ទូរសព្ទ iPhone ស៊េរីដំបូងបង្អស់ត្រូវបានបង្ហាញខ្លួននាខែមិថុនាឆ្នាំ ២០០៧
គិតមកទល់ពេលនេះ មានរយៈកាល ១០ ឆ្នាំហើយ។ Sabay
បង្ហាញអំពីការវិវត្តត្រួសៗនៃទូរសព្ទ iPhone
តាំងពីជំនាន់ដំបូងមកទល់ពេលបច្ចុប្បន្ន និងការរំពឹងនាពេលអនាគត។
+iPhone (2007)
អតីតប្រធានក្រុមហ៊ុន Apple លោក Steve Jobs បាននិយាយថា Apple កំពុងស្ថិតក្នុងការកែច្នៃទូរសព្ទឡើងវិញ។ iPhone ចេញជំនាន់ដំបូងបង្អស់មានការភ្ញាក់ផ្អើលជុំវិញពិភពលោក ប៉ុន្តែសោកស្តាយ iPhone ពេលនោះ ពុំមានប្រព័ន្ធ GPS គ្មានការថតវីដេអូ និងគ្មានកម្មវិធីដំឡើងក្រៅពីកម្មវិធីចេញម៉ាស៊ីនឡើយ។
+iPhone 3G (2008)
ក្នុងការផ្លាស់ប្ដូរប្រវត្តិសាស្ត្ររបស់ខ្លួន iPhone 3G បានចាប់ផ្ដើមបំពាក់ប្រព័ន្ធ GPS និងអ៊ីនធឺណិតល្បឿនលឿន 3G។ អ្វីដែលអស្ចារ្យគឺការដាក់ឱ្យប្រើ App Store ជាលើកដំបូង។
+iPhone 3GS (2009)
+iPhone 4 (2010)
កន្លងមួយឆ្នាំ Apple បានផ្លាស់ប្ដូររូបរាង iPhone ស្ទើរតែទាំងស្រុង លើសពីនេះទៅទៀត ចាប់ផ្ដើមបំពាក់អេក្រង់ Retina ដោយទោះបីរក្សាទំហំអេក្រង់ ៣,៥ អ៊ីញ ដដែលក្ដី។ ទូរសព្ទ iPhone បំពាក់កាមេរ៉ាមុខ ទុកថត Selfie ក៏ផ្ដើមកើតមានឡើងហើយ ភ្ជាប់នឹងមុខងារ Multitasking។
+iPhone 4s (2011)
វិវត្តជាថ្មីនៃត្រកូល S បានពង្រឹងទាំងល្បឿន និងពង្រីកទំហំកាមេរ៉ាឡើងដល់ 8MP។ ចំពោះប្រព័ន្ធដំណើរការស្មាតហ្វូននេះ សម្ពោធន៍នូវ iOS 5.0 មុនគេបង្អស់ បន្ថែមនឹងមុខងារ Siri ដូចមាននាពេលបច្ចុប្បន្ន។
+iPhone 5 (2012)
មនុស្សជាច្រើនផ្តើមស្គាល់ iPhone ខ្លាំងបំផុត ជំនាន់ iPhone 5 នេះឯង ព្រោះភាគច្រើន គេត្រូវចិត្តទាំងរូបរាងនិងតួខ្លួនរបស់វា។ បន្ថែមនូវ icon កម្មវិធីឡើងមួយជួរទៀត ប្ដូរតួខ្លួនជាសំបកអាលុយមីញ៉ូមវិញ បន្ថែមនឹងកម្មវិធី Apple Maps ជំនួសដោយ Google Maps ដែលធ្លាប់តែមានស្រាប់លើ iPhone ជំនាន់ចាស់។
+iPhone 5C (2013)
ផ្តើមក្នុងឆ្នាំ ២០១៣ Apple រមែងបង្ហាញ iPhone ចំនួន ២ ម៉ូដែលរៀងរាល់ខែកញ្ញា ដោយកាលនោះរួមមាន iPhone 5C និង iPhone 5s។ ទន្ទឹមនឹងការបង្ហាញ iPhone 5C គឺជាជម្រើសពណ៌ថ្មីសម្រាប់អ្នកប្រើប្រាស់ ហើយណែនាំពីប្រព័ន្ធប្រតិបត្តិ iOS 7។
+iPhone 5S (2013)
នៅឆ្នាំ ២០១៣ iPhone 5s ជាទូរសព្ទពេញនិយមបំផុតក្នុងលោក វាបានកែច្នៃបញ្ចូលនូវប្រព័ន្ធស្កេនក្រយៅដៃ Touch ID បន្ថែមនឹងបន្ទះឈីប A7 ទំហំ 64-bit ហើយដំណើរការលើ iOS 7 មានល្បឿនលឿនជាងជំនាន់ទៅ។
+iPhone 6 (2014)
ផ្តើមវិវត្តទំហំអេក្រង់ពី ៤,០ អ៊ីញ ឡើង ៤,៧ អ៊ីញ ជាមួយ iPhone 6 ហើយបញ្ចូលនូវមុខងារទូទាត់ទំនិញ Apple Pay ដោយប្រើឈីប NFC។ សមត្ថភាពកាមេរ៉ាថតច្បាស់ជាងមុន មិនថាតែវីដេអូឫរូបសន្លឹកធម្មតា។
+iPhone 6 Plus (2014)
ចំពោះត្រកូល Plus ផ្តើមមានលើកដំបូងនាឆ្នាំ ២០១៤ ដែលមានអេក្រង់ ៥,៥ អ៊ីញ ក៏ដល់ពេលដែលមនុស្សជាច្រើន ដកចិត្តពីថេបប្លែត iPad Mini មកប្រើប្រាស់ស្មាតហ្វូនវិញ។
+iPhone 6s (2015)
អ្នកប្រើចាប់ផ្តើមល្បីពណ៌ Rose Gold ជាមួយម៉ូដែលនេះឯង ដោយត្រកូល S ស៊េរីឆ្នាំ ២០១៥ បានបញ្ចូលមុខងារប្លែករួមមាន 3D Touch, Live Photos ជាដើម។
+iPhone SE (2016)
ដោយគិតថាមនុស្សមួយចំនួន ចូលចិត្តប្រើប្រាស់ស្មាតហ្វូនអេក្រង់តូចល្មម កាន់ប្រើដៃម្ខាងស្រួល Apple ក៏បង្វែរយុទ្ធសាស្ត្រថយក្រោយមួយជំហាន ផលិត iPhone SE ដែលមានកម្លាំងម៉ាស៊ីនមិនចាញ់ iPhone 6s។
+iPhone 7/7 Plus (2016)
ប្រវត្តិសាស្រ្តបានផ្ទុះឡើងនៅឆ្នាំ ២០១៦ ដោយ Apple បានបញ្ចេញម៉ូដែល iPhone 7 Plus ស្មាតហ្វូនបំពាក់កាមេរ៉ាភ្លោះ អាចថតមុខងារ Portrait Mode បានយ៉ាងស្អាត ប្រហាក់ប្រហែលកាមេរ៉ា DSLR។ លើសពីនេះទៅទៀត វាមានល្បឿនលឿន ហើយការតេស្តនៅលើគេហទំព័រ YouTube ពីក្រុមការងារ ជាច្រើន បានបង្ហាញ iPhone 7 ជាទូរសព្ទល្បឿនខ្លាំងដាច់គេ នាឆ្នាំ ២០១៦។
+ការរំពឹងទុកនៃ iPhone 7s/7s Plus និង iPhone 8 (2017)
ត្រូវហើយក្នុងខែកញ្ញានេះ ជាគម្រប់ខួបនៃការដាក់បង្ហាញ iPhone ចំនួន ១០ ឆ្នាំ មានអ្នកវិភាគប្រមើលគិតថា Apple ទំនងបង្ហាញ iPhone ៣ ម៉ូដែល ដោយមានមួយម៉ូដែលបំពាក់អេក្រង់ OLED ទៀតសោតថ្មីៗនេះលេចលឺថា iPhone ជំនាន់ក្រោយនោះ ក៏ទំនងជាដកមុខងារស្កេនក្រយៅដៃចេញ ដោយជំនួសមុខងារស្កេនផ្ទៃមុខឫប្រស្រីភ្នែកវិញ។
0 comments:
Post a Comment