Monday, August 21, 2017

Android ជា​ប្រព័ន្ធ​ប្រតិបត្តិ​បើក​ចំហ​​ដែល​បំពាក់​​ស្ទើរ​តែគ្រប់​​ស្មាតហ្វូន និង​​ថេបប្លែត​​ដែលកំពុង​ប្រើប្រាស់​បច្ចុប្បន្ន​នេះ​។​ នៅ​ខែ​កញ្ញា​ឆ្នាំ ២០០៨ ក្រុមហ៊ុន Google បាន​ដាក់​បង្ហាញ​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ដំបូង​បង្អស់​របស់​ខ្លួន Android 1.0 ប៉ុន្តែ​មិន​ទាន់​មាន​ឈ្មោះ​ហៅ​នៅ​ឡើយ។

Google រមែង​ដាក់​ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​ជា​ប្រភេទ​បង្អែម ឬ​នំ​ផ្អែម។ ជិត ១០ ឆ្នាំ​ Google វិវត្ត​ប្រព័ន្ធ Android អស្ចារ្យ​ដល់​កម្រិត​ណា​ខ្លះ?
  • - Android 1.5 : Cupcake
  • - Android 1.6 : Donut
  • - Android 2.0 និង 2.1 : Eclair
  • - Android 2.2 : Froyo (FROzen Yogurt)
  • - Android 2.3 : Gingerbread
  • - Android 3.x : Honeycomb
  • - Android 4.0 : Ice Cream Sandwich
  • - Android 4.1, 4.2 និង 4.3 : Jelly Bean
  • - Android 4.4 : KitKat
  • - Android 5.0 និង 5.1 : Lollipop
  • - Android 6.0 និង 6.0.1 : Marshmallow
  • - Android 7.0 និង 7.1 : Nougat
  • - Android 8.0: Noreo
+Android 1.0 និង 1.1 (គ្មាន​ឈ្មោះ)

ត្រលប់​ទៅ​ឆ្នាំ ២០០៥ ក្រុមហ៊ុន​យក្ស​អាមេរិក Google បាន​ទិញ​យក​ក្រុមហ៊ុន Android ហើយ​ចាប់​ផ្ដើម​វិវត្ត​ប្រព័ន្ធ​ប្រតិបត្តិ​មួយ​នេះ​ឲ្យ​មាន​ភាព​ល្បីល្បាញ​ឡើង រហូត​ចូល​ដល់​ខែ​តុលា​ឆ្នាំ ២០០៨ ក្រុមហ៊ុន HTC ក៏​បាន​ក្លាយ​ជា​អតិថិជន​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ Android លើ​ស្មាតហ្វូន​ខ្លួន​មុន​គេ​បង្អស់ ម៉ូដែល T-Mobile G1។
ឈាន​ចូល​ដល់​ខែ​កុម្ភៈ​ឆ្នាំ ២០០៩ ជំនាន់ Android 1.1 បន្ត​ដាក់​បង្ហាញ ប៉ុន្តែ​រឿង​ចម្លែក វា​មិន​ទាន់​មាន​ឈ្មោះ​ហៅ​ក្រៅ​ដូច​ Android ជំនាន់​ខ្ពស់​នា​ពេល​សព្វថ្ងៃ​ឡើយ។​
+Android 1.5 មាន​ឈ្មោះ Cupcake
អ្នក​ខ្លះ​ភ័ន្ត​ច្រឡំ​ថា​ជំនាន់​នេះ ជា​ប្រព័ន្ធ Android មុន​គេ​បង្អស់ ព្រោះ​វា​ជា​ឈ្មោះ​ដែល​លេចចេញ​លើក​ទី ១ ផ្ទុយ​ទៅ​វិញ​មិន​ដូច្នោះ​ទេ។ រំលង​ជាង ២ ចូល​ដល់​ថ្ងៃ​ទី ២៧ មេសា ឆ្នាំ ២០០៩ ដដែល Google បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ Android ជំនាន់ 1.5 ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ (Codename) Cupcake។​
ក្នុង​ជំនាន់​នេះ អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ដំឡើង​ក្ដារ​ចុច​ចេញ​ពី​ប្រភព​ខាង​ក្រៅ, បន្ថែម Widgets ហើយ​ទូរសព្ទ​អាច​ធ្វើ​ការ​បង្ហោះ​អ្វី​មួយ​ដោយ​ស្វ័យប្រវត្តិ​ចូល​ទៅ​កាន់​ប្រព័ន្ធ YouTube និង Picasa។​ បញ្ជាក់​ថា Cupcake ជា​ទូទៅ​គឺ​នំ​មួយ​ប្រភេទ​ដែល​មាន​ទំហំ​ប្រហែល​គ្នា ហើយ​ដុត​ក្នុង​ទម្រង់​ជា​រាង​ពែង ដោយ​មាន​ចំណុច​កំពូល​មួយ ហើយ​យើង​រមែង​ឃើញ​គេ​រយ​កម្ទេច​ស្ករ​គ្រាប់​នៅ​លើ​នោះ។
+Android 1.6 មាន​ឈ្មោះ Donut
ចូល​ដល់​ខែ​កញ្ញា ឆ្នាំ ២០០៩ ក្រុមហ៊ុន Google បាន​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Android 1.6 មាន​ឈ្មោះ​ផ្លូវ​ការ​ថា Donut។ ក្នុង​កំណែ​ប្រែ​ថ្មី បាន​ធ្វើ​ការ​ជួសជុល​ចន្លោះ​ប្រហោង​មួយ​ចំនួន និង​បន្ថែម​មុខងារ Search កាន់​តែ​ប្រសើរ។ Donut ជា​ប្រភេទ​នំ​ម្យ៉ាង​ដែល​មាន​រាង​មូល​ដូច​ជា​ចិញ្ចៀន ហើយ​បន្ថែម​នូវ​សារធាតុ​ផ្អែម​ម្យ៉ាង​ទៅ​លើ​នំ បន្សំ​នឹង​កម្ទេច​ស្ករ​តូចៗ​មើល​ទៅ​គួរ​ឲ្យ​ចង់​ញាំ។
+Android 2.0 និង 2.1 មាន​ឈ្មោះ Eclair
Android 2.0 ដាក់​បង្ហាញ​នូវ​ខែ​តុលា ឆ្នាំ ២០០៩ ហើយ​ឆ្លៀត​បញ្ចេញ​ជំនាន់​តូច​មួយ​ផ្សេង​ទៀត ដើម្បី​កែ​ចន្លោះ​ប្រហោង​គឺ Android 2.0.1 នៅ​ខែ​ធ្នូ។ រហូត​ដល់​ជំនាន់​ផ្លូវការ Android 2.1 បង្ហាញ​នៅ​ខែ​មករា ឆ្នាំ ២០១០។ មុខងារ​ថ្មី​រួម​មាន ការ​បញ្ចូល​ប្រព័ន្ធ Bluetooth 2.1, គាំទ្រ​ Flash និង​ប្រព័ន្ធ Zoom សម្រាប់​កាមេរ៉ា, គាំទ្រ​ Multi-Touch, ផ្ទៃ​តាំង​អេក្រង់​រស់រវើក (Live Wallpaper) និង​ច្រើន​ទៀត។​
សំដៅ​លើ​ Eclairs ជា​ប្រភេទ​នំ​ម្យ៉ាង មាន​ទំហំ​តូច ​រាង​វែង​ហើយ​បន្ថែម​ដោយ​ក្រែម​នៅ​ខាង​ក្នុង​នំ។ ក្រៅ​ពី​នោះ​គេ​ទម្លាប់​បន្ថែម​ជាតិ​សូកូឡា​នៅ​ផ្នែក​ខាង​លើ។​
+Android 2.2 មាន​ឈ្មោះ Froyo
Android 2.2 ដល់ 2.2.3 ដាក់​បង្ហាញ​នៅ​ថ្ងៃ​ទី ២០ ឧសភា ឆ្នាំ ២០១០ បាន​ពង្រឹង​ល្បឿន​កាន់​តែ​លឿន​ជាង​មុន ដោយ​ផ្ដាច់​ចោល​ប្រព័ន្ធ Javascript និង​បន្ថែម​ជាមួយ​ប្រព័ន្ធ Search កម្មវិធី Chrome របស់ Google វិញ។ គាំទ្រ​ការ​មើល​រូបភាព​ GIF និង​ Plug-in Flash 10.1 បន្ថែម​នឹង​មុខងារ​ចែក​រំលែក​អ៊ីនធឺណិត Wi-Fi Hotspot។​
Froyo ឬ​យើង​ហៅ​បាន​ថា Frozen Yogurt ជា​ប្រភេទ​បង្អែម​ត្រជាក់​ម្យ៉ាង ដែល​មួយ​ផ្នែក​ធំ​ធ្វើ​ឡើង​ពី​យ៉ាអួរ (Yogurt) ហើយ​មាន​បន្ថែម​នូវ​ប្រភេទ​អាហារ​ផ្លែឈើ​ផ្សេង​ទៀត​ក៏​បាន ប៉ុន្តែ​គេ​ទទួល​ស្គាល់​ថា​មាន​ផ្ទុក​សារធាតុ​ធាត់​មួយ​ផ្នែក​តូច​ដែរ។
+Android 2.3 និង 2.4 មាន​ឈ្មោះ Gingerbread
អំឡុង​ថ្ងៃ​ប្រកាស ៦ ធ្នូ ឆ្នាំ ២០១០ ក្រុមហ៊ុន Google បាន​បង្ហាញ​នូវ​ស្មាតហ្វូន​ដំបូង​របស់​ខ្លួន ដែល​មាន​បំពាក់​ប្រព័ន្ធ Android 2.3 Gingerbread គឺ​ម៉ូដែល Nexus S ដោយ​មាន​ការ​សហការ​ជាមួយ​ក្រុមហ៊ុន SAMSUNG។ ជំនាន់ Gingerbread គាំទ្រ​ការ​ទំនាក់ទំនង​តាម​អ៊ីនធឺណិត SIP, មុខងារ NFC, ភ្ជាប់ Sensor ច្រើន​រួម​មាន Barometers, Gravimeter ជា​ដើម។
ជា​ប្រភេទ​នំ​ម្យ៉ាង​ដែល​មាន​រសជាតិ​ផ្អែម​គួរ​សម ហើយ​ធ្វើ​ឡើង​ដោយ​នំ Cookies។ ជា​ញឹកញយ​នៅ​សហរដ្ឋអាមេរិក គេ​តែង​និយម​នំ​មួយ​នេះ​នៅ​បុណ្យ​ចុង​ឆ្នាំ ដោយ​កាត់​ជា​ទម្រង់​អ្វី​មួយ​សម្រប​នឹង​កម្មវិធី​បុណ្យ ដោយ​តុបតែង​ជាមួយ​ស្ករ​គ្រាប់​ផ្សេងៗ​ខាង​លើ​តួ​ខ្លួន។​
+Android 3.0, 3.1 និង 3.2 មាន​ឈ្មោះ Honeycomb
ដាក់​បង្ហាញ​​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១១ បន្ត​ជាមួយ​ប្រព័ន្ធ Android 3.1 និង 3.2 នៅ​ខែ​កក្កដា​និង​សីហា នា​ឆ្នាំ​តែ​មួយ។​ មាន​ឈ្មោះ​ជា Honeycomb បង្កើត​ឡើង​សម្រាប់​បំពាក់​លើ​ថេបប្លែត ដោយឡែក​ក្រុមហ៊ុន SAMSUNG ក៏​សហការ​ជាមួយ Google ក្នុង​ការ​ផ្សព្វផ្សាយ​ប្រព័ន្ធ​ប្រតិបត្តិ​មួយ​នេះ សម្រប​បាន​នឹង​ការ​ប្រកួតប្រជែង​នូវ​ការ​មក​ដល់​នៃ​វត្តមាន​ iPad របស់ Apple អំឡុង​ថ្ងៃ​បុណ្យ​ណូអែល។​
Motorola Xoom ជា​ថេបប្លែត​ដំបូង​ដែល​បំពាក់​ប្រព័ន្ធ Android 3.x ហើយ​ក្រោយ​មក​មាន​ថេបប្លែត​ក្រុមហ៊ុន​ដទៃ​ទៀត​ផ្ដើម​ធ្វើ​តាម។ សំដៅ​ទៅ Honeycomb ជា​បន្ទះ​មួយ​នៃ​សំបុក​ឃ្មុំ ដែល​បំពេញ​ទៅ​ដោយ​ទឹក​ឃ្មុំ​សុទ្ធ។ ត្រូវ​បាន​កត់​សម្គាល់​ជា​ពពួក​បង្អែម​ម្យ៉ាង ដែល​មនុស្ស​ខ្លះ​ទំពា​លេង​និង​ខ្លះ​ទៀត​យក​ទៅ​លាយ​ជាមួយ​អាហារ​ផ្សេង។
