បច្ចុប្បន្នមានប្រព័ន្ធផ្សព្វផ្សាយវីដេអូពីរដែលទទួលការពេញនិយមបំផុតគឺ
YouTube ដែលឈរតំណែងលេខ ១ និង Vimeo ដែលឈរនៅតំណែងលេខ ២។
តាមពិតទៅប្រព័ន្ធផ្សព្វផ្សាយវីដេអូទាំង ២
សុទ្ធសឹងតែមានលក្ខណៈសម្បត្តិនិងគុណវិបត្តិខុសប្លែកពីគ្នា។
តើប្រព័ន្ធផ្សព្វផ្សាយវីដេអូទាំង ២ មានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេច?
Vimeo ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤ ហើយសន្ទុះការគាំទ្របានកើនឡើងរហ័សជាទីបំផុត។ ភាគច្រើនប្រភេទវីដេអូរបស់ Vimeo ច្រើនបង្កប់នៅក្នុងវេបសាយផ្សេងៗ។ Vimeo អាចគាំទ្រវីដេអូកម្រិត HD បានមុនគេបង្អស់នៅក្នុងលោក។
YouTube ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៥។ មកទល់បច្ចុប្បន្ន វាឈរនៅតំណែងទី ១។ អ្នកទស្សនាភាគច្រើន ចូលទៅកាន់ YouTube ដើម្បីទស្សនាប្រភេទវីដេអូការណែនាំនិងការបង្រៀនផ្សេងៗ។ YouTube បានបង្កើតនូវមុខងារពិសេស ដែលអាចឱ្យអ្នកទស្សនាអាចធ្វើការ Like និង Comment ជាមួយម្ចាស់ផលិតវីដេអូថែមទៀតផង។
ការប្រៀបធៀបគុណភាព
កាលពីឆ្នាំ ២០០៧ Vimeo គាំទ្រការបង្ហោះវីដេអូកម្រិត HD និងក្រោយមកបានវិវត្តទៅរកកម្រិត 4K Ultra HD។ គួរឱ្យសោកស្ពាយ អ្នកផលិតវីដេអូដែលមិនបានចំណាយលុយឱ្យ Vimeo នឹងមិនទទួលការអនុញ្ញាតបង្ហោះវីដេអូកម្រិតខ្ពស់ៗបានទេ ហើយស្វ័យប្រវត្តិវានឹងលោតមកវីដេអូកម្រិត 720p វិញ។
ខាងក្រោមជាវីដេអូកម្រិត 4K UHD ដែលបានបង្ហោះនៅលើប្រព័ន្ធ Viemo:
YouTube បានដំណើរការគាំទ្រការបង្ហោះវីដេអូកម្រិត 720p HD នៅចុងឆ្នាំ ២០០៨ ។ ពេលចុងក្រោយ ពួកគេបានបោះជំហានយ៉ាងរហ័សទៅរកវីដេអូកម្រិតដល់ទៅ 8K UHD ឯណោះ។ យ៉ាងណាហេតុផលមិនល្អសម្រាប់អ្នកទស្សនា ដោយសារកុំព្យូទ័រមួយចំនួននៅមិនទាន់អាចគាំទ្រជាមួយវីដេអូកម្រិត 4K/8K UHD បានឡើយ ដោយតម្រូវឱ្យទម្លាក់កម្រិតទស្សនាមកទាបបន្តិច។
ខាងក្រោមជាវីដេអូកម្រិត 1440p ដែលបង្ហោះនៅលើ YouTube (អ្នកក៏អាចសាកល្បងបាន ក្នុងការទស្សនាវីដេអូកម្រិត 8K បើចង់ដឹងថាតើវាដំណើរឫអត់?
ការប្រៀបធៀបតម្លៃ
Vimeo និង YouTube មានកញ្ចប់សេវាកម្មបង់លុយនិងឥតគិតថ្លៃសម្រាប់អ្នកប្រើប្រាស់ដូចគ្នា ។ អត្ថប្រយោជន៍គ្រាន់ថា អ្នកបង់លុយអាចទទួលបានមុខងារពិសេសៗជាង។
Vimeo មានកញ្ចប់សេវាកម្មបង់លុយ ៣ ប្រភេទ (អ្នកប្រើប្រាស់កញ្ចប់ Free អាចបង្ហោះវីដេអូដល់ 500MB តែកម្រិត 720p អស់ធំ)
-Vimeo Plus: តម្លៃ ៦០ ដុល្លារ ក្នុងមួយឆ្នាំ អ្នកអាចបង្ហោះវីដេអូដល់កម្រិត 5GB ក្នុងមួយសប្ដាហ៍និងមានមុខងារឯកជនកម្រិតខ្ពស់។ អ្នកក៏អាចបង្ហោះវីដេអូក្នុងកម្រិតដល់ទៅ 4K UHD ហើយផ្ទាំងពាណិជ្ជកម្មនឹងត្រូវបានលុបចោលនៅលើវីដេអូសម្រាប់អ្នកទស្សនា។
- Vimeo Pro: តម្លៃ ២០៤ ដុល្លារក្នុងមួយឆ្នាំ អាចបង្ហោះវីដេអូបានដល់ 20GB ក្នុងមួយសប្ដាហ៍ មានអត្ថប្រយោជន៍ដូចខាងលើ និងមានការបន្ថែមមុខងារវិភាគកម្រិតខ្ពស់។
- Vimeo Business: តម្លៃ ៦០០ ដុល្លារក្នុងមួយឆ្នាំ អ្នកអាចបង្ហោះវីដេអូដល់ 5TB មិនកំណត់ពេលវេលាប្រចាំសប្ដាហ៍ ទទួលបានអត្ថប្រយោជន៍ពិសេសបន្ថែមទៀត គឺមុខងារទីផ្សារសម្រាប់ការគ្រប់គ្រងវីដេអូរបស់អ្នក។
សរុបមកវិញការចំណាយលុយសម្រាប់ Vimeo មានអត្ថប្រយោជន៍មួយខ្ពស់ សម្រាប់អ្នកផលិតនិងអ្នកទស្សនា ដែលអាចធ្វើឱ្យពួកគេកាន់តែទទួលបានភាពរីករាយបន្ថែមទៀត។
YouTube សេវាកម្មខុសប្លែកដូចមេឃនិងដីធៀបទៅនឹង Vimeo គឺវាមានសេវាកម្ម YouTube Red ដែលអ្នកទស្សនាចំណាយ ៩,៩៩ ដុល្លារក្នុងមួយខែ អាចមើលវីដេអូដោយពុំជាប់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មអ្វីទាំងអស់។
អ្នកអាចបង្ហោះវីដេអូឥតគិតថ្លៃដល់កម្រិត 8K UHD ឱ្យតែគណនីបង្កើតមានការបញ្ជាក់ (Verify)។ ជាមួយគ្នានេះ វាពុំមានការកំណត់ទំហំវីដេអូផុសបានប៉ុន្មាននោះដែរ។
ការប្រៀបធៀបទស្សនិកជន
បើអ្នកជាម្ចាស់វីដេអូនៅលើប្រព័ន្ធ Vimeo ជាទូទៅរាល់ថ្ងៃអាចមិនទទួលបានអ្នកទស្សនាដល់ ១ ពាន់នាក់ផងក៏ថាបាន ព្រោះតួលេខទស្សនិកជនគាំទ្រ Vimeo គឺតិចបំផុត ។ បញ្ជាក់ថាវីដេអូភាគច្រើននៅលើប្រព័ន្ធនេះ គឺជាវីដេអូប្រភេទកីឡា។
YouTube ជាបណ្តុំប្រព័ន្ធទស្សនាមានអ្នកគាំទ្រច្រើនរាប់មិនអស់ ហើយវីដេអូភាគច្រើនក៏មានការចូលរួមផ្ដល់មតិយោបល់ពីអ្នកទស្សនាមិនថាអាក្រក់ឫល្អ ដែលអ្នកបង្ហោះនឹងទទួលជារឿយៗ។ អ្នកក៏អាចធ្វើការផ្សព្វផ្សាយវីដេអូរបស់អ្នកបន្ថែម ប៉ុន្តែត្រូវចំណាយលុយឱ្យ YouTube ក្រោយមកអ្នកនឹងក្លាយជាបុគ្គលដែលទទួលបានការចាប់អារម្មណ៍ខ្ពស់មួយនៅក្នុងប្រព័ន្ធនោះ។
ខាងក្រោមជាវីដេអូដែលមានអ្នកទស្សនាជាង ៩០ មីននាក់ក្នុងពេលថ្មីៗនេះ។
ការសម្រេចចិត្តចុងក្រោយរវាង YouTube និង Vimeo
ជាធម្មតាបើអាជីវកម្មចង់បង្ហោះវីដេអូទៅកាន់គេហទំព័រភាគច្រើន គេនឹងរើសយក Vimeo។ ផ្ទុយទៅវិញ ម្ចាស់វីដេអូដែលចង់បង្កើតនិងទទួលបានអ្នក Follow ច្រើន គេនឹងរើសយក YouTube គួបផ្សំនឹងអត្ថប្រយោជន៍ជាច្រើនទៀតរបស់វា។
បន្ទាប់ពីការអានត្រួសៗជុំវិញការរ៉ាយរ៉ាប់ខាងលើ Sabay ជឿជាក់ថាប្រិយមិត្តអ្នកអាន បានសម្រេចចិត្តច្បាស់លាស់រួចទៅហើយ ថាគួរជ្រើសរើសយកប្រព័ន្ធវីដេអូមួយណាទៅប្រើប្រាស់?
0 comments:
Post a Comment