Thursday, June 29, 2017

(Rolls-Royce = RR)

សំណួរ៖ នៅពេល​រចនា​រថយន្ត RR ណាមួយឡើង តើ​នឹង​ត្រូវ​ផ្ដោត​លើ​ចំណុច​ណា​ខ្លះ?
ចម្លើយ៖ ដូច​លោក​ដឹង​ស្រាប់​ហើយ RR គឺជា​យីហោ​រថយន្ត​ដ៏ទំនើប​នៅ​លើ​លោក ។ ដូច្នេះគេ​ត្រូវ​ផ្ដោត​លើ​លក្ខណៈពិសេស​នៃ​ការ​រចនាមួយចំនួន​សម្រាប់​គ្រប់រថយន្ត RR ។ ដំបូងគេ​ត្រូវ​ផ្ដោត​លើ​គំនិត​មួយ (ថាតើ​ រថយន្តនោះ​ជា​រថយន្ត​ដូចម្តេច) ហើយ​បន្ទាប់មក ត្រូវ​ផ្ដោត​លើ​ភាព​ឥត​ខ្ចោះ លើ​គ្រប់ផ្នែកទាំង​អស់ ។ ខ្ញុំ​សូម​លើក​ឧទាហរណ៍​មួយ ។ នៅពេលយើងចាប់ផ្ដើម​ផលិត​រថយន្ត​ម៉ូដែល Ghost យើង​បាន​និយាយថា យើង​ចង់​បាន​រថយន្ត ដែលត្រូវ​សម្រាប់គ្រប់​ឱកាស​ទាំង​អស់ ។ ម៉ូដែល Phantom ត្រូវ​បាន​រចនា​ឡើងសម្រាប់​ឱកាស​ពិសេសៗ​ ប៉ុន្តែ យើង​ចង់​បាន​ម៉ូដែល Ghost ឲ្យ​មានការ​រចនា​បែប​សង្គម ដោយផ្ដោត​លើ​ការងារ​ជំនួញ​ថែមទៀត​ផង ។ ដូច្នេះ គេ​នឹង​ឃើញថាម៉ូដែល Phantom មានលក្ខណៈពិសេស​ផ្សេង Ghost មាន​លក្ខណៈផ្សេង ។ ប៉ុន្តែ គ្រប់រថយន្ត RR គឺ​មានលក្ខណៈពិសេស​រួម​មួយចំនួន ។ ក្នុងនោះ សម្រាប់​គ្រប់​រថយន្ត RR ប្រសិន​បើអ្នក​ក្រឡេក​មើល​ពីខាងមុខ ខាង​ក្រោយ ឬពីចំហៀង អ្នកច្បាស់​ជា​ស្គាល់ថា ជា​រថយន្ត RR ភ្លាម។ ចំណុច​នេះ​ហើយ​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុកដាក​មែនទែន ។

សំណួរ៖ តើ​ការ​ផលិត​រថយន្ត RR មួយ​ត្រូវ​ចំណាយពេល​វេលា​ប៉ុន្មានដែរ?

ចម្លើយ៖ និយាយ​ឲ្យ​ស្មោះទៅ ពេលវេលា​នៃ​ការ​ផលិត​រថយន្តមួយ​គឺ​អាស្រ័យ​លើ​ធាតុផ្សំ​ខុសៗគ្នា​នៅក្នុង​រថយន្ត​នោះ ។ ដូច​លោក​ដឹង​ស្រាប់​ហើយ រថយន្ត RR មួយៗ គឺ​ខុសគ្នា ពីព្រោះរថយន្ត RR ត្រូវ​បាន​ច្នៃ​ទៅ​តាម​ការ​កំណត់​របស់​អតិថិជន ។ យើង​អាច​និយាយ​បានថា តិច​បំផុត​ក៏ត្រូវ​ប្រើ​ពេល ៣៦០ ម៉ោង​ដែរ​ដើម្បី​ផលិត​រថយន្ត​មួយគ្រឿង ប៉ុន្តែ ពេលវេលា​អាច​ប្រែ​ប្រួលផ្អែក​លើ​ធាតុផ្សំ​បន្ថែម​ដែលអតិថិជន​ចង់​បាន ។ ជាក់​ស្ដែង សម្រាប់​រថយន្ត ម៉ូដែល Ghost ឃើញថា ជាង ៨០ ភាគរយ​នៃ​រថយន្ត​នេះ គឺត្រូវ​បានផលិតឡើង​តាមការ​ច្នៃ​កុម្ម៉ង់ (Bespoke) ។ ដូច្នេះ បើ​និយាយពីពេលវេលា ៣៦០ ម៉ោង​ហ្នឹង គឺ​គ្រាន់តែជាពេលវេលា​មូល​ដ្ឋាន​នៃ​ការ​ផលិត​ប៉ុណ្ណោះ ។ ប៉ុន្តែ​ ជាធម្មតា គឺ​វាចំណាយពេលយូរជាង​នេះ ដោយសារ​តែ​ការ​ច្នៃ​កុម្ម៉ង់​បន្ថែម។

សំណួរ៖ តើ​លោក​អាច​ជម្រាបជូន​បន្តិច​បានទេថាតើ​ផ្នែក​ណា​ខ្លះ​ដែលធ្វើ​ឲ្យ​រថយន្ត RR ខុស​ប្លែកពី​រថយន្ត​​ផ្សេងទៀត?
ចម្លើយ៖ ពិត​ណាស់ យើង​មាន​លក្ខណៈពិសេស​ដែលគួរ​ឲ្យ​ភ្ញាក់ផ្អើល និងទាក់ទាញ​​ជាច្រើន ។ នៅលើ​ថាស​កង់​រថយន្ត​ RR គម្រប​ដែល​មានស្លាក​សញ្ញា RR គឺ​មិនវិលតាម​កង់​រថយន្ត​ដែល​កំពុង​មានចលនា​ឡើយ ។ វា​ក៏មានលក្ខណៈពិសេស​ផ្សេងទៀត​ផងដែរ ដូចជា ឆ័ត្រ ដែលជា​លក្ខណៈពិសេស​មានតែ​សម្រាប់​រថយន្ត RR ប៉ុណ្ណោះ ។ ក្រៅពីនេះ គឺទ្វារបើកទៅក្រោយ សូម្បីតែ​ម៉ូដែល Wraith (ម៉ូដែលទ្វារពីរ) ក៏​ប្រើទ្វារ​ប្រភេទ នេះ​ដែរ ។ ដូច្នេះ វា​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​រថយន្ត​មានភាព ងាយស្រួលខ្លាំង ។ ទន្ទឹម​នឹង​នេះ គឺ​ការ​ប៉ាក់ឌិន​ផ្កាយ​នៅ​លើប៉ុង​ដំបូល ។ ក្រៅពីនេះ រថយន្ត RR នៅមានលក្ខណៈពិសេស​ផ្សេងជា​ច្រើនទៀតដូចជា​ប៉ាណាខាង​មុខ និងទេវរូប Spirit of Ecstasy ។ ទាំង​អស់នេះហើយ​ដែលធ្វើ​ឲ្យ​រថយន្ត RR ពិសេស​ប្លែកពីគេ ។

សំណួរ៖ បើ​និយាយអំពីទេវរូប Spirit of Ecstasy តើ​លោក​អាច​ជម្រាប​ពីប្រវត្តិទេវរូប ដែលជា​និមិត្ត​សញ្ញា​របស់​រថយន្ត RR
ចម្លើយ៖ ការ​រចនា​នូវ​ទេវរូបស្ត្រី​នេះឡើង គឺ​ផ្អែក​លើ​រឿង​ដំណាល ដែល​និយាយ​ពី​ស្ត្រីម្នាក់ដែល​មានទំនាក់​ទំនង​នឹង​អ្នកដែល​មានចំណែក​ក្នុងការ​បង្កើត​រថយន្ត RR ដំបូង ។ រូបនេះ តំណាង​ឲ្យ​សម្រស់ និង​ភាព​ឥត​ខ្ចោះ ។ លោក​ប្រហែលជា​សង្កេតឃើញ​ម៉ូដែល​ផ្សេងៗ​​ក្នុង​ប្រវត្តិសាស្ត្ររបស់​ RR ដែលម៉ូដែលទាំងនោះមាន​ទេវរូប Spirit of Ecstasy ដែល​មានទំហំ និង​រូប​រាង​ខុសៗគ្នា ។ ទោះជាយ៉ាងណា ក្នុង​ប្រវត្តិសាស្ត្រ​ ១១១ ឆ្នាំ​របស់​ក្រុមហ៊ុន ភាព​ស្រស់​ស្អាតឆើត​ឆាយ និង​ភាព​ឥត​ខ្ចោះនៅតែ​រក្សា​បាន​ដដែល​សម្រាប់​រថយន្ត RR

សំណួរ៖ ខ្ញុំ​លឺថាទេវរូប Spirit of Ecstasy ហ្នឹង គឺជារូប​ស្ត្រីម្នាក់ដែលមានទំនាក់ទំនងជាមួយនឹង​សហស្ថាបនិក​របស់​រថយន្ត RR ។ តើនេះជាការពិត ឬគ្រាន់តែពាក្យចចាមអារ៉ាម?

ចម្លើយ៖ វាគ្រាន់តែ​ជារឿងតំណាល ឬជារឿង​ព្រេង​ប៉ុណ្ណោះ ។ វាជា​ផ្នែក​មួយនៃ​រឿង​ព្រេង ហើយខ្ញុំ​ក៏មិនអាច​បញ្ជាក់ថា​វាជារឿងពិត​ ឬជារឿង​ប្រឌិត​នោះដែរ ។ រឿង​បែបនេះ​ក៏កើត​មានចំពោះការ​ដាក់ឈ្មោះ​រថយន្ត ម៉ូដែល Ghost (ប្រែថា ខ្មោច) ផងដែរ ។ ជួន​កាល​ មានគេ​មក​សួរ​ខ្ញុំថា ហេតុអ្វីបានជា​ដាក់ឈ្មោះរថយន្តនេះ​ថា Ghost ដូច្នេះ? ខ្ញុំ​បាន​ឆ្លើយ​ប្រាប់ទៅវិញថា ខ្ញុំ​ក៏មិនអាច​បញ្ជាក់ពីមូលហេតុ​ថា​យ៉ាង​ម៉េច​នោះដែរ ។ ប៉ុន្តែ តាម​រឿង​ដំណាល​មកថា នៅ​ក្នុង​ឆ្នាំ ១៩០៦ នៅពេលដែល​យើង​ដាក់ឈ្មោះរថយន្តថា Ghost នោះ ក៏ព្រោះថា នៅពេល​នោះ រថយន្ត​នោះ មានសំឡេង​ស្ងាត់​មែនទែន ដែលធ្វើ​ឲ្យ​មនុស្ស​ទូទៅ​គិតថា វាជា​ខ្មោច ។ និយាយ​រួម​​នេះជា​ផ្នែក​មួយ​នៃ​ប្រវត្តិរបស់​រថយន្ត RR

សំណួរ៖ លោក​បាន​ជម្រាបហើយថា RR មានប្រវត្តិ​លើ​ទីផ្សារ​ជាង ១០០ ឆ្នាំ​មកហើយ ។ តើ​រាល់​លើក​នៅ​ពេល​​ដែល​រចនា​រថយន្ត RR ឡើង តើ​មានការ​រចនា​រថយន្ត​គំរូ (concept cars)ដែរ ឬទេ?

ចម្លើយ៖ យើង​ទើបតែ​បញ្ចប់គម្រោង​រថយន្តគំរូមួយកាលពីពេលថ្មីៗនេះ ហើយ​ខ្ញុំ​ជឿថា លោក​ក៏បាន​ឃើញ និង​ជ្រាប​ពីរថយន្ត​នេះដែរ ដែល​យើង​បាន​ដាក់បង្ហាញ​នៅឯពិព័រណ៍​រថយន្ត​ក្រុង​ហ្វ្រែងហ្វ៊ិត ប្រទេស​អាឡឺម៉ង់​កាលពីពីរបីសប្ដាហ៍មុន ហើយ​នោះគឺម៉ូដែល Dawn ។ ទន្ទឹមនឹង​នេះ​ យើង​ក៏កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​អនុវត្ត​គម្រោង​ថ្មីមួយទៀត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន ។ គឺយើង​កំពុង​តែ​អនុវត្ត​គម្រោង Project Cullinan (រថយន្ត​តួខ្ពស់)​ ហើយ​ខ្ញុំជឿថា លោក​ប្រហែលជាធ្លាប់បានលឺពីគម្រោង​រថយន្តនេះផងដែរ ។ និយាយ​រួម​គឺ​យើង​កំពុង​តែ​ធ្វើតេស្ត​បង្កើត​រថយន្ត​ដែល​អាច​បើកបរ​គ្រប់ស្ថានភាព​ផ្លូវទាំង​អស់ ។

សំណួរ៖ សំណួរ​មួយ​ទៀត ។ បើ​និយាយអំពីរថយន្ត​ទូទៅ តើ​មានភាព​ខុសគ្នា​ដែរ​ ឬទេ​សម្រាប់​រថយន្ត​លក់នៅទីផ្សារ​កម្ពុជា និង​ទីផ្សារ​ផ្សេងទៀត ?

ចម្លើយ៖ ទីផ្សារ​កម្ពុជាគឺ​ជាការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញពីទីផ្សារ​ផ្សេងទៀតរបស់​ RR ទូទាំង​សកលលោក (ដែល​បង្ហាញពី​ការ​និយម​ចូលចិត្ត​ខុសៗគ្នា​សម្រាប់ទីផ្សារផ្សេងៗ)។ ក្រុមហ៊ុន​បានផ្ដល់ឱកាស​ដល់​អតិថិជន​ក្នុង​ការ​ច្នៃកុម្ម៉ង់​រថយន្ត​របស់​ខ្លួន ហើយ​យើង​សង្កេតឃើញថា និន្នាការ​ចូលចិត្ត​ច្នៃកុម្ម៉ង់​នេះ គឺ​កើត​មានទូទាំង​ទ្វីប​អាស៊ី ហើយអតិថិជន​ចូលចិត្តបែបនេះណាស់ ។ មិនថា​គាត់ចង់ទិញម៉ូដែល Ghost ឬម៉ូដែល Wraith នោះទេ គឺ​គាត់ចង់​បានរថយន្ត​ដែល​ច្នៃកុម្ម៉ង់​សម្រាប់​ខ្លួនឯង​ផ្ទាល់ ។

សំណួរ៖ បច្ចុប្បន្ននេះ ប្រជាជន​កម្ពុជា​បាន​ស្គាល់​រថយន្ត RR ច្រើនជាងមុន ។ ប៉ុន្តែ រថយន្ត RR ជា​រថយន្ត​ប្រណីត​ ថ្លៃ និង​សម្រាប់តែ​អ្នក​មាន មិនសក្តិសម​សម្រាប់ទីផ្សារ​កម្ពុជា​នោះទេ ។ តើ​លោក​មាន​យោបល់​យ៉ាង​ណាដែរ?