+Android 4.0 មាន​ឈ្មោះ Ice Cream Sandwich
ប្រកាស​នៅ​ខែ​តុលា ឆ្នាំ ២០១១ រចនា​នូវ​ផ្ទៃ​កម្មវិធី​ថ្មី​យ៉ាង​ស្រស់​ស្អាត និង​មាន​មុខងារ​កំណត់​ទំហំ​ប្រើប្រាស់​អ៊ីនធឺណិត។ មិន​មាន​ទូរសព្ទ​ច្រើន​ដែល​សម្លឹង​បំពាក់​នូវ​ប្រព័ន្ធ​នេះ​ឡើយ លើក​លែង​តែ Samsung Galaxy Nexus មួយ​គត់​នា​អំឡុង​ពេល​បង្ហាញ​នោះ។
Ice Cream Sandwhich សំដៅ​ទៅ​ប្រភេទ​នំ​ម្យ៉ាង​ដែល​រុំ​ព័ទ្ធ​ដោយ​ជាតិ​ Vanilla ដោយ​មាន​នំ​ ​Cookies ពីរ​ឈរ​អម​គ្នា ហើយ​មាន​ជាតិ​សូកូឡា​នៅ​ខាង​ក្នុង។​
+Android 4.1 មាន​ឈ្មោះ Jelly Bean
​​​​​​​​​Jelly Bean ចេញ​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ ២០១២ បន្ថែម​មុខងារ Google Now ដែល​ជា​ជំនួយការ​ម្យ៉ាង។​ អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នូវ​មុខងារ Voice-Typing ដែល​មិន​តម្រូវ​លើ​ការ​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត​ឡើយ។​ សំដៅ​ទៅ Jelly Bean ជា​ប្រភេទ​ស្ករ​គ្រាប់​ម្យ៉ាង បណ្ដុំ​ទៅ​ដោយ​រាង​ដូច​គ្រាប់​សណ្ដែក ហើយ​មាន​រសជាតិ​ច្រើន​ផ្សេង​គ្នា។
+Android 4.4 KitKat
នៅ​ខែ​កញ្ញា ឆ្នាំ ២០១៣ ក្រុមហ៊ុន Google បាន​ប្រកាស​ជា​សាធារណៈ​ Android 4.4 មាន​ឈ្មោះ​ថា KitKat។​ បង្ហាញ​ព្រម​គ្នា​ជាមួយ​ថេបប្លែត Nexus 7 និង​មុខងារ​ភ្ជាប់​កាត​ធនាគារ​ជាមួយ Google Play Store។​ មាន​មុខងារ​ម្យ៉ាង ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​មិន​ចាំ​បាច់​ចុច​ទូរសព្ទ គ្រាន់​តែ​និយាយ​ឃ្លា​ដែល​កំណត់​មួយ​នឹង​អាច​ធ្វើ​ការ​គ្រប់គ្រង​លើ​ Google Now បាន។​ KitKat ក៏​បង្ហាញ​ព្រម​គ្នា​នូវ Emoji សម្រាប់ Google Keyboard។​ KitKat សំដៅ​ទៅ​ដល់​ពពួក​ស្ករ​សូកូឡា។​
+Android 5.x មាន​ឈ្មោះ Lollipop
Android 5 មាន​ឈ្មោះ​ថា Lollipop បង្ហាញ​ពី​ជំនាន់ 5.0-5.1.1 នៅ​ថ្ងៃ​ទី ១២ វិច្ឆិកា ឆ្នាំ ២០១៤។​ បញ្ចូល​នូវ​ផ្ទៃ​កម្មវិធី​កាន់​តែ​ស្រស់​ស្អាត ពង្រឹង​ថាមពល​ថ្ម​ប្រសើរ​ជាង​មុន​នៅ​លើ​ពពួក​ឧបករណ៍​មួយ​ចំនួន។ Lollipop សំដៅ​ទៅ​ប្រភេទ​ស្ករ​គ្រាប់​ម្យ៉ាង ដែល​មាន​ទម្រង់​រាប​ស្មើ រាង​មូល​និង​មាន​ឈើ​ដោត។
+Android 6.x មាន​ឈ្មោះ Marshmallow
Android 6.0 – 6.0.1 មាន​ឈ្មោះ​ផ្លូវ​ការ Marshmallow បង្ហាញ​នៅ​ថ្ងៃ​ទី ៥ តុលា​ឆ្នាំ ២០១៥។ បញ្ចូល​មុខងារ​ថ្មី​មួយ​ចំនួន សម្រប​នឹង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប។ គាំទ្រ​មុខងារ​ប្រើប្រាស់ USB C, មុខងារ​ទូទាត់​ទំនិញ Android Pay, ល្បឿន Copy និង Past លឿន​ជាង​មុន​ជា​ដើម។​ Marshmallow សំដៅ​ទៅ​ពពួក​ស្ករ​ទន់ៗ មាន​រាង​តូច​ដែល​ចម្រាញ់​ធ្វើ​ឡើង​ពី​ម្សៅ​ពោត។
+Android 7.0-7.1.2 មាន​ឈ្មោះ Nougat
ជា​ជំនាន់ Android ក្រោយ​គេ​បង្អស់​ ដាក់​បង្ហាញ​នៅ​ខែ​ថ្ងៃ​ទី ២២ សីហា ឆ្នាំ ២០១៦។ រាប់​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ក្រោយ​គេ​បង្អស់ គិត​ត្រឹម​ថ្ងៃ​ទី ២០ សីហា​ឆ្នាំ ២០១៧ មុន​ឈាន​ដល់​ជំនាន់ Android 8.0។​
ពង្រឹង​សមត្ថភាព​ថ្ម​កាន់​បាន​យូរ​ជាង​មុន ជាមួយ​មុខងារ Doze Mode, បញ្ចូល​មុខងារ Split-Screen, ផ្ទៃ Toggle ប្រើ​បាន​កាន់​តែ​ទូលំទូលាយ និង​មុខងារ Data Saver ជា​ដើម។​ សំដៅ​ទៅ Nougat ជា​ពពួក​នំ​ធ្វើ​ពី​ស្ករ​ឬ​ទឹក​ឃ្មុំ​និង​គ្រាប់​ធញ្ញជាតិ​នៅ​ខាង​ក្នុង។
+Android 8.0 មាន​ឈ្មោះ Oreo
Google បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.0 ដែល​មានឈ្មោះ​ថា​ Oreo ឬ​ហៅ​ដោយ​ខ្លី​ថា​ Android O យប់មិញ​នេះ (២១ សីហា ២០១៨)។
ប្រព័ន្ធ​ប្រតិបត្តិការ​ Android ជំនាន់​ចុង​ក្រោយ​នេះ​មាន​បន្ថែម​មុខងារ​ថ្មីៗ​ជា​ច្រើន​ដូច​ជា Notification Dots ដែល​អាច​​បង្ហាញ​ Notification ឲ្យ​ឃើញ​លើ​ Icon របស់​កម្មវិធី។​ ពេល​ចុច​​ឲ្យ​យូរ​លើ​ Icon របស់​កម្មវិធី​វា​នឹង​បង្ហាញ​​ព័ត៌មាន​ដូច​ជា​ Notification ស្រដៀង​នឹង​មុខងារ​ 3D Touch លើ​ iOS ដែរ។
មុខងារ​មួយ​ទៀត​គឺ​ Picture-in-Picture ដែល​អាច​ឲ្យ​ទស្សនា​វីដេអូ​អំឡុង​ពេល​ប្រើ​ប្រាស់​កម្មវិធី​ដទៃ​បាន។ ចំណែក​មុខងារ​ Autofill អាច​ចង​ចាំ​នូវ​​ឈ្មោះ​គណនី​ និង លេខ​សម្ងាត់​ដើម្បី​អាច​ចូល​ទៅ​កាន់​គណនី​ណា​មួយ​បាន​រហ័ស។ មិន​តែ​ប៉ុណ្ណោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​នេះ​ក៏​មាន​បន្ថែម​​រូប​ Emoji ថ្មីៗ​ជា​ច្រើន​ដែរ។

ប្រភព៖ Wikipedia | turbofuture ប្រែសម្រួល៖ កៅ រក្សា                      

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget