Tuesday, March 28, 2017

និស្សិត​មួយ​ចំនួន​តែង​តែ​ពិបាក​សម្រេច​ចិត្ត ក្នុង​ការ​ទិញ​កុំព្យូទ័រ​យក​មក​ប្រើប្រាស់​ដោយ​ត្អូញត្អែរ​ថា តើ​គួរ​ទិញ​កុំព្យូទ័រ​ប្រភេទ​ណា ឲ្យ​ត្រូវ​តាម​តម្រូវការ​ហើយ​មាន​តម្លៃ​សមរម្យ ? ដើម្បី​​ជួយ​ឱ្យ​ប្រិយមិត្ត​អាច​សម្រេច​ចិត្ត​បាន​ត្រឹម​ត្រូវ​ក្នុង​ការ​ទិញ​កុំព្យូទ័រ​ទុក​ប្រើ​សម្រាប់​ការ​រៀន​សូត្រ និង​ណែនាំ​ពី​ចំណុច​ខ្លះ​ដើម្បី​ជា​ទុន។


តើ​ដើម្បី​ទិញ​បាន​កុំព្យូទ័រ Laptop ល្អ​មួយ​គ្រឿង ចាំ​បាច់​ត្រូវ​មាន​លុយ ៥០០ ដុល្លារ​សិន​មែន​ទេ? ដើម្បី​ជៀស​វាង​ការ​ទិញ​កុំព្យូទ័រ ឡេបថប ទាំង​ស្រពិចស្រពិល ហើយ​មាន​តម្លៃ​ថ្លៃ​ហួស​ប្រមាណ បើ​ធៀប​និង​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​ប្រិយមិត្ត លោក ម៉ៅ មករា ជា​ Web Developer នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ បាន​រៀបរាប់​ប្រាប់​ពី​របៀប​សម្រេច​ចិត្ត​មុន​និង​ទិញ​កុំព្យូទ័រ។

១) ទំហំ​អេក្រង់


ការ​ជ្រើសរើស​ទំហំ​អេក្រង់​ពិត​ជា​សំខាន់​ណាស់ សម្រាប់​យើង​ពិចារណា​មុន​និង​ទិញ​កុំព្យូទ័រ ឡេបថប ម៉ាក​ណាមួយ​យក​មក​ប្រើ​ប្រាស់ ព្រោះ​វា​មិន​ត្រឹម​តែ​ជួយ​សម្រួល​ដល់​ការ​ទុក​ដាក់​នោះ​ទេ ថែម​ទាំង​អាច​កាត់​បន្ថយ​ការ​ចំណាយ​បាន​មួយ​ផ្នែក​ធំ​ដែរ។ ឧទាហរណ៍: បើ​ទិញ​តូច​ពេក វា​អាច​និង​ពិបាក​ប្រើ ពិបាក​វាយ​អត្ថបទ ពិបាក​មើល ឈឺ​ភ្នែក​ពេល​សម្លឹង​យូរ តែ​បើ​ទិញ​ធំ​ពេក វា​ពិបាក​យក​តាម​ខ្លួន មាន​ទម្ងន់​ធ្ងន់ យក​ល្អ​គួរ​រើស​យក​ទំហំ​អេក្រង់​ចាប់ ពី ១១ អ៊ីញ​ឡើង​ទៅ។

បញ្ជាក់៖​ប្រិយមិត្ត​ដែល​និយម​ប្រើ​​សម្រាប់​យក​តាម​ខ្លួន​ដើម្បី​ស្វ័យ​សិក្សា ឬ​មាន​ការ​ណាត់​ជួប​​នៅ​ខាង​ក្រៅ គួរ​តែ​ពិចារណា​យក​ទំហំ​ត្រឹម ១១ ទៅ ១៣ អ៊ីញ​។ ចំពោះ​ប្រិយមិត្ត​ដែល​មាន​កុំព្យូទ័រ​តែ​មួយ សម្រាប់​ប្រើ​ទាំង​នៅ​ផ្ទះ និង​យក​តាម​ខ្លួន គួរ​រើស​យក​ទំហំ​ត្រឹម ១៤ អ៊ីញ​ដែល​សាក​សម​បំផុត។ ចំណែក​​ប្រិយមិត្ត​ដែល​និយម​ប្រើ​នៅ​កន្លែង​ធ្វើ​ការ​គួរ​តែ​ពិចារណា​យក​ទំហំ​ត្រឹម ១៥ ទៅ ១៦ អ៊ីញ​។ ទំហំ​អេក្រង់​ដែល​ខុស​គ្នា​ត្រឹម ១ ទៅ ២អ៊ីញ អាច​មាន​តម្លៃ​ខុស​គ្នា​និង​អត្ថប្រយោជន៍​ផ្សេង​គ្នា។

២) ចំនួន​ Ports


កុំព្យូទ័រ​ដែល​មាន​តម្លៃ​ថ្លៃ​ក៏​មិន​ប្រាកដ​ថា​មាន​រន្ធ​សម្រាប់​ដោត USB រន្ធ​កាស រន្ធ​ជញ្ជាំង Slide ​បាន​គ្រប់​ចំនួន​នោះ​ដែរ ទាល់​តែ​ទិញ​ថែម នេះ​ជា​ចំណុច​មួយ​ដែល​ប្រិយមិត្ត​ត្រូវ​ពិចារណា ។

​ជា​ទូទៅ កុំព្យូទ័រ​ដែល​មាន​ទំហំ​អេក្រង់ ១៥ ទៅ ១៦ អ៊ីញ មាន Port USB ចំនួន​បី​គឺ Port Video Output , Ports Headphone និង Microphone និងPort Ethernet សម្រាប់​ភ្ជាប់​ខ្សែ LAN ប្រើប្រាស់ Network ឬ អ៊ីនធឺណិត។ ប្រសិន​ប្រិយមិត្ត​ទិញ​កុំព្យូទ័រ​ដែល​មាន​ទំហំ​តូច​ពេក ឬ​ស្ដើង​ពេក អាច​និង​បាត់ Ports សំខាន់ៗ មួយ​ចំនួន។

៣) ប្រព័ន្ធ​ប្រតិបត្តិការ


ចំណុច​ដែល​សំខាន់​របស់​ដំណើរការ​កុំព្យូទ័រ​គឺ ប្រព័ន្ធ​ប្រតិបត្តិការ។ បើ​រើស​យក​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​មិន​សូវ​ពេញ​និយម ពេល​មាន​បញ្ហា​ណាមួយ​ពិបាក​រក​អ្នក​ដោះស្រាយ​ណាស់ ដូចជា ប្រព័ន្ធ​ប្រតិបត្តិការ Ubuntu, Linux ជាដើម។

ចំណែក​ប្រព័ន្ធ​ប្រតិបត្តិការ Mac OSX របស់​ក្រុមហ៊ុន Apple មាន​កម្រិត​​ភាព​ច្បាស់​ល្អ ការ​កាន់​ថ្ម​បាន​យូរ និង​គ្មាន​មេរោគ​ណា​អាច​ចូល​បាន ប្រសិន​បើ​​អ្នក​ធ្វើ​ការងារ​នៅ​ការិយាល័យ ដែល​មាន​ឯកសារ​ច្រើន​ត្រូវ​រក្សា​ទុក​ច្រើន ដែល​មិន​សូវ​បារម្ភ​ពី​ការ​យាយី ពី​មេរោគ​រំខាន​កុំព្យូទ័រ (ក្រៅ​ពី​មេរោគ​នៅ​មាន Spam និង Malware ទៀត​ដែល​អាច​ឆ្លង​បាន) ជាពិសេស​អ្នក​ដែល​ជា​អ្នក​រចនា ដែល​តម្រូវការ​ផ្នែក VGA ខ្ពស់ និង​មិន​ងាយ​គាំង។ រីឯ​ប្រព័ន្ធ​ប្រតិបត្តិការ Window របស់​ក្រុមហ៊ុន Microsoft មាន​ការ​ពេញ​និយម​សម្រាប់​សិស្ស និស្សិត អ្នក​បង្កើត​កម្មវិធី​កុំព្យូទ័រ ឬ អ្នក​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ហាង​នានា ដោយ​មាន​កម្មវិធី​សំបូរ​បែប និង​តម្លៃ​ក៏​សមរម្យ​ជាង​ប្រតិបត្តិការ Mac OSX ដែរ។

៤) សមត្ថភាព កុំព្យូទ័រ


ចំណុច​នេះ​សំដៅ​ដល់ ប្រសិទ្ធភាព​នៃ​ដំណើរ​ការ​ផ្នែក​ខាង​ក្នុង​របស់​កុំព្យូទ័រ​ដូចជា RAM(Random Access Memory) CPU(Central Processing Unit) HDD(Hard Disk Drive) Network Card, VGA(Video Graphics Array)ជាដើម ដែល​មាន​ភ្ជាប់​ជាមួយ​កុំព្យូទ័រ ហើយ​បើ​វា​ជា​ជំនាន់​ចុង​ក្រោយ​ទៀត នោះ​តម្លៃ​របស់​កុំព្យូទ័រ​កាន់​តែ​ថ្លៃ​ថែម​ទៀត ជម្រើស​ដែល​ល្អ​គឺ យក​ត្រឹម​អ្វី​ដែល​ជា​តម្រូវការ​របស់​យើង។ ឧទាហរណ៍: យើង​ចង់​បាន​កុំព្យូទ័រ​ដែល​អាច​ដាក់​កម្មវិធី​បាន​ច្រើន ហើយ​មិន​ដើរ​យឺត ចឹង​យើង​យក CPU ជំនាន់​ចុង​ក្រោយ​ដូចជា Core i7 និងHDD ត្រឹម500GBឬ 1TBជាដើម។

លោក​បាន​បន្ថែម​ថា ប្រសិន​បើ​មិន​ចង់​ស្ដាយ​ក្រោយ​ យើង​គួរ​ចំណាយ​ពេល​ស្វែង​យល់​ពី​បច្ចេកវិទ្យា ឬ សមាសភាព​របស់​កុំព្យូទ័រ តាម​ហាង​លក់​កុំព្យូទ័រ​នានា នៅ​លើ​អន​ឡាញ ឬ​ហ្វេកបុក និង​ប្រៀប​ធៀប​តម្រូវ​ការ​ដែល​យើង​ចង់បាន​ជាមួយ​សមត្ថភាព​កុំព្យូទ័រ ព្រោះ​យ៉ាង​ហោច​ណាស់​កុំព្យូទ័រ​មួយ​គ្រឿង ក៏​អាច​ប្រើ​បាន​រហូត​ដល់ ៣ ទៅ​៤ឆ្នាំ​ដែរ មិន​មែន​ទិញ​កុំព្យូទ័រ​ដែល​ស្ទើរ​តម្រូវ​ការ មាន​តម្លៃ​ថោក និង​ប្រើ​បាន​ត្រឹម​រយះ​ពេល​ខ្លី​នោះ​ទេ។ ដូច​នេះ យើង​និង​មិន​មាន​អារម្មណ៍​ស្ដាយ​ក្រោយ​ពេល​ទិញ​កុំព្យូទ័រ​ទៀត​នោះ​ទេ ព្រោះ​យើង​បាន​ពិចារណា​ល្អិតល្អន់​ហើយ។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget