: ឋិតនៅក្នុងផ្ទាំង Profile របស់លោកអ្នកក្នុងកម្មវិធីនេះ សូមចុចចូលមឺនុយ Gear (រូបសញ្ញាស្ពឺ) -> Settings -> Data -> Video Autoplay រួចជ្រើសរើស ‘Never play videos automatically’ ឬ ‘Use Wi-Fi Only’។
- Instagram: ឋិតនៅក្នុងផ្ទាំង Profile របស់លោកអ្នកក្នុងកម្មវិធីនេះ សូមចុចចូលមឺនុយ Gear -> Mobile Data Use រួចចុចយកជម្រើស Use Less Data។

២– តាមដានកម្មវិធីណាស៊ីទិន្នន័យអិុនធើណែតច្រើន
ដើម្បីធ្វើដូចនេះ លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Settings -> Cellular រួចចូលទៅកាន់ All Apps។ នៅក្នុងនេះ វានឹងបង្ហាញពីទំហំទិន្នន័យអិុនធើណែតដែលកម្មវិធីនីមួយៗបានស៊ី។ ដូច្នេះ ប្រសិនបើអាច សូមចុចកុងតាក់បិទលើកម្មវិធីណាដែលស៊ីទំហំអស់ច្រើន។

៣– បិទមុខងារ Cellular Data ក្នុង iCloud
ប្រសិនបើលោកអ្នកប្រើ iCloud សម្រាប់ការទាញយកឯកសារ និងទិន្នន័យពីកម្មវិធីផ្សេងៗទុក លោកអ្នកគួរតែឆែកមើលថាតើ មុខងារ ‘Use Cellular Data’ ក្នុងកម្មវិធី Settings ផ្នែក iCloud Drive កំពុងបើក ឬក៏បិទ។ បើវាកំពុងបើក សូមចុចកុងតាក់បិទវាចោលទៅ!

៤– បិទមុខងារទាញយកដោយស្វ័យប្រវត្តិ
សូមចូលទៅកាន់កម្មវិធី Settings -> iTunes and App Store រួចចុចបិទលើមុខងារ Use Cellular Data។ បន្ទាប់ពីចុចបិទរួច កម្មវិធីនានានៅក្នុងទូរសព្ទរបស់លោកអ្នកនឹងមិនធ្វើបច្ចុប្បន្នភាព (Update) ដោយស្វ័យប្រវត្តិដែលនាំឱ្យស៊ីទិន្នន័យអិុនធើណែតអស់ច្រើនទៀតនោះទេ។

៥– បិទមុខងារ Wi-Fi Assistant
មុខងារនេះ ត្រូវបានបង្កើតឡើងដើម្បីជួយបំពេញការតភ្ជាប់អិុនធើណែតពីប្រព័ន្ធ 3G/4G នៅពេលការតភ្ជាប់អិុនធើណែតតាមប្រព័ន្ធ Wi-Fi រអាក់រអួល។ ដូច្នេះ វាអាចនឹងទាញយកទំហំទិន្នន័យអិុនធើណែតតាមប្រព័ន្ធ 3G/4G ដោយលោកអ្នកមិនដឹង។ ដើម្បីបិទវា សូមចូលទៅកាន់កម្មវិធី Settings -> Cellular រួចចុចកុងតាក់បិទលើមុខងារ Wi-Fi Assist ជាការស្រេច។

៦– បិទមុខងារ Background App Refresh
សូមចូលទៅកាន់កម្មវិធី Settings -> General -> Background App Refresh ហើយចុចកុងតាក់បិទលើឈ្មោះកម្មវិធី Facebook, Instagram, Twitter,…។ ធ្វើដូច្នេះ វាក៏ជួយសន្សំសំចៃថាមពលថ្មរបស់ទូរសព្ទផងដែរ។

៧– កុំប្រើមុខងារ Cellular Data សម្រាប់ Apple Music
ប្រសិនបើលោកអ្នកប្រើកម្មវិធី Apple Music នោះ បទចម្រៀងបញ្ជូនមកឱ្យលោកអ្នកស្តាប់ អាចនឹងប្រើប្រាស់ទិន្នន័យ Cellular ក្នុងទំហំដ៏ធំ។ បើដូច្នេះមែន លោកអ្នកគួរតែចូលទៅបិទវាតាមកម្មវិធី Settings -> Music -> Cellular Data រួចចុចកុងតាក់បិទវា។

៨– ប្រើកម្មវិធី Chrome និងបើកមុខងារ Reduce Data របស់វា
លោកអ្នកអាចនឹងសន្សំសំចៃទិន្នន័យអិុនធើណែតបានពី ៥ ទៅ ១៣ មេហ្គាបៃយ៍ ក្នុងមួយគេហទំព័រ ប្រសិនបើខ្លួនចូលចិត្តស្រាវជ្រាវព័ត៌មានតាមកម្មវិធី Browser។ ព្រោះ Chrome មានភ្ជាប់មកជាមួយមុខងារកាត់បន្ថយការទាញយកទិន្នន័យពីប្រព័ន្ធអិុនធើណែតតាមម៉ាស៊ីនមេរបស់ Google។ ដើម្បីធ្វើដូចនេះ លោកអ្នកគ្រាន់តែចូលទៅកាន់មឺនុយ Settings -> Bandwidth របស់កម្មវិធី រួចបើកមុខងារ Reduce Data Usage ជាការស្រេច។

៩– បិទប្រព័ន្ធ Cellular នៅពេលឈប់ប្រើ
វាជាវិធីសាមញ្ញបំផុត ប៉ុន្តែ លោកអ្នកប្រហែលជាមើលរំលង ខណ:ដែលវាគឺជាមធ្យោបាយល្អបំផុតក្នុងការសន្សំសំចៃទំហំទិន្នន័យអិុនធើណែត បន្ថែមពីលើថាមពលថ្ម។ ព្រោះនៅពេលដែលវាត្រូវបានបើកចោល កម្មវិធីមួយចំនួនអាចនឹងធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់វាដោយស្វ័យប្រវត្តិ ដែលនាំឱ្យខ្ជះខ្ជាយទំហំទិន្នន័យអិុនធើណែតរបស់ទូរសព្ទ។ ដើម្បីបិទវា លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Settings -> Cellular រួចចុចកុងតាក់បិទជាការស្រេច៕

0 comments:
Post a Comment