ឧស្សាហកម្មបច្ចេកវិទ្យាប្រទេសចិន
ត្រូវបានគេស្គាល់ថាមិនចាញ់ក្រុមហ៊ុនធំៗនៅអាមេរិកប៉ុន្មានឡើយ។
តំបន់ឧស្សាហកម្មបច្ចេកវិទ្យាយក្ស Silicon Valley របស់អាមេរិក
ស្ថិតនៅក្នុងរដ្ឋ California ដោយឡែកសម្រាប់ប្រទេសចិន ទីក្រុង
Shenzhen
ជាតំបន់មួយដែលប្រមូលផ្ដុំដោយក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកល្បីៗជាច្រើន។
១.WeChat របស់ Tencent ប្រជែងនឹង Facebook
ទោះបី Facebook ជាបណ្ដាញសង្គមយក្សដ៏ធំក្នុងលោក ប៉ុន្តែមិនត្រូវប៉ាន់ក្នុងទឹកដីប្រទេសចិនឡើយ។ ប្រព័ន្ធទំនាក់ទំនងសង្គមធំបំផុតរបស់ចិន គឺក្ដោបក្ដាប់ដោយក្រុមហ៊ុន Tencent ដែលមានកម្មវិធី WeChat។ មានមុខងារជាច្រើនដូចទៅនឹង Facebook លើសពីនោះទៀតគឺមុខងារទូទាត់ទំនិញដ៏ពេញនិយម ដែលឆ្នាំនេះមានអតិថិជនក្នុងប្រទេសចិនប្រមាណ ៦០០ លាននាក់កំពុងប្រើប្រាស់ ប្រកៀកប្រកិតជាមួយអ្នកប្រើប្រាស់ ៤៥០ លាននាក់របស់ Alibaba ស្ថិតក្នុងដើមកំណើតតែមួយ។
WeChat បង្កើតឡើងនៅខែមករា ឆ្នាំ ២០១១ ហើយបច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រមាណ ៩៣៨ លាននាក់ ដោយ ៩០ ភាគរយស្ថិតនៅក្នុងប្រទេសចិន។ ធៀបទៅនឹង WhatsApp និង Facebook Messneger ដែលមាន ១,២ ពាន់លាននាក់ និង Instagram មាន ៧០០ លាននាក់ ហើយ Twitter មាន ៣២៨ លាននាក់ជុំវិញពិភពលោក។
២.Huawei ប្រជែងនឹង Apple:
Huawei ត្រូវបានគេស្គាល់ជាស្លាកយីហោដ៏ពេញនិយមមួយក្នុងទីផ្សារសកលលោក ប៉ុន្តែស្ថិតនៅលំដាប់ទី ១ ក្នុងប្រទេសចិន ដែលតាមដោយក្រុមហ៊ុន Vivo និង Oppo។ នាត្រីមាសទី ១ ឆ្នាំ ២០១៧ Huawei ចេញលក់ស្មាតហ្វូនបាន ៣៤,៦ លានគ្រឿង ក្ដោបក្ដាប់ចំណែកទីផ្សារ ១០ ភាគរយ ធៀបនឹង Apple បាន ៥០,៧ លានគ្រឿង ស្មើនឹង ១៤,៧ ភាគរយ។ ដោយទោះបីជាស្ថិតនៅលំដាប់ទី ៣ ឈរក្រោម Apple និង SAMSUNG ប៉ុន្តែក្រុមហ៊ុនចិនមួយនេះ បានវិវត្តនូវគ្រឿងបន្លាស់នៃស្មាតហ្វូនរបស់ខ្លួន បានយ៉ាងប្រសើររួមមានបន្ទះឈីប Kirin និងបច្ចេកវិទ្យាសាកថ្មរហ័ស Super Charge។
គួបផ្សំនឹងបច្ចេកវិទ្យាកាមេរ៉ាភ្លោះ សហការជាមួយ Leica បានជំរុញឲ្យស្លាកយីហោ Huawei បច្ចុប្បន្នកំពុងត្រៀមផ្ដួល Apple នាប៉ុន្មានឆ្នាំបន្ទាប់។
៣.Baidu ប្រជែងជាមួយ Google:
Google ជាប្រព័ន្ធ Search ដ៏ធំបំផុតក្នុងលោក ប៉ុន្តែក្នុងប្រទេសចិនគឺ Baidu ឯណោះទេ។ ការចាប់ផ្តើមរបស់ក្រុមហ៊ុនទាំង ២ ខុសគ្នាតែជាង ២ ឆ្នាំប៉ុណ្ណោះ ដោយ Google លេចចេញនៅចុងឆ្នាំ១៩៩៨ ហើយ Baidu ផ្ដើមនៅដើមឆ្នាំ ២០០០។
អ្នកប្រើប្រាស់ប្រមាណ ៨០ ភាគរយក្ដោបក្ដាប់ដោយ Baidu ខណៈ Google ទទួលបានតែជាង ១០ ភាគរយប៉ុណ្ណោះស្ថិតតាមតំបន់មួយចំនួន។ នៅឆ្នាំ ២០១៦ Google រកចំណូលបានប្រហែល ៩០ ពាន់លានដុល្លារ ខណៈ Baidu បានតែជាង ១០ ពាន់លានដុល្លារប៉ុណ្ណោះ។
៤.Alibaba ប្រជែងនឹង Amazon:
មិនត្រឹមតែជាទីផ្សារទិញទំនិញ Online ល្បីឈ្មោះនៅអាមេរិក ក្រុមហ៊ុន Amazon ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងក្លាពីបណ្ដាប្រទេសផ្សេងទៀតផងដែរ។ ប៉ុន្តែអ្នកធ្លាប់ដឹងទេ Alibaba របស់ប្រទេសចិន ធ្លាប់ឆក់យកតំណែងទី ១ ជាទីផ្សារលក់ធំជាងគេបំផុតក្នុងលោក នៅឆ្នាំ ២០១៦ ដែលមានទំនិញច្រើនជាងធៀបនឹងទីផ្សារ Amazon និង eBay បូកបញ្ចូលគ្នា។
ក្រៅពីទីផ្សារទំនិញ Online ក្រុមហ៊ុន Alibaba ក៏មានបង្កើតសេវាកម្មទូទាត់ទំនិញ AliPay ដូចដែល Sabay បានលើកឡើងពីខាងលើ។ ក្រៅពីនោះក្រុមហ៊ុនរបស់លោក Jack Ma មួយនេះ ក៏បានបំបែកជាទីផ្សារតូចផ្សេងទៀតរួមមាន Tmall, Taobao ជាដើម។ ក្រៅពីប្រជែងជាមួយក្រុមហ៊ុនអាមេរិក Alibaba ក៏បានបង្កើតកម្មវិធី LaiWang ជាបណ្ដាញសង្គមប្រជែងជាមួយកម្មវិធី WeChat ក្នុងស្រុក ហើយ Kanbox ស្រដៀងនឹង Dropbox ថែមទៀតផង។
៥.Didi Chuxing ប្រជែងនឹង Uber:
Uber ជាក្រុមហ៊ុនផ្ដល់សេវាកម្មរថយន្តតាក់ស៊ីទំនើបបំផុតក្នុងសហរដ្ឋអាមេរិក ប៉ុន្តែប្រទេសចិន ក៏បង្កើតខ្លួនឯងហើយមានឈ្មោះថា Didi Chuxing។ ប៉ុន្តែក្រុមហ៊ុនចិនមួយនេះ បានចាប់ដៃជាមួយក្រុមហ៊ុនធំៗផ្សេងទៀតរួមមាន Grab, Lyft, 99 និង Ola ដើម្បីផ្ដល់ភាពងាយស្រួលកាន់តែធំធេងដល់អតិថិជនក្នុងការកក់សំបុត្រតាក់ស៊ី។
បច្ចុប្បន្ន Didi Chuxing បានកាន់កាប់ ៤០០ ទីក្រុងជុំវិញប្រទេសចិន ដោយមានអតិថិជនប្រមាណ ២០ លាននាក់ធ្វើដំណើរជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុននេះមានតម្លៃខ្លួន ២៨ ពាន់លានដុល្លារ ខណៈ Uber ថ្លៃដល់ ៧០ ពាន់លានដុល្លារ ប៉ុន្តែមិនជារឿងអាក្រក់នោះទេ ព្រោះនេះជាការធៀបក្រុមហ៊ុនក្នុងស្រុកមួយ និងក្រុមហ៊ុនធំលំដាប់ពិភពលោក។
0 comments:
Post a Comment