បច្ចុប្បន្នមនុស្សជាច្រើន
និយមធ្វើការប្រាស្រ័យទាក់ទងគ្នា
ដោយប្រើប្រាស់កម្មវិធីបណ្ដាញសង្គមនានា។ កម្មវិធីមួយចំនួន
បានបង្កើតឡើងទទួលបានភាពល្បីល្បាញតាំងពីដំបូង
ខ្លះទៀតត្រូវផ្អាកចោលនៅពាក់កណ្ដាលទី
ហើយខ្លះទៀតទើបតែបង្កើតថ្មី
ដែលត្រៀមឆក់យកបេះដូងអ្នកប្រើប្រាស់ជុំវិញសកលលោក។
ដោយឡែកក្នុងថ្ងៃនេះ Sabay ចែករំលែកនូវកំពូលបណ្ដាញសង្គមទាំង ២៣ ដែលសព្វថ្ងៃមនុស្សកំពុងប្រើប្រាស់។
១.បណ្ដាញសង្គម Facebook
នរណាៗក៏ប្រើប្រាស់ Facebook ដែលនេះហើយជាកត្តាធ្វើឱ្យបណ្តាញសង្គមខាងលើ បម្រើការប្រើប្រាស់របស់មនុស្សប្រមាណ ១,៥៩ ពាន់លាននាក់ ជារៀងរាល់ខែ គិតត្រឹមខែធ្នូឆ្នាំ ២០១៥ ហើយមានមនុស្សប្រមាណ ១ ពាន់លាននាក់ បានចុចប្រើប្រាស់ប្រចាំថ្ងៃ (នេះបើយោងតាមរបាយការណ៍ពី Facebook ផ្ទាល់។) ក្រៅពីនោះ ក៏មានកម្មវិធី Messenger ដែលឈរនៅលំដាប់ទី ២ បន្ទាប់ពី WhatsApp ជាប់ឈ្មោះជាកម្មវិធីផ្ញើសារលំដាប់កំពូលក្នុងលោកផងដែរ ទន្ទឹមពេលដែល Facebook បរាជ័យក្នុងការបោះទុនទិញយកបណ្ដាញសង្គម Snapchat កាលពីឆ្នាំ ២០១៣ ។
២. បណ្ដាញសង្គម Twitter
Twitter ក៏ត្រូវបានគេស្គាល់ថាជាកម្មវិធីបណ្ដាញសង្គមមួយ ដែលកំណត់ឱ្យអ្នកប្រើប្រាស់ធ្វើការបង្ហោះជាលក្ខណៈសារជាអក្សរត្រឹមតែ ១៤០ តួប៉ុណ្ណោះ ដោយវាក៏ជាចំណង់ចំណូលចិត្តមួយរបស់អ្នកប្រើប្រាស់ភាគច្រើន។ មុខងារពិសេសៗជាច្រើន នាពេលបច្ចុប្បន្នរបស់ Twitter ក៏មិនខុសពី កម្មវិធី Facebook ប៉ុន្មាននោះដែរ។
៣. បណ្ដាញសង្គម LinkedIn
LinkedIn ជាបណ្ដាញសង្គមមួយ ដែលបណ្ដុំទៅដោយអ្នកមានវិជ្ជាជីវៈខ្ពស់ ក៏ដូចជាទីតាំងសម្រាប់ការតភ្ជាប់ទៅនឹងរបរចិញ្ចឹមជីវិតរបស់មនុស្សគ្រប់គ្នា។ ទាក់ទងនឹង Profiles របស់គណនីអ្នកប្រើប្រាស់ សុទ្ធសឹងតែបង្ហាញពី បទពិសោធន៍ការងារ, ចំណេះដឹង, ការងារស្ម័គ្រចិត្ត, វិញ្ញាបនបត្រ និងពានរង្វាន់ផ្សេងៗ ដែលមានអត្ថប្រយោជន៍ក្នុងការស្វែងរកការងាររបស់ពួកគេម្នាក់។ បន្ថែមពីនោះអ្នកប្រើប្រាស់ក៏អាចធ្វើការចែករំលែកនូវយោបល់ពីមុខជំនួញឫអ្វីផ្សេងទៀត តាមរយៈការបង្ហោះផ្សាយជាលក្ខណៈអត្ថបទស្រដៀងទៅនឹង Facebook ផងដែរ។
៤. បណ្ដាញសង្គម Google+
ក្រោយទទួលភាពបរាជ័យជាច្រើនដង ជាមួយ Google Buzz និង Google Wave រហូតដល់ចុងឆ្នាំ ២០១៥ ក្រុមហ៊ុនយក្ស Google ក៏បានបង្កើតជាថ្មីនូវបណ្ដាញសង្គម Google+ ដែលបញ្ចូលនូវមុខងារពិសេសៗ ជាច្រើន គួបផ្សំនឹងការប្រមែប្រមូលនូវមធ្យោបាយផ្ដល់ការប្រាស្រ័យទាក់ទងគ្នាយ៉ាងងាយស្រួល ដល់អ្នកប្រើប្រាស់ទូទៅ។
៥.បណ្ដាញសង្គម YouTube
កន្លែងដែលមនុស្សរាល់គ្នា ទស្សនានិងធ្វើការចែករំលែកវីដេអូលើប្រព័ន្ធអ៊ីនធឺណិតគឺ YouTube ។ អាចនិយាយថា វាជាម៉ាស៊ីនស្រាវជ្រាវលំដាប់ទី ២ បន្ទាប់ពី Google ។ បញ្ជាក់ថាកាលពីពេលថ្មីៗកន្លងទៅនេះ YouTube ក៏បានបង្កើតនូវសេវាកម្មថ្មីមួយ ដែលហៅបានថា YouTube Red ដែលវាជាកញ្ចប់សេវាកម្មបិទចោលរាល់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ជៀសវាងការរំខានក្នុងការទស្សនាវីដេអូផ្សេងៗ។
៦. បណ្ដាញសង្គម Instagram
បណ្ដាញសង្គមដែលក្រុមហ៊ុន Facebook ទិញយកក្នុងទំហំសាច់ប្រាក់ប្រមាណ ១ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១២ គឺ Instagram ដោយវាបានប្រែក្លាយជាបណ្ដាញសង្គមមួយ ដែលសំបូរទៅដោយការចែករំលែកកម្រងរូបភាពផ្សេងៗ គួបផ្សំនឹងវីដេអូខ្លីៗ ជាច្រើន។ យ៉ាងណាមិញមកទល់ពេលនេះ Instagram ក៏បានបង្កើតកញ្ចប់សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ផលិតផលផងដែរ។
៧. បណ្ដាញសង្គម Pinterest
បច្ចុប្បន្នមានមនុស្សប្រមាណ ១០ លាននាក់ បានកំពុងប្រើប្រាស់ជារៀងរាល់ខែ នៅលើបណ្ដាញសង្គម Pinterest ដោយវាបានប្រមូលចែកចាយនូវកម្រងរូបភាពស្អាតៗ ជាច្រើន ប៉ុន្តែចំពោះរូបភាពមួយចំនួន ក៏តម្រូវឱ្យមានការចំណាយលុយទិញ ពីអ្នកប្រើប្រាស់ផងដែរ ព្រោះមានការលក់ចេញពីអ្នកចែកចាយរូបភាពមួយចំនួន។
៨. បណ្ដាញសង្គម Tumblr
Tumblr ក៏ជាបណ្ដាញសង្គមមួយ ដែលមានភាពស្រដៀងទៅនឹង Pinterest ដែរ ប៉ុន្តែភាគច្រើនគេសង្កេតឃើញអ្នកប្រើប្រាស់ ច្រើនជាមនុស្សវ័យជំទង់និងមនុស្សពេញវ័យ។ អ្នកប្រើប្រាស់អាចធ្វើការ កែប្រែនូវផ្ទៃ Blog របស់ពួកគេ បង្កើតការផុសផ្សេងៗ ក្នុងគោលបំណងទាក់ទាញ ការចូលចិត្តពីសំណាក់អ្នកប្រើប្រាស់ឯទៀត ក្នុងបណ្ដាញសង្គមតែមួយ។
៩. បណ្ដាញសង្គម Snapchat
Snapchat ជាបណ្ដាញសង្គមដែលទទួលបានការគាំទ្រគួរសមនាពេលបច្ចុប្បន្ន ដោយលក្ខណៈពិសេសមួយរបស់វា គឺត្រូវបានគេដឹងថា ក្រោយពេលដែលយើងផ្ញើជារូបភាពឫវីដេអូខ្លីៗទៅកាន់មិត្តភ័ក្ដិដែលប្រើប្រាស់ បណ្ដាញសង្គមនោះ ក្រោយពេលដែលពួកគេមើលឃើញហើយភ្លាម ប៉ុន្មាននាទីក្រោយ ឯកសារទាំងនោះ នឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិតែម្ដង។ បន្ថែមពីនោះវាក៏មានមុខងារ Stories ដែលយើងធ្លាប់តែបានឃើញនៅលើបណ្ដាញសង្គម Facebook ទើបចាប់ផ្តើមកាលពីប៉ុន្មានសប្ដាហ៍មុន។
១០. បណ្ដាញសង្គម Reddit
Reddit ជាបណ្ដាញសង្គមមួយ ដែលមានការរចនាផ្ទៃគេហទំព័រមិនជាស្អាតប្លែកភ្នែកដូចទៅនឹងបណ្ដាញសង្គមដទៃឡើយ ប៉ុន្តែវាពោរពេញទៅដោយអត្ថប្រយោជន៍ខ្ពស់ជាទីបំផុត មនុស្សភាគច្រើន ចូលចិត្តធ្វើការចែករំលែកនូវ លីង, រូបភាពនិងវីដេអូ ទៅជាប្រធានបទដ៏ក្ដៅគគុកមួយ ហើយមានការចូលរួមវែកញែកពោរពេញទៅដោយចំណេះដឹងពីសំណាក់អ្នកប្រើប្រាស់ដទៃទៀត។
១១.បណ្ដាញសង្គម Flickr
Flickr ជាបណ្ដាញសង្គមមួយ ដែលនៅក្រោមទ្រនុងគ្រប់គ្រងរបស់ Yahoo ។ កាលពីដំបូងឡើយ មុន Pinterest និង Instagram វាយលុកចូល Flickr ទទួលបានការគាំទ្រខ្លាំងបំផុត ពីសំណាក់អ្នកប្រើប្រាស់ ដែលនិយមបង្ហោះរូបភាព បង្កើតជាលក្ខណៈ Album និងបង្អួតគ្នាពីរូបភាពជំនាញផ្សេងៗ ទៅកាន់មិត្តភ័ក្ដិ ។ អ្នកប្រើប្រាស់អាចបង្ហោះរូបភាពក្រោមទំហំ 1,000GB ដោយឥតគិតថ្លៃ។
១២. បណ្ដាញសង្គម Swarm ដោយ Foursquare
Swarm ជាបណ្ដាញសង្គមមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Foursquare ដោយអ្នកប្រើប្រាស់អាចធ្វើការចែករំលែកនៅទីតាំងដែលអ្នកកំពុងឈរ ផ្ញើសារប្រាប់ពីគម្រោងផ្សេងៗ ដែលអ្នកត្រូវណាត់ជួបជាមួយមិត្តភ័ក្ដិ។
១៣. បណ្ដាញសង្គម Kik
Kik ជាបណ្ដាញសង្គមផ្ញើសារឥតគិតថ្លៃ ដែលពេញនិយមបំផុត សម្រាប់យុវវ័យនាពេលបច្ចុប្បន្ន ដោយអ្នកអាចធ្វើការផ្ញើជាកម្រងរូប GIFs, រូបភាពនិងវីដេអូទៅកាន់មិត្តភ័ក្ដិរបស់អ្នក។ Kik ក៏អាចធ្វើការស្កេនកូដគណនីអ្នកប្រើប្រាស់ឯទៀត ពីការជំនួសដោយស្វែងរកឈ្មោះ ស្រដៀងទៅនឹង Snapcode របស់ Snapchat ផងដែរ។
១៤. បណ្ដាញសង្គម Yik Yak
Yik Yak ត្រូវបានគេដាក់ឈ្មោះថាជាបណ្ដាញសង្គមដ៏អាថ៌កំបាំងមួយ ដោយពុំមានការ Add Friend អ្វីដូចទៅនឹងបណ្ដាញសង្គមឯទៀតឡើយ ដោយវាមានការផ្ញើសារជាលក្ខណៈអនាមិក (Anonymous) ប៉ុន្តែជួនកាល វាក៏អាចបង្កបញ្ហាមួយចំនួនផងដែរ ដល់អ្នកប្រើប្រាស់។
១៥. បណ្ដាញសង្គម Shots
Shots ជាបណ្តុំនៃការចែករំលែករូបភាពនិងវីដេអូ ដែលយុវវ័យនិយមប្រើបំផុតដែរ ប៉ុន្តែគេសង្កេតឃើញ បណ្តាញសង្គមមួយនេះ ភាគច្រើនពោរពេញទៅដោយកម្រងរូបភាព Selfie ហើយការថតវីដេអូ VHS-Styleប៉ុន្តែវាមិនបានបញ្ចូលមុខងារ Like និង Comment នោះទេ។
១៦. បណ្ដាញសង្គម Periscope
Periscope ជាបណ្ដាញសង្គមប្រមូលផ្ដុំការ Live វីដេអូពីទូរស័ព្ទរបស់អ្នក។ អ្នកផ្សព្វផ្សាយវីដេអូអាចធ្វើការផ្ញើជាលក្ខណៈសម្ងាត់ទៅកាន់នរណាម្នាក់ក៏បាន។ ប្រិយមិត្តអ្នកប្រើប្រាស់អាចសាកល្បងធ្វើការបើកទៅក្នុងបណ្ដាញសង្គមនេះ ហើយទស្សនាវីដេអូ Live ជាច្រើនជុំវិញសកលលោក។
១៧. បណ្ដាញសង្គម Medium
Medium អាចសាកសមបំផុតសម្រាប់អ្នកចូលចិត្តអាន និងអ្នកនិពន្ធ។ វាស្រដៀងទៅនឹង Tumblr ប៉ុន្តែមុខងារចែកចាយទៅកាន់អ្នកដទៃ គឺមិនទទួលបានការចាប់អារម្មណ៍ច្រើននោះទេ។
អ្នកប្រើប្រាស់អាចធ្វើការបង្ហោះនូវព័ត៌មានរបស់ពួកគេតាមរយៈរូបភាពវីដេអូជាដើម។
១៨. បណ្ដាញសង្គម SoundCloud
SoundCloud ជាបណ្ដាញសង្គមលំដាប់ លេខ ១ ខាងចែកចាយសម្លេង អ្នកប្រើប្រាស់ភាគច្រើន ចូលចិត្តចែករំលែកនូវចម្រៀងដែលពួកគេបានបង្កើតដោយផ្ទាល់ខ្លួន ឫសម្លេងផ្សាយផ្សេងៗដែលពួកគេបានថតទុក។
១៩. បណ្ដាញសង្គម Tinder
Tinder ជាបណ្ដាញសង្គម ដែលចាប់គូឱ្យមនុស្សរស់នៅក្នុងតំបន់តែមួយ អាចធ្វើការណាត់ជួបគ្នាបានយ៉ាងងាយ ប៉ុន្តែវាក៏មានមុខងារពិសេសផ្សេងទៀត ដែលអាចអនុញ្ញាតឱ្យមនុស្សរស់នៅក្នុងទីតាំងផ្សេងពីគ្នា ធ្វើការភ្ជាប់ទំនាក់ទំនងកាន់តែវិសេសវិសាលជាមួយគ្នាផងដែរ។
២០. បណ្ដាញសង្គម WhatsApp
អ្នកប្រើប្រាស់ WhatsApp អាចនឹងស្គាល់ច្បាស់ពីមុខងារពិសេសៗរបស់វា រួមមាន ការផ្ញើសារជាសម្លេង រូបភាព ឯកសារផ្សេងៗ តែវាមានសុវត្ថិភាពនិងសម្ងាត់ ជាងប្រព័ន្ធដទៃ ហើយ WhatsApp គឺតម្រូវឱ្យអ្នកចុះឈ្មោះដោយប្រើប្រាស់លេខទូរស័ព្ទផ្ទាល់ខ្លួនតែម្តង។
២១. បណ្ដាញសង្គម Slack
Slack ល្អបំផុតសម្រាប់ការងារជាក្រុម ឫនៅក្នុងស្ថាប័នណាមួយ សម្រាប់ការចែករំលែកឯកសារការងារផ្សេងៗទៅកាន់សមាជិករួមតែមួយ បន្ថែមពីនោះវាក៏មានការតភ្ជាប់ជាមួយសេវាពិសេសសោតយ៉ាងដូចជា Dropbox និង Trello ជាដើម។
២២. បណ្ដាញសង្គម Musical.ly
Musical.ly ជាបណ្ដាញសង្គម សម្រាប់ចែកចាយវីដេអូខ្លីៗ ស្រដៀងទៅនឹង Instagram ដែរ ហើយវាមានមុខងារកែច្នៃវីដេអូ មុននឹងបង្ហោះចេញផ្សាយ។ អ្នកប្រើប្រាស់ក៏អាចធ្វើការបង្កើតវីដេអូរួមគ្នា ជាលក្ខណៈមនុស្ស ២ នាក់ប្រើប្រាស់សម្លេងចម្រៀង ក្នុងវីដេអូតែមួយ ដែលនេះក៏ជាមុខងារពិសេសរបស់ Musical.ly ។
២៣. បណ្ដាញសង្គម Peach
Peach ទើបតែដាក់ឱ្យប្រើប្រាស់នាដើមឆ្នាំ ២០១៦ នេះ ទាក់ទិននឹងការទទួលបានការគាំទ្រច្រើនកម្រិតណានោះ គឺយើងមិនអាចសន្មតបាននោះទេ ដោយទោះបីជា Peach មានមុខងារមួយចំនួនពិសេសៗ ក៏ពិតមែន ប៉ុន្តែវាបានដើរក្រោយគេមួយជំហានបាត់ទៅហើយ។
0 comments:
Post a Comment