ចម្លើយ៖ អតិថិជន​របស់យើង​ ជា​សហគ្រិន​ដែល​មានជោគជ័យ​ខ្លាំង ហើយជា​អ្នក​ដែលចង់​បានរបស់​ល្អ​បំផុត និង​ចង់​បាន​អ្វីដែលប្លែកពីគេ ។ បើ​និយាយពីទីផ្សារ​កម្ពុជា យើង​សង្កេតឃើញថា មានការ​លូត​លាស់ទៅមុខ ហើយ​តម្រូវការ​រថយន្តរបស់យើង​បានចាប់ផ្ដើមតាំងពី​ ១០ ឆ្នាំមុ​ន​ម​ក​ម្លេះ ។ ដូច្នេះ យើង​សង្កេតឃើញថា ទីផ្សារ​កម្ពុជា ជាទីផ្សារ​មានសក្តានុពល​ផងដែរសម្រាប់រថយន្ត RR ។ ជាថ្មីម្ដងទៀត រថយន្ត​នេះជា​រថយន្ត​ដែល​ពិសេស​ប្លែកពីគេ ។ បើទោះបីជាកម្ពុជា​ជាទីផ្សារ​តូច​ចង្អៀត​នាពេល​បច្ចុប្បន្ន ប៉ុន្តែ យើង​គិតថា វាជាទីផ្សារ​ដែល​មាន​សក្តានុពល សម្រាប់​រថយន្ត​ដែល​ពិសេសប្លែកពីគេ នេះ ។

សំណួរ៖ តើ​ក្រុមហ៊ុន​រថយន្ត RR រីក​ចម្រើនលូតលាស់ប៉ុណ្ណាដែរ​នៅកម្ពុជា? តើលោកអាច​ប្រាប់ពីចំនួន​ដែល​លក់​បាន​នៅកម្ពុជា​បានទេ?

ចម្លើយ៖ ជាទូទៅ យើងមិនអាច​បង្ហាញពីតួលេខ​នៃការ​លក់​ក្នុង​ប្រទេសណាមួយ ឬនៅក្នុង​តំបន់ឡើយ ។ ប៉ុន្តែ ខ្ញុំ​អាច​ប្រាប់​បានថា ទីផ្សារ​នៅកម្ពុជា​មានការ​លូតលាស់​សម្រាប់រថយន្ត RR ។ ជាទូទៅការ​លក់​រថយន្ត RR បាន​កើនឡើង​ប្រាំ​ឆ្នាំ​ជាប់គ្នា​មក​ហើយ ។ ហើយទីផ្សារ​នៅកម្ពុជា​រហូត​មកទល់នឹងពេលនេះ គឺទទួល​បាន​ជោគជ័យ ។ ហើយ​អំឡុងពេល​សម្ពោធ​ការិយាល័យ​ផ្នែកលក់​ យើង​ក៏បាន​បង្ហាញរថយន្ត​ម៉ូដែល Ghost Series II ថែមទៀត​ផង ។

សំណួរ៖ តើ​លោក​មានការ​ព្រួយបារម្ភចំពោះការ​កើនឡើងនៃការ​ប្រកួត​ប្រជែង​បច្ចុប្បន្ន​ក្នុងទីផ្សារ​កម្ពុជា​ដែរ​ ឬទេ បន្ទាប់ពីមានរថយន្តទំនើប​ផ្សេងៗទៀត​​ចូលមក ដូចជា Porsche, Mercedes, BMW ជាដើម?

