ម្ចាស់រថយន្តមួយចំនួនបានយល់ដឹងពីរបៀបថែទាំ តែអ្នកខ្លះមិនសូវចាប់អារម្មណ៍ និងមិនសូវខ្វល់ពីចំណុះទឹកទេ ដែលជាហេតុធ្វើឱ្យរថយន្តពេលខ្លះមានបញ្ហានៅពេលបើកបរតាមផ្លូវ ។
ពាក់ព័ន្ធនឹងការថែទាំធុងទឹករថយន្តឱ្យបានល្អ មិនឱ្យឡើងកម្ដៅ និងសម្រួលដល់ដំណើរការនៃម៉ាស៊ីន លោក អៀង សុធា ប្រធានផ្នែកយន្តសាស្ត្ររថយន្តនៃសាលាបច្ចេក ទេសដុនបូស្កូ ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដើម្បីឱ្យធុងទឹករថយន្តប្រើប្រាស់បានយូរ មិនលិច មិនជ្រាប និងមិនងាយធ្វើឱ្យរថយន្តឡើងកម្ដៅ ទឹកដែលយកមកចាក់បញ្ចូលក្នុងធុងនោះ មិនមែនជាទឹកកខ្វក់ ទឹកត្រពាំង ទឹកអណ្ដូង ឬទឹកលូទេ ព្រោះទឹកទាំងនោះសម្បូរទៅដោយកំបោរ ដែលធ្វើឱ្យធុងទឹកឆាប់ឡើងស្នឹម ឬកកជាកំបោរ ។
លោកបានផ្ដល់យោបល់ថា ៖« យកល្អ ម្ចាស់រថយន្តគួរតែយកទឹកបរិសុទ្ធមកចាក់បញ្ចូល ព្រោះវាគ្មានកំបោរកកដែលអាចធ្វើឱ្យធុងទឹករថយន្តកើតកំណកបាន »។
លោកបន្តថា ក្រោយពីបានដាក់ទឹកស្អាតចូលទៅក្នុងធុងទឹករថយន្តហើយ យើងអាចវាស់ស្ទង់បានថា តើប៉ុន្មានគីឡូម៉ែត្រ ទើបអាចប្តូរទឹកក្នុងធុងនោះចេញម្ដង ។
លោកថា ៖« ជាទូទៅ ធុងទឹក មិនចាំបាច់ពិនិត្យរាល់ថ្ងៃទេ ពេលធ្វើដំណើរទៅឆ្ងាយៗ ឬយូរៗម្ដង សឹមពិនិត្យមើលវា ប៉ុន្តែយើងក៏មិនត្រូវទៅបើកគម្របធុងទឹកដែរ ពោលគឺយើងពិនិត្យមើលតែធុងទឹកសាគួរបស់វាបានហើយ បើសិនជាធុងទឹកសាគួនោះស្រកទឹកច្រើន សឹមយើងបន្ថែមវា និងអាចបើកគម្របធុងទឹកស្អំម៉ាស៊ីនដាក់បញ្ចូល ប៉ុន្តែបើសិនជាធុងសាគួនៅមានកម្រិត Full (ពេញ) មិនបាច់បើកមើលធុងទឹកស្អំម៉ាស៊ីនទេ ព្រោះការបើកវាញឹកញាប់ អាចបិទមិនជិតធ្វើឱ្យទឹកក្នុងធុងនោះលិចចេញ ឬរបូត»។
លោកបន្ថែមថា ដើម្បីឱ្យធុងទឹកនោះកាន់តែស្អាត និងប្រើប្រាស់បានយូរ ម្ចាស់រថយន្តគួរប្រើប្រាស់ទឹកម្យ៉ាងឈ្មោះថា Coolant ដែលអាចជួយកាត់បន្ថយកំណកកំបោរនៅក្នុងធុងទឹក និងមានសារសំខាន់សម្រាប់រថយន្ត ។ ម្ចាស់រថយន្តអាចរកប្រើប្រាស់ទឹកនេះសុទ្ធ ឬលាយជាមួយទឹកធម្មតា៥០%ក៏បានដែរ ។
លោក អៀង សុធា បានបញ្ជាក់ថា ជាទូទៅការផ្លាស់ប្តូរទឹកចេញពីធុងទឹកក្នុងរថយន្ត ម្ចាស់រថយន្តអាចសម្គាល់តាមរយៈកុងទ័រចម្ងាយ ។ ជាមធ្យម យើងអាចផ្លាស់ទឹកចាស់ចេញត្រឹម១ ឬ២ម៉ឺនគីឡូម៉ែត្រ ព្រោះបើទុកទឹកនោះយូរទៅក៏មិនល្អដែរ ដែលវាអាចបង្កជាកំណកធ្វើឱ្យរថយន្តឆាប់ឡើងកម្ដៅ ។
គួរបញ្ជាក់ថា គ្រប់រថយន្តទាំងអស់មិនថាថ្មី ចាស់ ស៊េរីទំនើបប៉ុនណាទេ ធុងទឹករថយន្ត មានបំពាក់គ្រប់រថយន្តទាំងអស់ គ្រាន់តែចំណុះធុងទឹកមានភាពខុសៗគ្នាទៅតាមប្រភេទ ម៉ាក និងស៊េរី ។ ធុងទឹកមានតួនាទីដូចៗគ្នា គឺសម្រាប់បញ្ចុះកម្ដៅម៉ាស៊ីនរថយន្តមិនឲ្យក្តៅខ្លាំង និងអាចធ្វើដំណើរបានយូរ និងឆ្ងាយ ៕
0 comments:
Post a Comment