ចម្លើយ៖ និយាយ​ឲ្យ​ត្រង់ទៅ បើ​និយាយពីរឿង​រថយន្ត មិន​មាន​គូប្រជែងពិត​ប្រាកដឡើយ​សម្រាប់​រថយន្ត RR។ ជួន​កាល មានគេ​សួរ​ខ្ញុំ​ថា តើ​រថយន្ត​ណាជាគូប្រជែងជាមួយនឹង​រថយន្ត RR របស់​យើង ហើយ​ខ្ញុំ​បាន​ប្រាប់​ទៅគេវិញថាគូប្រជែង​របស់​យើង​មានដូចជា នាវាកម្សាន្ត ផ្ទះ វីឡា ជាដើម ។ ប៉ុន្តែ បើនិយាយពីរថយន្ត​វិញ គឺយើង​គ្មានគូប្រជែង​ឡើយ ។ និយាយរួម គូប្រជែង​របស់យើងពិត​ប្រាកដ គឺ​របស់​ប្រើប្រាស់​សម្រាប់​ការ​រស់នៅ​ផ្សេងទៀត ក្រៅពីរថយន្ត ។ ជាធម្មតា អតិថិជន​របស់យើង​មិន​មែន​មានរថយន្ត​តែមួយគ្រឿង​នោះទេ ។ ពួកគាត់​មានរថយន្ត បួន ប្រាំ ឬ​ប្រាំបីគ្រឿងឯណោះ ។ ដូច្នេះ យើង​គ្មានការ​ប្រកួត​ប្រជែង​ជាមួយនឹង​រថយន្ត​ផ្សេងឡើយ ។ យើងគិតថា​រថយន្ត​ផ្សេងទៀត មិន​មែនជា​គូប្រជែង​របស់យើង​នោះទេ ។

សំណួរ៖ តើ​លោ​ក​មានយុទ្ធសាស្ត្រអ្វី​ដើម្បីជំរុញការលក់​រថយន្ត RR នៅក្នុងទីផ្សារ​កម្ពុជា?

ចម្លើយ៖ តាមការ​យ​ល់របស់ខ្ញុំ​គឺ យើង​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដូចៗគ្នា​ក្នុងគ្រប់ទីផ្សារ ។ យើង​គិតថា កម្ពុជា​នឹង​ក្លាយជា​ទីផ្សារ​ល្អ សម្រាប់​រថយន្ត Cullinan (រថយន្ត​តួខ្ពស់) ។ ជាថ្មីម្ដងទៀត ក្រុមហ៊ុន​រថយន្ត RR មិន​ផ្ដោត​លើបរិមាណនោះទេ ប៉ុន្តែ យើង​ផ្ដោត​លើភាពពិសេស​ប្លែកគេ ។

សំណួរ៖ តើ​លោក​មាន​មតិ​ចុង​ក្រោយដូចម្តេចដែរ?

ចម្លើយ៖ បើនិយាយដោយសង្ខេប ខ្ញុំ​សូម​ផ្ដោត​លើ​ម៉ូដែល Ghost Series II ។ ម៉ូដែល Ghost Series II នេះ គឺ​ជា​ការ​ផ្សំគ្នា​រវាង​ភាពពិសេស​ប្លែកគេ គឺ​ត្រង់​ការ​រចនា​ទំនើប ងាយស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ បច្ចេកវិទ្យា​ខ្ពស់​​ក្នុង​ការ​បើក​បរ ។ ទន្ទឹមនឹងនេះ វាជាការ​ផ្សំគ្នា​រវាង​ការ​ធ្វើដំណើរ និង​ការ​ធ្វើអាជីវកម្ម ។ អតិថិជន​របស់​យើង​ជា​ច្រើន​ប្រើ​ប្រាស់​ម៉ូដែល Ghost សម្រាប់ការធ្វើដំណើរទៅធ្វើអាជីវកម្ម ។ ទន្ទឹមនឹងនេះ ជា​រថយន្ត​ដែល​អតិថិជន​ចូលចិត្ត​បើក​ខ្លួនឯង​ផងដែរ ដូច្នេះ វាជាការ​ផ្សំគ្នា​រវាង​រថយន្តសម្រាប់​ការ​បើកប​រដោយ​ខ្លួនឯង និ​ង​ការ​មានតៃកុង​បើកបរជូន ។






0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget